១. សេចក្ដីផ្ដើម 

ច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត(តទៅសូមហៅកាត់ខ្លីថា “ច្បាប់ប្រេងកាត”)​ ត្រូវបានអនុម័តនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ និងប្រកាសឱ្យប្រើនៅថ្ងៃទី១២ ខែកក្កដាក្នុងឆ្នាំដដែល។ យោងតាមមាត្រា៧២ ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់។ នេះមានន័យថា ច្បាប់នេះ ចូលជាធរមានមួយថ្ងៃក្រោយការប្រកាសឱ្យប្រើ គឺនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នេះ។ ច្បាប់ប្រេងកាត មិនបានចែងអំពីការនិរាករណ៍ចំពោះលិខិតបទដ្ឋានគតិយុត្តណាមួយពាក់ព័ន្ធនឹងវិស័យប្រេងកាតនៅកម្ពុជា​ឡើយ គឺគ្រាន់តែចែងនិរាករណ៍ចំពោះលិខិតបទដ្ឋានគតិយុត្តដែលផ្ទុយនឹងខ្លួនប៉ុណ្ណោះ ហើយកិច្ចព្រមព្រៀងដែលកើតមុនច្បាប់នេះ ក៏នៅតែអាចបន្តសុពលភាពដែរ ដោយគ្រាន់តែតម្រូវឱ្យមានការកែប្រែរាល់បញ្ញត្តិនៃកិច្ចព្រៀងមួយចំនួនឱ្យស្របនឹងច្បាប់នេះជាការស្រេច។ ច្បាប់ស្ដីពីប្រេងកាតមានគោលបំណងជំរុញអភិវឌ្ឍវិស័យប្រេងកាត ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពហើយមានគោលដៅកំណត់សមត្ថកិច្ច និងវិធាននៃការគ្រប់គ្រងវិស័យប្រេងកាតនៅព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ប្រេងកាត មាន៩ ជំពូក និង៧២ មាត្រា។ 

ក្នុងអត្ថបទនេះ នឹងធ្វើការសង្ខេបខ្លឹមសារសំខាន់ៗនៃច្បាប់ប្រេងកាត ដោយចែកតាមផ្នែកដូចខាងក្រោម។ 

២. សិក្សាពាក្យគន្លឹះសំខាន់ៗនៅក្នុងច្បាប់ប្រេងកាត 

នៅក្នុងច្បាប់ប្រេងកាតមានកំណត់និយមន័យនៃពាក្យបច្ចេកទេសមួយចំនួន ដែលភ្ជាប់នៅក្នុងឧប​សម្ព័ន្ធ ប៉ុន្តែមិនបានដាក់បញ្ចូលពាក្យអាប់ស្ទ្រីម និងពាក្យដោនស្ទ្រីម នៅក្នុងឧបសម្ព័ន្ធនោះទេ ព្រោះមានចែងនៅក្នុងមាត្រា ៨ (អំពីអាប់ស្ទ្រីម) និងមាត្រា៣៩ (អំពីដោនស្ទ្រីម)។ ទោះជាមានចែងនៅក្នុងច្បាប់នេះអំពីសកម្មភាពទាំងពីរនេះក្ដី អ្នកសិក្សាអាចនឹងមានភាពមិនច្បាស់លាស់ពេលអានលើមាត្រាទាំងពីរនេះ។ ហេតុនេះ សូមធ្វើការពន្យល់បន្ថែមអំពីពាក្យគន្លឹះសំខាន់ទាំងពីរនេះ។ 

ជាទូទៅនៅក្នុងសកម្មភាពវិស័យប្រេងកាត គេចែកជាបីធំៗ គឺសកម្មភាពផ្នែកអាប់ស្ទ្រីម (Upstream) សកម្មភាពផ្នែកមីឌស្ទ្រីម (Midstream) និងសកម្មភាពផ្នែកដោនស្ទ្រីម (Downstream)។ ដំបូងសូមមើលក្រាហ្វិកខាងក្រោមដើម្បីស្វែងយល់ពីសកម្មភាពទាំងបីនេះ។ 

