មាត្រា ៣១.
ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។
ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
មាត្រា ៣២.
ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។
ទោសប្រហារជីវិត មិនត្រូវឱ្យមានឡើយ។
មាត្រា ៣៣.
ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ។
ការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។
មាត្រា ៣៤ ថ្មី.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។
មាត្រា ៣៥.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។
សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មាត្រា ៣៦.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្ដីត្រូវការរបស់សង្គម។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា។
ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃ ដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និង ចូលជាសមាជិកសហជីពនេះ។
ការរៀបចំ និង ការ ប្រព្រឹត្តទៅនៃសហជីព នឹងមានកំណត់ក្នុងច្បាប់។
មាត្រា ៣៧.
សិទ្ធិធ្វើកូដកម្ម និង ធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
មាត្រា ៣៨.
ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។
ច្បាប់ការពារ ជីវិត កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់។
ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។
វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។
ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។
មាត្រា ៣៩.
ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា ឬប្ដឹងទារសំណងជួសជុលការខូចខាត ដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និង របស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយបណ្ដឹងតវ៉ា និង សំណងជួសជុលការខូចខាត ជាសមត្ថកិច្ចរបស់តុលាការ។
មាត្រា ៤០.
សេរីភាពក្នុងការដើរឆ្ងាយ ជិត និង តាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានគោរព។ ប្រជាពលរដ្ឋខ្មែរ អាចចេញទៅតាំងទីលំនៅនៅប្រទេសក្រៅ ឬ វិលត្រឡប់មកវិញបាន។
ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមន៍ និងតាមទូរស័ព្ទ ត្រូវបានធានា។
ការឆែកឆេរលំនៅឋាន សម្ភារៈ វត្ថុ និង លើរូបបុគ្គល ត្រូវធ្វើឱ្យស្របនឹងបញ្ញត្តិច្បាប់។
មាត្រា ៤១.
ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និង ដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។
មាត្រា ៤២.
ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគម និង គណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និង សណ្ដាប់ធ្នាប់សង្គម។
មាត្រា ៤៣.-
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។
សេរីភាពខាងជំនឿ និង ការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងល័ក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និង សន្តិសុខសាធារណៈ។
ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
មាត្រា ៤៤.
ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់ កម្មសិទ្ធិលើដីធ្លី។
កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់។
ដែលនឹងដកហូតកម្មសិទ្ធិ អំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យ និង យុត្តិធម៌។
មាត្រា ៤៥.
ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល។
ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី ត្រូវហាមឃាត់។
បុរស និង ស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និង គ្រួសារ។
អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្ដីមួយ ប្រពន្ធមួយ។
មាត្រា ៤៦.
អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។
ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សំរាកនៅពេលសំរាលកូនដោយទទួលប្រាក់បៀវត្ស និង ដោយមានកាធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។
រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារីនៅជនបទ ដែលគ្មានទីពឹងបានទទួលការឧបត្ថម្ភ ដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និង មានជីវភាពរស់នៅសមរម្យ។
មាត្រា ៤៧.
មាតាបិតា មានកាតព្វកិច្ចចិញ្ចឹមថែរក្សា និង អប់រំកូនឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីយកិច្ចចិញ្ចឹម និង បីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ។
មាត្រា ៤៨.
រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គ្រាម និង ការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។
រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ។
មាត្រា ៤៩.
ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និង គោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និង ការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិ ត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
មាត្រា ៥០.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និង កម្មសិទ្ធិស្របច្បាប់របស់ឯកជន។