ប្រកាសនេះមានគោលបំណងកំណត់វិធាន និងនីតិវិធីអនុវត្ត និងគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដោយអ្នកជាប់ពន្ធ អនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ប្រការ៣ នៃប្រកាសខាងលើបានចែកបុគ្គលជាប់អាករជាពីរគឺ៖

១- អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម។

២-អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិកពីអ្នកជាប់ពន្ធអនិវាសនជន។

អាករលើតម្លៃបន្ថែមត្រូវបានកំណត់ដោយប្រការ៧ នៃប្រកាសខាងលើតាមអត្រា ១០ភាគរយ លើតម្លៃជាប់អាករចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។   ទាញយកឯកសារប្រកាសជាPDF៖ https://drive.google.com/file/d/1LCdCdI3UT2hsmal9HGvtPyZA90qX82wz/view?usp=sharing