នីតិសមុទ្ទគឺជាវិធានច្បាប់អន្តរជាតិគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈសាកលក្នុងវិស័យសមុទ្ទដែលកើតចេញពីគោលការណ៍ជាច្រើននៃនីតិអន្តរជាតិសាធារណៈ។ ប៉ុន្តែគោលការណ៍សំខាន់ៗដែលអ្នកសិក្សានីតិសមុទ្ទគួរស្វែងយល់មុននឹងសិក្សាស៊ីជម្រៅលើមុខវិជ្ជាមួយនេះ មាន៣ធំៗគឺ គោលការណ៍សេរីភាពសមុទ្ទ គោលការណ៍អធិបេត្យ និងគោលការណ៍បេតិកភណ្ឌរួមរបស់មនុស្សជាតិ។ អត្ថបទនេះនឹងសិក្សាលម្អិតគោលការណ៍ទាំងបីខាងលើនេះដូចខាងក្រោម។

– គោលការណ៍សេរីភាពសមុទ្ទ      

គោលការណ៍សេរីភាពសមុទ្ទសំដៅដល់គោលការណ៍សេរីភាពនានាពាក់ព័ន្ធនឹងសកម្មភាពសមុទ្ទ ដែលមានដូចជាសេរីភាពនាវាចរណ៍ សេរីភាពហោះហើរពីលើ សេរីភាពដាក់ពង្រាយខ្សែកាប្លិ៍និងបំពង់ក្រោមបាតសមុទ្ទ សេរីភាពសាងសង់កោះសិប្បនិម្មិតនិងឋបនីយភណ្ឌដទៃទៀត សេរីភាពនេសាទ និងសេរីភាពស្រាវជ្រាវវិទ្យាសាស្ត្រ។ ពាក់ព័ន្ធនឹងគោលការណ៍នេះ លោក ហូគូ ក្រូទៀស (Hugo Grotious)  ដែលជាអ្នកច្បាប់ជនជាតិហូឡង់ បានបង្កើតទ្រឹស្ដីមួយ ឈ្មោះថា “សមុទ្ទបើក ឬសេរីភាពសមុទ្ទ” ដោយបានពន្យល់ថា មហាសមុទ្ទគឺជាសម្បត្តិរួមរបស់មនុស្សជាតិ ហើយគ្រប់ប្រជាជាតិអាចចូលទៅទីនោះបាន ប៉ុន្តែមិនអាច​យកជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួនបានឡើយ។ ក្រោយមក គោលការណ៍នេះ ត្រូវបានគេយកមកចែងនៅក្នុង     អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្ទឆ្នាំ ១៩៨២ (តទៅសូមហៅកាត់ខ្លីថា “អនុសញ្ញាឆ្នាំ១៩៨២” ដោយចែងនៅក្នុងមាត្រា ៨៧ ចាត់ទុកសមុទ្ទអន្តរជាតិជាសមុទ្ទដែលបើកសម្រាប់គ្រប់រដ្ឋទាំងអស់ ទោះបីជារដ្ឋមានឆ្នេរសមុទ្ទ ឬមិនមានឆ្នេរសមុទ្ទក្ដី។

សេរីភាពនាវាចរណ៍ សំដៅដល់សេរីភាពរបស់នាវាក្នុងការធ្វើដំណើរឆ្លងកាត់តំបន់នានាក្នុងដែនសមុទ្ទ ដោយមិនមានប៉ះពាល់ដល់ការអនុវត្តសិទ្ធិ និងសេរីភាពដទៃទៀតស្របតាមច្បាប់អន្តរជាតិ។ ទោះមានការកំណត់ថា នៅក្នុងសមុទ្ទអន្តរជាតិបណ្ដារដ្ឋទាំងឡាយមានសេរីភាពទាំងអស់ខាងលើក្ដី ការអនុវត្តនូវ​សេរីភាពទាំងនេះ ត្រូវស្ថិតនៅក្រោមលក្ខខណ្ឌមួយ គឺការគោរពសិទ្ធិរបស់រដ្ឋដទៃទៀត ដែលអនុវត្តសិទ្ធិរបស់គេនៅក្នុងតំបន់សមុទ្ទអន្តរជាតិនោះ។ គោលការណ៍នេះ មិនប្លែកគ្នាពីគោលការណ៍សេរីភាពបុគ្គលប៉ុន្មានឡើយ គឺក្នុងន័យថា បុគ្គលមានសេរីភាពពេញលេញលើសកម្មភាពគ្រប់យ៉ាងរបស់ខ្លួន ដោយមានលក្ខខណ្ឌមួយគឺត្រូវមិនឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងគោរពច្បាប់រដ្ឋជាធរមាន។ ចំណែកនៅក្នុងនីតិសមុទ្ទវិញ គោលការណ៍សេរីភាពក្នុងសមុទ្ទអន្តរជាតិនេះ គឺរដ្ឋទាំងឡាយមានសិទ្ធិប្រើប្រាស់សមុទ្ទអន្តរជាតិពេញទី ប៉ុន្តែស្ថិតនៅក្នុងលក្ខខណ្ឌមិនឱ្យប៉ះពាល់ដល់សិទ្ធិរបស់រដ្ឋដទៃ និងគោរពបទដ្ឋានអន្តរជាតិ មានអនុសញ្ញាអន្តរជាតិស្ដីពីនីតិសមុទ្ទ កិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ក៏ដូចជាច្បាប់ទំនៀមទម្លាប់អន្តរជាតិផងដែរ។

