មាត្រា៣៨ នៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិ បានប្រើឃ្លាថា “ទំនៀមទម្លាប់អន្តរជាតិជាភស្ដុតាងនៃការអនុវត្តទូទៅដែលទទួលស្គាល់ដូចជាច្បាប់”។ ឃ្លានេះយើងអាចកំណត់បានថាច្បាប់ទំនៀមទម្លាប់អន្តរជាតិមានធាតុសំខាន់ៗចំនួនពីរគឺ (១) ការអនុវត្តទូទៅ និង (២) ការទទួលស្គាល់ដូចជាច្បាប់[1]។
ការអនុវត្តរបស់រដ្ឋ សំដៅដល់សកម្មភាព ឬទង្វើនានារបស់រដ្ឋ ទោះបីជាសកម្មភាពឬទង្វើទាំងនោះសកម្មក្ដី ឬអកម្មក្ដី។ សកម្មភាព ឬទង្វើរបស់រដ្ឋស្ដែងឡើងតាមរយៈសកម្មភាពរបស់តំណាងស្របច្បាប់របស់ខ្លួនក្នុងកិច្ចការអន្តរជាតិ ឬតាមរយៈច្បាប់ជាតិ និងសេចក្ដីសម្រេចរបស់អង្គការដែលពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ។ ការអនុវត្តរបស់រដ្ឋ ត្រូវតែមានលក្ខណៈទូទៅនិងមានការអនុវត្តជាប់លាប់ដោយរដ្ឋនានា។ ការអនុវត្តនេះមិនត្រូវតែជាលក្ខណៈសាកលឡើយ ហើយដើម្បីវាយតម្លៃថាការអនុវត្តនោះមានលក្ខណៈទូទៅឬយ៉ាងណានោះ ត្រូវពិនិត្យមើលការអនុវត្តជាក់ស្ដែង។
សច្ចធារណ៍ធម្មានុរូប មានន័យថា ការសន្មតឬជឿថាជាច្បាប់។ ការអនុវត្តរបស់រដ្ឋ ឬរបស់អង្គការអន្តរជាតិ អាចចាត់ទុកថាជាវិធានទំនៀមទម្លាប់អន្តរជាតិថ្មីបាន លុះត្រាតែមានការសន្មតឬចាត់ទុកដោយរដ្ឋនានាថាការអនុវត្តនោះចងភ្ជាប់កាតព្វកិច្ចគតិយុត្ត។ ការអនុវត្តរបស់រដ្ឋ និងសច្ចធារណ៍ធម្មានុរូប ជាធាតុផ្សំពីរដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងមិនអាចខ្វះគ្នាបានក្នុងដំណើរការបង្កើតជាវិធានទំនៀមទម្លាប់អន្តរជាតិ។ មានន័យថា មានតែការអនុវត្តរបស់រដ្ឋ ដោយមិនមានសច្ចធារណ៍ធម្មានុរូប មិនអាចបង្កើតបានជាវិធានទំនៀមទម្លាប់អន្តរជាតិបានឡើយ។ ជាក់ស្ដែងគោលគំនិត “ខ្ពង់រាបបាតសមុទ្ទ[2]” បានកើតចេញពីការទាមទាររបស់រដ្ឋមួយ (សេចក្ដីថ្លែងការណ៍របស់ប្រធានធិបតីអាមេរិក ហារី ទ្រូម៉ាន់ ឆ្នាំ១៩៤៥) ហើយបន្ទាប់មកមានរដ្ឋដទៃទៀតជាច្រើនបានគាំទ្រ និងបានទាមទារជាបន្តបន្ទាប់រហូតដល់មានការទទួលស្គាល់ក្នុងសន្ធិសញ្ញាអន្តរជាតិជាបន្តបន្ទាប់។
