មាត្រា ៥១ ថ្មី.-
ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជម្រះក្ដី។
អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។
មាត្រា ៥២.-
រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទម្លាប់ និង ប្រពៃណីល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
មាត្រា ៥៣.-
ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ និង មិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញមក។
ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬ ចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
ព្រះរាជាណាចក្រ រក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន កងកម្លាំងប្រដាប់អាវុធ និង ជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និង ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
មាត្រា ៥៤.-
ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ ត្រូវហាមឃាត់ដាច់ខាត។
មាត្រា ៥៥.-
សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។