មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករួមមាន៖
- មន្ត្រីមកពីក្រសួងសាធារណការនិងដឹកជញ្ជូន
- អង្គភាពនគរបាលឬកងរាជអាវុធហត្ថដែលទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ មានភារកិច្ច៖
- ចាត់ចែងចរាចរណ៍ឱ្យមានសណ្ដាប់ធ្នាប់ល្អ
- តាមដាន ល្បាត និងពិនិត្យអំពើល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ដោយផ្ទាល់ឬដោយឧបករណ៍បច្ចេកទេស
- ធ្វើរបាយការណ៍ស្ដីពីសភាពការណ៍សណ្ដាប់ធ្នាប់ចរាចរណ៍ បទល្មើសចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង ។
ដោយឡែក អង្គភាពនគរបាលដែលទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍មានភារកិច្ចបន្ថែម៖
- ពិន័យជាប្រាក់ចំពោះអំពើល្មើសដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍
- សម្រុះសម្រួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
- ត្រួតពិនិត្យនិងកត់ត្រាដំណើរហេតុនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណីចាំបាច់ ធ្វើការដកហូតជាបណ្ដោះអាសន្ននូវបណ្ណបើកបរ និងឃាត់យានជំនិះ
- រៀបចំ និងបញ្ជូនកំណត់ហេតុ ព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូង
ក្នុងការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ នគរបាលចរាចរណ៍ត្រូវ អនុវត្តដោយជៀសវាងការធ្វើអោយស្ទះចរាចរណ៍ រឺ បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើស៧ ថ្ងៃ និងដកពិន្ទុចំពោះបទល្មើសណាមួយដូចខាងក្រោម៖
- បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់ ។
- បើកបរដោយល្បឿនលើសចាប់ពី៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅពីល្បឿនដែលបានកំណត់ក្នុងច្បាប់ ។
- មិនគោរពសិទ្ធិអាទិភាព ។
- មិនគោរពស្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬពណ៌ក្រហមភ្លឹបភ្លែត ។
- បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ ។
បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ជាសមត្ថកិច្ចរបស់តុលាការ ។ ក្នុងករណីនេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលមានសមត្ថកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក ត្រូវបញ្ជូនកំណត់ហេតុស្ដីពីបទល្មើសចរាចរណ៍ផ្លូវគោក ទៅអយ្យការអមសាលាដំបូង ។
បទល្មើសចរាចរណ៍ដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក អាចសម្រុះសម្រួលក្នុងករណីមានគ្រោះថ្នាក់ដែលបណ្ដាលឱ្យសងតែការខូចខាត ។ ប្រសិនបើការសម្រុះសម្រួល មិនបានសម្រេច មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវធ្វើកំណត់ហេតុកត់ត្រាស្លាកស្នាមផ្សេងៗ ហើយក្នុងករណីចាំបាច់ដើម្បីធានាការពារផលប្រយោជន៍តាមផ្លូវច្បាប់របស់ភាគី មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក អាចរក្សាទុកយានយន្តជាបណ្ដោះអាសន្នមិនឱ្យលើសពី ១ សប្ដាហ៍ ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវឃាត់យានជំនិះមិនឱ្យធ្វើចរាចរណ៍ ឬឃាំងទុកយានជំនិះរយៈពេលមិនលើសពី ៣ថ្ងៃ ដើម្បីធ្វើការពិន័យនិងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរបានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ដូចខាងក្រោម៖
- យានជំនិះដែលអ្នកបើកបរស្ថិតក្នុងភាពស្រវឹងដោយអត្រាជាតិអាល់កុលចាប់ពី ០.២៥ ដល់០.៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០.៥០ ដល់០.៧៩ ក្រាមក្នុងមួយលីត្រឈាម ឬស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ។
- យានជំនិះដែលអ្នកបើកបរមិនព្រមឱ្យសមត្ថកិច្ចត្រួតពិនិត្យអត្រាជាតិអាល់កុល ឬសារធាតុញៀន ។
- យានជំនិះដែលមានលក្ខណៈបច្ចេកទេសមិនគ្រប់គ្រាន់ អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ។
- យានជំនិះដែលបញ្ចេញផ្សែងខ្លាំង ឬសំឡេងម៉ាស៊ីនខ្លាំងលើសបទដ្ឋានបច្ចេកទេស ឬបំពាក់ប្រព័ន្ធភ្លើងបំភ្លឺខុសស្តង់ដាកំណត់ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់ ។
- យានជំនិះផ្ទុកទំនិញឬអ្នកដំណើរនាំឱ្យបាំង ឬទើសទែងដល់អ្នកបើកបរ ឬហួសកម្រិតកំណត់ ។
- យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពី២៤ម៉ោង ។
- យានយន្តដែលបើកបរហួសពេលកំណត់ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ។
- យានយន្ត ដែលបើកបរលើសល្បឿនកំណត់ចាប់ពី ៤០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិហដែលចតធ្វើឱ្យរំខានឬអាចនាំឱ្យមានគ្រោះថ្នាក់ដល់យានដទៃ យកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោកក្នុងករណិដែលម្ចាស់យានជំនិះមិនព្រមទទួលការពិន័យ ឬគ្មានវត្តមាន ។ ការស្ទូចយានជំនិះយកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ក៏ត្រូវអនុវត្តផងដែរ ចំពោះយានជំនិះពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលពុំអាចដោះស្រាយបាន ។ ម្ចាស់យានជំនិះត្រូវទទួលខុសត្រូវបង់សោហ៊ុយថ្លៃស្ទូច និងថ្លៃរក្សាទុកបន្ថែមលើប្រាក់ពិន័យ ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថិកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ ត្រួតពិនិត្យ អង្កេត កត់ត្រាបទល្មើសស្របតាមបែបបទនៃការពិនិត្យ អង្កេត ការកត់ត្រាបទល្មើស និងការធ្វើកំណត់ហេតុគ្រោះថ្នាក់ចរាចរណ៍ ។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចផាកពិន័យបទល្មើសចរាចរណ៍ ត្រូវចេញបង្កាន់ដៃផាកពិន័យដែលមានគល់បញ្ជីត្រឹមត្រូវ ។
(ច្បាប់ចរាចរណ៍ មាត្រា ៦០-៧០)
