ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ត្រង់មាត្រា ១៧ បានកំណត់ឱ្យបុគ្គល ដែលបំពេញការងារក្នុងនីតិបុគ្គលសាធារណៈ និងបុគ្គលដែលជាថ្នាក់ដឹកនាំសង្គមស៊ីវិល ប្រកាសទ្រសម្បត្តិរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិចទោះជាទ្រព្យសម្បត្តិនោះនៅក្រៅប្រទេសក្តី ឬក្នុងប្រទេសក្តីរួមទាំងបំណុលផងហើយដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដោយសាមីខ្លួនផ្ទាល់ ។ បុគ្គលដែលបម្រើការងារក្នុងនីតិបុគ្គលសាធារណៈ និងបុគ្គលដែលជាថ្នាក់ដឹកនាំសង្គមស៊ីវិលទាំងនោះរួមមាន៖
- សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល
- មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង
- សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្រធានអនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ
- មន្រ្តីរាជការស៊ីវិលយោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ
- មន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាសហើយត្រូវបានកំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជីដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- ចៅក្រមអាសនៈចៅក្រមអយ្យការសារការីក្រឡាបញ្ជី និងអាជ្ញាសាលា
- ថ្នាក់ដឹកនាំនៃសង្គមស៊ីវិល
បុគ្គលខាងលើនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២ (ពីរ) ឆ្នាំម្ដង នៅដើមខែមករា ហើយមិនឲ្យហូសពីថ្ងៃទី ៣១ ខែមករាឡើយ ។ ការប្រកាសទ្យព្យសម្បត្តិ និងបំណុលលើកដំបូងត្រូវអនុវត្តធ្វើ ៣០ (សាមសិប) ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់មុខតំណៃង។ ចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទីពីរ ត្រូវធ្វើនៅខែ មករា ឆ្នាំទី ៣ នៃការកាន់មុខតំណែង ហើយការប្រកាសទ្យព្យសម្បត្តិ និង បំណុលចុងក្រោយត្រូវធ្វើ ៣០ (សាមសិប) ថ្ងៃយ៉ាងយូរមុនពេលចាកចេញពីមុខតំណែង។ ក្នុងករណីមិនអាចធ្វើការប្រកាសមុនពេលចាកចេញពីមុខតំណែងបានដោយមូលហេតុមានការដកហូតមុខតំណែង ត្រូវប្រកាសយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង។
ក្រៅពីបុគ្គលដូចមានរៀបរាប់ខាងលើ បុគ្គលផ្សេងទៀត ក៏ត្រូវប្រកាសអំពីទ្រព្យសម្បត្តិ និងបំណុលផងដែរ ក្រោយពីត្រូវបានស៊ើបអង្កេត និង ទទួលសេចក្ដីសម្រេចពីអង្គភាពប្រឆាំងអំពើពុករលួយ ។
សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និង បំណុលត្រូវទុកជាការសម្ងាត់ខ្ពស់បំផុត និង ធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬ ធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ។ លើមាត់ស្រោមសំបុត្រដែលបិទជិតត្រូវប្រថាប់ត្រា និង ចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬ តំណាងព្រមទាំងមានផ្ដិតម្រាមដៃសាមីខ្លួនផង។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចធ្វើការសម្រេចបើកស្រោមសំបុត្រ ឬ បើកមើលឯកសារអេឡិចត្រូនិកខាងលើដើម្បីបុព្វហេតុនៃការស៊ើបងង្កេតតាមការចាំបាច់។
អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវរក្សាសំណុំឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុលក្នុងរយៈពេលយ៉ាងតិច ១០ (ដប់) ឆ្នាំ ចាប់ពីពេលទទូលសំណុំឯកសារ។