១- ប្រវត្តិនីតិសមុទ្ទ

មុនពេលមានការចងក្រងលិខិតូបករណ៍អន្តរជាតិឆ្នាំ១៩៣០ រហូតដល់ការបង្កើតអនុសញ្ញសហ-ប្រជាជាតិស្ដីពីច្បាប់សមុទ្ទ ១៩៨២ នីតិសមុទ្ទមានការអភិវឌ្ឍបន្តិចម្ដងៗទៅតាមសម័យកាលនានា។ នៅ​យុគ្គ​សម័យកណ្ដាល គេបានបង្កើតច្បាប់ទំនៀមទម្លាប់ទាក់ទងទៅនឹងការប្រើប្រាស់សមុទ្ទ។ នៅពេលនោះ គេចាត់ទុកថា សមុទ្ទអន្តរជាតិ មិនមែនជាកម្មសិទ្ធិរបស់នរណាទាំងអស់ ប៉ុន្តែដោយសារការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នាំឱ្យគេបង្កើតវិធាន និងស្ដង់ដារនានាដើម្បីគ្រប់គ្រងសកម្មភាពទាំងនោះ។ វិធានគ្រប់គ្រងសកម្មភាពលើដែនសមុទ្ទនាយុគ្គសម័យកណ្ដាលគឺ Rhodian Sea Law ជាច្បាប់សរសេរមួយ ដែលបានបង្កើតឡើងដោយចក្រភពByzantine ហើយក្រមច្បាប់នេះ ត្រូវបានគេយកមកចែងឡើងវិញនៅក្នុងច្បាប់ល្បីៗ រួមមានក្រមច្បាប់ Rolls of Oleron នៅក្នុងកំឡុងសតវត្សរ៍ទី១២ សៀវភៅខ្មៅអំពីកងទ័ពជើងទឹកអង់គ្លេស (English Black Book of the Admiralty) ក្រមច្បាប់សមុទ្ទវីសប៊ី (Maritime Code of Visby) ដែលបានបង្កើតឡើងសតវត្សរ៍ទី១៣ និងសៀវភៅឈ្មោះ Consolato del mare ដែលនិយាយអំពីការគ្រប់គ្រងវិស័យជំនួញសមុទ្ទ នៅពាក់កណ្ដាលសតវត្សរ៍ទី១៤។ ក្រោយៗមកទៀត មានអ្នកច្បាប់ល្បីៗជាច្រើនបានបង្កើតទ្រឹស្ដីនីតិសមុទ្ទតាមរយៈស្នាដៃរបស់ខ្លួន ក្នុងនោះមានលោក ហ៊ូហ្គោ ក្រូទៀស (១៦០៩) លោក ចន ស៊ែលដិន (១៦៣៥) លោក កូមេលីស វ៉ាន់ប៊ីនគឺសូក(១៧០២) លោក អេមឺរិច ដឺវ៉ាតតែល (១៧៥៨) ជាដើម។

ចំពោះការកើតឡើងនៃនីតិសមុទ្ទសាធារណៈ (public international law of the sea) ដំបូងគេគឺនៅសតវត្សរ៍ទី១៧ នៅក្នុងទ្វីបអឺរ៉ុប ដែលគេឃើញមានសកម្មភាពនាវាចរណ៍ ការរុករក និងការធ្វើជំនួញឆ្លងកាត់មហាសមុទ្ទនៅក្នុងពិភពលោក។ ព័រទុយកាល់ និងអេស្ប៉ាញ ជាអ្នកនាំមុខគេនៃនិន្នាការនេះដោយ​ការអះអាងទាមទារទាំងដែនដីគោក និងដែនសមុទ្ទ ដែលពួកគេបានរកឃើញ។ អេស្ប៉ាញ បានចាត់ទុកថា មហាសមុទ្ទប៉ាស៊ីហ្វិក គឺជាសមុទ្ទបិទ (mare clausum) ដោយបានកម្រិតសិទ្ធិនាវាចរណ៍ដទៃទៀត ដើម្បីការពារដែនដីស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួននៅអាស៊ី។ ដូចគ្នានេះផងដែរ នៅមហាសមុទ្ទអាត្លង់តិច ច្រកម៉ាហ្កែល (Strait of Magellan)​ ត្រូវបានគ្រប់គ្រងដោយកងនាវាអេស្ប៉ាញ ដើម្បីទប់ស្កាត់មិនឱ្យនាវាបរទេសចូលបាន។

ក្រោយមក អ្នកច្បាប់ និងជាទស្សនវិទូជនជាតិហុលឡង់ Hugo Grotius បានសរសេរសៀវភៅមួយឈ្មោះថា Mare Liberum (សេរីភាពសមុទ្ទ ឬសមុទ្ទបើក- The Freedom of the Sea) និងបានបោះពុម្ពនៅឆ្នាំ១៦០៩ បានបង្កើតទ្រឹស្ដីថា សមុទ្ទគឺជាដែនទឹកអន្តរជាតិ ហើយប្រជាជាតិទាំងអស់មានសិទ្ធិប្រើប្រាស់សម្រាប់បម្រើកិច្ចការជំនួញ។ គាត់បានសំអាងគំនិតរបស់គាត់ថា “រាល់ប្រជាជាតិទាំងអស់មានសិទ្ធិ ធ្វើដំណើរដោយសេរីទៅប្រជាជាតិដទៃ និងធ្វើជំនួញលើសមុទ្ទ”។ ឥទ្ធិពលនៃទ្រឹស្ដីរបស់លោក Hugo Grotius នាំឱ្យកើតមានសិទ្ធិឆ្លងកាត់ដោយមិនបំពាន (Right of innocent passage[1]) នៅក្នុងសមុទ្ទ។ Grotius បានកត់សម្គាល់ថានៅលើដែនដីគោក រដ្ឋអធិបតេយ្យអាចកំណត់យុត្តាធិការរបស់ខ្លួនបាន ចំណែកសមុទ្ទ    ប្រៀបបានទៅនឹងខ្យល់ដែរ គឺជាសម្បត្តិរបស់មនុស្សជាតិទូទៅ។ មូលហេតុដែលខ្យល់ជាកម្មសិទ្ធិរួម ដោយសារមានហេតុផល ២យ៉ាង។ ទី១ គឺ មិនអាចយកមកធ្វើជាកម្មសិទ្ធិបាន និងទី២ គឺត្រូវបានគេប្រើជារួម សម្រាប់គ្រប់គ្នា។ ក្នុងហេតុផលដូចគ្នានេះដែរ សមុទ្ទគឺជាសម្បត្តិរួមរបស់មនុស្សទាំងអស់គ្នា ព្រោះគ្មានដែនកំណត់ និងមិនអាចក្លាយទៅជាកម្មសិទ្ធិនៃនរណាម្នាក់ឡើយ ហើយសមុទ្ទត្រូវបានប្រើប្រាស់សម្រាប់ទាំងអស់គ្នាដោយរួមបញ្ចូល​ទាំងសកម្មភាពនាវាចរណ៍ និងសកម្មភាពនេសាទផង។

