បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន គឺជាការផ្ដល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរដោយខុសច្បាប់នូវសារធាតុញៀន (ដែលស្ថិតនៅក្នុងតារាងទី និងតារាងទី២ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន) ។ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល ។ អត្ថបទនេះសិក្សាអំពី (១) ការបង្ក្រាបបទល្មើសជាក់ស្ដែងនៃការជួញដូរគ្រឿងញៀនដោយខុសច្បាប់ (២) ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន។

១- ការបង្ក្រាបបទល្មើសជាក់ស្ដែងនៃការជួញដូរគ្រឿងញៀនដោយខុសច្បាប់

បទល្មើសជាក់ស្ដែងនៃការជួញដូរសារធាតុញៀនដោយខុសច្បាប់ ដែលសមត្ថកិច្ចត្រូវចុះបង្ក្រាប មាន៖

  • បទល្មើសដែលកំពុងប្រព្រឹត្ត
  • បទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម
  • ជនដែលគេសង្ស័យ ត្រូវបានសាធារណជនស្រែកដេញប្រផាប់ចាប់ប្រភីង
  • បុគ្គលដែលត្រូវគេរកឃើញមានវត្ថុ ឬមានស្លាកស្នាម ឬតម្រុយច្បាស់លាស់ ហើយស៊ីសង្វាក់ផ្សេងទៀតដែលនាំឱ្យគេសន្និដ្ឋានបានថា បុគ្គលនោះបានប្រព្រឹត្ត ឬបានចូលរួមប្រព្រឹត្តបទល្មើស
  • បទល្មើសដែលត្រូវបានប្រព្រឹត្តនៅក្នុងកន្លែងដែលអ្នកកាន់កាប់នៅទីនោះ សុំឱ្យព្រះរាជអាជ្ញា ឬមន្ត្រីនគរបាលយុត្តិធម៌ចូលមកពិនិត្យ ។

បទល្មើសគ្រឿងញៀន គឺជាបទល្មើសដែលពិបាកនឹងធ្វើការបង្ក្រាបដើម្បីឈានទៅរកការចាប់បានទាំងជនល្មើស និងគ្រឿងញៀន ហេតុនេះ គេត្រូវមានកម្លាំងបង្កប់ដើម្បីជាជំនួយការក្នុងការស៊ើបអង្កេត និងចាប់បានបទល្មើស។ ក្នុងករណីចាំបាច់ដើម្បីបម្រើឱ្យការស៊ើបអង្កេតបទល្មើសគ្រឿងញៀន មន្ត្រីមានសមត្ថកិច្ចតាមការចាត់តាំងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬរបស់មន្ត្រីប្រតិភូក្រសួងយុត្តិធម៌ អាចសម្រេចអនុញ្ញាតឱ្យប្រវិធីប្រគល់ដោយមានការឃ្លាំមើល ឬប្រើវិធីញុះញង់ឱ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន ។ ការប្រគល់ដោយមានការឃ្លាំមើល និងការញុះញង់ឱ្យលក់គ្រឿងញៀននេះ អាចធ្វើឡើងដោយមន្ត្រីមានសមត្ថកិច្ចដោយផ្ទាល់ ឬតាមរយៈជនណាម្នាក់ដែលអនុវត្តតាមបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចនោះ ។

២- ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន

ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន អាចជា ការស៊ើបអង្កេតបទល្មើសជាក់ស្ដែង ឬការស៊ើបអង្កេតបឋម ។

ក. ដំណាក់កាលស៊ើបអង្កេតបទល្មើសជាក់ស្ដែង

នៅក្នុងការស៊ើបអង្កេតបទល្មើសជាក់ស្ដែង មន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស្រាវជ្រាវបទល្មើស ឆែកឆេរ បិទស្លាកបោះត្រាលើវត្ថុតាង ស្ដាប់ចម្លើយ ធ្វើតេស្ដនិងវេចខ្ចប់ ឃាត់ខ្លួន និងការបញ្ជូនខ្លួន។

នៅក្នុងក្នុងការស្រាវជ្រាវបទល្មើស មន្ត្រីនគរបាលយុត្តិធម៌ ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា ។ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវធ្វើកំណត់ហេតុស្ដីពីការស្រាវជ្រាវ និងការពនិត្យរបស់ខ្លួន ។

