១. អំពីច្បាប់នេះ
ច្បាប់ស្ដីពីអស្សាមិករណ៍ ត្រូវបានប្រកាសឱ្យប្រើជាការប្រញាប់ តាមរយៈព្រះរាជក្រមលេខ នស/រកម/០២១០/០០៣ ចុះថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១០ ក្នុងគោលដៅ កំណត់អំពីអស្សាមិករណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ពីគោលការណ៍ យន្តការ នីតិវិធីនៃអស្សាមិករណ៍ និងសំណងឱ្យបានសមរម្យ និងយុត្តិធម៌ សម្រាប់គម្រោងស្ថាបនា ស្ដារ និងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ បម្រើឱ្យផលប្រយោជន៍សាធារណៈ ផលប្រយោជន៍ជាតិ និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ដែលមាន៨ជំពូក និង៣៩មាត្រានេះ មានគោលបំណងដូចខាងក្រោម៖
- ធានាការដកសិទ្ធិស្របច្បាប់លើកម្មសិទ្ធិឯកជនដោយសមរម្យ និងយុត្តិធម៌
- ធានាការទូទាត់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌
- បម្រើផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិ
- ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។
២. អំពីវាក្យសព្ទគន្លឹះ
ច្បាប់ខាងលើផ្ដល់និយមន័យលើវាក្យសព្ទសំខាន់ៗដូចខាងក្រោម៖
អស្សាមិករណ៍ សំដៅដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ ឬសិទ្ធិប្រត្យក្សលើអចលនវត្ថុរបស់រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ រួមមានដី សំណង់ និងដំណាំដាំដុះសម្រាប់បម្រើការស្ថាបនា ស្ដារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈដែលបម្រើប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិ ព្រមទាំងផ្ដល់នូវសំណងជាមុនដោយសមរម្យ និងយុត្តិធម៌។
ម្ចាស់អចលនវត្ថុ និង/ឬម្ចាស់សិទ្ធិ សំដៅដល់រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ រួមមានកម្មសិទ្ធិករ ភោគី និងអ្នកមានសិទ្ធិទាំងឡាយនៅលើទីតាំងដីដែលជាអ្នកទទួលរងនូវផលប៉ះពាល់ដោយសារគម្រោងអស្សាមិករណ៍។
ផលប្រយោជន៍សាធារណៈ ឬទូទៅ សំដៅដល់ការប្រើប្រាស់ដី ឬទ្រព្យសម្បត្តិដោយសាធារណជនទូទៅ ឬដោយទីភ្នាក់ងារ ឬស្ថាប័នរដ្ឋ ឬសាធារណៈ។
តម្រូវការនៃផលប្រយោជន៍ជាតិ សំដៅដល់សកម្មភាព ឬគម្រោងមានជាអាទិ៍៖
- ការសាងសង់ ស្ដារ ថែទាំ ឬពង្រីកសំណង់ចាំបាច់ដល់កិច្ចការពារជាតិ ឬការពារសន្តិសុខ
- ការកាន់កាប់ដី ឬទ្រព្យសម្បត្តិ ដើម្បីអនុវត្តជាក់ស្ដែងនយោបាយការពារបូរណភាពទឹកដី។
អ្នកអនុវត្តគម្រោង សំដៅដល់រដ្ឋ សហគ្រាស និងគ្រឹះស្ថានសាធារណៈ អ្នកម៉ៅការ ឬវិនិយោគិន។
ភតិកៈ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលសិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់លើអចលនវត្ថុពីម្ចាស់អចលនវត្ថុ។
បុគ្គលដែលធ្វើការរារាំង សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលឯកជនទាំងឡាយណាដែលជាមេក្លោង ឬអ្នកសមគំនិត អ្នកញុះញង់ ដែលធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោល ដោយគំនិតទុច្ចរិត ក្នុងគោលដៅធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការអនុវត្តសេចក្ដីសម្រេចអស្សាមិករណ៍។
៣. អំពីអស្សាមិករណ៍
ដូចជម្រាបជូនខាងលើ អស្សាមិករណ៍គឺជាការដកហូតកម្មសិទ្ធិលើអចលនវត្ថុ ឬសិទ្ធិប្រត្យក្សលើអចលនវត្ថុរបស់រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ រួមមានដី សំណង់ និងដំណាំដាំដុះសម្រាប់បម្រើការស្ថាបនា ស្ដារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈដែលបម្រើប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិ ព្រមទាំងផ្ដល់នូវសំណងជាមុនដោយសមរម្យ និងយុត្តិធម៌។ ការដកហូតសិទ្ធិលើអចលនវត្ថុ និងសិទ្ធិប្រត្យក្សលើអចលនវត្ថុ អាចធ្វើទៅបានលុះត្រាតែគណៈកម្មាធិការអស្សាមិករណ៍បានផ្ដល់សំណងឱ្យម្ចាស់អចលនវត្ថុ និង/ឬម្ចាស់សិទ្ធិជាមុន ដោយសមរម្យ និងយុត្តិធម៌ តាមគោលការណ៍និងនីតិវិធីនៃការទូទាត់សំណង។
ការដកហូត នៅតែអាចប្រព្រឹត្តទៅបាន ទោះបីជាទំនាស់នៅមិនទាន់បានដោះស្រាយរួចរាល់ហើយក្ដី។ ប៉ុន្តែ ម្ចាស់អចលនវត្ថុ និង/ឬម្ចាស់សិទ្ធិអាចប្ដឹងទៅតុលាការមានសមត្ថកិច្ច ចំពោះនីតិវិធីអស្សាមិករណ៍ដែលធ្វើឡើងមិនបានត្រឹមត្រូវ ការដកហូតដែលមិនយកទៅបម្រើផលប្រយោជន៍សាធារណៈ ផលប្រយោជន៍ជាតិ និងការទូទាត់សំណងដែលធ្វើឡើងដោយមិនបានគ្រប់ចំនួនសមរម្យ និងយុត្តិធម៌។
៤. អំពីទោសប្បញ្ញត្តិ
ច្បាប់ស្ដីពីអស្សាមិករណ៍ បានកំណត់ទណ្ឌកម្មខាងរដ្ឋបាល និងទណ្ឌកម្មផ្សេងៗទៀត ចំពោះមន្ត្រីមានសមត្ថកិច្ចដែលមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ចំណែកបុគ្គលដែលធ្វើការរារាំងដល់ការអនុវត្តសេចក្ដីសម្រេចអស្សាមិករណ៍ដោយគំនិតទុច្ចរិត ធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការអនុវត្តគម្រោងដែលបម្រើឱ្យផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ដល់២លានរៀល។
អានអត្ថបទច្បាប់ទាំងស្រុង (PDF): https://t.me/lawaudio_kh/538