ប្រកាសនេះមានគោលបំណងកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្រកាសនិងបទប្បញ្ញត្តិនានាទាក់ទិននឹងពន្ធលើប្រាក់បៀវត្ស ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងធានាបាននូវប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ។ ប្រការ៦ នៃប្រកាសនេះបានកំណត់ថា ពន្ធលើប្រាក់បៀវត្សគឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ ចំណែកប្រការ៧ នៃប្រកាសដដែល បានកំណត់ថាប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ចំពោះនិយោជិតនិវាសនជនមានដូចជា ប្រាក់បៀវត្សប្រភពកម្ពុជា ប្រាក់បៀវត្សប្រភពបរទេស ប្រាក់បុរេប្រទាន ប្រាក់ឱ្យខ្ចី ឬប្រាក់រំដោះ ដែលនិយោជកបានបើកឱ្យនិយោជិត។ ចំណែកប្រាក់បៀវត្សជាប់ពន្ធសម្រាប់អនិវាសនជន រួមមានប្រាក់បៀវត្សប្រភពកម្ពុជាដែលត្រូវជាប់ពន្ធតាមបទប្បញ្ញត្តិជំពូកទី២ នៃប្រកាសនេះ។
យោងតាម ប្រការ ៣ កថាខណ្ឌទី ៤ និងទី៥ ពាក្យ “និវាសនជន” ក្នុងករណីដែលប្រើចំពោះនិយោជិត អ្នកជាប់ពន្ធ ឬរូបវន្តបុគ្គល មានន័យថា ដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី១៨២ថ្ងៃ នៅក្នុងរយៈពេល១២ខែណាមួយ ដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។ ចំណែកពាក្យ “អនិវាសនជន” សំដៅដល់រូបវន្តបុគ្គលណាម្នាក់ ដែលមិនមែនជានិវាសនជន និងទទួលប្រាក់បៀវត្សប្រភពកម្ពុជា។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ប្រាក់ពន្ធត្រូវកាត់ទុកដោយអ្នកបើកប្រាក់ឱ្យតាមអត្រា ២០ភាគរយ លើរាល់ការទូទាត់ប្រាក់បៀវត្សជាប់ពន្ធដែលមានចែងក្នុងកថាខណ្ឌទី៣ នៃមាត្រា៤៦ នៃច្បាប់ស្ដីពីសារពើពន្ធ។
ប្រការ ២២ បានកំណត់ឱ្យនិយោជកដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធជូនរដ្ឋបាលសារពើពន្ធទៅតាមទម្រង់ដែលបានកំណត់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលបានកាត់ទុក។
(ប្រកាសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៥៤៣.សហវ.ប្រក ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីពន្ធលើប្រាក់បៀវត្ស)
- ទាញយកឯកសារប្រកាសជាPDF៖ https://drive.google.com/file/d/138kYsClQ-hjmV-e-AXrSfd9Yk2zjRfIw/view?usp=sharing