ទឹកដីរបស់រដ្ឋ គឺជាមូលដ្ឋានអត្ថិភាពនៃរដ្ឋ ហើយក៏ជាមូលដ្ឋានសម្រាប់ការអនុវត្តអំណាចគតិយុត្តផងដែរ។ ទឹកដី មានធាតុផ្សំពីរគឺ ធាតុផ្សំរូប និងធាតុផ្សំគតិយុត្ត។[1] ធាតុផ្សំរូប មានន័យថា ទឹកដីរបស់រដ្ឋ គឺជាផ្ទៃដីទាំងអស់ (រួមទាំងក្រោមដីផង) ដែនទឹកទាំងអស់ (រួមទាំងទន្លេ និងបឹង) សមុទ្ទដែនដីដែលជាចំណុះឲ្យដីគោក បាតសមុទ្ទនិងដីបាតសមុទ្ទនៃសមុទ្ទដែនដី ព្រមទាំងលម្ហអាកាសនៅពីលើដែនដីគោក និងសមុទ្ទដែនដី។[2] ករណីខ្លះទៀត អធិបតេយ្យទឹកដីអាចអនុវត្តលើសណ្ឋានសមុទ្ទមួយចំនួន ដែលប្រហាក់ប្រហែលគ្នានឹងដីគោកដែរ ដូចជាកោះ កូនកោះ ថ្ម និងថ្មប៉ប្រះទឹក។[3] ធាតុផ្សំគតិយុត្តមានន័យថា រដ្ឋគ្រប់គ្រងលើទឹកដី និងអនុវត្តយុត្តាធិការផ្ដាច់មុខលើនោះហើយវាគឺជាធាតុសំខាន់មួយនៃអធិបតេយ្យរបស់រដ្ឋ។
តួនាទីសំខាន់នៃទឹកដី ក្នុងបរិបទនីតិអន្តរជាតិ អាចមើលឃើញតាមរយៈការកត់សម្គាល់លើការអភិវឌ្ឍវិធានច្បាប់ការពារមិនឲ្យមានការរំលោភបំពាន។ គោលការណ៍គោរពបូរណភាពទឹកដីរបស់រដ្ឋ ត្រូវបានទទួលស្គាល់ថាជារឿងសំខាន់មួយនៃប្រព័ន្ធអន្តរជាតិ ដូចគ្នាទៅនឹងគោលការណ៍ហាមឃាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអញ្ចឹងដែរ។ ដូចយើងបានដឹងហើយថា សមត្ថកិច្ចផ្ដាច់មុខរបស់រដ្ឋ ក្នុងការកំណត់វិធានគ្រប់គ្រងសកម្មភាពទាំងឡាយក្នុងវិសាលភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ គឺជាសញ្ញាមួយបញ្ជាក់ពីឯករាជ្យភាពរបស់រដ្ឋនោះ ហើយវាក៏បង្ហាញផងដែរថា រដ្ឋមានឋានៈជារដ្ឋអធិបតេយ្យស្របតាមច្បាប់អន្តរជាតិ។[4] មានន័យថា ការកាន់កាប់ទឹកដីផ្ដាច់មុខមិនត្រឹមតែជាតម្រូវការផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីសាស្ត្រសំខាន់មួយផងដែរ ដែលរដ្ឋបង្ហាញអធិបតេយ្យ ក៏ដូចជាបង្ហាញពីអត្ថិភាពរបស់ខ្លួនក្នុងនាមជាតួអង្គសំខាន់មួយនៃនីតិអន្តរជាតិ។
ក្នុងប្រវត្តិសាស្ត្រពិភពលោក មានរដ្ឋជាច្រើនព្យាយាមវាតទីយកទឹកដីដោយវិធីផ្សេងៗរួមទាំងការធ្វើសង្គ្រាម និងការទិញយកផងដែរ។ ការណ៍វាតទីយក រួចមានការកាន់កាប់ទឹកដីនោះដោយប្រសិទ្ធភាព គឺជាមូលដ្ឋានចម្បងមួយនៃការទទួលបានទឹកដី ស្របតាមច្បាប់អន្តរជាតិនៅពេលនោះ។ ក៏ប៉ុន្តែ ច្បាប់អន្តរជាតិមានការអភិវឌ្ឍ និងគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងការទទួលបានទឹកដី ដោយស្របច្បាប់។ ដូចបានសិក្សាខាងលើ គោលការណ៍អធិបតេយ្យស្មើគ្នារវាងរដ្ឋ និងគោលការណ៍បូរណភាពទឹកដី មិនត្រឹមតែកំណត់ពីសារសំខាន់នៃទឹកដីចំពោះរដ្ឋនោះទេ ប៉ុន្តែក៏ជាកត្តាកំណត់អត្ថិភាពពហុអធិបតេយ្យលើពិភពលោក ដោយការពារមិនឲ្យមានការពង្រីកទឹកដីរបស់រដ្ឋមួយ បង្កជាហេតុខូចខាតដល់រដ្ឋដទៃទៀតឡើយ។