សេរីភាពនាវាចរណ៍ គឺជាគោលការណ៍នៃច្បាប់ទំនៀមទម្លាប់អន្តរជាតិ ដោយនាវាដែលមានដាក់ទង់ជាតិនៃរដ្ឋអធិបតេយ្យមួយ មិនត្រូវរងការបំពានពីសំណាក់រដ្ឋដទៃឡើយ។ សេរីភាពនាវាចរណ៍ពេញលេញ មានតែនៅក្នុងសមុទ្ទអន្តរជាតិប៉ុណ្ណោះ។ ក្រៅពីនេះ សេរីភាពនាវាចរណ៍ត្រូវបានកម្រិតទៅតាមតំបន់នីមួយៗនៃសមុទ្ទ ដែលក្នុងនោះមានសមុទ្ទដែនដី តំបន់សេដ្ឋកិច្ចផ្ដាច់មុខ សមុទ្ទអន្តរជាតិ និងការឆ្លងកាត់តាមច្រកសមុទ្ទប្រើប្រាស់សម្រាប់នាវាចរណ៍អន្តរជាតិ។

ក្នុងសមុទ្ទដែនដីរបស់រដ្ឋឆ្នេរសមុទ្ទមួយ នាវាមានសិទ្ធិឆ្លងកាត់បានដោយសេរី ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយគឺការឆ្លងកាត់នោះត្រូវតែជាការឆ្លងកាត់ដោយមិនបំពាន ហើយត្រូវគោរពច្បាប់របស់រដ្ឋឆ្នេរសមុទ្ទ។ ការឆ្លងកាត់ដោយមិនបំពាននេះមានកំណត់ក្នុងមាត្រា១៨ និងមាត្រា១៩ នៃអនុសញ្ញាសហប្រជាជាតិស្ដីពីនីតិសមុទ្ទឆ្នាំ១៩៨២ ដោយបញ្ញត្តិថាកាឆ្លងកាត់ដោយមិនបំពានជាសិទ្ធិដែលនាវារួមមាន នាវាជំនួញ នាវាដឹកអ្នកដំណើរ នាវាចម្បាំងគ្រប់ប្រភេទ នាវាមុជទឹក ទូកកំសាន្ត និងវិទ្យាសាស្ត្រទទួលបាននៅពេលឆ្លងកាត់សមុទ្ទដែនដីរបស់រដ្ឋឆ្នេរសមុទ្ទមួយ។

ប៉ុន្តែ គេអាចចាត់ទុកថាជាការឆ្លងកាត់ដោយមិនបំពានលុះត្រាតែ៖

  • ធ្វើដំណើរទៅមុខមិនមានឈប់ និងឆាប់រហ័ស
  • នាវាអាចពន្លត់ម៉ាស៊ីន ឬបោះយុថ្កាបានតែក្នុងករណីមានអាសន្នប៉ុណ្ណោះ 
  • នាវាអាចធ្វើដំណើរកាត់សមុទ្ទដែនដីបាន ប៉ុន្តែមិនអាចកាត់ដែនទឹកផ្ទៃក្នុងនៃប្រទេសដទៃបានឡើយ
  • នាវាត្រូវមានទិសដៅចូលទៅ ឬចេញពីឋបនីយភណ្ឌកំពង់ផែ
  • នាវាមុជទឹកត្រូវតែងើបឡើង និងបង្ហាញទង់ជាតិរបស់ខ្លួន
  • មិនធ្វើឱ្យមានការប៉ះពាល់ដល់អធិបតេយ្យរបស់រដ្ឋឆ្នេរសមុទ្ទ។

