មាត្រា​ ៧​.-
ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។

ព្រះមហាក្សត្រ​ ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត។

អង្គ​ព្រះមហាក្សត្រ​ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

មាត្រា​ ៨​.-
ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរភាព​ជាតិ។

ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​ និង ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។

មាត្រា​ ៩​.-
ព្រះមហាក្សត្រ​ ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់។

មាត្រា​ ១០​.-
របប​រាជានិយម​កម្ពុជា​ ជា​របប​ជ្រើស​តាំង។ ព្រះមហាក្សត្រ​ទ្រង់​ឥត​មាន​ព្រះរាជ​អំណាច​ចាត់​តាំង​ព្រះ​រជ្ជទាយាទ​ សម្រាប់​គ្រងរាជ្យ​សម្បត្តិ​ឡើយ។

មាត្រា​ ១១​ ថ្មី.-​
ក្នុង​ករណី​ដែល​ព្រះមហាក្សត្រ​ ពុំ​អាច​បំពេញ​ព្រះរាជ​ភារៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ​បាន​ដូច​ធម្មតា​ ដោយ​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ មាន​ការ​បញ្ជាក់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ ជ្រើស​រើស​ដោយ​​ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា និង​ នាយករដ្ឋមន្ត្រី នោះ​ប្រធាន​ព្រឹទ្ធសភា បំពេញ​ភារកិច្ច​ប្រមុខ​រដ្ឋ​ជំនួស​ព្រះ​អង្គ​ក្នុង​ឋានៈ​ជា​ ព្រះរាជានុសិទ្ធិ។

ក្នុង​ករណី​ដែល​ប្រធាន​​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ជំនួស​ ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ពេល​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ ដូច​មាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ ប្រធាន​រដ្ឋសភា​ជា​អ្នក​បំពេញ​ភារកិច្ច​នេះ។ តំណែង​ជា​ប្រមុខរដ្ឋ​ ជំនួស​ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នេះ​ អាច​នឹង​ដូរ​ឥស្សរជន​ផ្សេង​ទៀត​ ក្នុង​ករណី​ដូច​ដែល​បាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ តាម​ឋានានុក្រម​ដូច​ត​ទៅ​:

ក-អនុប្រធាន​ទី​ ១​ ព្រឹទ្ធសភា
ខ-អនុប្រធាន​ទី​ ១​ រដ្ឋសភា
គ-អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា
ឃ-អនុប្រធាន​ទី​ ២​ រដ្ឋសភា

មាត្រា​ ១២​ ថ្មី.-​
នៅ​ពេល​ព្រះមហាក្សត្រ​ទ្រង់​ចូល​ទីវង្គត​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្ដី​ទី​ ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ ព្រះមហាក្សត្រ​ ក្នុង​ពេល​ព្រះអង្គ​ចូល​ទិវង្គត​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ត្រូវ​អនុវត្ត​តាម​វាក្យខ័ណ្ឌ​ទី​ ២​ និង​ ទី​ ៣​ នៃ​មាត្រា​ ១១​ ថ្មី។

មាត្រា​ ១៣​ ថ្មី.-​
ក្នុង​រយៈវេលា​ ៧​ ថ្ងៃ​យ៉ាង​យូរ​ ព្រះមហាក្សត្រ​ថ្មី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ។

សមាសភាព​នៃ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ​មាន​:

ប្រធាន​ព្រឹទ្ធសភា
ប្រធាន​រដ្ឋសភា
នាយករដ្ឋមន្ត្រី
សម្ដេច​ព្រះ​សង្ឃរាជ​ គណៈ​មហានិកាយ​ និង​គណៈ​ធម្មយុត្តិកនិកាយ
អនុប្រធាន​ទី​ ១​ និង​អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា
អនុប្រធាន​ទី​ ១​ និង​អនុប្រធាន​ទី​ ២​ រដ្ឋសភា
ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​ នឹង​មាន​កំណត់​ក្នុង​ច្បាប់​មួយ។