ក្រាហ្វិកទី១៖ 

ក្រាហ្វិកទី២៖ 

យោងតាមក្រាហ្វិកទាំងពីរខាងលើ អ្នកសិក្សាអាចយល់បានថា សកម្មភាពផ្នែកអាប់ស្ទ្រីម គឺជាដំណាក់កាលដំបូងមួយក្នុងប្រតិបត្តការនៃឧស្សាហកម្មប្រេងកាត ដែលពាក់ព័ន្ធទៅនឹងដំណាក់កាលសំខាន់ៗពីរគឺ ដំណាក់កាលស្វែងរុករក និងដំណាក់កាលប្រតិបត្តិការផលិតកម្ម។ ផលិតកម្មផ្នែកអាប់ស្ទ្រីមជាទូទៅអនុវត្តដោយក្រុមហ៊ុនដែលធ្វើសកម្មភាពកំណត់ទីតាំងមានសក្ដានុពលប្រេងកាត ជីកអណ្ដូងរុករក និងដកយកវត្ថុធាតុដើម (ប្រេង)ចេញពីដី ដែលពេលខ្លះគេអាចហៅក្រុមហ៊ុននោះថា ក្រុមហ៊ុនរុករក និងផលិតប្រេងកាត។ ចំណែកមីឌស្ទ្រីម គឺសំដៅដល់សកម្មភាពដឹកជញ្ជូន ការស្តុកទុក និងការចែកចាយ។ ចំពោះដោនស្ទ្រីមវិញ គឺសំដៅទៅលើសកម្មភាពរបស់ក្រុមហ៊ុនដែលចែកចាយដល់អ្នកប្រើប្រាស់ផលិតផលប្រេងកាត ឬជាសកម្មភាពក្នុងដំណាក់កាលចុងក្រោយ ដែលប្រេងឆៅត្រូវបានធ្វើបន្សុទ្ធកម្ម គីមីប្រេងកាត ផលិត និងធ្វើការចែកចាយទៅអ្នកប្រើប្រាស់។ 

ជាទូទៅ គេចាត់ទុកមីឌស្ទ្រីមថា ជាផ្នែកមួយនៃដោនស្ទ្រីម។ ហេតុនេះហើយ នៅក្នុងសកម្មភាពវិស័យប្រេងកាត គេតែងតែនិយាយពីសកម្មភាពពីរ គឺ សកម្មភាពផ្នែកអាប់ស្ទ្រីម និងសកម្មភាពផ្នែកដោនស្ទ្រីម ដែលនៅក្នុងច្បាប់កម្ពុជាក៏ដូចគ្នាដែរ គឺបានបែងចែកតែពីរប៉ុណ្ណោះ។ ខាងក្រោមនឹងលើកយកសកម្មភាពទាំងពីរដែលកំណត់ច្បាប់ប្រេងកាតកម្ពុជា មកសិក្សា។ 

៣. សកម្មភាពផ្នែកអាប់ស្ទ្រីម 

មាត្រា៨នៃច្បាប់ប្រេងកាតបាន កំណត់សកម្មភាពផ្នែកអាប់ស្ទ្រីមថាសំដៅដល់សកម្មភាព បុរេសេនា ការស្វែងរុករក ការអភិវឌ្ឍ និងផលិតកម្មប្រេងកាត។ អ្នកដែលអាចធ្វើសកម្មភាពផ្នែកអាប់ស្ទ្រីមបាន គឺសហគ្រាសសាធារណៈ ក្រុមហ៊ុនមូលធនក្នុងស្រុក និងក្រុមហ៊ុនពាណិជ្ជកម្មបរទេស ប៉ុន្តែដើម្បីអាចធ្វើសកម្មភាពបាន ក្រុមហ៊ុនទាំងនេះត្រូវចុះកិច្ចព្រមព្រៀងជាមួយរដ្ឋ (ដែលតំណាងដោយរដ្ឋមន្ត្រីរ៉ែ និងថាមពល) ។ 

