មាត្រា ៥៩៥ នៃក្រមព្រហ្មទណ្ឌ បានផ្ដល់និយមន័យ ជំនួញឥទ្ធិពលអកម្ម ថាជាអំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទូចសុំ ឬយល់ព្រមទទួលដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោល នូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍ណាមួយ ដើម្បីទទួលបានពីស្ថាប័នរដ្ឋ ដោយសារឥទ្ធិពលពិតប្រាកដ ឬដោយសន្មតនូវការងារ លទ្ធកម្មសាធារណៈ គ្រឿងសម្គាល់កិត្តិយស ឬសេចក្ដីសម្រេចអនុគ្រោះផ្សេងៗដទៃទៀត ។
និយាយឱ្យស្រួលស្ដាប់ទៅ ប្រសិនបើបុគ្គលណាម្នាក់ជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈ ហើយគាត់នោះបានយកឥទ្ធិពល ឬ តួនាទីរបស់គាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការសម្រេចផ្សេងៗ ឬក៏បានផ្តល់គ្រឿងសម្គាល់កិត្តិយស ឬក៏ផ្តល់នូវការងារលទ្ធកម្មសាធារណៈ ឬ សេចក្តីសម្រេចអនុគ្រោះផ្សេងទៀតនោះគេហៅថាៈ «ជំនួញឥទ្ធិពលអកម្ម» ។
នរណាខ្លះជាអ្នករាជការសាធារណៈ ? នរណាខ្លះជាពលរដ្ឋទទួលអាណត្តិសាធារណៈ ?
អ្នករាជការសាធារណៈ (Public Official) សំដៅដល់បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការ ដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្តទោះជាអចិន្ត្រៃយ៍ ឬបណ្ដោះអាសន្នក្ដី ទោះជាបាន ឬមិនបានទទួលប្រាក់ឈ្នួលក្ដី ដោយមិនគិតពីឋានៈ អាយុរបស់បុគ្គលនោះឡើយ ។ បុគ្គលឯទៀត ដែលធ្វើការក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារសាធារណៈ ឬសហគ្រាសសាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀត ដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក៏ចាត់ទុកជាអ្នករាជការសាធារណៈផងដែរ ។
ពលរដ្ឋទទួលអាណត្តសាធារណៈ (Citizen vested with public office through election) សំដៅដល់សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដើម្បីបំពេញមុខងារសាធារណៈដទៃទៀត ។
មាត្រា ៥៩៦ នៃក្រមខាងលើបានកំណត់ទោសដែលអនុវត្តចំពោះអំពើជំនួញឥទ្ធិពលអកម្ម ដោយទោសពន្ធនាគារចាប់ពី ៥ ឆ្នាំ ទៅ១០ ឆ្នាំ ។
ចំណែកបុគ្គលដែលប្រព្រឹត្តអំពើជំនួញឥទ្ធិពលសកម្ម សំដៅដល់ការបុគ្គលដែលប្រគល់អំណោយ ឬជំនូន ធ្វើការសន្យាជាមួយ ឬផ្ដល់អត្ថប្រយោជន៍អ្វីមួយ ដោយផ្ទាល់ ឬដោយប្រយោល ទាំងដែលខ្លួនគ្មានសិទ្ធិ ដល់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីទទួលបានពីស្ថាប័នរដ្ឋ ដោយសារឥទ្ធិពលពិតប្រាកដ ឬដោយសន្មតរបស់អ្នករាជការ ឬពលរដ្ឋនោះ នូវការងារ លទ្ធកម្មសាធារណៈ គ្រឿងសម្គាល់កិត្តិយស ឬសេចក្ដីសម្រេចអនុគ្រោះផ្សេងទៀត ។ (មាត្រា ៦០៩ នៃក្រមព្រហ្មទណ្ឌ) ។
និយាយស្រួលស្ដាប់ទៅ ជំនួញឥទ្ធិពលសកម្ម គឺជាការផ្ដល់អំណោយ ជំនូន ឬការសន្យាណាមួយ ដោយបុគ្គលណាមួយទៅ អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈ ដើម្បីប្ដូរមកវិញនូវប្រយោជន៍ផ្សេងៗពីឥទ្ធិពលនៃអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈនោះ ។
បទជំនួញឥទ្ធិពលសកម្ម ត្រូវជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ ១០លានរៀល (មើលមាត្រា ៦០៩ នៃក្រមព្រហ្មទណ្ឌ) ។