មូលដ្ឋានគ្រឹះនៃនីតិអន្តរជាតិសាធារណៈដូចដែលយើងបានដឹងលឺសព្វថ្ងៃមានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងដំណើរអភិវឌ្ឍទំនាក់ទំនងនយោបាយរវាងបណ្ដារដ្ឋនៅអឺរ៉ុបខាងលិចប្រមាណ៤០០ឆ្នាំមុន។ ប៉ុន្តែ គំនិតមូលដ្ឋានខ្លះនៃនីតិអន្តរជាតិសាធារណៈ គេរកឃើញថាមានតាំងពីរាប់ពាន់ឆ្នាំមុន នៅក្នុងទំនាក់ទំនងរវាងអង្គភាពនយោបាយបុរាណដូចជានៅតំបន់ជិតបូព៌ា (Near East) ក្រិច និងពែរ្ស។
រចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍នៃនីតិអន្តរជាតិសាធារណៈ ផ្សារភ្ជាប់ទៅនឹងយុគសម័យនៃទំនាក់ទំនងរវាងបណ្ដារដ្ឋអធិបតេយ្យជាមួយនឹងអង្គភាពឯករាជ្យដទៃទៀត។ ក្នុងន័យនេះ ប្រវត្តិនៃនីតិអន្តរជាតិគេតែងសិក្សាចាប់ពីសតវត្សរ៍ទី១៦ ជាមួយនឹងការកកើតរដ្ឋឯករាជ្យនានា ដោយសារមានការដួលរលំនៃចក្រភពរ៉ូមដើម (Holy Roman Empire) ដែលផ្អែកលើការទាមទារសិទ្ធិអំណាចជាសាកលរបស់សម្ដេចប៉ាប។ នៅពេលចក្រភពនេះបែកបាក់ នាំឱ្យកើតមានរដ្ឋឯករាជ្យជាច្រើន។ ការកើតឡើងនូវរដ្ឋឯករាជ្យ និងស្មើភាពគ្នា ដែលគ្មានអំណាចណាមួយខ្ពង់ខ្ពស់ណាមួយគ្រប់គ្រងលើនោះ គឺជាមូលហេតុដែលនាំឱ្យមានទ្រឹស្ដីនយោបាយថ្មីៗជាច្រើន។
អធិបតេយ្យគឺជាទ្រឹស្ដីដ៏លេចធ្លោមួយ ក្នុងចំណោមទ្រឹស្ដីថ្មីៗទាំងនោះ។ ទ្រឹស្ដីនេះត្រូវបានលើកយកមកបកស្រាយយ៉ាងច្បាស់លាស់ដោយលោក ហ្សង់ បូឌីន (Jean Bodin) ក្នុងស្នាដៃរបស់លោកក្រោមចំណងជើងថា “Six Livres de Republique(៦ភាគអំពីសាធារណរដ្ឋ)” ដែលបានបោះពុម្ពនៅឆ្នាំ១៥៧៦។ យោងតាមការពន្យល់របស់លោកបូឌីន គ្រប់រដ្ឋទាំងអស់ត្រូវឯករាជ្យ និងមានអំណាចហៅថា អធិបតេយ្យ (majestas)។ អធិបតេយ្យ គឺជាអំណាចដាច់ខាត និងអចិន្ត្រៃយ៍របស់រដ្ឋ។ វាដាច់ខាតព្រោះថាវាមិនអាចបំបែកបាន ប៉ុន្តែមិនមែនមានន័យថាវាគ្មានដែនកំណត់នោះទេ។ អធិបតេយ្យស្ថិតនៅជារៀងរហូត និងមិនបាត់បង់ទៅវិញតាមអ្នកកាន់កាប់វាឡើយ។
គោលគំនិតអធិបតេយ្យដែលយល់ឃើញថាជាអំណាចកំពូលក្នុងការបញ្ញត្តិច្បាប់ ដូចដែលបានលើកឡើងដោយលោកបូឌីន គឺស្ថិតក្នុងកំឡុងពេលមានការវិវត្តទៅគោលការណ៍ផ្ដល់អំណាចកំពូលដល់រដ្ឋក្នុងកិច្ចទំនាក់ទំនងជាមួយនឹងរដ្ឋដទៃទៀត។ សហត្ថិភាព (coexistence)[1]នៃរដ្ឋអធិបតេយ្យឯករាជ្យនានា នាំឱ្យមានការអភិវឌ្ឍនៃប្រព័ន្ធទំនាក់ទំនងអន្តររដ្ឋ។ ទំនាក់ទំនងនេះនាំឱ្យមានតម្រូវការវិធានគ្រប់គ្រង ហើយបានជំរុញឱ្យរដ្ឋទាំងនោះផ្ដោតសំខាន់ទៅលើច្បាប់រ៉ូម៉ាំង និងច្បាប់កាណុន(Cannon Law) (ច្បាប់នៃព្រះវិហារកាតូលិករ៉ូម៉ាំង) សម្រាប់ជាប្រភពវិធានគ្រប់គ្រងទំនាក់ទំនងទាំងនោះ។ ច្បាប់រ៉ូម៉ាំង និងច្បាបកាណុន បានរួមចំណែកយ៉ាងច្រើនចំពោះច្បាប់ប្រជាជាតិ មិនត្រឹមតែនៅក្នុងការអភិវឌ្ឍប្រព័ន្ធច្បាប់គ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋប៉ុណ្ណោះទេ បានចូលរួមចំណែកបង្កើតគោលការណ៍ច្បាប់សមធម៌ និងច្បាប់ធម្មជាតិ ដែលវាប្រហាក់ប្រហែលគ្នានឹងគោលការណ៍ទូទៅនៃនីតិដែលទទួលស្គាល់ដោយប្រជាជាតិទំនើបផងដែរ។
ជាច្រើនសតវត្សរ៍មុនសង្គ្រាមដែលអូសបន្លាយរយៈពេល៣០ឆ្នាំ (១៦១៨-១៦៤៨) ពាណិជ្ជកម្មអន្តរជាតិមានការរីកចម្រើន ហើយទន្ទឹមគ្នានោះក៏មានការលូតលាស់ផ្នែកបច្ចេកទេសនាវាចរណ៍ យោធា និងការរកឃើញទឹកដីនៅឆ្ងាយៗជាច្រើនទៀតដោយបណ្ដារដ្ឋអឺរ៉ុប ជាហេតុនាំឱ្យមានការអភិវឌ្ឍបន្ថែមលើទំនាក់ទំនាក់ទំនងអន្តរជាតិ ព្រមទាំងមានការលេចឡើងនូវគោលគំនិតថ្មីៗនៃច្បាប់ប្រជាជាតិ។ សន្ទុះរីកចម្រើនផ្នែកពាណិជ្ជកម្ម នាំឱ្យមានចុះសន្ធិសញ្ញាជាច្រើន ព្រមទាំងមានការលេចចេញនូវការអនុវត្តគោលកំនិតថ្មីៗទាក់ទងនឹងនីតិពាណិជ្ជកម្ម និងនីតិសមុទ្ទ។ គួរកត់សម្គាល់ថា ការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិចាប់ពីសតវត្សរ៍ទី៨ បាននាំឱ្យមានការអភិវឌ្ឍច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងជាពិសេសការចងក្រងឡើងនូវច្បាប់សមុទ្ទ ដែលមានការទទួលស្គាល់ជាអន្តរជាតិយ៉ាងទូលំទូលាយ។ ទំនៀមទម្លាប់ និងគោលការណ៍អន្តរជាតិពាក់ព័ន្ធទៅនឹងច្បាប់ពាណិជ្ជកម្ម និងច្បាប់សមុទ្ទបង្កើតបានជាផ្នែកមួយនៃការអនុវត្ត និងគោលការណ៍នៃច្បាប់ប្រជាជាតិ។
ការរកឃើញ និងការយកទឹកដីនិងប្រជាជននៅទីឆ្ងាយៗដាក់ក្រោមការគ្រប់គ្រងពីសំណាក់បណ្ដារដ្ឋនៅអឺរ៉ុបបាននាំឱ្យមានទំនាស់នានាកើតឡើងពាក់ព័ន្ធនឹងការអះអាងពីអធិបតេយ្យ យុត្តាធិការ សិទ្ធិពាណិជ្ជកម្ម សិទ្ធិនាវាចរណ៍ និងបញ្ហាទំនាក់ទំនងផ្សេងៗ។ ការអភិវឌ្ឍទាំងនេះ បានជំរុញឱ្យជនជាតិអឺរ៉ុបងាកទៅរកច្បាប់រ៉ូម៉ាំងសម្រាប់គ្រប់គ្រងទំនាក់ទំនងថ្មីៗ។
នៅសតវត្សរ៍ទី១៧ ភាពស្មុគស្មាញកាន់តែខ្លាំងឡើងនៃគោលការណ៍អន្តរជាតិ ទំនៀមទម្លាប់ និងសន្ធិសញ្ញា បាននាំឱ្យមានការចងក្រង និងអភិវឌ្ឍវិធាននានាបន្ថែមទៀតដើម្បីគ្រប់គ្រងរាល់សកម្មភាពរបស់រដ្ឋទាំងក្នុងពេលមានសង្គ្រាម និងពេលមានសន្តិភាព។ ស្នាដៃនិពន្ធដ៏សំខាន់បំផុតដែលទាក់ទងនឹងទំនាក់ទំនងរបស់រដ្ឋក្នុងពេលមានសង្គ្រាម និងពេលមានសន្តិភាពនាសម័យនោះគឺ “De Jure Belli Ac Pacis(ច្បាប់សង្គ្រាមនិងសន្តិភាព)” បោះពុម្ពនៅឆ្នាំ១៦២៥ ដោយអ្នកច្បាប់និងជាអ្នកការទូតជនជាតិហូឡង់ឈ្មោះហ៊ូហ្គោ ក្រូទៀស(Hugo Grotius)។ លោកត្រូវបានគេឧទ្ទេសនាមថាជាបិតាច្បាប់អន្តរជាតិ ហើយស្នាដៃរបស់គាត់ជាទូទៅត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃនីតិអន្តរជាតិសាធារណៈ។ ក្រៅនេះមានអ្នកច្បាប់ល្បីៗជាច្រើនទៀតដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍច្បាប់ប្រជាជាតិក្នុងកំឡុងសតវត្សរ៍ទី១៧ និង១៨ មានដូចជាលោក ហ្រាន់ស៊ីស្កូ ដឺវីតូរីយ៉ា (Francisco de Vitoria) ស៊ុយរ៉េស (Suarez) អាល់ប៊ឺរីកូ ហ្គេនទីលី (Alberico Gentili) សាមូអ៉ែល វ៉ុនពូហ្វេនឌឺហ្វ (Samuel von Pufendorf) រីឆាត ហ្សូឆេ (Richard Zouche) ចូហាន ចូកម៉ូសឺរ (Johann Jakob Moser) គ្រីស្ទាន វ៉ុហ្វ (Christian Wolff) និងអេមឺរិច ដឺវ៉ាតទែល (Emerich de Vattel)។
នីតិអន្តរជាតិ (ច្បាប់ប្រជាជាតិ) បានអភិវឌ្ឍកាន់ខ្លាំងឡើងនៅសតវត្សរ៍ទី១៩។ ការអភិវឌ្ឍនេះកើតឡើងដោយអមជាមួយនឹងព្រឹត្តិការណ៍ធំៗមួយចំនួនដូចជាការពង្រីកអំណាចរបស់ពួកអឺរ៉ុប កំណើនបណ្ដារដ្ឋមានអំណាចនានាទាំងក្នុងនិងក្រៅទ្វីបអឺរ៉ុប ការសាយភាយគំនិតប្រជាធិបតេយ្យនិងជាតិនិយម បដិវត្ដន៍ឧស្សាហកម្ម ទំនើបកម្មនៃការដឹកជញ្ជូនទូទាំងពិភពលោក និងឥទ្ធិពលនៃការច្នៃប្រឌិតថ្មីៗជាច្រើនទៀត។ ព្រឹត្តិការណ៍ទាំងអស់នេះ បានជំរុញឱ្យសហគមន៍អន្តរជាតិអភិវឌ្ឍច្បាប់អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ថ្មីៗទាំងនោះ។
ការបង្កើតសង្គមប្រជាជាតិនៅឆ្នាំ១៩១៩ បន្ទាប់ពីសង្គ្រាមលោកលើកទី១ និងការបង្កើតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៤៥ បន្ទាប់ពីសង្គ្រាមលោកលើកទី២ គឺជាចំណុចរបត់ដ៏សំខាន់នៃដំណើរការអភិវឌ្ឍច្បាប់អន្តរជាតិ។ ចំណុចរបត់នោះគឺជាបដិវត្តន៍ផ្នត់គំនិតយល់ឃើញនីតិអន្តរជាតិសាធារណៈ ពីប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងរវាងបណ្ដារដ្ឋ មកជាប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងបណ្ដារដ្ឋ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សង្គមប្រជាជាតិ គឺជាអង្គការអន្តរជាតិដំបូងគេដែលបង្កើតឡើងក្នុងគោលបំណងរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ការបង្កើតអង្គការពលកម្មអន្តរជាតិ (ILO)ដែលជាសម្ព័ន្ធមួយសង្គមប្រជាជាតិ នៅឆ្នាំ១៩១៩ បានបង្ហាញពីការបញ្ចប់នៃយុគសម័យមួយនៃច្បាប់អន្តរជាតិដែលកំណត់ថាជាវិធានគ្រប់គ្រងតែទំនាក់ទំនងរវាងបណ្ដារដ្ឋ។ អង្គការពលកម្មអន្តរជាតិ គឺជាអង្គការអន្តរជាតិដំបូងគេ ដែលធ្វើការដើម្បីភាពប្រសើរឡើងនៃលក្ខខណ្ឌការងារនិងសុខុមាលភាពសង្គមនៅកម្រិតអន្តរជាតិ។ នៅឆ្នាំ១៩២១ តុលាការយុត្តិធម៌អចិន្ត្រៃយ៍អន្តរជាតិ (PCIJ) ត្រូវបានបង្កើតឡើង ជាស្ថាប័នយុត្តាធិការអន្តរជាតិអចិន្ត្រៃយ៍ដំបូងគេ។
