ក្នុងន័យទូទៅ នីតិ ឬច្បាប់ ជាបណ្ដុំវិធានគ្រប់គ្រងទំនាក់ទំនងសង្គម។ មានន័យថា នីតិជាតិ ឬច្បាប់ជាតិ គ្រប់គ្រងទំនាក់ទំនងសង្គមផ្ទៃក្នុងរបស់រដ្ឋមួយ ចំណែកនីតិអន្តរជាតិ ឬច្បាប់អន្តរជាតិ គ្រប់គ្រងទំនាក់ទំនងបណ្ដាររដ្ឋ អង្គការអន្តរជាតិ និងតួអង្គដទៃទៀត។ នៅពេលដែលគេនិយាយអំពីការអនុវត្តច្បាប់អន្តរជាតិ ក្នុងច្បាប់ជាតិមានទ្រឹស្ដីពីរដែលខ្វែងគំនិតគ្នា គឺ(១) ទ្រឹស្ដីឯកនិយម (monism) និង(២)ទ្រឹស្ដីទ្វិកនិយម (dualism)។
ទ្រឹស្ដីឯកនិយម ចាត់ទុកថាច្បាប់អន្តរជាតិ និងច្បាប់ជាតិស្ថិតក្នុងប្រព័ន្ធគតិយុត្តតែមួយ ពោលគឺយកច្បាប់អន្តរជាតិមកអនុវត្តដោយផ្ទាល់ក្នុងច្បាប់ជាតិតែម្ដង។ អ្នកដែលដើរតាមទ្រឹស្ដីនេះ ក៏ចែកចេញជាពីរក្រុមផងដែរ គឺក្រុមទី១ ចាត់ទុកច្បាប់ជាតិ មានឧត្ដមានុភាពខ្ពស់ជាងច្បាប់អន្តរជាតិ ហើយចំណែកក្រុមទី២ ចាត់ទុកច្បាប់អន្តរជាតិមានអានុភាពគតិយុត្តខ្ពស់ជាងច្បាប់ជាតិ។
ទ្រឹស្ដីទ្វិកនិយម ចាត់ទុកថាច្បាប់អន្តរជាតិ និងច្បាប់ជាតិ គឺជាប្រព័ន្ធពីរឯករាជពីគ្នា។ អ្នកដើរតាមទ្រឹស្ដីនេះយល់ថា ច្បាប់អន្តរជាតិគ្រប់គ្រងទំនាក់ទំនងបណ្ដារដ្ឋ និងអង្គការអន្តរជាតិនានា ចំណែកច្បាប់ជាតិ គ្រប់គ្រងទំនាក់ទំនងក្នុងក្របខណ្ឌរដ្ឋមួយ ដូច្នេះប្រព័ន្ធទាំងពីរនេះមិនមានអំណាចបង្គាប់បញ្ជាគ្នាបានទេ។ នៅពេលដែលមានទំនាស់រវាងច្បាប់ជាតិ និងច្បាប់អន្តរជាតិ អ្នកគាំទ្រទ្រឹស្ដីទ្វិកនិយមយល់ថា តុលាការក្នុងស្រុកត្រូវអនុវត្តតាមច្បាប់ជាតិ។
ទោះបីជាមាននិន្នាការខុសគ្នាទាំងពីរខាងលើនេះក្ដី ក៏អ្នកច្បាប់អន្តរជាតិកាន់តែលំអៀងទៅលើទ្រឹស្ដីថា ប្រព័ន្ធនីតិអន្តរជាតិ និងនីតិជាតិ គឺជាប្រព័ន្ធឯករាជ្យក៏ពិតមែន តែវាក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដែលក្នុងនោះច្បាប់អន្តរជាតិមានប្រៀបខ្ពស់ជាងច្បាប់ជាតិ។ ហើយជាការជាក់ស្ដែងបានបង្ហាញថា នីតិអន្តរជាតិបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការកើត និងការរីកចម្រើននៃច្បាប់ជាតិ ហើយផ្ទុយទៅវិញច្បាប់ជាតិ ក៏ជាមូលដ្ឋានគំនិតដ៏សំខាន់នៃការរៀបចំតាក់តែងច្បាប់អន្តរជាតិផងដែរ។