
អំពើរំលោភសេពសន្ថវៈ សំដៅដល់គ្រប់អំពើបញ្ចូលអង្គជាតតាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស។ បទរំលោភសេពសន្ថវៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ ១០ឆ្នាំ។[1] ប៉ុន្តែ បទរំលោភសន្ថវៈអាចត្រូវផ្ដន្ទាទោសលើសពីនេះ ប្រសិនបើអំពើនោះប្រព្រឹត្តដោយមានស្ថានទម្ងន់ផ្សេងៗទៀត។ ចំណែកអំពើរំលោភសន្ថវៈ រួចសម្លាប់ ឬយើងហៅខ្លីថា “រំលោភសម្លាប់”វិញ គឺជាអំពើឃោរឃៅដែលត្រូវដាក់ទោសធ្ងន់ធ្ងរ ហើយមានប្រទេសខ្លះដាក់ទោសប្រហារជីវិតទៀតផង។ តើតាមច្បាប់កម្ពុជា បទរំលោភសម្លាប់ មានទោសដូចម្ដេច?
មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត”។ យោងតាមមាត្រានេះ យើងអាចយល់បានថា បទរំលោភសម្លាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
នៅលើពិភពលោក មានប្រទេសមួយចំនួនដាក់ទោសប្រហារជីវិតជនល្មើសរំលោភសេពសន្ថវៈ ដូចជាចិន សហភាពអារ៉ាប់អេម៊ីរ៉េត ឥណ្ឌា ប៉ាគីស្ថាន សាវឌី អារ៉ាប៊ី បង់ក្លាដែស និងអ៊ីរ៉ង់ជាដើម។ ជាក់ស្ដែង ច្បាប់ព្រហ្មទណ្ឌចិន បានចែងថា “ជនណាដែលរំលោភសេពសន្ថវៈលើស្ត្រី ឬសេពសន្ថវៈជាមួយក្មេងស្រីក្រោមអាយុ១៤ឆ្នាំ នឹងត្រូវទទួលទោសប្រហារជីវិត ប្រសិនបើជនរងគ្រោះស្លាប់ ឬរងរបួសធ្ងន់ធ្ងរ…”។
[1] ក្រមព្រហ្មទណ្ឌ, មាត្រា ២៣៩។