ការបង្កើតអង្គការសហប្រជាជាតិឆ្នាំ១៩៤៥ បាននាំឱ្យមានការរីកចម្រើនជាលំដាប់នៃច្បាប់អន្តរជាតិ។ ក្រោយការបង្កើតអង្គការនេះ ច្បាប់អន្តរជាតិបានទទួលឥទ្ធិពលពីព្រឹត្តិការណ៍ធំៗពីរ ដែលព្រឹត្តិការណ៍ទាំងនោះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ។
ព្រឹត្តិការណ៍ទី១៖ គឺកំណើនសមាជិកភាពនៃសហគមន៍អន្តរជាតិ។ បណ្ដារដ្ឋថ្មីៗដែលភាគច្រើនមិនមែនពួកលោកខាងលិច បានចូលរួមជាសមាជិកនៃប្រជាជាតិ ដែលពីមុនរដ្ឋទាំងនោះធ្លាប់តែត្រូវបានចាត់ទុកថាជាកម្មសិទ្ធិរបស់បណ្ដារដ្ឋនៅលោកខាងលិច។ ក្ដីកង្វល់ និងអ្វីដែលជាអាទិភាពសម្រាប់បណ្ដារដ្ឋថ្មីៗទាំងនោះ មានភាពខុសប្លែកគ្នាពីបណ្ដារដ្ឋដទៃទៀត។
ព្រឹត្តិការណ៍ទី២៖ គឺកំណើនអង្គការអន្តរជាតិសម្រាប់សហប្រតិបត្តិការនានា។ ទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតទាំងកម្រិតសាកល ទាំងកម្រិតតំបន់ ត្រូវបានបង្កើតឡើង។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់អំពីការវិវត្តច្បាប់អន្តរជាតិពីប្រព័ន្ធច្បាប់លក្ខណៈប្រពៃណី ទៅជាប្រព័ន្ធច្បាប់សហសម័យ។
ចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិ មានការចុះសន្ធិសញ្ញានានាជាច្រើនដែលគ្របដណ្ដប់លើគ្រប់វិស័យនៃកិច្ចការអន្តរជាតិ។ សន្ធិសញ្ញាបង្កើតច្បាប់ (Law-making Treaties) មួយចំនួនបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍឆាប់រហ័សនៃនីតិអន្តរជាតិសាធារណៈ។ សន្ធិសញ្ញាទាំងនោះនាំឱ្យមានការវិវត្តថ្មីៗដ៏សំខាន់នៅក្នុងនីតិអន្តរជាតិសាធារណៈ និងបានបង្កើនវិសាលភាពយ៉ាងទូលំទូលាយ។ ក្រៅពីសន្ធិសញ្ញាបង្កើតច្បាប់ អង្គការ និងសាលាក្ដីអន្តរជាតិបានរួមចំណែកយ៉ាងច្រើនផងដែរក្នុងដំណើរការអភិវឌ្ឍនីតិអន្តរជាតិសាធារណៈ។ ជាងនេះទៅទៀត គណៈកម្មាធិការច្បាប់អន្តរជាតិដែលបានបង្កើតនៅឆ្នាំ១៩៤៧ និងជាផ្នែកមួយនៃអង្គការសហប្រជាជាតិ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍនីតិអន្តរជាតិសាធារណៈ។
[1] សហត្ថិភាព (សហ+អត្ថិភាព) មានន័យថា ការរស់នៅជាមួយគ្នា, អត្ថិភាពក្នុងពេលជាមួយគ្នា។ សហត្ថិភាពនៃរដ្ឋអធិបតេយ្យ សំដៅដល់រដ្ឋអធិបតេយ្យទាំងអស់មានវត្តមានជាមួយគ្នាក្នុងសហគមន៍អន្តរជាតិ និងមានទំនាក់ទំនងស្មើភាពគ្នា។