មាត្រា ១១៨​ ថ្មី​.-(មាត្រា​ ៩៩​ ចាស់)
គណៈរដ្ឋមន្ត្រី​ ជា​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

គណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​មួយ​រូប​ អម​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​សមាជិក។

​មាត្រា ១១៩​ ថ្មី​.-(មាត្រា​ ១០០​ ចាស់)
តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​​ពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា​​ ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ ក្នុង​​ចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឱ្យ​បង្កើត​ រាជរដ្ឋាភិបាល។ វរជន​​ដែល​ត្រូវ​បាន​​ចាត់​តាំង​នេះ​ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ​ ឬ​ជា​​សមាជិក​គណបក្ស​តំណាង​​នៅ​ក្នុង​រដ្ឋសភា​ ដែល​ផ្គូរផ្គង​ឱ្យ​កាន់​តំណាង​​ផ្សេងៗ​ ក្នុង​រាជរដ្ឋាភិបាល​ទៅ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា។ កាល​បើ​រដ្ឋសភា​​បាន​បោះ​ឆ្នោត​ទុក​ចិត្ត​ហើយ​នោះ​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល។

មុន​ចូល​​កាន់​តំណែង​គណៈរដ្ឋមន្ត្រី​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​ ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៦។

មាត្រា ១២០​ ថ្មី​.-(មាត្រា​ ១០១​ ចាស់)
មុខងារ​នៃ​សមាជិក​រាជរដ្ឋាភិបាល​ មាន​វិសមិតភាព​នឹង​សកម្មភាព​​ខាង​វិជ្ជាជីវៈ​ ផ្នែក​​ពាណិជ្ជកម្ម​ ឬ​ឧស្សាហកម្ម​ ហើយ​និង​ការ​កាន់​តំណែង​ណា​មួយ​ក្នុង​មុខងារ​​សាធារណៈ។

មាត្រា ១២១​ ថ្មី​.-(មាត្រា​ ១០២​ ចាស់)
សមាជិក​ទាំងឡាយ​ នៃ​រាជរដ្ឋាភិបាល​​ទទួល​ខុសត្រូវ​​រួម​គ្នា​ចំពោះ​រដ្ឋសភា​ អំពី​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល។

សមាជិក​មួយ​រូបៗ​ នៃ​រាជរដ្ឋាភិបាល​ទទួល​ខុសត្រូវ​រៀង​ខ្លួន​​ចំពោះ​នាយករដ្ឋមន្ត្រី​ និង​ចំពោះ​រដ្ឋសភា​អំពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

មាត្រា ១២២​ ថ្មី​.-(មាត្រា​ ១០៣​ ចាស់)
សមាជិក​ទាំងឡាយ​ នៃ​រាជរដ្ឋាភិបាល​​មិន​អាច​យក​សំអាង​នៃ​សេចក្ដី​បង្គាប់​​ដោយ​លាយលក្ខណ៍​ អក្សរ​ ឬ​ ដោយ​វាចា​អំពី​នរណា​មួយ​ ដើម្បី​ដោះសា​ឱ្យ​រួច​ខ្លួន​ពី​ការ​ទទួល​​ខុសត្រូវ​របស់​ខ្លួន​បាន​ឡើយ។

មាត្រា ១២៣​ ថ្មី​.-(មាត្រា​ ១០៤​ ចាស់)
គណៈរដ្ឋមន្ត្រី​ ត្រូវ​ប្រជុំ​រាល់​សប្ដាហ៍​ជា​ប្រជុំ​ធំ​ ឬ​ជា​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ។

អង្គ​ប្រជុំ​ធំ​ ត្រូវ​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី​អាច​ប្រគល់​ភារកិច្ច​ជូន​ឧបនាយករដ្ឋមន្ត្រី​ ដឹក​នាំ​អង្គ​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ​បាន។ កំណត់​ហេតុ​នៃ​អង្គ​ប្រជុំ​ទាំងអស់​របស់​គណៈរដ្ឋមន្ត្រី​ ត្រូវ​​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ទ្រង់​ជ្រាប។

មាត្រា ១២៤​ ថ្មី​.-(មាត្រា​ ១០៥​ ចាស់)
នាយករដ្ឋមន្ត្រី​ អាច​រំលែក​អំណាច​របស់​ខ្លួន​ឱ្យ​ទៅ​ឧបនាយករដ្ឋមន្ត្រី​ ឬ​សមាជិក​ណា​មួយ​នៃ​រាជរដ្ឋាភិបាល​បាន។

មាត្រា ១២៥​ ថ្មី​.-(មាត្រា​ ១០៦​ ចាស់)
បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ បើ​ការ​ទំនេរ​នេះ​ជា​ការ​ទំនេរ​មួយ​កាល​មួយ​គ្រា​ទេ​ ត្រូវ​​ចាត់​តាំង​នាយករដ្ឋមន្ត្រី​​ស្ដី​ទី​ជា​បណ្ដោះ​អាសន្ន។

មាត្រា ១២៦​ ថ្មី​.-(មាត្រា​ ១០៧​ ចាស់)
សមាជិក​មួយ​រូបៗ​នៃ​រាជរដ្ឋាភិបាល​ ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។

ក្នុង​ករណី​នេះ​​ និង​ក្នុង​ករណី​ធ្វើ​ខុស​ជា​ទម្ងន់​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ រដ្ឋសភា​​អាច​​សម្រេច​ប្ដឹង​​ទៅ​តុលាការ​មាន​សមត្ថកិច្ច។

រដ្ឋសភា​សម្រេច​ក្នុង​រឿង​នេះ​ ដោយ​វិធី​បោះឆ្នោត​ជា​សម្ងាត់​ តាម​មតិ​ភាគ​ច្រើន​ដាច់ខាត​ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។

មាត្រា ១២៧​ ថ្មី​.-(មាត្រា​ ១០៨​ ចាស់)
ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ នឹង​ត្រូវ​​កំណត់​ក្នុង​ច្បាប់​មួយ។