ពន្ធលើដីមិនបានប្រើប្រាស់ ត្រូវបានបង្កើតឡើងដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ១១ ន.ស ៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ និងត្រូវបានដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៩៦។

ដីមិនបានប្រើប្រាស់ សំដៅដល់ដីដែលមានលក្ខណៈដូចខាងក្រោម៖

  • ដីមិនមានសំណង់ស្ថិតក្នុងតំបន់លំនៅដ្ឋាន
  • មិនមែនជាដីជួលដែលមានសំណង់មានការកាន់កាប់
  • ដីដែលមិនមានសកម្មភាពសេដ្ឋកិច្ច
  • មិនមែនជាដីកម្មសិទ្ធរបស់រដ្ឋជួលឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ
  • មិនមែនជាដីស្ថិតក្រោមកិច្ចព្រមព្រៀងវិនិយោគ។

ពន្ធដីធ្លីមិនបានប្រើប្រាស់ ត្រូវកំណត់តាមអត្រា ២%លើមូលដ្ឋានកំណត់ពន្ធ។ មូលដ្ឋានកំណត់ពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

ចាប់ពីឆ្នាំ២០០៧មក ប្រាក់ពន្ធដីធ្លីមិនបានប្រើប្រាស់ត្រូវបង់ស្មើនឹងផ្ទៃដីសរុប គុណនឹងមូលដ្ឋានកំណត់ពន្ធ គុណនឹងអត្រាពន្ធ (ប្រាក់ពន្ធត្រូវបង់= ផ្ទៃដីសរុប x មូលដ្ឋានកំណត់ពន្ធ x អត្រាពន្ធ)

ឧទាហរណ៍៖ ពូសុខ មានដីធ្លីមិនបានប្រើប្រាស់មួយកន្លែង មានផ្ទៃក្រឡាសរុប ៦ ០០០ម៉ែត្រក្រឡា។ តម្លៃមូលដ្ឋានគិតពន្ធដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់គឺ ១៥ ០០០រៀល/ម៉ែត្រក្រឡា។  ប្រាក់ពន្ធដែលពូសុខត្រូវបង់គឺ៖

៦ ០០០ម៉ែត្រក្រឡា x ១៥ ០០០រៀល x ២%=១ ៨០០ ០០០រៀល។

សម្រាប់សេចក្ដីពន្យល់លម្អិត និងនីតិវិធីបង់ពន្ធដីធ្លីមិនបានប្រើប្រាស់ សូមអានសៀវភៅណែនាំស្ដីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយអគ្គនាយកដ្ឋានពន្ធដារ ២០២១។ សូមទាញយកសៀវភៅណែនាំ៖  https://t.me/lawaudio_kh/509