ឆ្លើយតបនឹងGrotius អ្នកច្បាប់អង់គ្លេសម្នាក់ឈ្មោះ John Selden បានបដិសេធទ្រឹស្ដីនេះ នៅក្នុងសៀវភៅឈ្មោះ “សមុទ្ទបិទ-Mare Clausum” ថាសមុទ្ទអាចយកមកធ្វើជាទឹកដី (territorial territory) បានដោយអំណាចអធិបតេយ្យ (sovereign powers )។ លោក Seldenជំទាស់នឹងគំនិតរបស់លោក Grotius ដោយលើកឡើងថា មិនមានមូលដ្ឋានប្រវត្តិសាស្ត្រណាមួយដែលបញ្ជាក់ថា សមុទ្ទខុសពីដែនដីគោកឡើយ ហើយក៏មិនមានភស្ដុតាងបង្ហាញថារដ្ឋមិនអាចទទួលបានផ្នែកណាមួយ នៃសមុទ្ទមកជាកម្មសិទ្ធិឡើយ។

ដោយមានការកើនឡើងនូវប្រជាជាតិ ដែលចាប់ផ្ដើមពង្រីកវត្តមានកងទ័ពជើងទឹករបស់ខ្លួន លើពិភពលោក ការប៉ះទង្គិចលើការទាមទារកម្មសិទ្ធិលើដែនសមុទ្ទ មានចំនួនកាន់តែច្រើនឡើង។ ប្រការនេះបាន​នាំឱ្យរដ្ឋឆ្នេរសមុទ្ទចាត់វិធានការ និងកំណត់វិសាលភាពនៃយុត្តាធិការរបស់ពួកគេចំពោះសមុទ្ទចេញពីដែនដី។​ សិទ្ធិរបស់រដ្ឋ ត្រូវបានកំណត់នៅត្រឹមកម្រិតមួយចេញពីឆ្នេរ ជាទូទៅគឺ ៣ ម៉ៃល៍សមុទ្ទ[2] ដោយយោងទៅតាមការបាញ់កាំភ្លើងធំ (cannon shot) ដែលជាវិធានកំណត់ឡើងដោយអ្នកច្បាប់ជនជាតិហូឡង់ឈ្មោះ​Cornelius van Bynkershoek។ រាល់ដែនទឹកដែលស្ថិតនៅក្រៅព្រំដែនរបស់រដ្ឋត្រូវបានចាត់ទុកថា ជាដែនទឹកអន្តរជាតិ គឺសេរីសម្រាប់រាល់រដ្ឋទាំងអស់ ប៉ុន្តែមិនមែនជាកម្មសិទ្ធិរបស់ពួកគេឡើយ (គោលការណ៍សមុទ្ទបើក-mare liberum ដោយអ្នកច្បាប់ហូឡង់ ឈ្មោះHugo Grotius)។

នៅដើមសតវត្សរ៍ទី ២០ មានប្រជាជាតិមួយចំនួនបានបង្ហាញបំណងរបស់ខ្លួន ក្នុងការទាមទារសិទ្ធិលើធនធានរ៉ែ ការការពារជម្រកត្រី (fish stocks)និងផ្ដល់មធ្យោបាយសម្រាប់ការគ្រប់គ្រងកង្វក់​បរិស្ថាន​សមុទ្ទ នាំឱ្យគេរួមមតិគ្នាចងក្រងក្រមច្បាប់សមុទ្ទទំនើប ដោយចាប់ផ្ដើមពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៨២។

-ដំណើរការអភិវឌ្ឍនីតិសមុទ្ទទំនើប

ក្នុងប្រវត្តិសាស្ត្រទំនើបនៃការអភិវឌ្ឍនីតិសមុទ្ទ មានព្រឹត្តការណ៍សំខាន់ៗចំនួន៤ គឺ៖

  • សន្និសីទទីក្រុងហាគូស្ដីពីការចងក្រងច្បាប់អន្តរជាតិ ឆ្នាំ១៩៣០[3]
  • សន្និសីទអង្គការសហប្រជាជាតិលើកទី១ស្ដីពីច្បាប់សមុទ្ទ ឆ្នាំ១៩៥៨[4]
  • សន្និសីទអង្គការសហប្រជាជាតិលើកទី២ស្ដីពីច្បាប់សមុទ្ទ ឆ្នាំ១៩៦០[5] និង
  • សន្និសីទអង្គការសហប្រជាជាតិលើកទី៣ស្ដីពីច្បាប់សមុទ្ទ ឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៨២[6]

-សន្និសីទទីក្រុងហាគូ ស្ដីពីការចងក្រងច្បាប់អន្តរជាតិ ឆ្នាំ១៩៣០

កិច្ចចងក្រងជាលិខិតូបករណ៍អន្តរជាតិ ដែលពាក់ព័ន្ធនឹងនីតិសមុទ្ទទីមួយ គឺសន្និសីទទីក្រុងហាគូស្ដីពីការចងក្រងច្បាប់អន្តរជាតិ ឆ្នាំ១៩៣០។ ការធ្វើច្បាប់ចាប់ផ្ដើមឡើងនៅឆ្នាំ ១៩២៤ ដោយអង្គការសង្គមប្រជាជាតិ ដែលបានបង្កើតគណៈកម្មាធិការជំនាញនានា ដើម្បីធ្វើការងារចងក្រងច្បាប់អន្តរជាតិ។ ភារកិច្ចរបស់គណៈកម្មាធិការទាំងនេះ គឺត្រូវជ្រើសរើស និងបានលើកសំណើរៀបចំសន្និសីទមួយស្ដីពីការចងក្រងលិខិតូប-ករណ៍ លើមែកធាងមួយចំនួននៃវិស័យច្បាប់អន្តរជាតិ។

ការចងក្រង ត្រូវបានធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដូចជា សមាគមច្បាប់អន្តរជាតិ (International Law Association) វិទ្យាស្ថានច្បាប់អន្តរជាតិ (institut de droit international) និងសាលាច្បាប់ហាវើត (Harvard Law School)។[7]

សន្និសីទទីក្រុងហាគូស្ដីពីការចងក្រងច្បាប់អន្តរជាតិ ឆ្នាំ១៩៣០ ត្រូវបានធ្វើឡើងក្រោមការផ្ដួចផ្ដើមរបស់អង្គការសង្គមប្រជាជាតិ ពីថ្ងៃទី១៣ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ១៩៣០ ហើយមានរដ្ឋចំនួន៤៧ ចូលរួម។ សន្និសីទនេះ មានគោលបំណងចងក្រងជាលិខិតូបករណ៍នូវវិធាននានានៃច្បាប់អន្តរជាតិ។ សមិទ្ធផលចម្បងរបស់សន្និសីទនេះគឺបង្កើតបានជា “អនុសញ្ញាអន្តរជាតិស្ដីពីវិវាទនៃច្បាប់សញ្ជាតិ“។

