យោងតាមទំព័រហ្វេសប៊ុក របស់ឯកឧត្ដម គឹម សន្តិភាព (Kim Santephea-គឹម សន្តិភាព) អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា ៤៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩ ។

បន្ថែមលើនេះ ឯកឧត្ដម បានលើកយកខ្លឹមសារ នៃមាត្រាខាងលើមកបញ្ជាក់ផងដែរថា ៖

មាត្រា ៤៤៖

រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឱ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ទៅ ៦ (ប្រាំមួយ) ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល ។

គួរបញ្ជាក់ផងដែរថា ច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ប្រកាសឱ្យប្រើជាការប្រញាប់ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៥ ក្រោយពីរដ្ឋសភាបានអនុម័ត និងបានពិនិត្យចប់សព្វគ្រប់ដោយព្រឹទ្ធសភា នៅខែមិថុនា ឆ្នាំ ២០១៥ ។

ច្បាប់ខាងលើ មានគោលដៅដូចតទៅ៖

  • ត្រៀមបង្ការ បន្ស៊ាំ កាត់បន្ថយ គ្រោះថ្នាក់មុនពេលមានគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ ឬមនុស្ស
  • ឆ្លើយតប សង្គ្រោះបន្ទាន់ ក្នុងពេលមានគ្រោះមហន្តរាយ
  • ស្ដារឡើងវិញក្រោយពេលមានគ្រោះមហន្តរាយ ។