អ្វីជាច្បាប់ព្រហ្មទណ្ឌ?

Criminal law

អត្ថបទនេះ និយាយអំពីច្បាប់ព្រហ្មទណ្ឌ ផ្អែកតាមបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ ។

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ ត្រង់មាត្រា ១ បានផ្ដល់និយមន័យច្បាប់ព្រហ្មទណ្ឌថា ៖ “ច្បាប់ព្រហ្មទណ្ឌកំណត់បទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើស និងកំណត់ទោស ព្រមទាំងបែបបទនៃការអនុវត្តទោសនេះ” ។ នៅក្នុងករណីចាំបាច់បទដ្ឋានគតិយុត្តដែលចេញដោយអង្គការនីតិប្រតិបត្តិអាចចែងពីបទលហុ ដែលត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ ។

អំពើខ្លះរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបង្កចលាចលដល់សង្គម គឺជាបទល្មើស ក្នុងករណីដែលច្បាប់ចែងហាមឃាត់។ បទល្មើសត្រូវបានចាត់ថ្នាក់ជា បទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ទៅតាមទម្ងន់នៃបទល្មើសនោះ (មាត្រា ២ ) ។

អំពើដែលអាចចាត់ជាបទល្មើស អាចផ្ដន្ទាទោសព្រហ្មទណ្ឌ និងប្រកាសទោសព្រហ្មទណ្ឌបាន លុះត្រាតែអំពើនោះមានចែងយ៉ាងច្បាស់នៅក្នុងច្បាប់ព្រហ្មទណ្ឌ ថាជាបទល្មើស (មាត្រា ៣) ។ ច្បាប់បានចែងផងដែរថា បើគ្មានចេតនាប្រព្រឹត្ត គឺពុំមានបទល្មើសនោះទេ ក៏ប៉ុន្តែមានករណីលើកលែងមួយចំនួន ដែលទោះបីជាមិនមានចេតនាប្រព្រឹត្តក៏ដោយ ក៏អាចចាត់ជាបទល្មើសដែរនៅក្នុងច្បាប់ព្រហ្មទណ្ឌ ។ ករណីទាំងនោះមានដូចជា បទល្មើសកើតចេញពីការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ (មាត្រា ៤) ។

ច្បាប់ព្រហ្មទណ្ឌ គឺជាច្បាប់ដែលទាក់ទងទៅនឹងការដាក់ទណ្ឌកម្មលើបុគ្គលប្រព្រឹត្តបទល្មើស ហេតុនេះ រាល់ការបកស្រាយច្បាប់ព្រហ្មទណ្ឌ ត្រូវមានលក្ខណៈតឹងរឹង ដោយចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាពបានឡើយ (មាត្រា ៥) ។ លើសពីនេះ មានតែទោសដែលត្រូវបានប្រកាសដោយតុលាការប៉ុណ្ណោះ ដែលអាចត្រូវបានយកមកអនុវត្ត (មាត្រា ៦) ។

នៅព្រះរាជាណាចក្រកម្ពុជា ច្បាប់ព្រហ្មទណ្ឌមានដែនអនុវត្តនៅក្នុងលំហ លើកលែងតែមានសន្ធិសញ្ញាអន្តរជាតិ( មាត្រា ៧) ។

សេចក្ដីលម្អិតអំពីច្បាប់ព្រហ្មទណ្ឌ សូមទស្សនាវីដេអូខាងក្រោម៖

[ចុចទីនេះ]