ការឆ្លងកាត់ដោយមិនបំពាន គឺជាសិទ្ធិនៃរដ្ឋមួយដែលប្រើសមុទ្ទដែនដី នៃរដ្ឋមួយផ្សេងទៀត ដោយមិនមានបង្កផលប៉ះពាល់ដល់រដ្ឋឆ្នេរសមុទ្ទនោះឡើយ។ ប៉ុន្តែ អនុសញ្ញាឆ្នាំ១៩៨២ បានផ្ដល់សុវត្ថិភាពដល់យុត្តាធិការរបស់រដ្ឋឆ្នេរសមុទ្ទ ស្របតាមអ្វីដែលរដ្ឋឆ្នេរសមុទ្ទអាចធ្វើទៅបាន ពោលគឺ៖

  • ការចាត់វិធានការចាំបាច់បង្ការការឆ្លងកាត់ដែលមិនមែនជាការឆ្លងកាត់ដោយមិនបំពាន
  • ការព្យួរសិទ្ធិការឆ្លងកាត់ដោយមិនបំពានជាបណ្ដោះអាសន្ន និងនៅក្នុងតំបន់ជាក់លាក់ណាមួយ ដោយមូលហេតុសុវត្ថិភាពជាតិ ឬក្នុងករណីអនុវត្តសកម្មភាពយោធា ដោយត្រូវជូនដំណឹងជាមុនទៅរដ្ឋដទៃ
  • ការអនុវត្តបែងចែកច្រករបៀង និងវិធានបែងចែកចរាចរណ៍សមុទ្ទ ដើម្បីធានាបានសកម្មភាពនាវាចរណ៍ប្រកបដោយសុវត្ថិភាព។ ប៉ុន្តែ រាល់ច្រករបៀង និងវិធាននៃការបែងចែកចរាចរណ៍នៅក្នុងផែនទីរដ្ឋឆ្នេរសមុទ្ទ ត្រូវតែធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់រដ្ឋដទៃទៀត។

ចំណុចសំខាន់មួយទៀត គឺពាក់ព័ន្ធនឹងការឆ្លងកាត់ដោយមិនបំពាននៃនាវាចម្បាំង កាត់តាមសមុទ្ទដែនដីនៃរដ្ឋដទៃ។ ដូចបានរៀបរាប់ខាងលើ ចំពោះនាវាមុជទឹក អនុសញ្ញាឆ្នាំ ១៩៨២ បានកំណត់ឱ្យងើបឡើងលើផ្ទៃទឹក។ ចំណែកនាវាចម្បាំងវិញ បានក្លាយជាប្រធានបទដែលយកមកពិភាក្សាក្នុងចំណោមរដ្ឋទាំងឡាយនៅក្នុងសន្និសីទទីក្រុងវីយ៉ែន ក៏ដូចជាសន្និសីទអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្ទ លើកទី៣ដែរ  ហើយមានការជំទាស់យោបល់គ្នាយ៉ាងច្រើននៅពេលនោះ។ មានរដ្ឋជាច្រើនបានទទួលយកនូវសិទ្ធិរបស់នាវាចម្បាំង ក្នុងការឆ្លងកាត់ដោយមិនបំពាន តាមសមុទ្ទដែនដី។ប៉ុន្តែ មានរដ្ឋមួយចំនួនបានទាមទារឱ្យនាវាចម្បាំងបរទេស ដែលនឹងធ្វើដំណើរឆ្លងកាត់សមុទ្ទដែនដីរបស់រដ្ឋដទៃ ត្រូវជូនដំណឹង និងសុំការអនុញ្ញាតពីរដ្ឋនោះ។ ការមិនចុះសម្រុងគ្នានេះ មិនអាចឈានដល់ការព្រមព្រៀងគ្នាណាមួយសមស្របឡើយ ហើយជាលទ្ធផល អនុសញ្ញាឆ្នាំ១៩៨២ បានទុកបញ្ហានេះ នៅក្នុងភាពមិនច្បាស់លាស់ដដែល។

