ឃ្លា “ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ” មានប្រើក្នុងមាត្រា ១២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមាត្រានេះបានកំណត់យ៉ាងច្បាស់អំពីការតម្រូវឱ្យរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។ តើអ្វីជាការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ?
បើយោងតាមសទ្ទានុក្រមដែលមានភ្ជាប់ក្នុងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ “ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (Democratic Development)” គឺជាការអភិវឌ្ឍដែលដំណើរការដោយមានលក្ខណៈ (១) ភាពជាតំណាងសាធារណៈ (២) ស្វ័យភាពរបស់មូលដ្ឋាន (៣) ការពិគ្រោះយោបល់និងការចូលរួម (៤) ការឆ្លើយតបនិងគណនេយ្យភាព (៥) ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន (៦) ការលើកស្ទួយសមធម៌ (៧) តម្លាភាពនិងសុចរិតភាព (៨) វិធានការប្រឆាំងអំពើពុករលួយនិងការរំលោភអំណាច។ ខាងក្រោមនេះគឺជាការបកស្រាយអំពីលក្ខណៈនីមួយៗនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៖
- ភាពជាតំណាងសាធារណៈ (Public Representation): ក្រុមប្រឹក្សាត្រូវអនុវត្តការងារក្នុងនាម និងធ្វើជាតំណាឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
- ស្វ័យភាពរបស់មូលដ្ឋាន (Local Autonomy): ស្ថានភាពដែលក្រុមប្រឹក្សាអាចម្ចាស់ការចាត់ចែង គ្រប់គ្រងនូវកិច្ចការដែលបានប្រគល់ ឬធ្វើប្រតិភូកម្មឱ្យដោយច្បាប់ប្រកបដោយប្រសិទ្ធភាព។
- ការពិគ្រោះយោបល់ និងការចូលរួម (Consultation and Participation): ជាដំណើរការនៃការអនុវត្តការងារ និងការធ្វើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា ដែលក្រុមប្រឹក្សាត្រូវៈ
- ជួប និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន
- លើកទឹកចិត្ត និងសម្របសម្រួលឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅគ្រប់ផ្នែកទាំងអស់នៃអភិបាលកិច្ច ដើម្បីស្វែងយល់ និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
- ការឆ្លើយតប និងគណនេយ្យភាព (Responsiveness and Accountability): ក្នុងនាមជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមប្រឹក្សាត្រូវឆ្លើយតបចំពោះប្រជាពលរដ្ឋរបស់ខ្លួនក្នុងការធ្វើគោលនយោបាយ សេចក្ដីសម្រេចចិត្ត សកម្មភាព និងការបំពេញការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនូវអ្វីដែលខ្លួនបានអនុវត្ត។ ក្រុមប្រឹក្សាក៏ទទួលខុសត្រូវផងដែរចំពោះរាជរដ្ឋាភិបាលក្នុងការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា។
- ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន (Promotion of life quality of the local residents): សំដៅទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីៈ
- បង្កើត និងធ្វើឱ្យមាននិរន្តរភាពនូវបរិយាកាសមួយប្រកបដោយសន្តិភាព សុវត្ថិភាព និងសុខុមាលភាព
- លើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច
- លើកកម្ពស់ផាសុកភាព និងគុណភាពជីវិតនៃប្រជាពលរដ្ឋមូលដ្ឋាន។
- ការលើកស្ទួយសមធម៌ (Promotion of Equity): ការគិតគូរ និងយកចិត្តទុកដាក់ជាពិសេសទៅលើតម្រូវការខុសៗគ្នារបស់ស្ត្រី បុរស យុវជន និងកុមារ ព្រមទាំងតម្រូវការខុសៗគ្នារបស់ក្រុមជនងាយរងគ្រោះ រាប់បញ្ចូលទាំងប្រជាពលរដ្ឋក្រីក្រ និងជនជាតិដើមភាគតិច។
- តម្លាភាព និងសុចរិតភាព (Transparency and Integrity): គឺជាការចាត់ចែង និងគ្រប់គ្រងកិច្ចការនានា រាប់បញ្ចូលទាំងកិច្ចការហិរញ្ញវត្ថុ ដោយអនុលោមតាមបទដ្ឋានខ្ពស់បំផុតនៃសុចរិតភាព និងច្បាប់ ក្នុងលក្ខណៈបើកចំហ តម្លាភាព ភាពចូលរួម ភាពឆ្លើយតប។
- វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច (Measures to fight corruption and abuse of power): គឺជាការប្រកាន់យកនូវវិធាននៃច្បាប់ព្រមទាំងការប្រឆាំង និងរាយការណ៍អំពីអំពើពុករលួយ និងការរំលោភអំណាច។
ឯកសារយោង៖
១. ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សន/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៨។ ទាញយកជាPDF: https://t.me/lawaudio_kh/447
២. កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ២០១០-២០១៩, ២៨ ឧសភា ២០១០។ ទាញយកជាPDF: https://t.me/lawaudio_kh/448