មន្ត្រីនគរបាលយុត្តិធម៌ដែលមាននីតិសម្បទា ត្រូវបានអនុញ្ញាតឱ្យឆែកឈេរនៅតាមព្រំដែនលើខ្លួនបុគ្គល យានជំនិះ សម្ភារៈជាដើម កាលបើមានសញ្ញានាំឱ្យសង្ស័យថានៅលើខ្លួនបុគ្គល យានជំនិះ សម្ភារៈទាំងនោះមានផ្ទុកនូវសារធាតុញៀន ។ ការឆែកឆេខ្លួនបុគ្គល ត្រូវធ្វើឡើងដោយបុគ្គលដែលមានភេទដូចគ្នា តាមបញ្ជាជាធរមាន ។

មន្ត្រីនគរបាលយុត្តិធម៌ អាចចាប់យកវត្ថុតាង ។ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវបិទស្លាកបោះត្រានៅលើវត្ថុតាងទាំងនោះ ។ ក្រោយពីបានបង្ហាញវត្ថុដែលចាប់បានដល់អ្នកកាន់កាប់ទីកន្លែង ឬដល់សាក្សីពីរនាក់មើលរួច មន្ត្រីនគរបាលយុត្តិធម៌ ធ្វើកំណត់ហេតុស្ដីពីការចាប់យកដែលរួមមានបញ្ជីសារពើភណ្ឌនៃវត្ថុដែលចាប់ ។ កំណត់ហេតុស្ដីពីការចាប់យក ត្រូវចុះហត្ថលេខា ឬផ្ដិតម្រាមដៃដោយអ្នកកាន់កាប់ទីកន្លែង ឬដោយសាក្សីពីរនាក់ ។

មន្ត្រីនគរបាលយុត្តិធម៌អាចហៅ​ និងនាំមកកាន់អង្កភាពរបស់ខ្លួននូវបុគ្គលគ្រប់រូបដែលសង្ស័យថាបានចូលរួមក្នុងបទល្មើស ។ នៅពេលស្ដាប់ចម្លើយ មន្ត្រីនគរបាលយុត្តិធម៌ត្រូវមានកំណត់ហេតុ ហើយកំណត់ហេតុត្រូវដកស្រង់ដោយត្រឹមត្រូវនូវសេចក្ដីរាយការណ៍របស់បុគ្គលដែលផ្ដល់ចម្លើយ ។ ក្នុងករណីចាំបាច់ មន្ត្រីនគរបាលយុត្តិធម៌ អាចរកអ្នកបកប្រែដែលស្បថថានិយាយតែការពិតស្របតាមជំនឿសាសនារបស់ខ្លួន ។ ទំព័រនីមួយៗនៃកំណត់ហេតុត្រូវហត្ថលេខា ឬផ្ដិតម្រាមដៃដោយបុគ្គលដែឡបានឆ្លើយ។

ចំពោះគ្រឿងញៀនដែលចាប់បាន ត្រូវធ្វើការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឱ្យមានការខូចខាតនូវទ្រង់ទ្រាយ និងសារធាតុរបស់វា ។ បន្ទាប់ពីវេចខ្ចប់រួច និងចាប់ផ្ដើមឈានទៅរកការធ្វើទេស្ដ ដើម្បីអាចកំណត់បានថាតើវាពិតជាគ្រឿងញៀនពិតប្រាកដដែរឬទេ ។

ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះបាន ។ មន្ត្រីនគរបាលយុត្តិធម៌អាចឃាត់ខ្លួនបុគ្គលដែលអាចផ្ដល់ព័ត៌មានស្ដីពីអង្គហេតុបាន ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

  • បុគ្គលដែលអាចផ្ដល់ព័ត៌មានប្រកែកមិនព្រមផ្ដល់ព័ត៌មាន
  • មានការយល់ព្រមជាលាយលក្ខណ៍អក្សរឱ្យឃាត់ខ្លួនពីព្រះរាជអាជ្ញា ។