វិធានទំនៀមទម្លាប់អន្តរជាតិអាចអនុវត្តបានទូលំទូលាយជាងសន្ធិសញ្ញា ។ ឧទាហរណ៍ថា ប្រសិនបើបញ្ញត្តិក្នុងសន្ធិសញ្ញាមួយ មានវិធានដែលគេអាចទទួលអនុវត្តជាទូទៅបានដោយរដ្ឋមិនមែនជាភាគី ហើយគួបផ្សំនឹងសច្ចធារណ៍ធម្មានុរូប ឬឥរិយាបថរបស់រដ្ឋភាគីដែលបង្ហាញសក្ខីកម្មអំពីជំនឿជាក់ថា វិធាននៃសន្ធិសញ្ញានោះជាតំណាងឲ្យវិធានទំនៀមទម្លាប់ វិធាននោះអាចចងភ្ជាប់កាតព្វកិច្ចក្នុងនាមជាច្បាប់ទំនៀមទម្លាប់អន្តរជាតិ។ ជាទូទៅ ច្បាប់ទំនៀមទម្លាប់អន្តរជាតិ គឺជាគោលការណ៍ដែលចងភ្ជាប់កាតព្វកិច្ចគ្រប់រដ្ឋទាំងអស់។ ប៉ុន្តែ តួនាទីជាសារវន្តនៃការព្រមព្រៀង នាំឲ្យការបង្កើតច្បាប់ទំនៀមទម្លាប់អន្តរជាតិមានវិបាកសំខាន់ៗពីរ។
វិបាកទីមួយ៖ ប្រសិនបើរដ្ឋមួយបានជំទាស់ជាអចិន្ត្រៃយ៍ចំពោះការកកើតវិធានច្បាប់ទំនៀមទម្លាប់អន្តរជាតិណាមួយ រដ្ឋនោះនឹងមិនត្រូវបានចងភ្ជាប់កាតព្វកិច្ចដោយវិធាននោះឡើយ។ ការជំទាស់ ត្រូវតែមានលក្ខណៈអចិន្ត្រៃយ៍ ដែលមានន័យថា រដ្ឋមិនត្រូវបានអនុញ្ញាតឲ្យទទួលស្គាល់វិធានច្បាប់ ហើយក្រោយមកបែរជាដកការទទួលស្គាល់វិញឡើយ។ ចំណុចនេះ ធ្លាប់កើតមានក្នុងវិវាទនេសាទរវាងអង់គ្លេសនិងណ័រវ៉េឆ្នាំ១៩៥១ ដែលអង់គ្លេសបានបង្ហាញថាការអនុវត្តរបស់រដ្ឋបានបង្កើតឲ្យមានវិធានទំនៀមទម្លាប់ ដែលតម្រូវឲ្យកម្រិតត្រឹមតែ១០ម៉ៃល៍ប៉ុណ្ណោះចំពោះខ្សែដែលគូសកាត់មាត់ឆក ដែលខ្សែនោះចាត់ទុកថាជាបន្ទាត់មូលដ្ឋានសម្រាប់វាស់ប្រវែងទទឹងសមុទ្ទដែនដី។ អង់គ្លេសពេលនោះ មិនអាចបង្ហាញសក្ខីកម្មគ្រប់គ្រាន់អំពីភាពទូទៅនៃការអនុវត្តលើការកម្រិតត្រឹម១០ ម៉ៃល៍ដើម្បីចាត់ទុកថាជាច្បាប់ទំនៀមទម្លាប់អន្តរជាតិឡើយ ហើយតុលាការបានគូសបញ្ជាក់ថា៖ “ក្នុងករណីណាក៏ដោយ វិធានកំណត់ខ្សែ ១០ ម៉ៃល៍ មិនអាចអនុវត្តចំពោះណ័រវ៉េឡើយព្រោះថាណ័រវ៉េតែងតែបានតវ៉ាគ្រប់ការប៉ុនប៉ងប្រើប្រាស់វិធាននេះ ចំពោះឆ្នេររបស់ខ្លួន។”[3] ទោះបីជាការអនុវត្តជាទូទៅបង្កើតឲ្យមានវិធានទំនៀមទម្លាប់អន្តរជាតិ ដែលជាគោលការណ៍ចងកាតព្វកិច្ចគ្រប់រដ្ឋក្ដី រដ្ឋនៅតែអាចប្រឆាំងនឹងវិធាននោះតាមរយៈការជំទាស់យ៉ាងខ្ជាប់ខ្ជួន។
