កាលណាគេនិយាយអំពីប្រភពនៃនីតិអន្តរជាតិ គេតែងតែផ្អែកលើមាត្រា៣៨ នៃលក្ខន្តិក:តុលាការយុត្តិធម៌អន្តរជាតិ។ មាត្រានេះចែងថា៖
(១). “តុលាការ(យុត្តិធម៌អន្តរជាតិ) ដែលជាអ្នកមានសមត្ថកិច្ចសម្រេចសេចក្ដីដោយអនុលោមតាមនីតិអន្តរជាតិចំពោះវិវាទដែលបានដាក់ឲ្យដោះស្រាយត្រូវអនុវត្ត៖ (ក) អនុសញ្ញាអន្តរជាតិ ទោះបីជាមានវិសាលភាពទូទៅ ត្រឹមតំបន់ណាមួយឬត្រឹមកម្រិតជាក់លាក់ណាមួយបង្កើតវិធានដែលទទួលស្គាល់យ៉ាងច្បាស់លាស់ពីរដ្ឋភាគី (ខ) ទំនៀមទម្លាប់អន្តរជាតិ ដែលជាភស្ដុតាងនៃការអនុវត្តជាទូទៅហើយមានការទទួលស្គាល់ដូចជាច្បាប់ (គ) គោលការណ៍ទូទៅនៃនីតិដែលទទួលស្គាល់ដោយប្រជាជាតិទំនើប (ឃ) សេចក្តីសម្រេចរបស់ស្ថាប័នយុត្តាធិការ តាមបញ្ញត្តិមាត្រា ៥៩ (សេចក្ដីសម្រេចរបស់តុលាការ មានអានុភាពគតិយុត្តចំពោះតែភាគីវិវាទប៉ុណ្ណោះ) និងសេចក្ដីពន្យល់របស់អ្នកនិពន្ធដែលមានសមត្ថភាពខ្ពង់ខ្ពស់នៃប្រជាជាតិនានា អាចចាត់ទុកជាមធ្យោបាយបន្ទាប់បន្សំ សម្រាប់ការសម្រេចអំពីវិធាននៃនីតិ។”
(២). បទប្បញ្ញត្តិនេះ មិនត្រូវប៉ះពាល់ដល់អំណាចរបស់តុលាការក្នុងការសម្រេចសេចក្ដីស្របតាមគោលការណ៍ex aequo et bonoឡើយ ប្រសិនបើមានការព្រមព្រៀងពីភាគី។[1]
មាត្រានេះបានរាយនូវប្រភពបែបបុរាណនៃនីតិអន្តរជាតិសាធារណៈ ដែលជាបង្អែកសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងការសម្រេចសេចក្ដីលើវិវាទអន្តរជាតិ។ យោងតាមមាត្រានេះ យើងអាចបែងចែកប្រភពនៃនីតិអន្តរជាតិសាធារណៈជាពីរប្រភេទគឺ ទី១៖ប្រភពចម្បង ដែលមានដូចជាសន្ធិសញ្ញា ច្បាប់ទំនៀមទម្លាប់អន្តរជាតិ និងគោលការណ៍ទៅនៃនីតិ ទី២៖ ប្រភពបន្ទាប់បន្សំ ដែលមានដូចជាសេចក្ដីសម្រេចរបស់ស្ថាប័នយុត្តាធិការ ទ្រឹស្ដីអ្នកនិពន្ធល្បីល្បាញ។ លើសពីនេះ មាត្រានេះបានចែងអំពីex aequo et bonoជាប្រភពចុងក្រោយមួយនៃនីតិអន្តរជាតិសាធារណៈ ដែលតុលាការអាចអនុវត្តបាននៅពេលមានការព្រមព្រៀងពីភាគីវិវាទ។
ទោះជាយ៉ាងនេះក្ដី ក្រៅពីប្រភពបែបបុរាណទាំងអស់ខាងលើ មានប្រភពមួយផ្សេងទៀតគឺកិច្ចនានារបស់អង្គការអន្តរជាតិ។ មានន័យថា ប្រភពសហសម័យនៃនីតិអន្តរជាតិសាធារណៈមានដូចជា៖ (១) ច្បាប់ទំនៀមទម្លាប់អន្តរជាតិ (២) សន្ធិសញ្ញា (៣) គោលការណ៍ទូទៅនៃនីតិ (៤) សេចក្ដីសម្រេចរបស់តុលាការ ឬសាលក្ដី(៥) ទ្រឹស្ដីរបស់អ្នកនិពន្ធល្បីល្បាញ (៦) ex aequo et bono និង (៧) កិច្ចនានារបស់អង្គការអន្តរជាតិ។ ខាងក្រោម សូមលើកយកសញ្ញាណនៃប្រភពនីមួយៗមកបង្ហាញដោយសង្ខេប។ ចំណែកសេចក្ដីលម្អិតនៃប្រភពទាំងនេះ នឹងយកមកបង្ហាញជួនក្នុងអត្ថបទបន្តបន្ទាប់ទៀត។
១. ច្បាប់ទំនៀមទម្លាប់អន្តរជាតិ
