នីតិអន្តរជាតិមានពីរប្រភេទ៖ (១) នីតិអន្តរជាតិសាធារណៈ (Public International Law) និង(២) នីតិអន្តរជាតិឯកជន (Private International Law)។ ក៏ប៉ុន្តែ ជាទូទៅនៅពេលដែលគេនិយាយថា “នីតិអន្តរជាតិ (International Law” នោះគេតែសំដៅដល់នីតិអន្តរជាតិសាធារណៈតែម្ដង។
នីតិអន្តរជាតិសាធារណៈ មានចរិតសាធារណៈ មានន័យថា វាគ្រប់គ្រងលើបុគ្គលសាធារណៈ ឬជាបណ្ដាវិធានគ្រប់គ្រង់ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ និងតួអង្គដទៃទៀត ចំណែកឯនីតិអន្តរជាតិឯកជន ជាបណ្ដុំវិធានគ្រប់គ្រងទំនាក់ទំនងរវាងប្រជាពលរដ្ឋប្រទេសមួយ និងប្រជាពលរដ្ឋរបស់ប្រទេសមួយទៀត។[1] ការរៀបអាពាហ៍ពិពាហ៍រវាងជនជាតិខ្មែរជាមួយជនជាតិជប៉ុន ឬការរកស៊ីចូលហ៊ុនគ្នារវាងក្រុមហ៊ុនខ្មែរជាមួយក្រុមហ៊ុនបរទេសជាដើម ត្រូវគ្រប់គ្រងដោយវិធាននៃនីតិអន្តរជាតិឯកជន មិនមែនគ្រប់គ្រងដោយនីតិអន្តរជាតិសាធារណៈឡើយ។
ម្យ៉ាងទៀត វិធាននីតិអន្តរជាតិឯកជនគឺជាប្រភេទវិធានមានចែងក្នុងច្បាប់ជាតិសុទ្ធសាធ មិនមែនចែងក្នុងសន្ធិសញ្ញាអន្តរជាតិឡើយ។ វិធានដែលចែងក្នុងសន្ធិសញ្ញាអន្តរជាតិ គឺជានីតិអន្តរជាតិសាធារណៈ។ កិច្ចសន្យាដែលមិនមែនធ្វើឡើងរវាងរដ្ឋក្នុងឋានៈរបស់ខ្លួនជាតួអង្គនៃនីតិអន្តរជាតិ ត្រូវផ្អែកលើច្បាប់ជាតិនៃប្រទេសណាមួយ។[2] ទោះជាយ៉ាងនេះក្ដី ក៏មាននីតិបុគ្គលឯកជន ជាពិសេសបណ្ដាក្រុមហ៊ុនពហុជាតិ ដែលមានទំនាក់ទំនងជាកិច្ចសន្យាជាមួយនឹងរដ្ឋ ដើម្បីសុំសម្បទានដីសេដ្ឋកិច្ច ឬប្រេងពីរដ្ឋមួយ កំពុងព្យាយាមទាមទារឱ្យទំនាក់ទំនងនងនេះបានទទួលការគ្រប់គ្រងដោយនីតិអន្តរជាតិសាធារណៈវិញ ព្រោះវាមានចរិតជាកិច្ចសន្យារបស់រដ្ឋ (state contract)។
[1] មាស បូរ៉ា, នីតិអន្តរជាតិសាធារណៈ, ២០១៣,ទំ.១០; Jan-Jaap Kuipers, the European Union and Private International Law (Jan-Jaap, Private IL), 2012, p. 2.
[2] Payment of Various Serbian Loans Issued in France (Fr. v. Yugo.), 1929 P.C.I.J. (ser. A) No. 20 (July 12), para. 86.