បើយើងនិយាយក្នុងន័យទូលាយជាងនេះ បន្ថែមលើបញ្ហាមូលដ្ឋាននៃការពង្រីកទឹកដី និងការទទួលបានទឹកដីរបស់រដ្ឋ ច្បាប់អន្តរជាតិក៏ត្រូវផ្សារភ្ជាប់ជាមួយនឹងទំនាក់ទំនងផ្លូវច្បាប់រវាងរដ្ឋ និងទឹកដីផងដែរ។ ក្នុងន័យចង្អៀត ក្រៅពីទំនាក់ទំនងអធិបតេយ្យដែលមានរវាងរដ្ឋនិងទឹកដីខ្លួន ច្បាប់អន្តរជាតិក៏ធ្វើនិយតកម្មលើសមត្ថភាពយុត្តាធិការរបស់រដ្ឋលើតំបន់មួយចំនួន ដែលនៅហួសព្រំដែនរបស់ខ្លួន។ ជាក់ស្ដែង ក្នុងវិស័យនីតិសមុទ្ទ រដ្ឋម្ចាស់ឆ្នេរ មានយុត្តាធិការលើផ្នែកនៃសមុទ្ទ បាតសមុទ្ទ និងលម្ហអាកាសហួសពីឆ្នេររបស់ខ្លួន ប៉ុន្តែជាទូទៅមិនមានសិទ្ធិនេះលើសមុទ្ទអន្តរជាតិ ឬធាតុដទៃទៀតដែលស្ថិតក្រោមរបបគតិយុត្តជាសម្បត្តិរួមរបស់មនុស្សជាតិឡើយ។
ក្នុងបរិបទនីតិអន្តរជាតិ មានទឹកដី៤ប្រភេទ ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋ មានដូចជា ទឹកដីក្រោមអធិបតេយ្យរបស់រដ្ឋ ទីដែលជាកម្មសិទ្ធិរួម ទឹកដីគ្មានម្ចាស់ និងបេតិកភណ្ឌរួមរបស់មនុស្សជាតិ។
ទឹកដីក្រោមអធិបតេយ្យរបស់រដ្ឋ សំដៅដល់ដែនដីគោក (រួមទាំងកោះផង) ទន្លេ បឹង ហើយចំពោះរដ្ឋជាប់ឆ្នេររួមមានទាំងដែនទឹកផ្ទៃក្នុង និងសមុទ្ទដែនដី ដែលទាំងអស់នេះស្ថិតក្រោមយុត្តាធិការពេញទីរបស់រដ្ឋទទួលស្គាល់ដោយច្បាប់អន្តរជាតិ ថាស្ថិតក្រោមអធិបតេយ្យដែនដី។ តំបន់ទាំងអស់ខាងលើស្ថិតក្រោមអធិបតេយ្យផ្ដាច់មុខ និងពេញលេញរបស់រដ្ឋមួយក៏ពិតមែន ប៉ុន្តែមានករណីខ្លះត្រូវបានកម្រិតដោយបញ្ញត្តិច្បាប់អន្តរជាតិ។ ជាក់ស្ដែង នៅសមុទ្ទដែនដី ស្ថិតក្នុងអធិបតេយ្យដែនដីរបស់រដ្ឋ ក៏ពិតមែន ប៉ុន្តែច្បាប់អន្តរជាតិទទួលស្គាល់សេរីភាពធ្វើដំណើររបស់នាវានានាលើតំបន់នេះ ហើយរដ្ឋមិនមានសិទ្ធិរំខានដល់ការធ្វើដំណើរនោះ ឬទាមទារកម្រៃពីការធ្វើដំណើរឆ្លងកាត់តំបន់នោះឡើយ លើកលែងតែការឆ្លងកាត់របស់នាវានោះនាំមកនូវផលប៉ះពាល់ដល់សន្តិសុខ ឬសុវត្ថិភាពដល់ខ្លួន។ ដូចគ្នាដែរ ដែនទឹកផ្ទៃក្នុងខ្លះ ដែលពីមុនធ្លាប់ជាច្រកផ្លូវសម្រាប់នាវាចរណ៍ដោយសេរី ក៏ច្បាប់អន្តរជាតិ នៅតែរក្សាសេរីភាពនោះនៅដែនទឹកដែលស្ថិតក្រោមអធិបតេយ្យដែនទឹកមួយនេះដែរ។
ទីដែលជាកម្មសិទ្ធិរួម (Res Communis) សំដៅដល់តំបន់ដែលស្ថិតក្រោមរបបគតិយុត្តជាកម្មសិទ្ធិរួម ហើយមិនមែនជាផ្នែកណាមួយនៃ ឬអាចដាក់បញ្ចូលក្រោមអធិបតេយ្យរបស់រដ្ឋណាមួយឡើយ។ មានន័យថា រដ្ឋមិនអាចយកតំបន់នោះជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួនឡើយ ប៉ុន្តែវាបើកទូលាយសម្រាក់រដ្ឋទាំងអស់ក្នុងការប្រើប្រាស់ ស្ថិតក្រោមដែនកំណត់ជាក់លាក់ដោយច្បាប់អន្តរជាតិ។ ដោយសារថា តំបន់នេះមិនស្ថិតនៅក្រោមអធិបតេយ្យដែនដីរបស់រដ្ឋទាំងឡាយ ជាទូទៅគេកំណត់ថាវាជាសម្បត្តិសាកល (global commons)។ សម្បត្តិសាកល មិនមែនសំដៅតែតំបន់នៅសមុទ្ទដែនដីនោះទេ ប៉ុន្តែវាក៏សំដៅដល់ផ្នែកខ្លះនៃដែនអវកាសផងដែរ។
