អនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ១៩៦៩ស្តីពីច្បាប់សន្ធិសញ្ញាបានកំណត់ថា “សន្ធិសញ្ញាគឺជាកិច្ចព្រមព្រៀងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ក្នុងទម្រង់ជាលាយលក្ខណ៍អក្សរ គ្រប់គ្រងដោយច្បាប់អន្តរជាតិ និងធ្វើឡើងដោយលិខិតូបករណ៍តែមួយ ឬច្រើនរួមបញ្ចូលគ្នា ទោះបីជាដាក់ឈ្មោះបែបណាក៏ដោយ”[1]។ សន្ធិសញ្ញាអន្តរជាតិ អាចកើតឡើងរវាងតួអង្គនៃនីតិអន្តរជាតិពោលគឺ រវាងរដ្ឋនិងរដ្ឋ រវាងរដ្ឋនិងអង្គការអន្តរជាតិ ឬរវាងអង្គការអន្តរជាតិនិងអង្គការអន្តរជាតិផងដែរ។ អនុសញ្ញាទីក្រុងវីយ៉ែនចុះថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៨៦ មានចែងពាក់ព័ន្ធនឹងសន្ធិសញ្ញារវាងរដ្ឋនិងអង្គការអន្តជាតិ ឬរវាងអង្គការអន្តរជាតិនិងអង្គការអន្តរជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ អនុសញ្ញានេះមិនទាន់ចូលជាធរមាននៅឡើយទេ។ សន្ធិសញ្ញាត្រូវបានគេហៅឈ្មោះផ្សេងៗគ្នាទៅតាមការប្រើប្រាស់ដូចជាអនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ កតិកាសញ្ញា ធម្មនុញ្ញ លក្ខន្តិកៈ សេចក្តីប្រកាស អនុស្សារណៈយោគយល់ កំណត់ហេតុព្រមព្រៀង…។ ទោះបីជាមានការប្រើប្រាស់ឈ្មោះផ្សេងៗគ្នាក្តី ប៉ុន្តែអានុភាពគតិយុត្តចំពោះរដ្ឋភាគី គឺមិនខុសគ្នាឡើយ។ សន្ធិសញ្ញាអាចបែងចែកជាពីរប្រភេទធំៗគឺ សន្ធិសញ្ញាបង្កើតវិធានច្បាប់ ដែលមានគោលគំនិតក្នុងការភ្ជាប់ទំនាក់ទំនងជាសាកល ឬជាទូទៅ និង សន្ធិសញ្ញាដែលមានទម្រង់ជាកិច្ចសន្យា ដែលមានអានុភាពអនុវត្តចំពោះតែរដ្ឋពីរ ឬរដ្ឋមួយចំនួនតូចប៉ុណ្ណោះ។[2]

មាត្រា៣៨ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ បានប្រើពាក្យថា “អនុសញ្ញាអន្តរជាតិ” សំដៅដល់សន្ធិសញ្ញា បើទោះបីជាសន្ធិសញ្ញានោះមានលក្ខណៈទូទៅ ឬមានលក្ខណៈជាទ្វេភាគីក្ដី តុលាការនឹងអនុវត្តដើម្បីដោះស្រាយវិវាទដែលបានដាក់ជូន។ មាត្រាខាងលើបានបែងចែកសន្ធិសញ្ញាជាពីរប្រភេទ គឺសន្ធិសញ្ញាទូទៅ និងសន្ធិសញ្ញាពិសេស។ សន្ធិសញ្ញាទូទៅក្នុងមាត្រានេះ សំដៅដល់សន្ធិសញ្ញាដែលយើងអាចហៅម្យ៉ាងទៀតថាសន្ធិសញ្ញាបង្កើតវិធានច្បាប់ ដែលត្រូវអនុវត្តជាសាកល និងបង្កើតជាប្រភពចម្បងនៃនីតិអន្តរជាតិ។ ចំណែកសន្ធិសញ្ញាពិសេស សំដៅដល់សន្ធិសញ្ញាដែលប្រៀបបានដូចជាកិច្ចសន្យារវាងរដ្ឋភាគីជាក់លាក់ ដែលការអនុវត្តវិធាននៃសន្ធិសញ្ញានោះត្រូវកម្រិតចំពោះតែរដ្ឋពីរ ឬរដ្ឋចំនួនតិចប៉ុណ្ណោះ (សន្ធិសញ្ញាទ្វេភាគី ត្រីភាគី ឬចតុភាគី)។ សន្ធិសញ្ញាប្រភេទនេះមិនបង្កើតបានជាវិធានច្បាប់ថ្មីនៃនីតិអន្តរជាតិសាធារណៈឡើយ ប៉ុន្តែក្នុងករណីខ្លះ នៅពេលដែលរដ្ឋជាច្រើនបានទទួលស្គាលវិធានច្បាប់ថ្មីដែលមានចែងក្នុងសន្ធិសញ្ញានោះ វិធាននោះអាចនឹងក្លាយជាផ្នែកមួយនៃនីតិអន្តរជាតិសាធារណៈ។

ចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី១៩ សន្ធិសញ្ញាបង្កើតច្បាប់បានកើតឡើងជាច្រើន។ កំណើននៃសន្ធិសញ្ញាប្រភេទនេះ គឺដោយសារតែកង្វះខាតនៃច្បាប់ទំនៀមទម្លាប់អន្តរជាតិក្នុងការបំពេញតម្រូវការបន្ទាន់ដែលកើតឡើងពីការអភិវឌ្ឍជាបន្តបន្ទាប់នៃសហគមន៍អន្តរជាតិ។ សន្ធិសញ្ញាបង្កើតច្បាប់ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់ទាក់ទងនឹងសហគមន៍អន្តរជាតិ។ សន្ធិសញ្ញាទាំងនោះមានដូចជា៖

  • ធម្មនុញ្ញអង្គការសហប្រជាជាតិឆ្នាំ១៩៤៥
  • អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ទាំង៤ ពាក់ព័ន្ធនឹងសង្គ្រាម
  • អនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ១៩៦១ ស្ដីបីទំនាក់ទំនងការទូត
  • កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦
  • អនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីច្បាប់សន្ធិសញ្ញា ឆ្នាំ១៩៦៩ និង
  • អនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទឆ្នាំ១៩៨២។

សន្ធិសញ្ញា គឺជាមធ្យោបាយបង្កើតវិធានច្បាប់ដែលមានភាពជឿនលឿន និងឆាប់រហ័សជាងដំណើរការនៃការបង្កើតច្បាប់តាមរយៈទំនៀមទម្លាប់អន្តរជាតិ។


[1] Vienna Convention on the Law of Treaties (VCLT), 1969, Art.2(1).

[2] Shaw, M., International Law (Shaw), Cambridge: Cambridge University Press, 2008, p.94.