សន្និសីទជាប្រវត្តិសាស្ត្រមួយនេះ បានធ្វើឡើងដោយផ្ដោតលើបញ្ហាសំខាន់ៗ ៣ គឺ៖

  • ច្បាប់សញ្ជាតិនៃរដ្ឋផ្សេងៗ
  • សមុទ្ទដែនដី
  • ទំនួលខុសត្រូវរបស់រដ្ឋលើការខូចខាតដោយការប្រព្រឹត្តក្នុងដែនដីរបស់ខ្លួនលើបុគ្គល ឬទ្រព្យសម្បត្តិរបស់ជនបរទេស។

សន្និសីទនេះ បានលើកឡើងបញ្ហាពីរ ទាក់ទងនឹងសមុទ្ទដែនដីមកពិភាក្សាគឺ សិទ្ធិរបស់រដ្ឋលើសមុទ្ទដែនដីដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន និងប្រវែងទទឹងសមុទ្ទដែនដី។

ទាក់ទងនឹងសិទ្ធិរបស់រដ្ឋឆ្នេរសមុទ្ទលើសមុទ្ទដែនដី មានរដ្ឋភាគច្រើនបានគាំទ្រលើគោលការណ៍ថា រដ្ឋឆ្នេរសមុទ្ទមានអធិបតេយ្យដែនដីលើសមុទ្ទដែនដី លើលម្ហអាកាសពីលើសមុទ្ទដែនដី បាតសមុទ្ទ និងស្រទាប់ក្រោមដីក្របដណ្ដប់ដោយទឹក ហើយក្នុងពេលជាមួយគ្នានេះ សិទ្ធិឆ្លងកាត់ដោយមិនបំពាននៃនាវាបរទេស ក្នុងសមុទ្ទដែនដី ត្រូវបានទទួលស្គាល់ជាទូទៅ ព្រោះជាភាពចាំបាច់នៃសេរីភាពនាវាចរណ៍។

ចំពោះបញ្ហាប្រវែងទទឹងសមុទ្ទដែនដីត្រូវបានយកមកពិភាក្សាដេញដោលយ៉ាងផុលផុសក្នុងសន្និសីទ​ឆ្នាំ១៩៣០។ មានការអនុវត្តផ្សេងៗគ្នាសំខាន់ពីរយ៉ាង ត្រូវបានលើកយកមកពិភាក្សាគឺ៖

ចំពោះវិធានបាញ់កំភ្លើងធំ គេកំណត់យកចម្ងាយបាញ់កាំភ្លើងចេញពីច្រាំងសមុទ្ទ។ វិធាននេះ ត្រូវបានអនុវត្តដោយរដ្ឋជាច្រើន នៅមហាសមុទ្ទមេឌីទែរ៉ានេ និងនៅហូឡង់ ក្នុងសម័យសង្គ្រាម។

ការអនុវត្តមួយដែលប្រើប្រាស់ដោយក្រុមប្រទេសស្កង់ឌីណាវី (Scandinavian) ដែលប្រវែងទទឹងសមុទ្ទដែនដី ត្រូវកំណត់ត្រឹម៣ ម៉ៃល៍សមុទ្ទ។ ការកំណត់យកប្រវែងទទឹង៣ ម៉ៃល៍សមុទ្ទនេះ ត្រូវបានប្រឆាំងយ៉ាងខ្លាំងនៅសន្និសីទទីក្រុងហាគូស្ដីពីការចងក្រងច្បាប់អន្តរជាតិឆ្នាំ១៩៣០។ខណៈពេលនោះដែរ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានអះអាងថាប្រវែងទទឹងនៃសមុទ្ទដែនដី គឺ៣ម៉ៃល៍សមុទ្ទ ហើយរដ្ឋឆ្នេរសមុទ្ទផ្សេងៗទៀត បានស្នើយកប្រវែងទទឹងផ្សេងៗគ្នាលើសពី ៣ម៉ៃល៍សមុទ្ទ។​

Scandinavian ឬស្កង់ឌីណាវី គឺជាក្រុមប្រទេសមួយនៅទ្វីបអឺរ៉ុបភាគខាងជើង ដែលរួមមាន ដាណឺម៉ាក ន័រវែសនិងស៊ុយអែត។ ពេលខ្លះ គេហៅក្រុមប្រទេសនេះថា ក្រុមភាសាស្កង់ឌីណាវី ឬក្រុមភាសាអាល្លឺម៉ង់ខាងជើង ដោយរួមមានភាសាដាណឺម៉ាក ភាសាន័រវែស និងភាសា​​ស៊ុយអែតនេះឯង។

ជារួមសន្និសីទឆ្នាំ១៩៣០ មិនបានបង្កើតក្រមច្បាប់អន្តរជាតិក្នុងវិស័ននីតិសមុទ្ទឡើយ ដោយសារថា សន្និសីទនេះមានរយៈពេលខ្លី និងមានរឿងចម្រូងសម្រាសជាច្រើនកើតឡើង ជាពិសេសទាក់ទងនឹងប្រវែងទទឹងសមុទ្ទដែនដី។ ថ្វីត្បិតតែមិនបានបង្កើតក្រមច្បាប់ក្ដី លទ្ធផលដែលបានពិភាក្សារួចក្នុងសន្និសីទនេះជាមូលដ្ឋានសម្រាប់ការបន្តដំណើរអភិវឌ្ឍនីតិសមុទ្ទនៅពេលក្រោយ ជាពិសេសក្នុងសន្និសីទឆ្នាំ១៩៥៨។

-សន្និសីទអង្គការសហប្រជាជាតិលើកទី១ ស្ដីពីនីតិសមុទ្ទ ឆ្នាំ១៩៥៨

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៥៨ សន្និសីទអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្ទត្រូវ​បានរៀបចំឡើង ព្រមទាំងបានអនុម័តអនុសញ្ញាចំនួន៤ និងពិធីសារមួយ នោះគឺ៖

  • អនុសញ្ញាស្ដីពីសមុទ្ទដែនដីនិងសមុទ្ទតភ្ជាប់ (The Convention on the Territorial Sea and the Contiguous Zone-CTSCZ)
  • អនុសញ្ញាស្ដីពីសមុទ្ទអន្តរជាតិ (The Convention on the High Seas-CHS)
  • អនុសញ្ញាស្ដីពីការនេសាទនិងការអភិរក្សធនធានមានជីវិតនៃសមុទ្ទអន្តរជាតិ (The Convention on Fishing and Conservation of the Living Resources of the High Seas-CFCLR)
  • អនុសញ្ញាស្ដីពីខ្ពង់រាបបាតសមុទ្ទ (The Convention on the Continental Shelf-CCS) និង
  • ធីសារបន្ថែមស្ដីពីការការដោះស្រាយវិវាទដោយបង្ខំ (The Optional Protocol of Signature concerning the Compulsory Settlement of Disputes)។