៣.១. កិច្ចព្រមព្រៀងប្រេងកាត 

កិច្ចព្រមព្រៀងប្រេងកាត គឺជាកិច្ចព្រមព្រៀងដែលចុះរវាងភាគីរដ្ឋ និងក្រុមហ៊ុន ដើម្បីសកម្មភាពផ្នែកអាប់ស្ទ្រីមនៅក្នុងវិស័យប្រេងកាត។ កិច្ចព្រមព្រៀងប្រេងកាតមួយ អាចធ្វើឡើងសម្រាប់តែប្លុកប្រេងកាតមួយប៉ុណ្ណោះ ហើយអ្នកចុះកិច្ចព្រមព្រៀងដែលជាក្រុមហ៊ុន មិនអាចទទួលប្លុកប្រេងកាតលើសពីពីរឡើយ។ កិច្ចព្រមព្រៀងប្រេងកាតត្រូវមានសុពលភាពមិនលើសពី៣០ឆ្នាំ តែអាចពន្យារបានមិនលើស១៥ ហើយរយៈពេលនេះចែកជាពីរគឺ រយៈពេលស្វែងរុករក និងរយៈពេលអភិវឌ្ឍផលិតកម្ម។

៣.២. សិទ្ធិ និងកាតព្វកិច្ចអ្នកចុះកិច្ចព្រមព្រៀង 

ក. សិទ្ធិរបស់អ្នកចុះកិច្ចព្រមព្រៀង 

អ្នកចុះកិច្ចព្រមព្រៀងប្រេងកាត អាចទទួលបានសិទ្ធិជាម្ចាស់លើចំណែកផលប្រេងកាតរបស់ខ្លួន មានសិទ្ធិប្រើប្រាស់ទិន្នន័យប្រេងកាត តែត្រូវសងទៅក្រសួងវិញពេលចប់កិច្ចព្រមព្រៀង អាចធ្វើសកម្មភាពលើផ្នែកដោនស្ទ្រីម តែត្រូវចុះបញ្ជីជានីតិបុគ្គលដោយឡែក អាចស្នើសុំបន្ត កែប្រែសិទ្ធិ និងផលប្រយោជន៍ ដាក់ជាប្រាតិភោគ ផ្ទេរសិទ្ធិ ប្ដូរអំណាចគ្រប់គ្រង ឬបន្តជាសន្តតិកម្មនៃកិច្ចព្រមព្រៀង។

ខ. កាតព្វកិច្ចរបស់អ្នកចុះកិច្ចព្រមព្រៀង

អ្នកចុះកិច្ចព្រមព្រៀងប្រេងកាតមានកាតព្វកិច្ច  ធ្វើប្រតិបត្តិការតាមលក្ខណៈបច្ចេកទេស ឧត្តមានុវត្ត និងបទដ្ឋានអន្តរជាតិ ការពារបរិស្ថាន ការពារសុខភាព និងសុវត្ថិភាពការងារ ការពារសុវត្ថិភាពសាធារណៈ អប់រំ បណ្ដុះបណ្ដាល និងផ្ដល់អាទិភាពការងារដល់ពលរដ្ឋខ្មែរ​ ចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាជន ប្រើកម្លាំងពលកម្ម ទំនិញ និងសេវាកម្មក្នុងស្រុក ឱ្យអស់លទ្ធភាព ផ្ដល់របាយការណ៍ដល់ក្រសួង អនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ប្រគល់សងត្រឡប់ចំណែកណាមួយនៃផ្ទៃក្រឡាដែលបានចុះកិច្ចព្រមព្រៀង តាមដំណាក់កាល ផ្គត់ផ្គង់មិនលើស២៥%នៃផលប្រេងកាតឱ្យរដ្ឋ បង់សេវាសាធារណៈ។

គ. សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋ 

យោងតាមមាត្រា ៣៤ ដល់៣៨ រដ្ឋមានសិទ្ធិចូលរួមភាគហ៊ុនក្នុងសកម្មភាពប្រេងកាត កាត់សួយសារអាករពីអ្នកចុះកិច្ចព្រមព្រៀងប្រេងកាត ប្រមូលពន្ធពីវិស័យប្រេងកាត ព្រមទាំងអាចបង្កើតសហគ្រាសសាធារណៈ ដើម្បីធ្វើធុរកិច្ចវិស័យប្រេងកាតបាន។ ក្នុងនាមរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពលត្រូវផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងប្រតិបត្តិការប្រេងកាត និងពីបញ្ហាបរិស្ថាន។ ករណីមានអាសន្ន រដ្ឋអាចហាមឃាត់មិនឱ្យនាំចេញប្រេងបាន។ 

