អំពើធ្វើឱ្យមនុស្សស្លាប់ អាចជាអំពើធ្វើឱ្យស្លាប់ដោយគ្មានចេតនា អំពើសម្លាប់ដោយមានចេតនា និងអំពើសម្លាប់ដោយមានការរៀបចំគម្រោងទុកជាមុន។ ច្បាប់ព្រហ្មទណ្ឌកម្ពុជា មានប្រើបច្ចេកសព្ទចំនួន៣ គឺ ឃាតកម្ម ឃាតកម្មគិតទុកជាមុន និងមនុស្សឃាតដោយអចេតនា។ ឃាតកម្ម សំដៅដល់ការសម្លាប់មនុស្សចេតនា ឃាតកម្មគិតទុកជាមុន សំដៅដល់ការសម្លាប់មនុស្សដោយមានចេតនា និងមានគម្រោងទុកជាមុន ចំណែកមនុស្សឃាតដោយអចេតនា សំដៅដល់ការសម្លាប់មនុស្សដោយគ្មានចេតនា។

ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ១៩៩ បានកំណត់និយមន័យបទឃាតកម្មថា “ជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយ”។ មាត្រានេះ បានកំណត់ផងដែរថា បទឃាតកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។ ចំណែកមាត្រា ២០០ បានកំណត់និយមន័យបទឃាតកម្មគិតទុកជាមុន ថា “ជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។” រីឯមាត្រា ២០៧ នៃក្រមដដែល បានចែងថា “បទមនុស្សឃាតដោយអចេតនា គឺជាអំពើបណ្ដាលឱ្យស្លាប់អ្នកដទៃដោយ (១) ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា (២) ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។” មាត្រានេះ បានកំណត់ផងដែរថា បទមនុស្សឃាតដោយអចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។

ក្រៅពីនេះ មានមាត្រាចែងអំពីបទឃាតកម្មផ្សេងៗទៀត ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ ៣០ឆ្នាំដូចជា៖

  • មាត្រា ២០១៖ បទឃាតកម្មដោយការប្រើថ្នាំពុល
  • មាត្រា ២០២៖ បទឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ (ដូចជា អាយុ ភាពមានគភ៌ ការមានជំងឺ ពិការភាព អ្នករាជការសាធារណៈ)
  • មាត្រា ២០៣៖ បទឃាតកម្មដែលស្ថានទម្ងន់ទោសដោយសារគោលដៅ (ដូចជា ជនរងគ្រោះ ឬដើមបណ្ដឹងរដ្ឋប្បវេណី ឬសាក្សី)
  • មាត្រា ២០៤៖ បទឃាតកម្មប្រព្រឹត្តដោយអ្នករាជការសាធារណៈ

ចំណែក មាត្រា ២០៥ បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។