វិបាកទីពីរ៖ តួនាទីនៃការព្រមព្រៀង ដែលជាមូលដ្ឋាននៃកាតព្វកិច្ចក្នុងច្បាប់ទំនៀមទម្លាប់អន្តរជាតិ គឺមិនចាំបាច់ទាល់តែពឹងផ្អែកលើការអនុវត្តជាទូទៅរបស់រដ្ឋ ដើម្បីសន្មតថារដ្ឋណាមួយត្រូវចងភ្ជាប់កាតព្វកិច្ចដោយវិធាននោះឡើយ ក្នុងករណីដែលអាចបង្ហាញសក្ខីកម្មថារដ្ឋនោះពិតជាបានយល់ស្របទៅនឹងវិធាននោះមែន។ ជាងនេះទៅទៀត រដ្ឋមួយអាចយល់ស្របទៅនឹងវិធាន ដែលមិនបានទទួលស្គាល់ជាទូទៅ ហើយជាលទ្ធផលវិធាននោះនឹងចងកាតព្វកិច្ចរវាងក្រុមរដ្ឋដែលបានយល់ស្របនឹងវិធាននោះ ។
ជារួម យោងតាមវិបាកទាំងពីរខាងលើនេះ គេអាចបែងចែកច្បាប់ទំនៀមទម្លាប់អន្តរជាតិជាពីរ។ ទីមួយគឺច្បាប់ទំនៀមទម្លាប់អន្តរជាតិជាទូទៅ និងទីពីរគឺច្បាប់ទំនៀមទម្លាប់អន្តរជាតិពិសេសឬប្រចាំតំបន់។[4]ច្បាប់ទំនៀមទម្លាប់អន្តរជាតិទូទៅ សំដៅដល់វិធាននៃទំនៀមទម្លាប់អន្តរជាតិដែលទទួលស្គាល់ជាសាកល និងចងភ្ជាប់សិទ្ធិនិងកាតព្វកិច្ចលើគ្រប់រដ្ឋទាំងអស់នៅក្នុងសហគមអន្តរជាតិ។ ចំពោះច្បាប់ទំនៀមទម្លាប់អន្តរជាតិពិសេស ឬប្រចាំតំបន់វិញអនុវត្តបានចំពោះតែក្រុមរដ្ឋជាក់លាក់ណាមួយប៉ុណ្ណោះ។
[1] អ្នកនិពន្ធខ្លះប្រើបច្ចេកសព្ទ “សច្ចធារណ៍ធម្មានុរូប (opinio juris)” ដើម្បីបកស្រាយលើឃ្លា “ការទទួលស្គាល់ថាជាច្បាប់”។
[2] ខ្ពង់រាបបាតសមុទ្ទ (Continental Shelf) ជាផ្ទាំងដីនៅបាតសមុទ្ទ ដែលតភ្ជាប់គ្នាពីផ្ទាំងទ្វីប (ឬដែនដីគោក) ឆ្ពោះទៅឯនាយសមុទ្ទរហូតដល់ ២០០ម៉ៃល៍សមុទ្ទ ឬរហូតដល់៣៥០ម៉ៃល៍សមុទ្ទពីបន្ទាត់មូលដ្ឋាន ។
[3] North Sea Fisheries Cases (United Kingdom V. Norway) 1951 (Fishery Cases), ICJ report 116, at 131.
[4] Yoshifumi Tanaka, The International Law of the Sea (Tanaka), Cambridge: Cambridge University Press, 2012, p.9-10.