មាត្រា​ ១៤​.-
ត្រូវ​បាន​ជ្រើសរើស​ជា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សមាជិក​នៃ​ព្រះរាជវង្សានុវង្ស​ខ្មែរ​ ដែល​មាន​ព្រះ​ជន្មាយុ​យ៉ាង​តិច​ ៣០​ ព្រះវស្សា​ហើយ​ដែល​ជា​ព្រះរាជ​បច្ឆាញាតិ​ នៃ​ព្រះមហាក្សត្រ​ អង្គឌួង​ ឬ​ ព្រះមហាក្សត្រ​ នរោត្តម​ ឬ​ ក៏​ព្រះមហាក្សត្រ​ ស៊ីសុវត្ថិ។

មុន​ចូល​គ្រង​រាជ្យសម្បត្តិ​ ព្រះមហាក្សត្រ​ទ្រង់​ថ្លែង​សច្ចា​ប្រណិធាន​ ដូច​មាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៤។

មាត្រា​ ១៥​.-
ព្រះជាយា​នៃ​ព្រះមហាក្សត្រ​ មាន​ព្រះរាជ​ឋានៈ​ជា​ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​ ១៦​.-
ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពុំ​មាន​​ព្រះរាជ​សិទ្ធិ​ធ្វើ​នយោបាយ​ទទួល​តួនាទី​ជា​អ្នក​ដឹក​នាំ​រដ្ឋ​ ឬ​ជា​អ្នក​ដឹក​នាំ​រាជរដ្ឋាភិបាល​ ឬ​ទទួល​តួ​នាទី​រដ្ឋបាល​ ឬ​នយោបាយ​ឡើយ។

ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទុក​ព្រះរាជ​កាយពល​បំពេញ​ព្រះរាជ​ភារៈ​បំរើ​ប្រយោជន៍​សង្គម​ មនុស្ស​ធម៌​ សាសនា​ និង​ ជួយ​ព្រះមហាក្សត្រ​ក្នុង​ព្រះរាជ​កាតព្វកិច្ច​ផ្នែក​ពិធីការ​ និង​ ការ​ទូត។

មាត្រា​ ១៧​.-
ប្រការ​​ដែល​ព្រះមហាក្សត្រ​ ទ្រង់​គ្រង​រាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​ ហើយ​ដែល​មាន​ចែង​ក្នុង​​វាក្យខ័ណ្ឌ​ទី​ ១​ នៃ​មាត្រា​ ៧​ នៃ​រដ្ឋធម្មនុញ្ញ​នេះ​ មិន​អាច​សុំ​កែ​ប្រែ​បាន​ជា​ដាច់ខាត។

មាត្រា​ ១៨​ ថ្មី.-​
ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ទាក់ទង​ជាមួយ​ព្រឹទ្ធសភា​ និង​រដ្ឋសភា​ដោយ​ព្រះរាជសារ។

ព្រះរាជសារ​នេះ​ ព្រឹទ្ធសភា​ និង​ រដ្ឋសភា​ មិន​អាច​យក​ទៅ​ជជែក​ពិភាក្សា​ឡើយ។

មាត្រា​ ១៩ ថ្មី.-​
ព្រះមហាក្សត្រ​ទ្រង់​តែងតាំង​​នាយករដ្ឋមន្ត្រី​ និង​ ទ្រង់​តែងតាំង​គណៈរដ្ឋមន្ត្រី​ តាម​បែប​បទ​ដែល​មាន​ចែង​ក្នុង​មាត្រា​ ១១៩​ ថ្មី។

មាត្រា​ ២០​.-
ព្រះមហាក្សត្រ​ទ្រង់​ទទួល​សវនាការ​ជា​ផ្លូវ​ការ​ពីរ​ដង​ក្នុង​មួយ​ខែ​ ឱ្យ​នាយករដ្ឋមន្ត្រី​ និង​ គណៈរដ្ឋមន្ត្រី​ចូល​​គាល់​រាយការណ៍​ទូល​ថ្វាយ​ទ្រង់​ជ្រាប​អំពី​សភាពការណ៍​ នៃ​ប្រទេស​ជាតិ។

មាត្រា​ ២១​.-
តាម​សេចក្ដី​ស្នើ​របស់​គណៈរដ្ឋមន្ត្រី​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ បញ្ចប់​ភារកិច្ច​មន្ត្រី​ជាន់​ខ្ពស់​ស៊ីវិល​ និង​ យោធា​ ឯក​អគ្គរាជ​ទូត​ និង​ ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព។