រយៈពេលនៃការឃាត់ខ្លួន មានថិរវេលាតែ ៤៨ ម៉ោងប៉ុណ្ណោះ ។ ថិរវេលា ត្រូវបានចាប់គិតពីម៉ោងដែលសាមីខ្លួនមកដល់អង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ។ ចំពោះបទឧក្រិដ្ឋ កាលណាមានតម្រុយដែលបង្ហាញឱ្យឃើញថា មានពិរុទ្ធភាពលើបុគ្គលដែលបានឃាត់ខ្លួន មន្ត្រីនគរបាលយុត្តិធម៌អាចពន្យាពេលឃាត់ខ្លួនបាន ប្រសិនបើវិធានការនេះជាការចាំបាច់ ដើម្បីឱ្យការស៊ើបអង្កេតប្រព្រឹត្តទៅបានល្អ ។ ការពន្យាពេលឃាត់ខ្លួននេះ មិនអាចធ្វើឡើងលើសពី២៤ម៉ោងបានទេ ។ លើសពីនេះ ការពន្យាពេលឃាត់ខ្លួន មិនអាចធ្វើទៅបានឡើយ ក្នុងករណីដែលបុគ្គលមានការសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើសនោះជាអនីតិជន ។

ខាងក្រោមនេះជាថិរវេលានៃការឃាត់ខ្លួនអនីតជន៖

  • អនីតិជនអាយុ ១៤ ឆ្នាំ ដល់ក្រោម ១៦ ឆ្នាំ
    • បទឧក្រិដ្ឋ៖ ឃាត់ឃ្លួនបាន ៣៦ ម៉ោង
    • បទមជ្ឈិម៖ ឃាត់ខ្លូនបាន ២៤ ម៉ោង
  • អនីតិជនអាយុ ១៦ ឆ្នាំ ដល់ ១៨ឆ្នាំ
    • បទឧក្រិដ្ឋ៖ ឃាត់ឃ្លួនបាន ៤៨ ម៉ោង
    • បទមជ្ឈិម៖ ឃាត់ខ្លូនបាន ៣៦ ម៉ោង
  • អនីតិជនអាយុក្រោម ១៤ ឆ្នាំ មិនអាចឃាត់ខ្លួនបានឡើយ ។

ក្រោយការស៊ើបអង្កេតចប់សព្វគ្រប់ហើយ ឬនៅពេលផុតកំណត់នៃរយៈពេលឃាត់ខ្លួនបុគ្គលដែលត្រូវឃាត់ខ្លួនហើយនោះ ត្រូវបញ្ជូនជនដែលត្រូវឃាត់ខ្លួន ជាមួយនឹងកំណត់ហេតុ និងវត្ថុតាងទាំងអស់ ទៅព្រះរាជអាជ្ញា ។ ព្រះរាជអាជ្ញា មានសិទ្ធិដោះលែងជនដែលបានឃាត់ខ្លួនឱ្យមានសេរីភាព ឬក៏បញ្ជូនបុគ្គលនោះបន្តទៅចៅក្រមស៊ើបសួរ ក្រោយពេលពិនិត្យកំណត់ហេតុ និងវត្ថុតាង ។

ខ. ការស៊ើបអង្កេតបឋម

បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មិនមែនសុទ្ធតែជាបទល្មើសជាក់ស្ដែងទាំងអស់នោះទេ ព្រោះថាក្នុងករណីមួយចំនួនបទល្មើសនេះ ត្រូវបានចុះបង្ក្រាបដោយការរាយការណ៍ពីប្រជាពលរដ្ឋតាមមូលដ្ឋានដែលបានជួបប្រទះ ។ ក្នុងករណីនេះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវអនុវត្តការស៊ើបអង្កេតតាមរយៈនីតិវិធីស៊ើបអង្កេតបឋម ។

មាត្រា ១២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា បទប្បញ្ញត្តិនៃមាត្រាមួយចំនួនពាក់ព័ន្ធនឹងការស៊ើបអង្កេតជាក់ស្ដែង ត្រូវយកមកអនុវត្តនៅក្នុងការស៊ើបអង្កេតបឋមដែរ ។ មាត្រាទាំងនោះរួមមាន៖

  • មាត្រា ៩០៖ អំពីកំណត់ហេតុលើការស្រាវជ្រាវ និងការពនិត្យ
  • មាត្រា ៩៥៖ អំពីការត្រួតពិនិត្យខាងផ្នែកបច្ចេកទេស ឬវិទ្យាសាស្ត្រ
  • មាត្រា ១០៥៖ អំពីការហាមឃាត់មិនឱ្យស្ដាប់ដោយឯកឯង
  • មាត្រា ១០៧៖ អំពីការបញ្ជូនកំណត់ហេតុទៅព្រះរាជអាជ្ញា
  • មាត្រា ១០៨៖​អំពីនិទ្ទេសដែលត្រូវចុះក្នុងកំណត់ហេតុ ។