៤. សកម្មភាពផ្នែកដោនស្ទ្រីម 

យោងតាមមាត្រា ៣៩នៃច្បាប់នេះ សកម្មភាពផ្នែកដោនស្ទ្រីមជាការធ្វើប្រព្រឹត្តកម្ម ការដឹកជញ្ជូន សន្និធិ និងពាណិជ្ជកម្មប្រេងកាត ផលិតផលប្រេងកាត លើកលែងតែការលក់ និងការនាំចេញប្រេងកាតដែលអនុវត្តស្របតាមកិច្ចព្រមព្រៀងប្រេងកាត។ សកម្មភាពផ្នែកដោនស្ទ្រីមនេះអនុញ្ញាតចំពោះ រូបវន្តបុគ្គល  សហគ្រាសសាធារណៈ ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមូលធន និងក្រុមហ៊ុនបរទេស។ 

៤.១. សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលធ្វើសកម្មភាពផ្នែកដោនស្ទ្រីម 

ក. សិទ្ធិរបស់រូបវន្តបុគ្គល និងនីតិបុគ្គលធ្វើសកម្មភាពផ្នែកដោនស្ទ្រីម

យោងតាមមាត្រា៤១ ដល់៤៥នៃច្បាប់ប្រេងកាត រូបវន្តបុគ្គល និងនីតិបុគ្គលធ្វើសកម្មភាពផ្នែកដោនស្ទ្រីមអាចស្នើសុំធ្វើធុរកិច្ចផ្នែកដោនស្ទ្រីមលើសពីមួយបាន តែត្រូវមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណផ្សេងៗគ្នា  អាចធ្វើសកម្មភាពផ្នែកអាប់ស្ទ្រីមបាន តែត្រូវចុះបញ្ជីជានីតិបុគ្គលដោយឡែក ហើយមានសិទ្ធិបន្ត កែប្រែសិទ្ធិ ឬផលប្រយោជន៍ ដាក់ប្រាតិភោគ ផ្ទេរសិទ្ធិ ប្ដូរអំណាចគ្រប់គ្រង ឬបន្តសន្តតិកម្មអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតបាន។

ខ. កាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលធ្វើសកម្មភាពផ្នែកដោនស្ទ្រីម 

យោងតាមមាត្រា៤១ ៤២ និង៤៤ ដើម្បីធ្វើសកម្មភាពផ្នែកដោនស្ទ្រីមបាន រូបវន្តបុគ្គល និងនីតិបុគ្គលត្រូវមានមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល មានវិញ្ញាបណបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពពីក្រសួងរ៉ែ និងថាមពល ព្រមទាំងបង់កម្រៃសេវាសាធារណៈ។ នៅពេលប្រតិបត្តិការសកម្មភាពរបស់ខ្លួន រូបវន្តបុគ្គល និងនីតិបុគ្គលធ្វើសកម្មភាពផ្នែកដោនស្ទ្រីម ធ្វើប្រតិបត្តិការតាមលក្ខណៈបច្ចេកទេស ឧត្តមានុវត្ត និងបទដ្ឋានអន្តរជាតិ ការពារបរិស្ថាន ការពារសុខភាព និងសុវត្ថិភាពការងារ ការពារសុវត្ថិភាពសាធារណៈ ប្រើកម្លាំងពលកម្ម ទំនិញ និងសេវាកម្មក្នុងស្រុក ឱ្យអស់លទ្ធភាព និងត្រូវគោរពច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ 

៥. អធិការកិច្ច 

ច្បាប់ស្ដីពីប្រេងកាតនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់សិទ្ធិឱ្យរដ្ឋមន្ត្រីរ៉ែ និងថាមពលក្នុងការចាត់តាំងមន្ត្រីអធិការកិច្ចប្រេងកាត ដែលមន្ត្រីអធិការកិច្ចនេះមានសិទ្ធិសុំជំនួយសហការពីស្ថាប័នមានសមត្ថកិច្ចផងដែរ ដើម្បីបង្ក្រាបបទល្មើសផ្សេងៗ។ នៅពេលប្រតិបត្តិការការងារអធិការកិច្ច មន្ត្រីអធិការកិច្ចត្រូវពាក់ឯកសណ្ឋាន និង/ឬសញ្ញាសម្គាល់ ព្រមទាំងមានលិខិតអនុញ្ញាតឱ្យបំពេញបេសកកម្ម។ ចំពីរូបវន្តបុគ្គល ឬនីតិបុគ្គលដែលរងអធិការកិច្ច អាចប្ដឹងតវ៉ាបានក្នុងរយៈពេល៣០ថ្ងៃទៅក្រសួង បើមិនសុខចិត្តចំពោះអធិការកិច្ចនេះ។ 

