ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារដ្ឋបាលសាធារណៈ លោកអ្នកអាចជួបពាក្យ រជ្ជទេយ្យបុរេប្រទាន (Petty Cash Advance) រជ្ជទេយ្យករបុរេប្រទាន (Petty Cash Advance Officer) រជ្ជទេយ្យចំណូល (Revenue account) រជ្ជទេយ្យចំណាយ (Expenditure account) ជាដើម។ រជ្ជទេយ្យបុរេប្រទាន (Petty Cash Advance) គឺជាការចំណាយលើដំណើរការរដ្ឋបាល និងចំណាយដែលមានលក្ខណៈប្រចាំ ចាំបាច់ បន្ទាន់ និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់ធម្មតាបាន។ រីឯរជ្ជទេយ្យករបុរេប្រទាន (Petty Cash Advance Officer) គឺជាមន្ត្រីទទួលបន្ទុកលើការចំណាយលើដំណើរការរដ្ឋបាល និងចំណាយដែលមានលក្ខណៈប្រចាំ ចាំបាច់ បន្ទាន់ និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់ធម្មតាបាន។ ចំណែក រជ្ជទេយ្យចំណូល (Revenue account) សំដៅដល់ចំណូលមិនមែនសារពើពន្ធដែលមានលក្ខណៈជាប្រចាំ មានចំនួនទឹកប្រាក់តិច ពុំមានកិច្ចសន្យា។ ចំពោះ រជ្ជទេយ្យចំណាយ (Expenditure account)វិញ គឺជាការចំណាយមានលក្ខណៈជាប្រចាំ មានចំនួនទឹកប្រាក់តិច ពុំមានកិច្ចសន្យា។
អត្ថបទខ្លីនេះ នឹងនាំលោកអ្នកស្វែងយល់អំពីរជ្ជទេយ្យបុរេប្រទាន ដោយផ្អែកលើខ្លឹមសារប្រកាសលេខ២៧៥ សហវ.ប្រក ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៥ ស្ដីពីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសស្ដីពីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។
១. សម្រាប់រដ្ឋបាលថ្នាក់ជាតិ
រជ្ជទេយ្យបុរេប្រទាន គឺជាចំណាយលើដំណើរការរដ្ឋបាល និងចំណាយដែលមានលក្ខណៈជាប្រចាំ ចាំបាច់ បន្ទាន់ និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់តាមនីតិវិធីធម្មតាបាន ដោយមុខសញ្ញាចំណាយតាមរជ្ជទេយ្យបុរេប្រទានមានដូចជា៖
- ចំណាយចំបាច់ជាប្រចាំ សម្រាប់ការងាររដ្ឋបាល មានជាអាទិ៍ ការទិញសម្ភារ់ និងការជួសជុល
- ចំណាយសម្រាប់សង្គ្រោះជាបន្ទាន់ និងពិសេស
- ចំណាយសម្រាប់ប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេស
- ចំណាយសម្រាប់លាភការរបស់បុគ្គលិក
- ចំណាយសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលា
- ចំណាយសម្រាប់គាំទ្រដល់ការអនុវត្តសកម្មភាពនៃថវិកាកម្មវិធី។
២. សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
រជ្ជទេយ្យបុរេប្រទាន គឺជាយន្តការបម្រើឱ្យការចំណាយសម្រាប់ដំណើរការរដ្ឋបាលដែលមានលក្ខណៈជាប្រចាំបន្ទាន់មានចំនួនទឹកប្រាក់តិច និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់តាមកម្មវិធីបាន ដោយមុខសញ្ញាចំណាយតាមរជ្ជទេយ្យបុរេប្រទាន រួមមាន៖
- ចំណាយចាំបាច់ជាប្រចាំសម្រាប់ការងាររដ្ឋបាលរួមមានជាអាទិ៍ ការទិញសម្ភារៈតិចតួច និងការជួសជុលតូចតាច
- ចំណាយសម្រាប់សង្គ្រោះជាបន្ទាន់ និងពិសេស
- ចំណាយសម្រាប់ប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស។
ឯកសារយោង
១. ប្រកាសលេខ២៧៥ សហវ.ប្រក ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៥ ស្ដីពីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទាញយកជាPDF: https://t.me/lawaudio_kh/459
២. ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសស្ដីពីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។ ទាញយកជាPDF: https://t.me/lawaudio_kh/458