ក្រមច្បាប់ទាំងនេះ បានចូលជាធរមានតាមកាលបរិច្ឆេទដូចខាងក្រោម៖

  • អនុសញ្ញាស្ដីពីសមុទ្ទដែនដី និងសមុទ្ទតភ្ជាប់ ចូលជាធរមាននៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ១៩៦៤
  • អនុសញ្ញាស្ដីពីសមុទ្ទអន្តរជាតិ ចូលជាធរមាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦២
  • អនុសញ្ញាស្ដីពីការនេសាទនិងការអភិរក្សធនធានមានជីវិតនៃសមុទ្ទអន្តរជាតិ ចូលជាធរមាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ ១៩៦៦
  • អនុសញ្ញាស្ដីពីខ្ពង់រាបបាតសមុទ្ទ ចូលជាធរមាននៅថ្ងៃទី១០ មិថុនា ឆ្នាំ ១៩៦៤
  • ពិធីសារបន្ថែមស្ដីពីការដោះស្រាយវិវាទដោយបង្ខំ ចូលជាធរមាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦២។​

អនុសញ្ញានិងពិធីសារទាំងអស់ខាងលើ គឺជាសមិទ្ធផលនៃសន្និសីទរបស់អង្គការសហប្រជាជាតិជាលើកដំបូងក្នុងវិស័យនីតិសមុទ្ទ ដែលបានប្រព្រឹត្តទៅ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ១៩៥៨។ សមិទ្ធផលនេះ មានដំណែលមកពីសមិទ្ធផលនៃសន្និសីទទីក្រុងហាគូស្ដីពីការចងក្រងច្បាប់អន្តរជាតិ ដែលបានធ្វើឡើងនៅឆ្នាំ១៩៣០ ក្រោមការឧបត្ថម្ភរបស់អង្គការសមាគមប្រជាជាតិ។

ទោះបីជាមិនទាន់មានការព្រមព្រៀងគ្នាលើប្រវែងទទឹងនៃសមុទ្ទដែនដីក្ដី ប៉ុន្តែព័ត៌មានពាក់ព័ន្ធនឹងការចរចាត្រូវបានចុះក្នុងរបាយការណ៍ ដែលមានសេចក្ដីព្រាងចំនួន១៣ មាត្រា បង្ហាញអំពីសញ្ញានៃការ       ព្រមព្រៀងគ្នា ទៅលើទិដ្ឋភាពជាច្រើននៃប្រធានបទនេះ។

មាត្រាទាំងនេះ បានក្លាយជាមូលដ្ឋានសម្រាប់ការងារបន្ត។ នៅក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិនេះ គណៈកម្មាធិការច្បាប់អន្តរជាតិ (The International Law Commission-ILC) បានបង្ហាញតាំងពីពេលចាប់ផ្ដើមការងាររបស់ខ្លួននៅឆ្នាំ១៩៤៩ អំពីរបបនៃសមុទ្ទអន្តរជាតិ និងរបបនៃសមុទ្ទដែនដី ក្នុងចំណោមប្រធានបទ ដែលចាំបាច់ត្រូវចងក្រងជាលិខិតូបករណ៍នៃច្បាប់អន្តរជាតិ។ អ្នករាយការណ៍ពិសេសម្នាក់ ត្រូវបានចាត់តាំងដើម្បីធ្វើការរាយការណ៍លើទិដ្ឋភាពផ្សេងៗ នៃនីតិសមុទ្ទ។​

រហូតដល់ចុងបញ្ចប់ការងាររបស់ខ្លួន គណៈកម្មាធិការច្បាប់អន្តរជាតិ និងមហាសន្និបាត បានបង្កើតសេចក្ដីព្រាងមួយចំនួនពាក់ព័ន្ធនឹងនីតិសមុទ្ទនៅឆ្នាំ១៩៥៦។ នៅក្នុងរបាយការណ៍ចុងក្រោយ ដែលបានដាក់ជូន មហា សន្និបាតនាឆ្នាំ១៩៥៦ សេចក្ដីព្រាងគ្រប់មាត្រាត្រូវបានដាក់ចូលតាមលំដាប់លំដោយ។ របាយ-ការណ៍​ចុងក្រោយនេះ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សន្និសីទទីក្រុងវីយ៉ែនឆ្នាំ១៩៥៨។

សន្និសីទដែលមានបំណងពិនិត្យលើបញ្ហានីតិសមុទ្ទនេះបានយកចិត្តទុកដាក់ជាចម្បងមិនមែនតែលើបញ្ហាច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគេពិភាក្សាគ្នាផងដែរលើបញ្ហាបច្ចេកទេស ជីវសាស្ត្រ សេដ្ឋកិច្ច និងនយោបាយផងដែរ ហើយជាលទ្ធផលគេទទួលបានអនុសញ្ញាអន្តរជាតិមួយចំនួន ប៉ុន្តែមិនបានសម្រេចការបញ្ចូលបទដ្ឋាននីតិសមុទ្ទទៅក្នុងលិខិតូបករណ៍អន្តរជាតិតែមួយទេ។

នៅក្នុងសន្និសីទនេះ មានរដ្ឋចំនួន ៨៦ ចូលរួម ហើយបានរៀបចំជាគណៈកម្មការចំនួន៥ និងអង្គប្រជុំ ១ ហើយបានគោរពទៅតាមបញ្ញត្តិនីតិវិធីដែលស្រដៀងគ្នាទៅនឹង មហាសន្និបាតអង្គការសហប្រជាជាតិផងដែរ។ ហេតុនេះ នៅខណៈពេលដែលគណៈកម្មការនីមួយធ្វើការអនុម័តបទប្បញ្ញត្តិណាមួយ ដោយប្រើសំឡេងភាគច្រើន ៥០%+១ អង្គប្រជុំអនុម័តដោយប្រើសំឡេង២/៣ នៅពេលដែលបញ្ញត្តិនោះត្រូវ  អនុម័តដោយកិច្ចប្រជុំពេញអង្គ។ការយកសំឡេងដ៏ច្រើនបែបនេះ ជាហេតុនាំឱ្យសន្និសីទនេះមិនអាចសម្រេចបានលើប្រវែងទទឹងនៃសមុទ្ទដែនដី។ ទោះបីជា ការកំណត់ប្រវែងទទឹងសមុទ្ទដែនដីចំនួន ១២ ម៉ៃល៍សមុទ្ទ អាចទទួលបានការអនុម័តពីគណៈកម្មការក្ដី ប៉ុន្តែ មានការពិបាកក្នុងការទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គ។ នេះជាបញ្ហាចម្រូងចម្រាសមួយនៅក្នុងអនុសញ្ញាស្ដីពីសមុទ្ទដែនដី ឆ្នាំ ១៩៥៨។ កត្តាមួយដែលអនុសញ្ញានេះ បានចែងថាសមុទ្ទតភ្ជាប់មិនត្រូវលាតសន្ធឹងហួសពី ១២ ម៉ៃល៍សមុទ្ទ ចេញពីបន្ទាត់មូលដ្ឋាន ក៏ព្រោះតែគេមើលឃើញថា ការកំណត់យកប្រវែងទទឹងហួសពី ១២ ម៉ៃល៍សមុទ្ទ នឹងមិនអាចទទួលបានការ​អនុម័តយល់ព្រមឡើយ។