៦. អំពីទោសប្បញ្ញត្តិ 

នៅក្នុងច្បាប់ប្រេងកាត ទណ្ឌមាន៥ប្រភេទគឺ ការដកហូត ឬព្យួរសិទ្ធិ ការជួសជុលការខូចខាត ការផាកពិន័យការរឹបអូសវត្ថុតាង និងទោសពន្ធនាគារ។  

សូមសង្ខេបសង្ខេបបទល្មើស និងទណ្ឌកម្មតាមរយៈតារាងខាងក្រោម៖ 

ល.រអំពើល្មើសមាត្រាដកហូត/ព្យួរសិទ្ធិពិន័យ
(លានរៀល)
ពន្ធនាគារ
រូបវន្តបុគ្គល ស្វែងរុករក អភិវឌ្ឍ ឬផលិតកម្មប្រេងកាត ដោយគ្មានកិច្ចព្រមព្រៀងប្រេងកាត ឬត្រូវបានព្យួរ៥៨១០០-២៥០២-៥ ឆ្នាំ
នីតិបុគ្គលស្វែងរុករក អភិវឌ្ឍ ឬផលិតកម្មប្រេងកាត ដោយគ្មានកិច្ចព្រមព្រៀងប្រេងកាតឬត្រូវបានព្យួរ៥៨៤០០០- ៤០០០០
រូបវន្តបុគ្គលធ្វើបុរេសេនាក្នុងផ្នែកអាប់ស្ទ្រីមដោយគ្មានការអនុញ្ញាត៥៩១០-៥០
នីតិបុគ្គលធ្វើបុរេសេនាក្នុងផ្នែកអាប់ស្ទ្រីមដោយគ្មានការអនុញ្ញាត៥៩១០០-១០០០
មិនបំពេញតាមចំណុចក ឬខនៃមាត្រា២០៦០៤០០-២០០០
មិនបំពេញតាមចំណុចគ ឬឃនៃមាត្រា២០៦១៤០០-២០០០
ការក្លែងបន្លំរបាយការណ៍ហិរញ្ញវត្ថុ៦២តាមក្រមព្រហ្មទណ្ឌ
ចែកចាយទិន្នន័យប្រេងកាតដោយគ្មានការអនុញ្ញាត៦២១០-១០០០១ខែ-១ឆ្នាំ
ផ្ដល់របាយការណ៍ ទិន្នន័យឬព័ត៌មាន ក្នុងគោលបំណងបំភាន់ ឬឱ្យមានការយល់ខុស៦២៥០-១០០០១-៣ឆ្នាំ
១០យឺតយ៉ាវផ្ដល់ទិន្នន័យប្រេងកាត ព័ត៌មាន និងរបាយការណ៍បច្ចេកទេសណាមួយ៦៣៥០-១០០០
១១សកម្មភាពដោនស្ទ្រីមដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត៦៤១-១០០
១២សកម្មភាពដោនស្ទ្រីមមិនគោរពតាមបទប្បញ្ញត្តិបច្ចេកទេស៦៥១-៥០
១៣សកម្មភាពដោនស្ទ្រីម គ្មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព៦៦៤-
១៤រារាំងសកម្មភាពអធិការកិច្ច៦៧១-៥០១ខែ-១ឆ្នាំ
១៥អ្នករាជការរារាំងសកម្មភាពអធិការកិច្ច៦៧១០០-២៥០

