បទឧក្រិដ្ឋសន្ធិសញ្ញា សំដៅដល់ប្រភេទនៃបទឧក្រិដ្ឋផ្សេងៗបង្កើតឡើងក្នុងច្បាប់ជាតិជាលទ្ធផលនៃកាតព្វកិច្ចសន្ធិសញ្ញា។ ពាក្យ “បទឧក្រិដ្ឋសន្ធិសញ្ញា” គេឃើញមានប្រើនៅក្នុងការងាររៀបចំលក្ខន្តិកៈតុលាការព្រហ្មទណ្ឌអន្តរជាតិ។ នៅពេលនោះ គេប្រើពាក្យផ្សេងៗទៀតដូចជា “បទឧក្រិដ្ឋផ្អែកលើសន្ធិសញ្ញា (treaty-based crimes)” “បទឧក្រិដ្ឋជាកង្វល់អន្តរជាតិ (crimes of international concerns)” និងបទឧក្រិដ្ឋស្នូល (core crimes)។
បុព្វកថានៃលក្ខន្តិកៈតុលាការព្រហ្មទណ្ឌអន្តរជាតិចែងថា បទឧក្រិដ្ឋដែលស្ថិតក្នុងយុត្តាធិការនៃតុលារការព្រហ្មទណ្ឌអន្តរជាតិ គឺ ជាបទឧក្រិដ្ឋដែលជាកង្វល់នៃសហគមន៍អន្តរជាតិ។
គេរកឃើញថាឧក្រិដ្ឋកម្មសន្ធិសញ្ញា មាននៅក្នុងច្បាប់រ៉ូម៉ាំងដែលចែងថា ស្ដេចស៊ីព្រុស អាឡិចហ្សាន់ឌ្រា អេហ្ស៊ីប ស៊ីរ៉ែន និងស៊ីរី ត្រូវបង្ការការលាក់ខ្លួននៃចោរសមុទ្ទ ដែលនេះជាកាតព្វកិច្ចត្រូវអនុវត្តដោយការពិន័យជាប្រាក់ ២០០,០០០ sestertii (កាក់រ៉ូមមានតម្លៃប្រហែល ២.២-៣.៥ដុល្លា)។ បទឧក្រិដ្ឋសន្ធិសញ្ញាថ្មីៗជាច្រើនមានមានចែងទាក់ទងទៅនឹងការលុបបំបាត់ការជួញដូរទាសករ។ ជាក់ស្ដែង នៅក្នុងបញ្ញត្តិមាត្រា៤ នៃសន្ធិសញ្ញារវាងអង់គ្លេស និងរដ្ឋាភិបាលប៊ូអេណូស អ៊ែរ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៨២៥ ដោយប៊ូអេណូស អ៊ែរបានព្រមព្រៀងក្នុងការហាមឃាត់ឱ្យមានប្រសិទ្ធភាពរាល់បុគ្គលនៅក្រោមយុត្តាធិការរបស់ខ្លួនមិនឱ្យចូលរួមការជួញដូរនេះ។ នៅសតវត្សរ៍ទី១៩ ការជួញដូរទាសករក៏ត្រូវបានចាត់ទុកថាជាបទឧក្រិដ្ឋសន្ធិសញ្ញា ដូចគ្នាទៅនឹងចោរសមុទ្ទផងដែរ។
អនុសញ្ញាស្ដីពីការបង្ក្រាបបទចាប់ជំរិតយន្តហោះ ឆ្នាំ១៩៧០ គឺជាសន្ធិសញ្ញាទី១ ដែលចែងអំពីកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការបង្កើតយុត្តាធិការលើបទល្មើសដែលអ្នកប្រព្រឹត្តបទល្មើសមានវត្តមាននៅដែនដីរបស់ខ្លួន និងមិនបានធ្វើបត្យាប័នបុគ្គលនោះ។អនុសញ្ញាសហប្រជាជាតិប្រឆាំងការចរាចរដោយខុសច្បាប់នូវសារធាតុញៀន និងសារធាតុប៉ះពាល់ដល់ចិត្តសាស្ត្រឆ្នាំ១៩៨៨ បានចែងអំពីបទឧក្រិដ្នលាងលុយកខ្វក់ ការរឹបអូសផលនៃបទឧក្រិដ្ឋ និងរបបជំនួយផ្នែកច្បាប់ទៅវិញទៅមក ហើយមានសន្ធិសញ្ញាក្រោយៗទៀតជាច្រើនបានយកបញ្ញត្តិនៃសន្ធិសញ្ញានេះមកចែងឡើងវិញ។