នៅក្នុងចំណោមសំណើជាច្រើន ដែលមានចាប់ពី៣ ម៉ៃល៍សមុទ្ទ រហូតដល់២០០ម៉ៃល៍សមុទ្ទ សំណើកំណត់យកសមុទ្ទដែនដី ៦ ម៉ៃល៍សមុទ្ទ និងបន្ថែមតំបន់នេសាទចំនួន ៦ ម៉ៃល៍សមុទ្ទ ទទួលបានការអនុម័ត   យល់ព្រមពីគណៈកម្មការ ប៉ុន្តែនៅពេលដែលឆ្លងកាត់កិច្ចប្រជុំពេញអង្គ មិនទទួលបានសំឡេងគ្រប់គ្រាន់ (២/៣)ឡើយ។

អនុសញ្ញាស្ដីពីសមុទ្ទដែនដី និងសមុទ្ទតភ្ជាប់ បានកំណត់នូវវិធានសំខាន់ៗ លើដែនសមុទ្ទទាំងពីរនេះ។ វិធានទាំងនោះ លើកឡើងជាពិសេសអំពីបន្ទាត់មូលដ្ឋាន ឆក ការកំណត់ព្រំដែនសមុទ្ទចំពោះរដ្ឋដែលមានឆ្នេរសមុទ្ទជាប់គ្នា ឬទល់មុខគ្នា ការឆ្លងកាត់ដោយមិនបំពាន និងបទប្បញ្ញត្តិអំពីសមុទ្ទតភ្ជាប់។

នៅក្នុងចំណោមវិធានដែលបានកំណត់ខាងលើ អ្វីដែលគេកត់សម្គាល់ថាមានបញ្ហាចម្រូងចម្រាសច្រើនជាងគេ គឺបញ្ហាពាក់ព័ន្ធនឹងមាត្រា ១៦ ដែលចែងពាក់ព័ន្ធនឹងសិទ្ធិឆ្លងកាត់ដោយមិនបំពាន។ កថាខណ្ឌទី៤ នៃមាត្រាខាងលើ បានកំណត់ថា៖

 “មិនត្រូវឃាត់ឡើយចំពោះ ការឆ្លងកាត់ដោយមិនបំពាន ដែលធ្វើដំណើរនៅក្នុងច្រកសមុទ្ទប្រើប្រាស់សម្រាប់នាវាចរណ៍អន្តរជាតិ ដែលភ្ជាប់ផ្នែកមួយទៅផ្នែកមួយទៀតនៃសមុទ្ទអន្តរជាតិ និងភ្ជាប់ទៅនឹងសមុទ្ទដែនដីរបស់រដ្ឋបរទេស”។[8]

ប៉ុន្តែមាត្រានេះ មិនបានកំណត់ឱ្យច្បាស់អំពីការឆ្លងកាត់ដោយមិនបំពានដោយនាវាចំបាំងនោះឡើយ ហេតុនេះ នាំឱ្យមានការយល់ជាទូទៅថា ការឆ្លងកាត់ដោយមិនបំពាននោះ គឺសម្រាប់គ្រប់នាវាទាំងអស់ រួមទាំងនាវាចម្បាំងផង។ ការណ៍នេះបណ្ដាលឱ្យរាល់រដ្ឋដែលចង់បានការជូនដំណឹងជាមុន និងត្រូវមានការអនុញ្ញាតពីរដ្ឋឆ្នេរសមុទ្ទ ទើបនាវាអាចឆ្លងកាត់បាន មិនបានគាំទ្រលើមាត្រានេះឡើយ។

អនុសញ្ញាស្ដីពីសមុទ្ទអន្តរជាតិ បានកំណត់សមុទ្ទអន្តរជាតិថាជាផ្នែកមួយនៃសមុទ្ទដែលមិនបញ្ចូលទៅក្នុងសមុទ្ទដែនដី និងដែនទឹកផ្ទៃក្នុងរបស់រដ្ឋ។ អនុសញ្ញានេះចែងពាក់ព័ន្ធជាពិសេសទៅនឹង សេរីភាពនៃសមុទ្ទអន្តរជាតិ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋម្ចាស់នាវាលើនាវា បញ្ហាប្លន់នាវា សិទ្ធិត្រួតពិនិត្យ (the right of visit) សិទ្ធិដេញចាប់ (hot pursuit) និងការដាក់ពង្រាយខ្សែកាប្លិ៍និងបំពង់ក្រោមបាតសមុទ្ទ។ អនុសញ្ញានេះ ក៏មានចែងពាក់ព័ន្ធនឹងកង្វក់ដោយការធ្លាយប្រេង និងសំណល់វិទ្យុសកម្មផងដែរ។​

អនុសញ្ញាស្ដីពីការនេសាទ និងការអភិរក្សធនធានមានជីវិតនៅក្នុងសមុទ្ទអន្តរជាតិ បានបញ្ញត្តិអំពីគោលការណ៍ និងយន្តការសម្រាប់ការគ្រប់គ្រងដោយសមស្របនៃការនេសាទ នៅក្នុងសមុទ្ទអន្តរជាតិ។ អនុសញ្ញានេះ ទទួចឱ្យមានការសហការរវាងរដ្ឋពាក់ព័ន្ធ ទទួលស្គាល់ផលប្រយោជន៍ពិសេសនៃរដ្ឋឆ្នេរសមុទ្ទ នៅពេលដែលការនេសាទនៅក្នុងសមុទ្ទអន្តរជាតិជាប់ទៅនឹងសមុទ្ទដែនដីរបស់ខ្លួន ព្រមទាំងបានចែងអំពីការដោះស្រាយវិវាទដោយបង្ខំ ចំពោះវិធានដែលបានបញ្ញត្តិផងដែរ។ បញ្ញត្តិមួយចំនួន មានភាពស្រដៀងគ្នាទៅនឹង បញ្ញត្តិដែលបានអនុម័តនៅឆ្នាំ១៩៩៥ ក្នុងកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្ដីពីជម្រកត្រី (United Nations Fish Stocks Agreement)។

នៅពេលនោះ អនុសញ្ញាស្ដីពីការនេសាទ និងការអភិរក្សធនធានមានជីវិតនៃសមុទ្ទអន្តរជាតិ មានបញ្ហាចម្រូងចម្រាសជាច្រើន ដែលជាហេតុនាំឱ្យមានការផ្ដល់សច្ចាប័ននិងចូលជាសមាជិកដ៏តិចតួច។ ម្យ៉ាងទៀត រដ្ឋជាច្រើនចង់បានការពង្រីកសិទ្ធិនេសាទផ្ដាច់មុខហួសពីសមុទ្ទដែនដី។

អនុសញ្ញាស្ដីពីខ្ពង់រាបបាតសមុទ្ទ បានបញ្ញត្តិអំពីវិធាន ដែនកំណត់ និងរបបនៃខ្ពង់រាបបាតសមុទ្ទ។ គោលគំនិតមូលដ្ឋាននៃ សិទ្ធិអធិបតេយ្យនៃរដ្ឋឆ្នេរសមុទ្ទ ពាក់ព័ន្ធនឹងធនធាននៃតំបន់បាតសមុទ្ទ ហួសពីដែនកំណត់ខាងក្រៅ (External Limits) នៃសមុទ្ទដែនដី បានបង្កើតឡើងនៅក្នុងការអនុវត្តរបស់រដ្ឋតាំងពីឆ្នាំ១៩៤៥។