មាត្រា៣៨ នៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិ បានប្រើឃ្លាថា “ទំនៀមទម្លាប់អន្តរជាតិជាភស្ដុតាងនៃការអនុវត្តទូទៅដែលទទួលស្គាល់ដូចជាច្បាប់”។ ឃ្លានេះយើងអាចកំណត់បានថាច្បាប់ទំនៀមទម្លាប់អន្តរជាតិមានធាតុសំខាន់ៗចំនួនពីរគឺ (១) ការអនុវត្តទូទៅ និង (២) ការទទួលស្គាល់ដូចជាច្បាប់[2]។
២. សន្ធិសញ្ញា
អនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ១៩៦៩ស្តីពីច្បាប់សន្ធិសញ្ញាបានកំណត់ថា “សន្ធិសញ្ញាគឺជាកិច្ចព្រមព្រៀងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ក្នុងទម្រង់ជាលាយលក្ខណ៍អក្សរ គ្រប់គ្រងដោយច្បាប់អន្តរជាតិ និងធ្វើឡើងដោយលិខិតូបករណ៍តែមួយ ឬច្រើនរួមបញ្ចូលគ្នា ទោះបីជាដាក់ឈ្មោះបែបណាក៏ដោយ”[3]។ សន្ធិសញ្ញាអន្តរជាតិ អាចកើតឡើងរវាងតួអង្គនៃនីតិអន្តរជាតិពោលគឺ រវាងរដ្ឋនិងរដ្ឋ រវាងរដ្ឋនិងអង្គការអន្តរជាតិ ឬរវាងអង្គការអន្តរជាតិនិងអង្គការអន្តរជាតិផងដែរ។ អនុសញ្ញាទីក្រុងវីយ៉ែនចុះថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៨៦ មានចែងពាក់ព័ន្ធនឹងសន្ធិសញ្ញារវាងរដ្ឋនិងអង្គការអន្តជាតិ ឬរវាងអង្គការអន្តរជាតិនិងអង្គការអន្តរជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ អនុសញ្ញានេះមិនទាន់ចូលជាធរមាននៅឡើយទេ។ សន្ធិសញ្ញាត្រូវបានគេហៅឈ្មោះផ្សេងៗគ្នាទៅតាមការប្រើប្រាស់ដូចជាអនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ កតិកាសញ្ញា ធម្មនុញ្ញ លក្ខន្តិកៈ សេចក្តីប្រកាស អនុស្សារណៈយោគយល់ កំណត់ហេតុព្រមព្រៀង…។ ទោះបីជាមានការប្រើប្រាស់ឈ្មោះផ្សេងៗគ្នាក្តី ប៉ុន្តែអានុភាពគតិយុត្តចំពោះរដ្ឋភាគី គឺមិនខុសគ្នាឡើយ។ សន្ធិសញ្ញាអាចបែងចែកជាពីរប្រភេទធំៗគឺ សន្ធិសញ្ញាបង្កើតវិធានច្បាប់ ដែលមានគោលគំនិតក្នុងការភ្ជាប់ទំនាក់ទំនងជាសាកល ឬជាទូទៅ និង សន្ធិសញ្ញាដែលមានទម្រង់ជាកិច្ចសន្យា ដែលមានអានុភាពអនុវត្តចំពោះតែរដ្ឋពីរ ឬរដ្ឋមួយចំនួនតូចប៉ុណ្ណោះ។[4]
៣. គោលការណ៍ទូទៅនៃនីតិ
តាមមាត្រា ៣៨ (១) នៃលក្ខន្តិកៈតុលាការអន្តរជាតិ គោលការណ៍ទូទៅនៃនីតិដែលអាចឲ្យតុលាការយកមកពិចារណាបាន ទាល់តែជាគោលការណ៍ដែលមានការទទួលស្គាល់ដោយប្រជាជាតិទំនើប។ គោលការណ៍ទូទៅនៃនីតិអាចមានប្រភពចេញពីច្បាប់ជាតិណាមួយ ហើយបំប្លែងខ្លួនទៅជាគោលការណ៍នៅក្នុងច្បាប់អន្តរជាតិ។ ជាក់ស្ដែងគោលការណ៍សុឆន្ទៈ (Principle of good faith) គឺជាគោលការណ៍នៅក្នុងនីតិកិច្ចសន្យា និងបានក្លាយជាគោលការណ៍ក្នុងនីតិអន្តរជាតិ ព្រមទាំងត្រូវបានយកមកចែងក្នុងអនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីច្បាប់សន្ធិសញ្ញាឆ្នាំ១៩៦៩ ត្រង់មាត្រា ២៦[5]។
៤. សេចក្ដីសម្រេចរបស់ស្ថាប័នយុត្តាធិការ
