នីតិអន្តរជាតិសាធារណៈ គឺជាសំណុំវិធានទាំងឡាយដែលគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋមួយ និងរដ្ឋដទៃទៀតឬទំនាក់ទំនងរវាងរដ្ឋមួយ ជាមួយអង្គការអន្តរជាតិផ្សេងៗ។ នៅមុនសង្គ្រាមលោកលើកទីពីរ គេកំណត់និយមន័យនីតិអន្តរជាតិសាធារណៈថា “ជាវិធានគ្រប់គ្រងទំនាក់ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ” ព្រោះថានៅពេលនោះគេមិនទាន់ទទួលស្គាល់អង្គការអន្តរជាតិថាជាតួអង្គនៃនីតិអន្តរជាតិឡើយ ពោលគឺមានតែរដ្ឋប៉ុណ្ណោះដែលមានមានទីជានីតិបុគ្គលអន្តរជាតិ។[1] រូបវន្តបុគ្គល ឬនីតិបុគ្គលឯកជនក្រៅពីរដ្ឋ ឬអង្គការអន្តរជាតិ មិនមែនជាតួអង្គនៃនីតិអន្តរជាតិឡើយ ប៉ុន្តែជាកម្មវត្ថុនៃច្បាប់ ពោលគឺនៅពេលដែលរដ្ឋមួយបង្កការខូចខាតដល់រូបវន្តបុគ្គល ឬនីតិបុគ្គលឯកជននៃរដ្ឋមួយផ្សេងទៀត នោះអ្នករងគ្រោះក្រោមនីតិអន្តរជាតិ មិនមែនជារូបវន្តបុគ្គល ឬនីតិបុគ្គលឯកជនឡើយ ប៉ុន្តែជារដ្ឋនៃបុគ្គលទាំងនេះទៅវិញទេ។ សំណងទាំងឡាយចំពោះការខូចខាត ក៏រដ្ឋជាអ្នកទទួល និងចាត់ចែងឱ្យរូបវន្តបុគ្គល ឬបុគ្គលឯកជន។
ហេតុអ្វីបានជាគេចាត់ទុកអង្គការអន្តរជាតិ ជាតួអង្គនៃនីតិអន្តរជាតិ? ព្រោះអង្គការអន្តរជាតិកើតឡើងយ៉ាងច្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ។
នៅសម័យបុរាណ កាលណាគេនិយាយពីនីតិអន្តរជាតិ គេផ្ដោតតែលើ វិស័យសំខាន់ៗបីប៉ុណ្ណោះ គឺ នីតិសង្គ្រាម នីតិសន្តិសុខ និងនីតិការទូត ។ ប៉ុន្តែ ដោយមានការអភិវឌ្ឍជារឿយៗនៃទំនាក់ទំនងរបស់តួអង្គនៃនីតិអន្តរជាតិ ក៏ដូចជាសេដ្ឋកិច្ចសាកលលោក នាំឱ្យគេចាប់ផ្ដើមផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យផ្សេងៗជាច្រើនទៀត ដែលរួមមាន នីតិសិទ្ធិមនុស្ស នីតិសេដ្ឋកិច្ច នីតិពាណិជ្ជកម្ម នីតិលម្ហ និងនីតិអង្គការអន្តរជាតិជាដើម។
នីតិអន្តរជាតិគឺជាបទដ្ឋានគតិយុត្តអន្តរជាតិនិងមិនមែនជាក្រមសីលធម៌អន្តរជាតិឡើយ។ ប៉ុន្តែគួរកត់សម្គាល់ថា គោលការណ៍នៃនីតិអន្តរជាតិ ទទួលឥទ្ធិពលយ៉ាងច្រើនលើសលុប ពីគោលការណ៍សីលធម៌អន្តរជាតិ ជាពិសេសវិស័យនីតិសិទ្ធិមនុស្សអន្តរជាតិ។
នីតិអន្តរជាតិ គឺជាប្រព័ន្ធនីតិឯករាជ្យដែលស្ថិតនៅក្រៅបទដ្ឋានគតិយុត្តរបស់រដ្ឋមួយ ។ នីតិអន្តរជាតិ មានចំណុចខុសគ្នាជាច្រើនពីប្រព័ន្ធនីតិជាតិ។ ជាក់ស្ដែង ទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានតំណាងជាង១៩០ រដ្ឋ មានរូបរាងដូចជាអង្គការនីតិប្បញ្ញត្តិមួយ ប៉ុន្តែអង្គការនេះ មិនមានអំណាចបង្កើតនីតិដែលចងភ្ជាប់កាតព្វកិច្ចគតិយុត្តដល់រដ្ឋនានាឡើយ។ ជាងនេះទៅទៀត សេចក្ដីសម្រេចរបស់មហាសន្និបាតត្រូវចាត់ទុកត្រឹមតែជាអនុសាសន៍ប៉ុណ្ណោះ លើកលែងតែក្នុងករណីពិសេសខ្លះ និងក្នុងគោលបំណងមួយចំនួន នៅក្នុងប្រព័ន្ធសហប្រជាជាតិ ដូចជាការសម្រេចចិត្តអំពីថវិកាសហប្រជាជាតិ ការទទួលស្គាល់សមាជិកថ្មី កិច្ចការពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខ ការបោះឆ្នោតជ្រើសរើសចៅក្រមថ្មី សម្រាប់តុលាការយុត្តិធម៌អន្តរជាតិ។ មិនតែប៉ុណ្ណោះ មិនមានប្រព័ន្ធតុលាការដែលមានយុត្តាធិការផ្ដាច់មុខ (comprehensive jurisdiction) ឡើយនៅក្នុងនីតិអន្តរជាតិ។ យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទនានា អាចកើតឡើងបានលុះត្រាតែមានការព្រមព្រៀងពីរដ្ឋភាគីនៃវិវាទនោះ។ នៅក្នុងប្រព័ន្ធសហប្រជាជាតិ មិនមានកម្លាំងនគរបាលយុត្តិធម៌អន្តរជាតិ (International Police) ហើយក៏មិនមានអាជ្ញាធរប្រតិបត្តិកំពូលឡើយ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាចសម្រេចអនុញ្ញាតឱ្យមានការប្រើប្រាស់កម្លាំងដើម្បីបង្ខំរដ្ឋឱ្យអនុវត្តតាមសេចក្ដីសម្រេចរបស់ខ្លួន ប៉ុន្តែ ធ្វើបែបនេះបាន តែក្នុងកាលៈទេសៈពិសេស និងមានកំណត់ណាមួយប៉ុណ្ណោះ ជាពិសេស មុននឹងអាចអនុវត្តចំណាត់ការនេះ ត្រូវតែមានការឈ្លានពាន ឬការគំរាមកំហែងណាមួយ ។ ជាងនេះទៅទៀត កិច្ចអនុវត្តចំណាត់ការអាចនឹងមានការជំទាស់ (វេតូ) ពីសំណាក់រដ្ឋណាមួយ នៃសមាជិកអចិន្ត្រៃយ៍ទាំង៥ (ចិន បារាំង រូស្ស៊ី ព្រះរាជាណាចក្រអង់គ្លេស និងសហរដ្ឋអាមេរិក ) ។
នីតិអន្តរជាតិ គឺជាផ្នែកដោយឡែកមួយ នៅក្នុងរចនាសម្ព័ន្ធទូទៅនៃទំនាក់ទំនងអន្តរជាតិ។ ក្នុងការពិចារណាអំពីស្ថានភាពអន្តរជាតិជាក់លាក់ណាមួយជាទូទៅរដ្ឋត្រូវពិចារណាអំពីនីតិអន្តរជាតិពាក់ព័ន្ធ។ វិធាននៃនីតិអន្តរជាតិ កម្រត្រូវបានអនុវត្តដោយមធ្យោបាយយោធា ឬដោយការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចណាស់។ ប៉ុន្តែ រដ្ឋដែលរំលោភវិធានអន្តរជាតិ អាចបាត់បង់ការជឿជាក់ និងទទួលការរើសអើងក្នុងទំនាក់ទំនងជាមួយរដ្ឋផ្សេងទៀត។
ជាធម្មតា ក្នុងទំនាក់ទំនងសង្គមនៃប្រទេសនីមួយៗ ត្រូវបែងចែកជាទំនាក់ទំនងអន្តរជាតិ និងទំនាក់ទាក់ទំនងផ្ទៃក្នុងរបស់រដ្ឋមួយ។ ទំនាក់ទំនងអន្តរជាតិ ដែលអាចជាទំនាក់ទំនងអន្តររដ្ឋ អន្តររដ្ឋាភិបាល ឬអន្តរអង្គការ ត្រូវគ្រប់គ្រងដោយវិធាននីតិអន្តរជាតិ ចំណែកទំនាក់ទំនងផ្ទៃក្នុងរបស់រដ្ឋមួយ ត្រូវគ្រប់គ្រងដោយវិធានច្បាប់ផ្ទៃក្នុង (ច្បាប់ជាតិ) នៃរដ្ឋនោះ។
នីតិអន្តរជាតិសាធារណៈបានចាប់កំណើតចាប់តាំងពីយូរលង់ណាស់មកហើយ។ ពួករ៉ូមាំងបានវិធានគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ថាជាច្បាប់ប្រជាជាតិ (jus gentium)។ នីតិអន្តរជាតិ មានពីរគឺនីតិអន្តរជាតិសាធារណៈ និងនីតិអន្តរជាតិឯកជន ប៉ុន្តែបច្ចុប្បន្នគេតែងប្រើពាក្យនីតិអន្តរជាតិ (International Law) សំដៅដល់នីតិអន្តរជាតិសាធារណៈតែម្ដង។
[1] មាស បូរ៉ា, នីតិអន្តរជាតិសាធារណៈ, ២០១៣, ទំ.៨-៩។