ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើជាការប្រញាប់តាមរយៈព្រះរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ តុលា ២០២១។ ច្បាប់នេះត្រូវបានផ្ដួចផ្ដើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងមានគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈ៖
- ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច
- ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ
- ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបាន និងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក និង
- ការផ្ដល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាពស្របទៅនឹងផលប្រយោជន៍ជាតិ។
ច្បាប់ដែលមានចំនួន១២ជំពូក និង៤២មាត្រានេះបានកំណត់នូវយន្តការនៃការពិនិត្យ និងសម្រេចលើការវិនិយោគ និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ តាមរយៈការធ្វើប្រតិភូកម្មទៅរដ្ឋបាលរាជធានី ខេត្ត តាមការសម្រេចរបស់រាជរដ្ឋាភិបាល ដោយបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមរយៈអនុក្រឹត្យដោយឡែក។ មិនតែប៉ុណ្ណោះ ច្បាប់នេះបានបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីពី៣១ថ្ងៃនៃថ្ងៃធ្វើការ មកត្រឹម២០ថ្ងៃនៃថ្ងៃធ្វើការ តាមរយៈការលុបបំបាត់ វិញ្ញាបនបត្រចុះបញ្ជីមានលក្ខខណ្ឌ និងវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដោយជំនួសមកវិញនូវការចេញ វិញ្ញាបនបត្រចុះបញ្ជី តែមួយគត់។
របបលើកទឹកចិត្តផ្នែកពន្ធ ត្រូវបានបែងចែកជា៣ប្រភេទ គឺ៖
(១) ការលើកទឹកចិត្តមូលដ្ឋាន ត្រូវបានបែងចែកជា២ផ្សេងគ្នា អាស្រ័យលើការជ្រើសរើសរបស់វិនិយោគិនផ្ទាល់ ដោយ៖
- ជម្រើសទី១ គឺផ្ដោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣ឆ្នាំ រហូតដល់៩ឆ្នាំ ទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង និងការលើកទឹកចិត្តផ្សេងទៀត
- ជម្រើសទី២ គឺផ្ដោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់២០០% លើចំណាយសំខាន់២ផ្សេងៗទៀត សម្រាប់រយៈពេលរហូតដល់៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀត។
(២) ការលើកទឹកចិត្តបន្ថែម មានដូចជា៖
- ការទទួលបានការលើកលែងអាករលើតម្លៃបន្ថែម ចំពោះការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុកសម្រាប់បម្រើដល់ការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.)
- ទទួលបានការកាត់កងចំណាយក្នុងអត្រា ១៥០% ពីមូលដ្ឋានគិតពន្ធចំពោះសកម្មភាពណាមួយដូចជា (ក) ការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ (ខ) ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញដល់កម្មករនិយោជិតខ្មែរ (គ) ការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខូបត្ថម្ភវត្ថុដទៃទៀតសម្រាប់កម្មករនិយោជិត (ឃ) ការធ្វើទំនើបកម្មលើគ្រឿងម៉ាស៊ីនដើម្បីបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម (ង) ការផ្ដល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរ ដូចជាការផ្ដល់មធ្យោបាយដឹកជញ្ជូនប្រកបដោយផាសុកភាពដល់កម្មករនិយោជិត ក្នុងការធ្វើដំណើរទៅមកពីកន្លែងស្នាក់នៅទៅរោងចក្រ កន្លែងស្នាក់នៅ កន្លែងបរិភោគអារហារ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខូបត្ថម្ភវត្ថដទៃទៀត។
- ទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល ចំពោះការពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យ។
(៣) ការលើកទឹកចិត្តពិសេស សំដៅការលើកទឹកចិត្តចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្ដានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។
ក្រៅពីនេះ ច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្ដេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការការពារវិនិយោគ និងផ្ដល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិផងដែរ។
ក្នុងករណីមានវិវាទរវាងវិនិយោគិននិងវិនិយោគិនពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគ អាចត្រូវបានដោះស្រាយតាមយន្តការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ហើយប្រសិនបើការដោះស្រាយតាមយន្តការខាងលើពុំទទួលបានជោគជ័យ វិវាទអាចត្រូវបានដោះស្រាយដោយ (១) មជ្ឈត្តការជាតិ ឬអន្តរជាតិដែលយល់ព្រមដោយគូរវិវាទ (២០ តុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
ទាញយកអត្ថបទច្បាប់ទាំងស្រុង៖ https://t.me/lawaudio_kh/504