សេចក្ដីសម្រេចរបស់ស្ថាប័នយុត្តាធិការ ជាប្រភពដ៏សំខាន់មួយ ដែលចូលរួមអភិវឌ្ឍច្បាប់អន្តរជាតិ។ ការបកស្រាយរបស់ចៅក្រមអន្តរជាតិ នៅក្នុងយុត្តិសាស្ត្រជាច្រើន ត្រូវបានគេទទួលយកមកអនុវត្តជាទូទៅ និងចងក្រងជាច្បាប់អន្តរជាតិ។ គួរបញ្ជាក់ថា យោងតាមមាត្រា ៣៨ (១) ដូចបានលើកឡើងខាងលើ តុលាការ ឬមជ្ឈត្តការអន្តរជាតិអាចអនុវត្តសេចក្ដីសម្រេចពីមុន ដែលគេចាត់ទុកថាជាភស្ដុតាងបង្ហាញពីអត្ថិភាពនៃនីតិអន្តរជាតិ។ ប៉ុន្តែ អញ្ញត្រកម្មចំពោះករណីនេះត្រូវបានលើកឡើងដោយមាត្រា៥៩ នៃលក្ខខន្តិក:តុលាការយុត្តិធម៌អន្តរជាតិ ដោយមាត្រានេះបានកំណត់ថា “សេចក្ដីសម្រេចតុលាការ(យុត្តិធម៌អន្តរជាតិ) មានអានុភាពគតិយុត្តចំពោះតែភាគីវិវាទប៉ុណ្ណោះ”។
៥. ទ្រឹស្ដីអ្នកនិពន្ធល្បីល្បាញ
មាត្រា ៣៨ (១) នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ទ្រឹស្ដីរបស់អ្នកនិពន្ធឬអ្នកច្បាប់ គឺជាមធ្យោបាយបន្ទាប់បន្សំមួយក្នុងចំណោមប្រភពដទៃទៀតនៃនីតិអន្តរជាតិ។ មាត្រានេះបានប្រើឃ្លាថា “សេចក្ដីពន្យល់របស់អ្នកនិពន្ធដែលមានសមត្ថភាពខ្ពង់ខ្ពស់នៃប្រជាជាតិនានា[6]”។ ទ្រឹស្ដីអ្នកនិពន្ធ (សៀវភៅនីតិអន្តរជាតិ នៅកម្ពុជាមួយចំនួន ប្រើពាក្យ “លទ្ធិ”) សំដៅដល់សេចក្ដីពន្យល់របស់អ្នកនិពន្ធ ឬអ្នកច្បាប់នៅក្នុងសៀវភៅ ឬក្នុងអត្ថបទស្រាវជ្រាវនានា។
៦. Ex aequo et bono និងគោលការណ៍សមធម៌ (Principle of Equity)
មាត្រា៣៨ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ បានចាត់ទុកគោលការណ៍ ex aequo et bono គឺជាប្រភពចុងក្រោយសម្រាប់ជាមូលដ្ឋាននៃការសម្រេចសេចក្ដីរបស់តុលាការ។ តុលាការអាចសម្រេចសេចក្ដីលើវិវាទដែលបានដាក់ជូនខ្លួនតាមគោលការណ៍ ex aequo et bono បានលុះត្រាតែមានការព្រមព្រៀងពីភាគីវិវាទ។ គោលការណ៍ex aequo et bono ក្នុងនីតិអន្តរជាតិ មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងគោលគំនិតសមធម៌ (equity) ក្នុងប្រព័ន្ធច្បាប់កុំមុនឡដែរ ប៉ុន្តែមិនដូចគ្នាទាំងស្រុងឡើយ។ គោលការណ៍ ex aequo et bono ក្នុងនីតិអន្តរជាតិមានវិសាលភាពទូលំទូលាយ ហើយតុលាការទទួលបានអំណាចធំធេងជាង។ តុលាការអាចសម្រេចសេចក្ដីលើវិវាទដោយពិចារណាផ្ដោតការយកចិត្តទុកដាក់លើគោលការណ៍នេះជាជាងការពិចារណាលើវិធានច្បាប់ ឬពេលខ្លះនៅពេលដែលគោលការណ៍នេះ និងវិធានច្បាប់មានភាពផ្ទុយគ្នា តុលាការអាចនឹងមិនអនុវត្តវិធានច្បាប់ហើយងាកមកប្រើគោលការណ៍ ex aequo et bono វិញក្នុងគោលបំណងធានាបាននូវយុត្តិធម៌។ មានន័យថា ex aequo et bono មិនមែនមានន័យត្រឹមថាជាគោលការណ៍សមធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាមានន័យថា “យុត្តិធម៌ ត្រឹមត្រូវ និងសមធម៌”។
៧. លិខិតូបករណ៍នៃអង្គការអន្តរជាតិ
