ក្រមព្រហ្មទណ្ឌថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ បានចែងអំពីការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅគន្ថីទី១ មាតិកាទី១ ត្រង់ជំពូកទី២ និងជំពូកទី៣។ ក្រមនេះបែងចែកការអនុវត្តច្បាប់ព្រហ្មទណ្ឌជាពីរគឺ ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងពេលវេលា (ជំពូកទី១) និងការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងលម្ហ (ជំពូកទី៣)។ ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងលម្ហ ចែកចេញជាពីផ្នែកទៀតគឺ (១) ការអនុវត្តច្បាប់ព្រហ្មទណ្ឌចំពោះបទល្មើសដែលបានប្រព្រឹត្ត ឬចាត់ទុកថាបានប្រព្រឹត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និង (២) ការអនុវត្តច្បាប់ព្រហ្មទណ្ឌចំពោះបទល្មើសដែលបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទខ្លីនេះ នឹងធ្វើការសិក្សាតែអំពីការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងពេលវេលាប៉ុណ្ណោះ ចំណែកការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងលម្ហ នឹងសិក្សានៅអត្ថបទក្រោយទៀត។

ពាក្យ “ច្បាប់ព្រហ្មទណ្ឌ” ដែលចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មិនមែនសំដៅតែក្រមព្រហ្មទណ្ឌមួយនោះទេ ពោលគឺវាសំដៅដល់ច្បាប់ផ្សេងៗនៅក្នុងវិស័យព្រហ្មទណ្ឌដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីគ្រឿងញៀន ច្បាប់ស្ដីពីការជួញដូរអាវុធខុសច្បាប់ជាដើម។ ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងពេលវេលា សំដៅដល់ការអនុវត្តច្បាប់មួយក្នុងចំណោមច្បាប់ពីរ ឬច្រើនដែលចូលជាធរមាននៅពេលវេលាផ្សេងគ្នា ហើយចែងអំពីរឿងតែមួយក្នុងវិស័យព្រហ្មទណ្ឌ។ ក្នុងរឿងព្រហ្មទណ្ឌ ពេលខ្លះច្បាប់មានអានុភាពដល់លុបចោលទោសដែលប្រកាសដោយច្បាប់ចាស់ (គោលការណ៍ប្រតិសកម្ម) ប៉ុន្តែក្នុងរឿងខ្លះទៀត ច្បាប់មានអានុភាពឆ្ពោះតែទៅរកអនាគតប៉ុណ្ណោះ (គោលការណ៍អប្រតិសកម្ម)។

មាត្រា ៩ នៃក្រមព្រហ្មទណ្ឌ បានចែងថា៖

បទប្បញ្ញត្តិថ្មីដែលលុបចោលបទល្មើសណាមួយនោះត្រូវអនុវត្តភ្លាម។ អំពើដែលប្រព្រឹត្តនៅមុនពេលបទប្បញ្ញត្តិនេះចូលជាធរមាន មិនអាចត្រូវចោទប្រកាន់ទៀតឡើយ។ ការចោទប្រកាន់ដែលកំពុងប្រព្រឹត្តទៅនោះ ត្រូវបញ្ចប់។

ប្រសិនបើការផ្ដន្ទារទោសជាស្ថាពរត្រូវបានប្រកាសរួចហើយ ទោសដែលចេញអំពីការផ្ដន្ទាទោសនេះ មិនត្រូវអនុវត្តទេ ឬត្រូវតែឈប់អនុវត្ត។​

មាត្រានេះ ចែងអំពីអានុភាពធាក់ថយក្រោយនៃច្បាប់ព្រហ្មទណ្ឌ ចំពោះករណីដែលបទប្បញ្ញត្តិច្បាប់ (ថ្មី)នោះលុបចោលបទល្មើស ដែលប្រកាសដោយច្បាប់ចាស់។

ពាក់ព័ន្ធនឹងទោសដែលស្រាលជាង ឬធ្ងន់ជាងវិញ មាត្រា ១០បានកំណត់ថា៖

បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្តភ្លាម។ ប៉ុន្តែ ការផ្ដន្ទាទោសដែលជាស្ថាពរហើយនោះ ត្រូវអនុវត្តទោះបីទោសដែលប្រកាសនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។

បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាង នឹងត្រូវអនុវត្តតែទៅលើអំពើដែលបានប្រព្រឹត្តក្រោយការចូលជាធរមាននៃបទប្បញ្ញត្តិនោះ។

មាត្រានេះ បានចែងអំពីការអនុវត្តច្បាប់ថ្មីដែលស្រាលជាង ប៉ុន្តែច្បាប់ថ្មីនេះ មិនមានអានុភាពធាក់ថយក្រោយចំពោះទោសដែលបានប្រកាសជាស្ថាពរហើយដោយច្បាប់ចាស់ឡើយ (គោលការណ៍អប្រតិសកម្ម)។  ប៉ុន្តែចំពោះបទល្មើសដែលបានប្រព្រឹត្តមុនច្បាប់ថ្មីដែលស្រាលជាងចូលជាធរមាន ហើយជនល្មើសមិនទាន់ត្រូវបានប្រកាសទោស នោះការផ្ដន្ទារទោសជនល្មើស ត្រូវអនុវត្តតាមច្បាប់ព្រហ្មទណ្ឌថ្មី។

ការអនុវត្តភ្លាមនៃបទប្បញ្ញត្តិថ្មី គ្មានអានុភាពទៅលើសុពលភាពនៃកិច្ចនីតិវិធីដែលបានបំពេញស្របតាមបទប្បញ្ញត្តិចាស់ឡើយ (មាត្រា ១១)។