ការរំលូតកូន គឺជាការបញ្ចប់គភ៌តាមវិធីវេជ្ជសាស្ត្រ ឬតាមវិធីណាមួយ ប៉ុន្តែយោងតាមច្បាប់ស្ដីពីការរំលូតកូន ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៦ ចុះថ្ងៃទី១២ វិច្ឆិកា ១៩៩៧ បានកំណត់ថា មានតែវេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬឆ្មបមធ្យមដែលទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ទើបអាចធ្វើការរំលូតកូនបាន។ មិនតែប៉ុណ្ណោះ ការរំលូតកូន ត្រូវតែមានសំណូមពរ និងទទួលបានការយល់ព្រមពីស្ដ្រីដែលមានគភ៌។
ការរំលូតកូនអាចធ្វើទៅបាន ចំពោះតែគភ៌ដែលមានអាយុតិចជាង១២សប្ដាហ៍ ប៉ុន្តែក្នុងករណីដែលមានរោគវិនិច្ឆយដូចខាងក្រោម គេអាចរំលូតគភ៌ដែលមានអាយុលើស១២សប្ដាហ៍បាន៖
- គភ៌នោះមានភវនីយភាពមិនលូតលាស់ដូចប្រក្រតី ឬបង្កគ្រោះថ្នាក់ជីវិតម្ដាយ
- កូនដែលនឹងកើតមកអាចមានជំងឺធ្ងន់ធ្ងរព្យាបាលពុំជា
- ក្នុងករណីដែលត្រូវគេរំលោភបណ្ដាលឱ្យមានគភ៌ ការរំលូតអាចធ្វើទៅបានដោយមិនគិតពីលក្ខខណ្ឌដូចមានចែងខាងលើ តែត្រូវមានការស្នើសុំពីសាមីខ្លួន បើស្ត្រីនោះមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ឬការស្នើសុំដោយទទូចពីឪពុកម្ដាយ ឬអាណាព្យាបាល និងសាមីខ្លួន បើស្ត្រីដែលមានគភ៌មានអាយុតិចជាង១៨ឆ្នាំ។
អានខ្លឹមសារច្បាប់ទាំងស្រុង (PDF)៖ https://t.me/lawaudio_kh/525