ការជួញដូរអាវុធខុសច្បាប់ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលប្រឆាំងនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ អំពើជួញដូរអាវុធដោយមិនមានច្បាប់អនុញ្ញាតត្រូវបានកំណត់ទណ្ឌកម្មដោយក្រមព្រហ្មទណ្ឌត្រង់មាត្រា ៤៨៨។ មាត្រានេះបានចែងថា “ការផលិត ការនាំចូល ការនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ”។
មាត្រាខាងលើបានកំណត់ផងដែរថា អាវុធ សំដៅដល់កាំភ្លើងគ្រប់ប្រភេទ ដែលផលិត ឬកែច្នៃតម្លើង និងដែលអាចប្រើប្រាស់ដើម្បីសម្លាប់ ឬធ្វើឱ្យរបួស ឬធ្វើឱ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ។ ចំណែកគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ សំដៅដល់ឧបករណ៍ ឬសម្ភារៈដែលគេផលិត ឬកែច្នៃ ដែលអាចប្រើប្រាស់សម្លាប់ ឬធ្វើឱ្យរបួស ឬធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ។
ក្រៅពីនេះ ក្រមព្រហ្មទណ្ឌបានកំណត់ទោសនៃបទល្មើសផ្សេងៗទៀតក្នុងវិស័យអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវដូចខាងក្រោម៖
- បទផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត៖ ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល (មាត្រា ៤៨៩)។
- បទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត៖ ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល (មាត្រា៤៩០)។
- បទបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ៖ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៦លានរៀល (មាត្រា ៤៩១)។