មាត្រា ៩៩ ថ្មី.-
ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។
ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះ។
សមាជិកព្រឹទ្ធសភា អាចត្រូវបានចាត់តាំង និងជ្រើសតាំងសាជាថ្មីបាន។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភា គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។
មាត្រា ១០០ ថ្មី.-
សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។
មាត្រា ១០១ ថ្មី.-
ការរៀបចំបែបបទ និង ការប្រព្រឹត្តទៅនៃការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោតអង្គបោះឆ្នោត និង មណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ។
មាត្រា ១០២ ថ្មី.-
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែល ព្រឹទ្ធសភាថ្មីចូលកាន់តំណែង។
ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
មាត្រា ១០៣ ថ្មី.-
អាណត្តិនៃសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្មជាមួយមុខងារជា តំណាងរាស្ត្រ និង ជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
មាត្រា ១០៤ ថ្មី.-
សមាជិកព្រឹទ្ធសភា មានអភ័យឯកសិទ្ធិសភា។
សមាជិកព្រឹទ្ធសភារូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយ នៃព្រឹទ្ធសភា នឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីចុងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនព្រឹទ្ធសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ ដើម្បីសម្រេច។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា ត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបី នៃសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគ បួន នៃសមាជិកព្រឹទ្ធសភាទាំងមូល។
មាត្រា ១០៥ ថ្មី.-
ព្រឹទ្ធសភា មានថវិកាស្វយ័តសម្រាប់ដំណើរការ។
សមាជិកព្រឹទ្ធសភា ត្រូវទទួលប្រាក់បំណាច់។
មាត្រា ១០៦ ថ្មី (មួយ).-
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធាន ព្រឹទ្ធសភា និង សមាជិកទាំងអស់ នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៧ នៃរដ្ឋធម្មនុញ្ញ។
មាត្រា ១០៧ ថ្មី.-
ព្រឹទ្ធសភា ប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិច បីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ។
មាត្រា ១០៨ ថ្មី.-
នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា ទទួលភារកិច្ចចាត់ចែងការងារ។
មាត្រា ១០៩ ថ្មី.-
សម័យប្រជុំព្រឹទ្ធសភា ត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ ព្រឹទ្ធសភា លើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយ កាលៈទេសៈតម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្ដីអញ្ជើញ ការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភាត្រូវទុកជាខុសច្បាប់ហើយអសារ សូន្យ ពេញលក្ខណៈ។
មាត្រា ១១០ ថ្មី.-
ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភា ទទួលអាញត្តិច្បាប់ និងសេចក្ដីសម្រេចចិត្តទាំងឡាយ ដែលព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានព្រឹទ្ធសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារ ជំនួស។
ក្នុងករណីដែលប្រធាន ឬអនុប្រធានព្រឹទ្ធសភា លាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី។
មាត្រា ១១១ ថ្មី (ពីរ).-
ការប្រជុំព្រឹទ្ធសភា ត្រូវធ្វើជាសាធារណៈ។
ព្រឹទ្ធសភាអាចប្រជុំសម្ងាត់បានតាមការសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ត្រី ឬពីប្រធានរដ្ឋសភា។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន :
ក- កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែល តម្រូវឱ្យយកមតិភាគច្រើន ពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ឋ
ខ- កូរ៉ុមលើសពីពាក់កណ្ដាល នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ចំនួនសម្លេង ដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ។
មាត្រា ១១២ ថ្មី.-
ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និង រដ្ឋាភិបាល។
មាត្រា ១១៣ ថ្មី.-
ព្រឹទ្ធសភា ពិនិត្យហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្ដី ព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួង ដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ។ បើជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ។
បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
បើព្រឹទ្ធសភាសុំឱ្យកែសម្រួលសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់នោះរដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទី ពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែលព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។
ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ។ រយៈពេលនេះត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និង ហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃបើជាការប្រញាប់។
បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភា និង ព្រឹទ្ធសភាត្រូវបន្ថែមឱ្យស្មើគ្នាដែរ។
បើព្រឹទ្ធសភាបដិសេធសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទីពីរបានមុនរយៈពេលមួយខែ ទេ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃបើពិនិត្យពីថវិកាជាតិនិង ហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។
ក្នុងការពិនិត្យសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ជាលើកទី២ នេះរដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត។
សេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ណាដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
មាត្រា ១១៤ ថ្មី (មួយ).-
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់។ ការរៀបចំ និង ការប្រព្រឹត្តទៅនៃព្រឹទ្ធសភា នឹងកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអនុម័តយល់ព្រមដោយសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
មាត្រា ១១៥ ថ្មី.-
ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើងប្រាំមួយខែយ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់តាំង ឬជ្រើសតាំង ជំនួសសមាជិកនោះតាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុង នៃព្រឹទ្ធសភា និងក្នុងច្បាប់ស្ដីពីការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា។