១. អាណាប័កដើមខ្សែ (Principle budget administrator) សំដៅដល់មន្ត្រីដែលមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ក្នុងការបញ្ជាប្រតិបត្តិការចំណូល ចំណាយថវិកាខ្លួនឯងផ្ទាល់ដោយត្រូវគោរពទៅតាមព្រំដែននៃសិទ្ធិអំណាច និងមុខងាររបស់ខ្លួន។

២. អាណាប័កផ្ទេរសិទ្ធិ (Delegated budget administrator) សំដៅដល់មន្ត្រីដែលទទួលបានសិទ្ធិប្រទានពីអាណាប័កដើមខ្សែសម្រាប់កិច្ចប្រតិបត្តិការចំណូល ចំណាយថវិកាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៣. រជ្ជទេយ្យបុរេប្រទាន (Petty Cash Advance) គឺជាការចំណាយលើដំណើរការរដ្ឋបាល និងចំណាយដែលមានលក្ខណៈប្រចាំ ចាំបាច់ បន្ទាន់ និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់ធម្មតាបាន។

៤. រជ្ជទេយ្យករបុរេប្រទាន (Petty Cash Advance Officer) គឺជាមន្ត្រីទទួលបន្ទុកលើការចំណាយលើដំណើរការរដ្ឋបាល និងចំណាយដែលមានលក្ខណៈប្រចាំ ចាំបាច់ បន្ទាន់ និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់ធម្មតាបាន។​

៥. រជ្ជទេយ្យចំណូល (Revenue account) គឺជាចំណូលមិនមែនសារពើពន្ធដែលមានលក្ខណៈជាប្រចាំ មានចំនួនទឹកប្រាក់តិច ពុំមានកិច្ចសន្យា។

៦. រជ្ជទេយ្យចំណាយ (Expenditure account) គឺជាការចំណាយមានលក្ខណៈជាប្រចាំ មានចំនួនទឹកប្រាក់តិច ពុំមានកិច្ចសន្យា។​

៧. វិភាជន៍ថវិកា  (Budget allocation) សំដៅដល់ការផ្ទេរថវិកាពីថ្នាក់ជាតិទៅតាមខ្ទង់ចំណាយនីមួយៗ។

៨. ហិរញ្ញប្បទាន (Financing) សំដៅដល់ការផ្ដល់ និងការទទួលប្រាក់ ឬមូលនិធិ សម្រាប់គាំទ្រដំណើរការគម្រោងធុរកិច្ចអ្វីមួយ។

៩. ចំណាយចរន្ត (Current expenditure) សំដៅលើការចំណាយជាប្រចាំសម្រាប់ទ្រទ្រង់កិច្ចប្រតិបត្តិការផ្នែករដ្ឋបាល។

១០. ចំណាយមូលធន (Capital expenditure) សំដៅលើការចំណាយពាក់ព័ន្ធនឹងការវិនិយោគក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានដើម្បីបង្កើនចំណូលនៅពេលអនាគត។

ដកស្រង់ចេញពី៖ កម្រងឯកសារមេរៀនស្ដីអំពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទាញយកឯកសារ៖ http://ncdd.gov.kh/wp-content/uploads/2019/04/2.-PFM-Compendium-Final.pdf

financial law