យោងតាមច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់មាត្រា ៧ ទ្រព្យសម្បត្តិចែកចេញជាពីរប្រភេទ គឺ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាទ្រព្យសម្បត្តិដែលត្រូវបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬជាប្រយោជន៍ក្នុងការបម្រើសេវាសាធារណៈ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋរួមមាន ទ្រព្យសម្បត្តិសាធារណ៖របស់រដ្ឋជាអចនវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋជាចលនវត្ថុ ។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាអចលនវត្ថុ គឺជាទ្រព្យសម្បត្តិដែលត្រូវបានប្រើប្រាស់ជាប្រយោជនសាធារណៈក្នុងការបម្រើសេវាសាធាណៈ ដូចជា៖

  1. ទ្រព្យទាំងឡាយដែលកើតឡើងតាមធម្មជាតិ ដូចជាធនធានជលផល ធនធានព្រៃឈើ ផ្លូវទឹកដែលនាវា ឬក្បូនចេញចូលបាន បណ្ដែតបាន បឹងធម្មជាតិ ច្រាំងទន្លេដែលនាវា ឬក្បូចចេញចូលបាន បណ្ដែតបាន ត្រើយសមុទ្ទ ដែនអាកាស ព្រែក អូរ បឹង កោះ កូនកោះ និងតំបន់ដីដែលលិចទឹកអចិន្ត្រៃយ៍ ។
  2. ទ្រព្យទាំងឡាយដែលជាកម្មវត្ថុនៃការរៀបចំពិសេសសម្រាប់ប្រយោជន៍សាធារណៈដូចជា តីរឋាន កំពង់ផែ ផ្លូវដែក ស្ថានីយរថភ្លើង និងព្រលានយន្តហោះ ។
  3. ទ្រព្យទាំងឡាយដែលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ តាមស្ថានភាពពីកំណើត ឬក្រោយពីបានរៀបចំ ដូចជា ផ្លូវថ្នល់ សួនច្បារ ឧទ្យាន រមណីយដ្ឋានធម្មជាតិ ដីចំណី និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
  4. ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់សេវាសាធារណៈ ដូចជា សាលារៀន ឬអគារសិក្សាសាធារណៈ អគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈ ។
  5. ទ្រព្យទាំងឡាយដែលបង្កើតជាដែនបម្រុងធម្មជាតិការពារដោយច្បាប់ ។
  6. បេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌបុរាណវិទ្យា បុរាណស្ថាន រមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រ សំណង់ប្រវត្តិសាស្ត្រ ។
  7. អចលនទ្រព្យផ្សេងទៀត ដែលជាកម្មវត្ថុនៃការប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬសេវាសាធារណៈកំណត់ដោយបទប្បញ្ញត្តិគតិយុត្តជាធរមាន ។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាអចលនទ្រព្យ គឺជាទ្រព្យសម្បត្តិ ដែលមានលក្ខណៈជាប្រយោជន៍សាធារណៈ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ សិល្បៈ បូរាណវិទ្យា វិទ្យាសាស្ត្រ ឬបច្ចេកវិទ្យា ជាអាទិ៍ សិលាចារឹក សាស្ត្រាស្លឹករឹត បណ្ណាសារ សមុច្ច័យ ។

អ្វីជាសមុច្ច័យ? សមុច្ច័យ សំដៅដល់វត្ថុ ឬស្នាដៃសិល្បៈដែលមានតម្លៃជាប្រវត្តិសាស្ត្រ វប្បធម៌ អប់រំ សោភ័ណភាព ដែលត្រូវប្រមូលមកសន្សំ និងរក្សាទុកដោយមានការកត់ត្រា និងចុះបញ្ជីត្រឹមត្រូវ ។

​ចំណែកទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាទ្រព្យសម្បត្តិដែលមិនស្ថិតក្នុងប្រភេទទ្រព្យសម្បត្តិទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនមានលក្ខណសម្បត្តិក្នុងការបម្រើប្រយោជន៍សាធារណៈ លែងជាប្រយោជន៍ក្នុងការបម្រើសេវាសាធារណៈ មិនមែនជាការប្រើប្រាស់ដោយផ្ទាល់ដោយសាធារណជន និងមិនស្ថិតក្នុងប្រភេទកម្មសិទ្ធិឯកជន មានដូចជា៖

  1. ទ្រព្យសម្បត្តិដែលបានធ្វើចំណាត់ថ្នាក់ឡើងវិញពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមរយៈការធ្វើអនុប្បយោគ ។
  2. ទ្រព្យសម្បត្តិដែលទទួលបានពីការទិញ ការដូរ ប្រទានកម្ម អច្ច័យទាន ព្រទ្យនិទាយាទ ទ្រព្យគ្មានម្ចាស់គ្រប់គ្រង ទ្រព្យរឹបអូសដោយសេចក្ដីសម្រេចរបស់តុលាការ សម្បទានដីសេដ្ឋកិច្ច ។
  3. ទ្រព្យសម្បត្តិដទៃទៀត ដែលកំណត់ថាជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ។

អ្វីជាអនុប្បយោគ? អនុប្បយោគ សំដៅដល់ការផ្លាស់ប្ដូរប្រភេទទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែឡអាចធ្វើអនុប្បយោគមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋបានមានដូចជា៖

  • ដីនៅទំនេរ លែងជាតម្រូវការនៃផលប្រយោជន៍សាធារណៈ ឬការផ្ដល់សេវាសាធារណៈ
  • បាត់បង់លក្ខណៈសម្បត្តិក្នុងការបម្រើផលប្រយោជន៍សាធារណៈ
  • លែងជាការប្រើប្រាស់ដោយផ្ទាល់ដោយសាធារណជន ។