សាលាជម្រះក្ដីនៅកម្ពុជា រួមមាន សាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល ។ សាលាដំបូង ជាសាលាជម្រះក្ដីជាន់ទាប ។ សាលាឧទ្ធរណ៍ និងតុលាការកំពូល ជាសាលាជម្រះក្ដីជាន់ខ្ពស់ ។ ក្រៅពីនេះ មានសាលាជម្រះក្ដី ឬសាលាជម្រះវិសាមញ្ញមួយចំនួនទៀត ដែលបង្កើតឡើង ដោយយោងតាមសេចក្ដីត្រូវការចាំបាច់ជាក់ស្ដែង និងដោយច្បាប់ដោយឡែក ឧទាហរណ៍ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកាត់ក្ដីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

សាលាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជា អនុវត្តអំណាចតុលាការ ដែលគ្របដណ្ដប់លើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង ។
សាលាជម្រះក្ដីជាន់ទាបត្រូវបែងចែកជាតុលាការជំនាញ ហើយបើយោងតាមមាត្រា ៥ កថាខណ្ឌទី ២ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ឆ្នាំ ២០១៤ ការបង្កើត ការលុបចោល និងការកែប្រែតុលាការជំនាញ ត្រូវកំណត់ដោយព្រះរាជក្រឹត្យ ។ មាត្រាដដែលបានចែងថា ប្រធានសាលាដំបូង មានអំណាចឋានានុក្រមផ្នែករដ្ឋបាលដោយផ្ទាល់លើប្រធានតុលាការជំនាញទាំងអស់នៃសាលាដំបូងនេះ ។ ចំណែកប្រធានតុលាការជំនាញនីមួយៗ មានអំណាចឋានានុក្រមផ្នែករដ្ឋបាលដោយផ្ទាល់លើចៅក្រមដែលជាសមាជិក ។ ប្រធានសាលាដំបូងមិនអាចធ្វើជាប្រធានតុលាការជំនាញណាមួយបានឡើយ ។ ប្រធានតុលាការជំនាញនីមួយៗ អាចធ្វើជាប្រធានតុលាការជំនាញបានតែមួយគត់នៃសាលាដំបូងនោះ ។
សាលាជម្រះក្ដីជាន់ខ្ពស់ត្រូវបែងចែកជាសភាជំនាញ ។ ការបង្កើត ការលុបចោល និងការកែប្រែសភាជំនាញ ត្រូវកំណត់ដោយព្រះរាជក្រឹត្យ ។ ប្រធានសាលាជម្រះក្ដីជាន់ខ្ពស់ មានអំណាចឋានានុក្រមផ្នែករដ្ឋបាលដោយផ្ទាល់សភាជំនាញទាំងអស់នៃសាលាជម្រះក្ដីជាន់ខ្ពស់នោះ ។ ប្រធានសភាជំនាញនីមួយៗ មានអំណាចឋានានុក្រមផ្នែករដ្ឋបាលដោយផ្ទាល់លើចៅក្រមដែលជាសមាជិក ។ ប្រធានសាលាជម្រះក្ដីជាន់ខ្ពស់ មិនអាចធ្វើជាប្រធានសភាជំនាញណាមួយបានឡើយ ។ ប្រធានសភាជំនាញនីមួយៗ អាចធ្វើជាប្រធានសភាជំនាញបានតែមួយគត់នៃសាលាជម្រះក្ដីជាន់ខ្ពស់នោះ ។
យោងតាមមាត្រា ៦ នៃច្បាប់ខាងលើ មានតែចៅក្រមទេ ដែលមានសិទ្ធិជម្រះក្ដី ។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយឯករាជ្យ ដោយគោរពច្បាប់យ៉ាម៉ឺងម៉ាត់ និងឲ្យអស់ពីដួងចិត្ត និងសម្បជញ្ញ:របស់ខ្លួន ។ ការជម្រះក្ដីផ្ដល់យុត្តិធម៌ ត្រូវធ្វើឡើងក្នុងនាមប្រជារាស្ត្រខ្មែរតាមនីតិវិធី និងច្បាប់ជាធរមាន ។ មានតែសាលាជម្រះក្ដីប៉ុណ្ណោះ ទើបមានអំណាចកាត់សេចក្ដី និងចេញសេចក្ដីសម្រេចតុលាការបាន ។
សវនាការត្រូវធ្វើឡើងជាសាធារណ: លើកលែងតែសាធារណភាពនេះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់សាធារណ: ឬដល់ទំនៀមទម្លាប់ល្អ ឬមានបទប្បញ្ញត្តិពិសេសក្នុងច្បាប់ចែងផ្សេងពីនេះ ។
នៅគ្រប់ករណីទាំងអស់ សាលក្រម និងសាលដីកាតុលាការ ត្រូវប្រកាសនៅក្នុងសាលសវនាការ ដែលបើកជាសាធារណ: ។
ការពិភាក្សាសម្រេចសេចក្ដីរបស់អង្គជំនុំជម្រះ ត្រូវធ្វើជាសម្ងាត់ ។ លើកលែងតែមានបទប្បញ្ញត្តិផ្សេងពីនេះ ការប្រកាសសាលក្រម ឬសាលដីការបស់តុលាការត្រូវធ្វើឡើងដោយប្រធានអង្គជំនុំជម្រះ ឬចៅក្រមមួយរូបក្នុងចំណោមចៅក្រមដែលជាសមាជិកនៃអង្គជំនុំជម្រះ ។
គ្រប់សាលក្រម និងសាលដីកាតុលាការ ត្រូវតែមានសំអាងហេតុ ។ លើកលែងតែមានបទប្បញ្ញត្តិផ្សេងពីនេះ សាលក្រម និងសាលដីកា ត្រូវចុះហត្ថលេខាដោយប្រធានអង្គជំនុំជម្រះ និងចុះហត្ថលេខាអមដោយក្រឡាបញ្ជីនៃសវនាការ ។