អំពើពុករលួយ សំដៅដល់អំពើមួយចំនួនដូចជា:
- ការស៊ីសំណូក ការសូកប៉ាន់ ការប្រើអំណាច ឬតួនាទីគាបសង្កត់យកប្រយោជន៍ពីអ្នកដទៃ
- ការរំលោភអំណាចដែលត្រូវបានផ្ដល់ឲ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
- អំពើគៃបំបាត់ យកប្រយោជន៍រួមមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ។ ល ។
អំពើពុករលួយនាំឲ្យមានអយុត្តិធម៌ក្នុងសង្គម ភាពទន់ខ្សោយក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណ: និងមានផលប៉ះពាល់ជាច្រើនដល់ការអភិវឌ្ឍប្រទេសជាតិ ។ ដើម្បីកាត់បន្ថយអំពើពុករលួយ យើងអាចចូលរួមក្នុងសកម្មភាពសាមញ្ញៗ ដូចជា:
- ការមិនចូលរួមប្រព្រឹត្តអំពើពុករលួយ: យើងត្រូវជៀសឲ្យផុតពីការប្រព្រឹត្តអំពើពុករលួយ និងអំពើខុសឆ្គងផ្សេងៗ ដោយការគោរពច្បាប់ បទប្បញ្ញត្តិ វិន័យ ក្រមសីលធម៌វិជ្ជាជីវ: ពីព្រោះយើងនឹងទទួលទោសតាមច្បាប់ បទប្បញ្ញត្តិ វិន័យក្រមសីលធម៌វិជ្ជាជីវ: បើយើងប្រព្រឹត្តអំពើនេះ ។
- ការបង្កើនការយល់ដឹងអំពីអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធ: យើងត្រូវស្វែងយល់ឲ្យបានច្រើន អំពីមូលហេតុ និងផលប៉ះពាល់នៃអំពើពុករលួយ តាមការស្រាវជ្រាវអំពីច្បាប់ពាក់ព័ន្ធ និងតាមដានព័ត៌មានផ្សេងៗ ជាពិសេសអាចប្រឹក្សាជាមួយអ្នកជំនាញ មានដូចជា អង្គភាពប្រឆាំងអំពើពុករលួយជាដើម ។ ការបង្កើនការយល់ដឹងនេះ អាចឲ្យយើងស្គាល់អ្វីជាអំពើពុករលួយ អាចជៀសវាងពីការប្រព្រឹត្ត និងអាចចូលរួមណែនាំអ្នកដទៃ កុំឲ្យប្រព្រឹត្ត ។
- ការរាយការណ៍ពីអំពើពុករលួយ: នេះជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ក្នុងការរាយការណ៍ពីអំពើពុករលួយទៅអាជ្ញាធរមានសមត្ថកិច្ច (អង្គភាពប្រឆាំងអំពើពុករលួយ) ដើម្បីមានវិធានការសមស្របណាមួយ ដូច្នេះ យើងអាចទប់ស្កាត់អំពើពុករលួយតាមដែលអាចធ្វើបាន ។
ការចូលរួមរបស់យើងគ្រប់គ្នាក្នុងសកម្មភាពខាងលើ ជាការរួមចំណែកដ៏សំខាន់ដែលអាចឈានទៅរកភាពជោគជ័យនៃការលុបបំបាត់អំពើពុករលួយ ។
(ដកស្រង់ពី សៀវភៅ ការអប់រំស្ដីពីការប្រឆាំងអំពើពុករលួយ សម្រាប់បឋមសិក្សា ថ្នាក់ទី ៤, ៥ និង ៦ )