យោងតាមក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៣០៥ បានឲ្យនិយមន័យបទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ថា គ្រប់ការ​អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន​ណាមួយ គឺជា​ការបរិហារកេរ្តិ៍​

ការបញ្ចេញមតិ គឺជាសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយសិទ្ធិបញ្ចេញមតិនេះ ត្រូវបានចែងក្នុងមាត្រា ៤‌១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន ​សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»។

ទោះបីការបញ្ចេញមតិ គឺជាសិទ្ធិដែលបុគ្គលគ្រប់រូបមាន និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក៏ដោយ ប៉ុន្តែបុគ្គលគ្រប់រូបមិនត្រូវប្រើប្រាស់ការបញ្ចេញមតិ របស់ខ្លួនឲ្យប៉ះពាល់ ឬ បំពានដល់សិទ្ធិរបស់អ្នកដទៃឡើយ ពីព្រោះថា ការបបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិ និងបំពានដល់ផលប្រយោជន៍របស់អ្នកដទៃ ត្រូវចាត់ទុកថាជាបទល្មើស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគឺបទបរិហារកេរ្តិ៍ជាសាធារណៈ។