តាម​សេចក្ដី​ស្នើ​របស់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ ដក​ចៅក្រម​ផ្នែក​យុត្តាធិការ។

មាត្រា​ ២២​ ថ្មី.-​
នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​​ភាព​អាសន្ន​ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ ប្រធាន​ព្រឹទ្ធសភា។

មាត្រា​ ២៣​.-
ព្រះមហាក្សត្រ​ទ្រង់​ជា​មេ​បញ្ជា​ការ​កំពូល​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ អគ្គ​មេ​បញ្ជា​ការ​រង​​កងយោធពលខេមរភូមិន្ទ​ ត្រូវ​បាន​តែងតាំង​ឡើង​ដើម្បី​បញ្ជា​កងយោធពលខេមរភូមិន្ទ​នេះ។

មាត្រា​ ២៤ ថ្មី.-​
ព្រះមហាក្សត្រ​ទ្រង់​គង់​ជា​ព្រះអធិបតី​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​មួយ។

ព្រះ​មហាក្សត្រ​ទ្រង់​ប្រកាស​សង្គ្រាម​ ក្រោយ​ការ​អនុម័ត​របស់​រដ្ឋ​សភា និង​ព្រឹទ្ធសភា។

មាត្រា​ ២៥.-
ព្រះមហាក្សត្រ​ទ្រង់​ទទួល​សារតាំង​ឯកអគ្គរដ្ឋទូត​ ឬ​ ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ក្រៅ​មក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​ ២៦ ថ្មី.-​
ព្រះ​មហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ និង​ អនុសញ្ញា​អន្តរជាតិ​ ហើយ​ទ្រង់​ប្រទាន​សច្ចាប័ន​លើ​សន្ធិសញ្ញា​ និង​ អនុសញ្ញា​ទាំង​នេះ​ក្រោយ​បាន​ទទួល​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋសភា​ និង​ ព្រឹទ្ធសភា។

មាត្រា​ ២៧​.-
ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ​ទោស​ និង ​លើក​លែង​ទោស។

មាត្រា​ ២៨ ថ្មី.-​
ព្រះមហាក្សត្រ​ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ ច្បាប់​ ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​រួច​ហើយ​ និង​ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះ​រាជក្រឹត្យ​តាម​សេចក្ដី​ស្នើ​សុំ​ពី​ គណៈរដ្ឋមន្ត្រី។

ក្នុង​ពេល​ដែល​ព្រះមហាក្សត្រ​ប្រឈួន​ ហើយ​ត្រូវ​ព្យាបាល​ព្រះ​រោគ​នៅ​បរទេស​ ក្នុង​ពេល​នោះ​ព្រះមហាក្សត្រ​មាន​សិទ្ធិ​ផ្ទេរ​អំណាច​ឡាយ​ព្រះហស្តលេខា​នៅ​ លើ​ព្រះរាជក្រម​ ឬ​ ព្រះរាជក្រឹត្យ​ខាង​លើ​នេះ​ ទៅ​ប្រមុខ​រដ្ឋ​ស្ដី​ទី​ចុះ​ហត្ថលេខា​ជំនួស​ដោយ​ព្រះ​រាជសារ​ប្រគល់​ សិទ្ធិ។

មាត្រា​ ២៩ ថ្មី.-​
ព្រះ​មហាក្សត្រ​ ទ្រង់​បង្កើត និង ប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ។

ព្រះ​មហាក្សត្រ​ ទ្រង់​សម្រេច​ប្រទាន​ឋានន្តរសក្ដិ​ ឋានៈ​យោធា និង​ ស៊ីវិល​តាម​ច្បាប់​កំណត់។

មាត្រា​ ៣០ ថ្មី.-​
ក្នុង​រយៈពេល​​ព្រះមហាក្សត្រ​ទ្រង់​អវត្ដមាន​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ព្រះ​ មហាក្សត្រ​ ពេល​ព្រះ​អង្គ​ទ្រង់​អវត្ដមាន​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ត្រូវ​អនុវត្ត​តាម​វាក្យខ័ណ្ឌ​ទី ​២​ និង​ទី​ ៣​ នៃ​មាត្រា​ ១១ ​ថ្មី។