ទឹកដីគ្មានម្ចាស់ (Res Nullius) សំដៅដល់ទឹកដីដែលមិនទាន់ស្ថិតក្រោមអធិបតេយ្យរបស់រដ្ឋណាមួយ។ ស្ថានភាពគតិយុត្តនៃទឹកដីគ្មានម្ចាស់ ខុសពីទឹកដីជាកម្មសិទ្ធិរួមត្រង់ថា ដីគ្មានម្ចាស់អាចត្រូវបានរដ្ឋណាមួយ យកធ្វើជាកម្មសិទ្ធិបាន ចំណែកទឹកដីជាកម្មសិទ្ធិរួម មិនអាចយកធ្វើជាកម្មសិទ្ធិផ្ដាច់មុខបានឡើយ។ ពីមុនរដ្ឋនានាបានព្យាយាមដណ្ដើមទឹកដី ក៏ដូចជាស្វែងរកទឹកដីគ្មានម្ចាស់ ដើម្បីយកមកធ្វើជារបស់ខ្លួន។ ប៉ុន្តែបច្ចុប្បន្នមានការប្រែប្រួល ដោយសារថា ភាគច្រើនបំផុតនៃដែនដីគោកស្ថិតក្រោមអធិបតេយ្យរបស់រដ្ឋ។
បេតិកភណ្ឌរួមរបស់មនុស្សជាតិ (Common Heritage of Humankind) ទឹកដីជាបេតិកភណ្ឌរួមរបស់មនុស្សជាតិ គឺជារបបគតិយុត្តថ្មីមួយកើតឡើងដោយមានការផ្ដួចផ្ដើមពីបណ្ដារដ្ឋទើបទទួលបានឯករាជ្យ និងបណ្ដារដ្ឋកំពុងអភិវឌ្ឍនាសតវត្សរ៍ទី២០។ គោលគំនិតនេះ បានកើតឡើងតាមរយៈសន្ធិសញ្ញាពហុភាគីពាក់ព័ន្ធនឹងច្បាប់សមុទ្ទ ហើយរឿងដែលកំពុងស្ថិតក្នុងភាពចម្រូងចម្រាសនោះគឺស្ថានភាពគតិយុត្តនៃទឹកដីលើភពព្រះចន្ទ និងដែននភាកាសដទៃទៀតក្នុងប្រព័ន្ធព្រះអាទិត្យ។ ជាមូលដ្ឋាន គោលការណ៍បេតិកភណ្ឌរួមរបស់មនុស្សជាតិ អាចអនុវត្តបានចំពោះទឹកដី ឬដែននានាដែលមានចរិតលក្ខណ:ជាកម្មសិទ្ធិរួម ឬក៏ថាដែននានាដែលមិនអាចយកមកដាក់ក្រោមអធិបតេយ្យរបស់រដ្ឋណាមួយ ហើយក៏មិនអាចប្រើប្រាស់ និងអាស្រ័យផលជាឯកតោភាគីដើម្បីបម្រើប្រយោជន៍សួនតួនៃរដ្ឋណាមួយឡើយ។ ការធ្វើអាជីវកម្មលើតំបន់ណាមួយដែលជាបេតិកភណ្ឌរួមនៃមនុស្សជាតិ ត្រូវធ្វើឡើងដើម្បីប្រយោជន៍សហគមន៍នៃប្រជាជាតិទាំងមូល។ របបគតិយុត្តនៃបេតិកភណ្ឌរួមរបស់មនុស្សជាតិ មិនទាន់មានភាពច្បាស់លាស់ឡើយ ហើយអ្វីដែលយើងយល់បានគឺ វាអាចអនុវត្តចំពោះបាតសមុទ្ទជ្រៅ ភពព្រះចន្ទ និងដែននភាកាសនានា។[5]
[1] Art 1 of the 1933 Montevideo Convention which sets out the basic requirements for statehood (see Chapter 5.2).
[2] I Brownlie, Principles of Public International Law, Oxford: OUP, 7th edn, 2008, 115–117.
[3] Alina Kaczorowska, Public International Law, Routledge, 4th edn, 2010, P. 265.
[4] John H.Churrie, Public International Law, IRWIN LAW, 2nd Edn, 2008, P. 266.
[5] John H.Churrie, Public International Law, IRWIN LAW, 2nd Edn, 2008, P. 268.