អនុសញ្ញាឆ្នាំ ១៩៨២ ត្រង់មាត្រា៨៧ បានបញ្ជាក់ថា គ្រប់នាវាទាំងអស់មានសេរីភាពនាវាចរណ៍ពេញទី ចាប់ពីតំបន់ហួសពីសមុទ្ទដែនដីទៅ។ សេរីភាពនាវាចរណ៍លើសមុទ្ទអន្តរជាតិ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខត្រូវបានគេទទួលស្គាល់ ហើយការអនុវត្តសិទ្ធិនេះ ត្រូវគោរពដល់សិទ្ធិរបស់រដ្ឋដទៃផងដែរ។

ច្រកសមុទ្ទ ដែលប្រើសម្រាប់នាវាចរណ៍អន្តរជាតិឆ្លងកាត់តាមសមុទ្ទដែនដីនៅចន្លោះផ្នែកណាមួយនៃសមុទ្ទអន្តរជាតិ ឬតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងផ្នែកផ្សេងទៀតនៃសមុទ្ទអន្តរជាតិ ឬតំបន់សេដ្ឋកិច្ចផ្ដាច់មុខ គឺស្ថិតនៅក្រោមរបបគតិយុត្តនៃការឆ្លងកាត់។ របបនៃការឆ្លងកាត់ដោយមិនបំពានត្រូវបានអនុវត្តនៅក្នុងច្រកសមុទ្ទប្រើសម្រាប់ការធ្វើនាវាចរណ៍ជាអន្តរជាតិ ដែលភ្ជាប់ ផ្នែកមួយនៃសមុទ្ទអន្តរជាតិ ឬតំបន់សេដ្ឋកិច្ចផ្ដាច់មុខជាមួយនឹងសមុទ្ទដែនដីនៃរដ្ឋឆ្នេរសមុទ្ទមួយ  និងនៅក្នុងច្រកសមុទ្ទដែលបង្កើតឡើងដោយកោះនៃរដ្ឋមួយដែលហ៊ុំព័ទ្ធដោយច្រកសមុទ្ទ និងដីគោក ប្រសិនបើមានផ្នែកដែលឆ្ពោះទៅកាន់សមុទ្ទនៃកោះ ផ្លូវកាត់តាមសមុទ្ទអន្តរជាតិ ឬកាត់តាមតំបន់សេដ្ឋកិច្ចផ្ដាច់មុខដែលមានភាពងាយស្រួលស្រដៀងគ្នា ពាក់ព័ន្ធនឹងនាវាចរណ៍ និងលក្ខណៈជលសាស្ត្រ។

យោងតាមអនុសញ្ញាឆ្នាំ៩៨២ ត្រង់មាត្រា៨៧ អាកាសយាននៃរដ្ឋទាំងឡាយ អាចហោះហើរបានដោយសេរីនៅលើសមុទ្ទអន្តរជាតិ។[1] ដូចបានសិក្សាខាងលើ ការឆ្លងកាត់ដោយមិនបំពានតាមសមុទ្ទដែនដី គឺជាសិទ្ធិនាវាចរណ៍ដែលអាចត្រូវបានរឹតត្បិត ឬត្រូវបានព្យួរ ហើយអាកាសយានមិនទទួលបានសេរីភាពហោះហើរពីលើសមុទ្ទដែនដីឡើយ។ ដូចគ្នាដែរ សេរីភាពហោះហើរពីលើក៏មិនមានផ្ដល់ឱ្យដែរ នៅដែនទឹកប្រជុំកោះ។មានន័យថា ការហោះហើរពីលើសមុទ្ទដែនដី ឬលើដែនទឹកប្រជុំកោះត្រូវគ្រប់គ្រងដោយច្បាប់របស់រដ្ឋឆ្នេរសមុទ្ទ ឬរដ្ឋប្រជុំកោះ។

ចំណែកមាត្រា ៥៨ (១) នៃអនុសញ្ញាដដែលបានចែងថា៖

“នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ គ្រប់រដ្ឋទាំងអស់ទោះបីជារដ្ឋនោះមានឆ្នេរឬឥតឆ្នេរសមុទ្ទក្ដី ទទួល​បានសេរីភាពនាវាចរណ៍និងការហោះហើរពីលើ សេរីភាពដាក់ពង្រាយខ្សែកាប្លិ៍និងបំពង់ក្រោមបាតសមុទ្ទ ដូចមានកំណត់ក្នុងមាត្រា ៨៧ និងការប្រើប្រាស់សមុទ្ទដោយស្របច្បាប់ដទៃទៀតពាក់ព័ន្ធនឹងសេរីភាពទាំងនេះ ដូចជាប្រតិបត្តិការនាវា អាកាសយាន ខ្សែកាប្លិ៍និងបំពង់ ដោយមិនបំពានបញ្ញត្តិដទៃទៀតនៃអនុសញ្ញានេះ។”[2]