សរុបមក សន្និសីទអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្ទឆ្នាំ១៩៥៨បានអនុម័តអនុសញ្ញានិងពិធីសារ សរុបទាំងអស់៥ក៏ពិតមែន ប៉ុន្តែអ្វីដែលជាបរាជ័យនោះគឺ មិនបានសម្រេចបំណងចងក្រងក្នុងលិខិតូបករណ៍តែមួយនូវវិធាននីតិសមុទ្ទ។ មូលហេតុនៃបរាជ័យនេះ គឺការមិនចុះសម្រុងគ្នាលើបញ្ហាជាច្រើនរួមមានប្រវែងទទឹងសមុទ្ទដែនដី សេរីភាពសមុទ្ទ (ការឆ្លងកាត់ដោយមិនបំពាន និងសេរីភាពដទៃទៀត) វិសាលភាពតំបន់នេសាទផ្ដាច់មុខ[9] បញ្ហាជាច្រើនទៀត។ មហាសន្និបាតអង្គការសហប្រជាជាតិ បានពិចារណាលើគន្លឹះដែលនាំឱ្យមានបញ្ហាមិនអាចដោះស្រាយ​បានទាំងនេះ ដាក់បញ្ចូលទៅក្នុងរបៀបវារៈសំខាន់ នៅក្នុងសន្និសីទលើកទី២ ស្ដីពីនីតិសមុទ្ទប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន ចាប់ពីថ្ងៃទី ១៧ ខែមីនា ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ   ១៩៦០។

-សន្និសីទអង្គការសហប្រជាជាតិលើកទី២ ស្ដីពីនីតិសមុទ្ទ ឆ្នាំ១៩៦០

បន្ទាប់ពីការអនុម័តអនុសញ្ញាមួយចំនួន ស្ដីពីនីតិសមុទ្ទតាមរយៈសន្និសីទលើកដំបូងរបស់អង្គការសហ​ប្រជាជាតិឆ្នាំ១៩៥៨ មហាសន្និបាតបានស្នើអគ្គលេខាធិការដ្ឋានឱ្យបើកសន្និសីទអង្គការសហប្រជាជាតិលើកទី២ ដើម្បីពិចារណាលើប្រធានបទពាក់ព័ន្ធនឹងប្រវែងទទឹងសមុទ្ទដែនដី និងដែនកំណត់នៃការនេសាទដែលមិនទាន់ទទួលបានការព្រមព្រៀងគ្នានោះ។[10] សន្និសីទនេះបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី ១៧ ខែមីនា រហូតដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ១៩៦០ ដោយមានតំណាងប្រទេសចំនួន ៨៨ ចូលរួម ក្នុងនោះក៏មានតំណាងពីកម្ពុជា ថៃ និងវៀតណាមចូលរួមផងដែរ។[11]

ក្រៅពីមានរដ្ឋទាំង៨៨ចូលរួម នៅក្នុងសន្និសីទលើកទី ២ នេះ ក៏មានការចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ពីសំណាក់អង្គការអន្តរជាតិមួយចំនួនផងដែរ ដូចជា អង្គការពលកម្មអន្តរជាតិ (ILO) អង្គការស្បៀងអាហារនិងកសិកម្ម (FAO) អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) អង្គការសុខភាពពិភពលោក (WHO) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការឧទុនិយមពិភពលោក (WMO) អង្កការពិគ្រោះយោបល់សមុទ្ទអន្តររដ្ឋាភិបាល (IMCO[12]) និងអង្គការផ្សេងៗទៀត។[13]

សន្និសីទខាងលើបានចេញសេចក្ដីសម្រេចចំនួនពីរ ប៉ុន្តែមិនមានអនុម័តអនុសញ្ញាអន្តរជាតិណាមួយឡើយ។[14] ចំណែកការសម្រេចលើប្រធានបទ ប្រវែងទទឹងសមុទ្ទដែនដី និងដែនកំណត់នៃការនេសាទ ត្រូវបានលើកទុកសម្រាប់ពិភាក្សាលើកក្រោយទៀត។ 

ជារួម សន្និសីទលើកទីពីរនេះមានរយៈពេលខ្លីជាងលើកទីមួយហើយលទ្ធផលក៏បានតិចតួចផងដែរ។ មិនតែប៉ុណ្ណោះ មានអ្នកនិពន្ធមួយចំនួនបានរិះគន់ថា សន្និសីទនេះមិនមានទទួលបានលទ្ធផលអ្វីសោះឡើយ ហើយក៏ជាបរាជ័យដ៏ជូរចត់ក្នុងបេសកកម្មតាក់តែងច្បាប់អន្តរជាតិផងដែរ។ ជាការពិតណាស់ វត្ថុបំណងសម្រេចបានការព្រមព្រៀងប្រវែងទទឹងសមុទ្ទដែនដី និងដែនកំណត់តំបន់នេសាទផ្ដាច់មុខមិនទទួលបានជោគជ័យឡើយ ក្នុងសន្និសីទនេះ។ ប៉ុន្តែ មិនមែនមានន័យថា សន្និសីទនេះគ្មានន័យអ្វីទាំងអស់សម្រាប់ការអភិវឌ្ឍនីតិសមុទ្ទឡើយ ព្រោះថា តាមរយៈការពិភាក្សាដេញដោលក្នុងសន្និសីទ និងបញ្ហាប្រឈមនានា នាំឱ្យគេអាចយកទៅពិចារណាបន្ត សម្រាប់ជាមូលដ្ឋានដែលអាចទទួលបានជោគជ័យក្នុងសន្និសីទលើកទី៣ ដែល​ប្រព្រឹត្តទៅពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ១៩៨២។

-សន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្ដីពីច្បាប់សមុទ្ទ ឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៨២

ក្រោយបទពិសោធបរាជ័យក្នុងសន្និសីទលើកទី១ និងលើកទី២ ដោយអង្គការសហប្រជាជាតិបានសិក្សាលទ្ធភាពរៀបចំសន្និសីទរយៈពេលវែងមួយ ក្នុងគោលបំណងសម្រេចបានជោគជ័យលើការតាក់តែងច្បាប់អន្តរជាតិក្នុងវិស័យសមុទ្ទ។ សន្និសីទទី៣នេះ បានដំណើរការរយៈពេលជិតមួយទសវត្ស គឺពីឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ១៩៨២ ដោយមាន ១៦០ រដ្ឋចូលរួម។

