តាមមាត្រា ៣៨ (១) នៃលក្ខន្តិកៈតុលាការអន្តរជាតិ គោលការណ៍ទូទៅនៃនីតិដែលអាចឲ្យតុលាការយកមកពិចារណាបាន ទាល់តែជាគោលការណ៍ដែលមានការទទួលស្គាល់ដោយប្រជាជាតិទំនើប។ គោលការណ៍ទូទៅនៃនីតិអាចមានប្រភពចេញពីច្បាប់ជាតិណាមួយ ហើយបំប្លែងខ្លួនទៅជាគោលការណ៍នៅក្នុងច្បាប់អន្តរជាតិ។

ជាក់ស្ដែងគោលការណ៍សុឆន្ទៈ (Principle of good faith) គឺជាគោលការណ៍នៅក្នុងនីតិកិច្ចសន្យា និងបានក្លាយជាគោលការណ៍ក្នុងនីតិអន្តរជាតិ ព្រមទាំងត្រូវបានយកមកចែងក្នុងអនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីច្បាប់សន្ធិសញ្ញាឆ្នាំ១៩៦៩ ត្រង់​មាត្រា ២៦[1]។ គោលការណ៍សុឆន្ទៈ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិលើកយកមកសំអាងនៅក្នុងរឿងជាច្រើន។​ ជាក់ស្ដែង ក្នុងរឿងសាកល្បងអាវុធនុយក្លេអ៊ែរឆ្នាំ១៩៧៤ តុលាការបានលើកឡើងថា “ក្នុងចំណោមគោលការណ៍នានា គោលការណ៍មូលដ្ឋានមួយដែលគ្រប់គ្រងការបង្កើត និងការអនុវត្តកាតព្វកិច្ច…គឺគោលការណ៍សុឆន្ទៈ[2]”។

ក្រៅពីគោលការណ៍​សុឆន្ទៈ យើងឃើញមានគោលការណ៍ផ្សេងៗទៀតគឺគោលការណ៍សមធម៌ គោលការណ៍ថ្លោះសិទ្ធិ(estoppel) គោលការណ៍អាជ្ញាអស់ជំនុំ (res judicata) ជាដើមដែលប្រើប្រាស់នៅក្នុងច្បាប់ជាតិនៃប្រជាជាតិជាច្រើន ហើយក៏មានប្រើប្រាស់នៅក្នុងនីតិអន្តរជាតិផងដែរ។   

ជាទូទៅ នៅពេលដែលតុលាការរកមិនឃើញថា មិនមានបញ្ញត្តិចែងដោយសន្ធិសញ្ញា ឬមិនមានច្បាប់ទំនៀមទម្លាប់អន្តរជាតិអាចអនុវត្តបាននៅក្នុងរឿងណាមួយ តុលាការអាចងាកមកមើលគោលការណ៍ទូទៅនៃនីតិ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទក្នុងរឿងនោះ។ នៅក្នុងដំណើរការទូទៅនៃការដោះស្រាយវិវាទអន្តរជាតិ ដំបូងបំផុត តុលាការត្រូវបកស្រាយបញ្ញត្តិមានស្រាប់ដែលអាចអនុវត្តបានចំពោះភាគីដូចជាសន្ធិសញ្ញាពហុភាគី ឬទ្វេភាគី ឬលិខិតូបករណ៍ជាលាយលក្ខណ៍អក្សរដែលមានពីមុនបង្ហាញពីគោលជំហររបស់ភាគីវិវាទ។

ក្នុងករណីដែលមិនមានចែងក្នុងសន្ធិសញ្ញា ឬលិខិតូបករណ៍ដូចបញ្ជាក់ខាងលើទេ តុលាការនឹងងាកទៅរកច្បាប់ទំនៀមទម្លាប់អន្តរជាតិ ដែលអាចអនុវត្តបានចំពោះភាគីវិញ។ ប៉ុន្តែ ប្រសិនបើនៅក្នុងស្ថានភាពមួយដែលមិនមានសន្ធិសញ្ញា ឬច្បាប់ទំនៀមទម្លាប់អន្តរជាតិណាមួយអាចអនុវត្តបានចំពោះវិវាទនោះ ប្រាកដ​ណាស់ថា តុលាការមិនអាចមិនដោះស្រាយរឿងនោះបានទេ គឺត្រូវតែដោះស្រាយដោយងាកទៅរកគោលការណ៍ទូទៅនានានៃនីតិដែលអាចអនុវត្តក្នុងដំណោះស្រាយរឿងនោះ។   

ប្រព័ន្ធច្បាប់នៅក្នុងពិភពលោករួមមានអាមេរិកឡាទីន បណ្ដាប្រទេសអ៊ីស្លាមសាសនិក បណ្ដាប្រទេសអាហ្រិក ប្រទេសដែលធ្លាប់ស្ថិតក្នុងអតីតប្លុកសូវៀត ឥណ្ឌា ចិន និងជប៉ុនមានឥទ្ធិពលយ៉ាងខ្លាំងដោយសារការអភិវឌ្ឍជឿនលឿននៃប្រជាជាតិទាំងនោះ មិនថាពួកគេប្រកាន់ប្រព័ន្ធច្បាប់កុំមុនឡ (Common Law) ឬស៊ីវិលឡ (Civil Law) ​ឡើយ។[3] មានគោលការណ៍នីតិជាច្រើនបានក្លាយជាគោលការណ៍រួមសម្រាប់ប្រព័ន្ធច្បាប់ទាំងនេះ ហើយប្រព័ន្ធច្បាប់ទាំងនេះ (កុំមុនឡ និងស៊ីវិលឡ) បានផ្ដល់នូវក្របខណ្ឌមូលដ្ឋានយ៉ាងច្រើនសម្រាប់គោលការណ៍ទូទៅនៃនីតិដែលបំពេញកង្វះខាតក្នុងនីតិអន្តរជាតិ។


[1] Article 26 of VCLT 1969: Every treaty in force is binding upon the parties to it and must be performed by them in good faith.

[2] Nuclear Tests Case (Australia V. France), ICJ Judgement of 20 December 1974, Para 46. 

[3] C. Wilfred Jenks, The Common Law of Mankind (Wilfred), London Institute of World Affairs, 1958.