មាត្រា​ ៥៦​.-​
ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទី​ផ្សារ។

ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​នេះ​ នឹង​មាន​កំណត់​ក្នុង​ច្បាប់។

មាត្រា​ ៥៧​.-​
ការ​យក​ពន្ធ​ដារ​នឹង​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រា​តែ​មាន​ច្បាប់​​អនុញ្ញាត។ ថវិកា​ជាតិ​ ត្រូវ​បាន​កំណត់​ឱ្យ​អនុវត្ត​តាម​ច្បាប់។

របប​គ្រប់គ្រង​រូបិយវត្ថុ​ និង​ ប្រព័ន្ធ​ហិរញ្ញវត្ថុ ត្រូវ​កំណត់​ក្នុង​ច្បាប់។

មាត្រា​ ៥៨​.-​
ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មាន​ជា​អាទិ៍​ ដីធ្លី​ ក្រោម​ដី​ ភ្នំ​ សមុទ្រ​ បាត​សមុទ្រ​ ក្រោម​បាត​សមុទ្រ​ ឆ្នេរ​សមុទ្រ​ អាកាស​ កោះ​ ទន្លេ​ ព្រែក​ ស្ទឹង​ បឹង​ ព្រៃឈើ​ ធនធាន​ធម្មជាតិ​ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌​ មូលដ្ឋាន​ការពារ​ប្រទេស​ សំណង់​ផ្សេងៗ​ទៀត​ ដែល​បាន​កំណត់​ថា​ជា​របស់​រដ្ឋ។

ការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់។

មាត្រា ៥៩​.-​
រដ្ឋ​ត្រូវ​រក្សា​ការពារ​បរិស្ថាន​ និង​ តុល្យភាព​ នៃ​ភោគទ្រព្យ​ធម្មជាតិ​ហើយ​ត្រូវ​ចាត់​ចែង​ឲ្យ​មាន​ផែនការ​ច្បាស់លាស់​ក្នុង ​ការ​គ្រប់គ្រង​ មាន​ជា​អាទិ៍​ ដីធ្លី​ ទឹក​ អាកាស​ ខ្យល់​ ភូគព្ភសាស្ត្រ​ ប្រព័ន្ធ​អេកូឡូស៊ី​ រ៉ែ​ ថាមពល​ ប្រេង​កាត​ និង​ឧស្ម័ន​ ថ្ម​ និង​ខ្សាច់​ ត្បូង​ថ្ម​ ព្រៃឈើ​ និង​ អនុផល​ព្រៃឈើ​ពពួក​សត្វ​ព្រៃ​ មច្ឆាជាតិ​ ធនធាន​ជលផល។

មាត្រា​ ៦០​.-​
ពលរដ្ឋ​មាន​សិទ្ធិ​លក់​ដូរ​ផលិតផល​របស់​ខ្លួន​ដោយ​សេរី។ ការ​តម្រូវ​ឱ្យ​លក់​ផលិតផល​ជូន​រដ្ឋ​ ឬ​ការ​យក​ភោគផល​ ឬ​ទ្រព្យសម្បត្តិ​ឯកជន​ទៅ​ប្រើប្រាស់​ ទោះបី​មួយ​រយៈពេល​ក៏​ដោយ​ ត្រូវ​ហាមឃាត់​ វៀរលែង​តែ​ក្នុង​ករណី​ពិសេស​ដែល​មាន​ច្បាប់​អនុញ្ញាត។

មាត្រា​ ៦១​.-​
រដ្ឋ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ​កសិកម្ម​ សិប្បកម្ម​ ឧស្សាហកម្ម​ ចាប់​ពី​តំបន់​ដាច់​ស្រយាល​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​នយោបាយ​ទឹក​ ភ្លើង​ ផ្លូវ​​ និង​​ មធ្យោបាយ​ដឹកជញ្ជូន​ បច្ចេកទេស​ទំនើប​ និង​ ប្រព័ន្ធ​ឥណទាន។

មាត្រា​ ៦២​.-​
រដ្ឋ​យក​ចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត​ ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ​ សិប្បករ​ និង​ជួយ​រក​ទី​ផ្សារ​លក់​ផលិតផល។

មាត្រា​ ៦៣​.-​
រដ្ឋ​យក​ចិត្ត​ទុកដាក់​គ្រប់គ្រង​ទី​ផ្សារ​ ជួយ​ឱ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។

មាត្រា​ ៦៤​.-​
រដ្ឋ​ហាមឃាត់​ និង​ផ្ដន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំ​ចូល​ ផលិត​លក់​ដូរ​គ្រឿង​ញៀន​ ទំនិញ​ក្លែងក្លាយ​ ហួស​រយៈ​ពេល​ប្រើ​ ដែល​ប៉ះពាល់​ដល់​សុខភាព​ អាយុ​ជីវិត​របស់​អ្នក​ប្រើ។