អនុលោមតាមសេចក្ដីសម្រេចលេខ ២៣៤០ (XXII) ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៦៧ មហាសន្និបាត បានបង្កើតគណៈកម្មាធិការពិសេស (Ad Hoc Committee) ដើម្បីសិក្សាលើការប្រើប្រាស់បាតសមុទ្ទនិងមហាសមុទ្ទ (the Sea-Bed and the Ocean Floor) ដែលលាតសន្ធឹងហួសពីដែនកំណត់ នៃយុត្តាធិការជាតិប្រកបដោយសន្តិភាព ដែលគណៈកម្មាធិការពិសេសនេះ មាន ៣៦ រដ្ឋជាសមាជិក។ គណៈកម្មាធិការពិសេសនេះបានប្រជុំចំនួន ៣ ដងក្នុងឆ្នាំ ១៩៦៨ និងបានធ្វើបទបង្ហាញអំពីការសិក្សារបស់ខ្លួន នៅចំពោះមុខមហាសន្និបាត នៅក្នុងកិច្ចប្រជុំលើកទី ២៣ នៅឆ្នាំ ១៩៦៨។

មហាសន្និបាត បានអនុម័តសេចក្ដីសម្រេចលេខ២៤៦៧A (XXIII) ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៦៨ ដោយសម្រេចបង្កើតគណៈកម្មាធិការស្ដីពីការប្រើប្រាស់បាតសមុទ្ទនិងមហាសមុទ្ទ (the Sea-Bed and the Ocean Floor) ដែលហួសពីដែនកំណត់នៃយុត្តាធិការជាតិប្រកបដោយសន្តិភាព ដែលមានចំនួន ៤២ រដ្ឋជាសមាជិក។

បន្ទាប់មក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧០ មហាសន្និបាតបានចេញសេចក្ដីសម្រេចលេខ ២៧៥០C (XXV) បង្កើតសន្និសីទលើកទី ៣ ស្ដីពីច្បាប់សមុទ្ទនៅឆ្នាំ១៩៧៣ ហើយបានបង្គាប់ឱ្យគណៈកម្មាធិការពិសេសសិក្សាលើការប្រើប្រាស់បាតសមុទ្ទ និងមហាសមុទ្ទ ជាអ្នករៀបចំសន្និសីទនេះ។ គណៈកម្មាធិការនេះ បានរៀបចំសម័យប្រជុំចំនួន៦ដង និងមានកិច្ចប្រជុំបន្ថែមជាច្រើនទៀតនៅទីក្រុងញូយ៉ក និងទីក្រុងហ្សឺណែវរវាងឆ្នាំ១៩៧១ និងឆ្នាំ១៩៧៣។ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ដោយបានពិចារណាលើរបាយការណ៍ការងាររបស់គណៈកម្មាធិការក្នុងកំឡុងសម័យប្រជុំឆ្នាំ១៩៧២មហាសន្និបាតបានស្នើទៅអគ្គលេខាធិការដ្ឋាន ឱ្យរៀបចំសម័យប្រជុំលើកទី១ នៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទ នៅឆ្នាំ ១៩៧៣ ដើម្បីដោះស្រាយលើការរៀបចំអង្គការ និងសម័យប្រជុំលើកទី២ នៅឆ្នាំ១៩៧៤ និងសម័យប្រជុំផ្សេងៗទៀត ក្នុងករណីចាំបាច់ ដើម្បីដោះស្រាយលើការងារជាសារធាតុ (សេចក្ដីសម្រេចលេខ ៣០២៩ (XXVII))។

មហាសន្និបាតបានស្នើទៅអគ្គលេខាធិការដ្ឋាន ឱ្យអញ្ជើញរដ្ឋទាំងអស់មកចូលរួមសន្នសីទ និងសម្រេចចិត្តថាអាណត្តិនៃសន្និសីទនេះ គឺដើម្បីអនុម័តអនុសញ្ញាស្ដីពីនីតិសមុទ្ទ (សេចក្ដីសម្រេចលេខ ៣០៦៧ (XXVIII) ចុះថ្ងៃទី១៦ វិច្ឆកា ឆ្នាំ១៩៧៣)។

នៅសម័យប្រជុំលើកទី២ សន្និសីទ បានសម្រេចសមត្ថកិច្ចរបស់គណៈកម្មាធិការចម្បងទាំង៣ ដោយគណៈកម្មាធិការទី១ បានទទួលកិច្ចការពាក់ព័ន្ធនឹងប្រធានបទ “របបនៃបាតសមុទ្ទនិងមហាសមុទ្ទដែលហួសពីដែនកំណត់នៃយុត្តាធិការជាតិ” រីឯគណៈកម្មាធិការទី២ បានទទួលកិច្ចការពាក់ព័ន្ធនឹងប្រធានបទ “សមុទ្ទដែនដី សមុទ្ទតភ្ជាប់ ខ្ពង់រាបបាតសមុទ្ទ តំបន់សេដ្ឋកិច្ចផ្ដាច់មុខ សមុទ្ទអន្តរជាតិ រដ្ឋមិនជាប់ដែនសមុទ្ទ រដ្ឋដែលមានរាងតូចចង្អៀត មានឆ្នេរសមុទ្ទខ្លី និងបញ្ហាពាក់ព័ន្ធដទៃទៀត” ចំណែកគណៈកម្មាធិការទី៣ ទទួលកិច្ចការពាក់ព័ន្ធនឹង “ការអភិរក្សបរិស្ថានសមុទ្ទ”។

តាមរយៈសន្និសីទដ៏វែងអន្លាយខាងលើ ប្រជាជាតិទាំង១៦០ប្រទេស បានអនុម័តអនុសញ្ញាសហប្រជាជាតិស្ដីពីនីតិសមុទ្ទ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២។ អនុសញ្ញានេះមានចំនួន៣២០មាត្រា និងមានឧបសម្ព័ន្ធចំនួន៩។ រយៈពេល ១២ខែក្រោយមក អនុសញ្ញានេះ បានចូលជាធរមាន បន្ទាប់ពីការតម្កល់លិខិ-តូបករណ៍សច្ចាប័នទី ៦០ នៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ១៩៩៤។

ប្រទេសទី ៦០ ដែលបានផ្ដល់សច្ចាប័ន លើអនុសញ្ញានេះ គឺ គូយ៉ាណា (Guyana) ដែលបានផ្ដល់សច្ចាប័ននៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣។

កិច្ចព្រមព្រៀងស្ដីពីការអនុវត្តផ្នែកទី១១ នៃអនុសញ្ញានេះ បានចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៦ នៅរយៈពេល ៣០ ថ្ងៃក្រោយការតម្កល់លិខិតូបករណ៍សច្ចាប័នទី ៤០។គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ អនុសញ្ញានេះ មានរដ្ឋចំនួន ១៦៨ ជាភាគី រួមទាំងសហភាពអឺរ៉ុបផងដែរ[15]។ កម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ១៩៨៣ ប៉ុន្តែមិនទាន់បានផ្ដល់សច្ចាប័ននៅឡើយ។ 

អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្ទ ឆ្នាំ១៩៨២ ត្រូវបានគេចាត់ទុកថាជា “ធម្មនុញ្ញមហាសមុទ្ទ[16]” ហើយជាតំណាងឱ្យលទ្ធផលដែលមិនធ្លាប់មានពីមុនមក ដោយការខិតខំប្រឹងប្រែងចងក្រង និងជាសមិទ្ធផលនៃការអភិវឌ្ឍច្បាប់អន្តរជាតិ។ អត្ថបទដែលមាន៣២០មាត្រា និងឧបសម្ព័ន្ធចំនួន៩ គឺជាផលិតផល និងជាភាពជោគជ័យមួយរបស់បណ្ដារដ្ឋទាំងឡាយ ក្រោមក្របខណ្ឌអង្គការសហប្រជាតិ។

ដំណើរការជាមួយមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានចាប់ផ្ដើមនៅឆ្នាំ១៩៦៧ ជាមួយនឹងសន្ទរកថាដ៏ល្បីល្បាញរបស់លោកអាវីឌ ប៉ាដូ ឯកអគ្គរដ្ឋទូតរបស់ប្រទេសម៉ាល់តា។ សន្ទរកថានោះ ផ្ដោតសំខាន់លើ ធនធានរ៉ែក្រោមបាតសមុទ្ទ ហួសពីដែនកំណត់នៃយុត្តាធិការជាតិ ជាពិសេសដុំប៉ូលីមេតាលីក[17] ដែលរកឃើញនៅក្នុងបាតជ្រៅនៃសមុទ្ទ ហើយអ្នករកឃើញវត្ថុនេះបានសន្និដ្ឋានថាវានឹងអាចជួយដល់ប្រយោជន៍​សេដ្ឋកិច្ចជាពិសេស។

អនុសញ្ញាដែលគេហៅថាជាធម្មនុញ្ញមហាសមុទ្ទមួយនេះ ចែកចេញជា ១៧ ជំពូក និងមានឧបសម្ព័ន្ធចំនួន៩ និងមានខ្លឹមសារសង្ខេបខ្លីដូចខាងក្រោម៖

  • ជំពូកទី១ ដល់១១ ពាក់ព័ន្ធនឹងតំបន់សមុទ្ទ និងបញ្ហាពាក់ព័ន្ធផ្សេងៗដែលមានដូចជា៖ ដែនទឹកផ្ទៃក្នុង បន្ទាត់មូលដ្ឋាន សមុទ្ទដែនដី សមុទ្ទតភ្ជាប់ ច្រកសមុទ្ទដែលប្រើប្រាស់សម្រាប់នាវាចរណ៍អន្តរជាតិ ដែនទឹកប្រជុំកោះ តំបន់សេដ្ឋកិច្ចផ្ដាច់មុខ ខ្ពង់រាបបាតសមុទ្ទ សមុទ្ទអន្តរជាតិ តំបន់បាតសមុទ្ទអន្តរជាតិ បទប្បញ្ញត្តិពិសេសស្ដីពីរបបនៃកោះ សមុទ្ទពាក់កណ្ដាលបិទជិត (semi-enclosed seas) និងការកំណត់ព្រំដែនសមុទ្ទ។
  • ជំពូកទី១២ ដល់ទី ១៤ ពាក់ព័ន្ធនឹងសកម្មភាពសមុទ្ទ និងបញ្ហានៅគ្រប់វិស័យ ដូចជា ការការពារបរិស្ថានសមុទ្ទ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍ និងបច្ចេកវិទ្យាសមុទ្ទ។
  • ជំពូកទី១៥ (និងឧបសម្ព័ន្ធទី៥ ដល់ឧបសម្ព័ន្ធទី ៨) ចែងពាក់ព័ន្ធនឹងការដោះស្រាយវិវាទដែនសមុទ្ទ។
  • ជំពូកទី១៦ ចែងអំពីបទប្បញ្ញត្តិទូទៅ ចំណែកឯជំពូកទីទី១៧ ចែងអំពីអវសានប្បញ្ញត្តិ។

សរុបមក សន្និសីទអង្គការសហប្រជាជាតិស្ដីពីនីតសមុទ្ទលើកទី៣ គឺជាដំណើរការអភិវឌ្ឍនីតិសមុទ្ទទំនើបសំខាន់ជាលើកណាទាំងអស់ដែលធ្លាប់មានពីមុនមក ព្រោះវាបានចងក្រងនីតិសមុទ្ទនៅក្នុងក្រមច្បាប់អន្តរជាតិតែមួយ ដែលក្រមច្បាប់ទំនើបនោះត្រូវបានបញ្ញវន្តនីតិអន្តរជាតិនៃប្រជាជាតិនានាទទួលស្គាល់ថាជាធម្មនុញ្ញមហាសមុទ្ទ។


[1] បច្ចុប្បន្ន សិទ្ធិឆ្លងកាត់ដោយមិនបំពាន់ មានចែងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទ ឆ្នាំ ១៩៨២ ដែលអនុញ្ញាតឱ្យនាវាបរទេសឆ្លងកាត់សមុទ្ទដែនដីរបស់រដ្ឋឆ្នេរសមុទ្ទ ដោយមិនបង្កជាទុក្ខទោសដល់រដ្ឋនោះ។

[2] ១ ម៉ៃល៍សមុទ្ទ=១.១៥០៨ ម៉ៃល៍ដីគោក=១.៨៥២គីឡូម៉ែត្រ ( ១ម៉ៃល៍ដីគោក= ១.៦០៩៣៤គីឡូម៉ែត្រ )។

[3] League of Nations Codification Conference, 1930.

[4] First United Nations Conference on the Law of the Sea, 1958.

[5] Second United Nations Conference on the Law of the Sea, 1960.

[6] Third United Nations Conference on the Law of the Sea, 1973-1982.

[7] Yoshifumi Tanaka, The International Law of the Sea (Tanaka), Cambridge: Cambridge University Press, 2012, p. 22.

[8] Convention on the Territorial Sea and the Contiguous Zone (CTSCZ), 1958, Art.16 (4).

[9] តាមរយ:សន្និសីទលើកទី៣ គេបង្កើតគោលគំនិតនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ២០០ ម៉ៃល៍សមុទ្ទជំនួសតំបន់នេសាទផ្ដាច់មុខ។

[10] Resolution 1307 (XIII) of 10 December 1958.

[11] Final Act of the Second United Nations Conference on the Law of the Sea (Final Act), OCUMENT A/CONF.19/L.15f, 26 April 1960, Para. 2 and 3.

[12] ចាប់ពីឆ្នាំ១៩៨២មក អង្គការបានដូរឈ្មោះមកជា “អង្គការសមុទ្ទអន្តរជាតិ (IMO)” វិញ ។

[13] Final Act of the Second United Nations Conference on the Law of the Sea (Final Act), OCUMENT A/CONF.19/L.15f, 26 April 1960, Para. 4 and 5.

[14] Ibid, Para.13.

[15]United Nations, Treaty Collection, Status of Treaties, United Nations Convention on the Law of the Sea, Montego Bay, 10 December 1982: available at: https://treaties.un.org/pages/ViewDetailsIII.aspx?src=TREATY&mtdsg_no=XXI-6&chapter=21&Temp=mtdsg3&clang=_en,  accessed on December 7, 2020.

[16] constitution of the oceans.

[17] Polymetallic.