ការរីកចម្រើនរបស់អង្គការអន្តរជាតិចាប់តាំងពីសង្គ្រាមលោកលើកទី១ នាំឱ្យមានការលើកឡើងថាកិច្ចនានារបស់តួអង្គនេះជាប្រភពនៃនីតិអន្តរជាតិ។ សេចក្ដីសម្រេចរបស់អង្គការអន្តរជាតិអាចចងកាតព្វកិច្ច ឬមិនមានចងកាតព្វកិច្ច។ សេចក្ដីសម្រេចរបស់អង្គការអន្តរជាតិអាចចងកាតព្វកិច្ចបានចំពោះតែរដ្ឋភាគីប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ គេឃើញមានតែសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលធ្វើឡើងដោយអនុលោមតាមជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងអំពើគំរាមកំហែងដល់សន្តិភាព អំពើរំលោភបំពានសន្តិភាព និងអំពើឈ្លានពានប៉ុណ្ណោះ ដែលចាត់ទុកថាចងកាតព្វកិច្ច។
៨. កិច្ចឯកតោភាគីរបស់រដ្ឋ
ទោះបីជាមិនមានចែងក្នុងមាត្រា ៣៨ (១) នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិក្ដី ក្នុងស្ថានភាពមួយចំនួន កិច្ចឯកតោភាគីរបស់រដ្ឋរួមទាំងសេចក្ដីថ្លែងការណ៍ដែលធ្វើឡើងដោយមន្ត្រីផ្លូវការរបស់រដ្ឋផង អាចចងកាតព្វកិច្ចរដ្ឋជាអន្តរជាតិផងដែរ។ នៅឆ្នាំ១៩៥៧ រដ្ឋាភិបាលអេហ្ស៊ីបបានចេញសេចក្ដីប្រកាសមួយកំណត់សកម្មភាពមួយចំនួនដែលខ្លួនបានយល់ព្រមទទួលយកប្រតិបត្តិការ និងការគ្រប់គ្រងរបស់អាជ្ញាធរព្រែកជីកស៊ុយអេហ្ស៍ (Suez Canal Authority) ដែលបង្កើតឡើងនៅថ្ងៃតី២៦ ខែកក្កដា ឆ្នាំ១៩៥៦។ តាមរយ:សេចក្ដីប្រកាសនេះ អេហ្ស៊ីប បានថ្លែងបញ្ជាក់ជាថ្មីទៅកាន់សហគមន៍អន្តរជាតិអំពីការប្រកាន់ខ្ជាប់ខ្ជួននូវលក្ខខណ្ឌ និងស្មារតីនៃអនុសញ្ញាកុងស្តង់ទីនូប្លឹ៍(Constantinople Convention)។ អេហ្ស៊ីបបានប្ដេជ្ញាជាឯកតោភាគីធានាសេរីភាពនាវាចរណ៍តាមព្រែកជីកនេះ និងបានសង្កត់ធ្ងន់ផងដែរថារដ្ឋាភិបាលរបស់ខ្លួនមានអធិបតេយ្យលើព្រែកជីកនេះ។[7]
[1] Statute of International Court of Justice, art 38.
[2] អ្នកនិពន្ធខ្លះប្រើបច្ចេកសព្ទ “សច្ចធារណ៍ធម្មានុរូប (opinio juris)” ដើម្បីបកស្រាយលើឃ្លា “ការទទួលស្គាល់ថាជាច្បាប់”។
[3] Vienna Convention on the Law of Treaties (VCLT), 1969, Art.2(1).
[4] Shaw, M., International Law (Shaw), Cambridge: Cambridge University Press, 2008, p.94.
[5] Article 26 of VCLT 1969: Every treaty in force is binding upon the parties to it and must be performed by them in good faith.
[6] the teachings of the most highly qualified publicists of the various nations.
[7] Declaration on the Suez Canal and the Arrangements for its operation, Letter dated 24 April 1957 from the Minister for Foreign Affairs of Egypt, addressed to the Secretary-General.