៨. លិខិតបទដ្ឋានគតិយុត្តដែលត្រូវបង្កើតឡើងដើម្បីអនុវត្តបញ្ញត្តិនៃច្បាប់ប្រេងកាត

  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការជ្រើសរើសអ្នកចុះកិច្ចព្រមព្រៀងប្រេងកាត (មាត្រា៩) 
  • ប្រកាសរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការអនុញ្ញាតឱ្យមានបុរេសេនា (មាត្រា១០) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការពន្យារបន្តសុពលភាពកិច្ចព្រមព្រៀងប្រេងកាត (មាត្រា១៧) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំបន្ត កែប្រែសិទ្ធិ និងផលប្រយោជន៍ ដាក់ប្រាតិភោគ ផ្ទេរសិទ្ធិ ប្ដូរអំណាចគ្រប់គ្រង ឬបន្តជាសន្តតិកម្ម កិច្ចព្រមព្រៀងប្រេងកាត (មាត្រា១៨) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការព្យួរ និងការបញ្ចប់កិច្ចព្រមព្រៀងប្រេងកាត (មាត្រា១៩) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការជូនដំណឹងអំពីការរកឃើញធនធានប្រេងកាត និងការអនុញ្ញាតឱ្យធ្វើការអភិវឌ្ឍ និងផលិតកម្មប្រេងកាត (មាត្រា២១)
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការអនុញ្ញាតធ្វើការអភិវឌ្ឍ និងផលិតកម្មប្រេងកាតមានលក្ខខណ្ឌ (មាត្រា២២)
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីស្ដីពីកាតព្វកិច្ចនៃការប្រគល់ផ្ទៃក្រឡាសងវិញ (មាត្រា២៥)
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការទូទាត់សំណង (មាត្រា២៧) 
  • អនុក្រឹត្យស្ដីពីការចាត់ចែង និងកាតព្វកិច្ចនៃការបំពេញតម្រូវការក្នុងស្រុក (មាត្រា៣១)  
  • ប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីបែបបទ និងនីតិវិធីនៃការបង់កម្រៃសេវាសាធារណៈ (មាត្រា៣៥ និងមាត្រា៤៤)
  • អនុក្រឹត្យស្ដីពីអត្រាសួយសារ នីតិវិធី វិធានកំណត់តម្លៃ ការវាល់បរិមាណ និងទីតាំងកំណត់ថ្លៃ (មាត្រា៣៦) 
  • អនុក្រឹត្យស្ដីពីប្រភេទអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ការធានារ៉ាប់រង លក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្នែកដោនស្ទ្រីម (មាត្រា៤១) 
  • ប្រកាសស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំបន្ត កែប្រែសិទ្ធិ និងផលប្រយោជន៍ ដាក់ប្រាតិភោគ ផ្ទេរសិទ្ធិ ប្ដូរអំណាចគ្រប់គ្រង ឬបន្តជាសន្តតិកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតសកម្មភាពផ្នែកដោនស្ទ្រីម(មាត្រា៤៥) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការព្យួរ និងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត (មាត្រា៤៦) 
  • ប្រកាសស្ដីពីបទប្បញ្ញត្តិបច្ចេកទេសផ្នែកដោនស្ទ្រីម (មាត្រា៤៨)
  • ប្រកាសអន្តរក្រសួងរវាងក្រសួងយុត្តិធម៌ និងក្រសួងរ៉ែ និងថាមពលស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់នីតិសម្បទាចំពោះមន្ត្រីអធិការកិច្ចប្រេងកាត (មាត្រា៥១) 
  • អនុក្រឹត្យស្ដីពីឯកសណ្ឋាន និងសញ្ញាសម្គាល់របស់មន្ត្រីអធិការកិច្ចប្រេងកាត (មាត្រា៥៣)
  • អនុក្រឹត្យស្ដីពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធីផ្សេងៗក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាត (មាត្រា៥៥)
  • ប្រកាសស្ដីពីនីតិវិធីនៃការផាកពិន័យ និងការដកហូត ឬព្យួរសិទ្ធិ

៩. ឯកសារពាក់ព័ន្ធគួរអាន 

  • អនុក្រឹត្យលេខ ៣៣ អនក្រ.បក ស្តីពីការបង្កើតគណៈកម្មការ​បច្ចេកទេសអន្តរក្រសួង សម្រាប់កិច្ចការ​រុករក និងអាជីវកម្ម​ប្រេងកាត