យោងតាមបញ្ញត្តិមាត្រាខាងលើ អនុសញ្ញានេះមិនបានចែងអំពីលក្ខខណ្ឌលម្អិតទាក់ទងនឹងសេរីភាពហោះពីលើឡើយ ដែលតម្រូវឱ្យយើងងាកទៅរកសញ្ញាណនេះនៅក្នុងនីតិអាកាស ដែលជាវិស័យដោយឡែកក្នុងក្របខណ្ឌនីតិអន្តរជាតិ។មានន័យថា សេចក្ដីលម្អិតពាក់ព័ន្ធនឹងសេរីភាពហោះហើរពីលើដែនសមុទ្ទ ត្រូវផ្អែកតាមអនុសញ្ញាឈីកាហ្គោឆ្នាំ១៩៤៤ទៅវិញ។[3]

អនុសញ្ញាឆ្នាំ១៩៨២ បានចែងអំពីសេរីភាពដាក់ពង្រាយខ្សែកាប្លិ៍ និងបំពង់ក្រោមបាតសមុទ្ទ នៅមាត្រាមួយចំនួន ប៉ុន្តែ មិនបានបញ្ជាក់អំពីនិយមន័យរបស់ឃ្លានេះឡើយ។ ជាទូទៅ មានខ្សែកាប្លិ៍ក្រោមបាតសមុទ្ទចំនួនពីរគឺ ៖

  • ខ្សែកាប្លិ៍គមនាគមន៍ ដែលប្រើសម្រាប់បញ្ជូនទិន្នន័យទំនាក់ទំនង និង
  • ខ្សែកាប្លិ៍អគ្គិសនី ដែលប្រើសម្រាប់បញ្ជូនថាមពលអគ្គិសនី។

ចំណែកបំពង់ក្រោមបាតសមុទ្ទវិញ គេប្រើសម្រាប់ការបង្ហូរធនធានប្រេង និងឧស្ម័ន។

សេរីភាពសាងសង់កោះសិប្បនិម្មិត ឋបនីយភណ្ឌនិងគ្រោងសំណង់ផ្សេងៗ ត្រូវបានយកមកចែងនៅក្នុងមាត្រា៦០ មាត្រា៨០ និងមាត្រា៨៧។​ ទោះជាមានចែងនៅក្នុងមាត្រាមួយចំនួនក្ដី ប៉ុន្តែមិនមានការកំណត់អំពីនិយមន័យឡើយ។ អនុសញ្ញានេះបានចែងតែអំពីសិទ្ធិ និងករណីយកិច្ចពាក់ព័ន្ធនឹងសេរីភាពក្នុងការសាងសង់កោះសិប្បនិម្មិត និងឋបនីយភណ្ឌដទៃទៀតប៉ុណ្ណោះ។ Encyclopedia of Public International Law បានឱ្យនិយមន័យពាក្យ “កោះសិប្បនិម្មិត” ថាជាមូលដ្ឋានតាំងនៅបណ្ដោះអាសន្ន ឬជាអចិន្ត្រៃយ៍ ដែលបង្កើតឡើងដោយមនុស្ស ហ៊ុំព័ទ្ធដោយទឹក និងងើបផុតពីទឹកនៅពេលមានទឹកនាច។

សេរីភាពនេសាទនៅក្នុងសមុទ្ទអន្តរជាតិ គឺជាគោលការណ៍មួយសំខាន់នៅក្នុង អនុសញ្ញាសហប្រជាជាតិស្ដីពីនីតិសមុទ្ទ ហើយមិនមែនមានចែងតែនៅក្នុងអនុសញ្ញាមួយនេះទេ ដោយសារថាការនេសាទគឺជាសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់រដ្ឋនានា សេរីភាពនេសាទត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានការបង្កើតលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធដទៃទៀតជាច្រើន ដើម្បីគ្រប់គ្រងលើបញ្ហានេះ។

ពាក់ព័ន្ធនឹងការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងសមុទ្ទ ទើបតែមានការលើកមកពិចារណា ដើម្បីចែងនៅក្នុងលិខិតូបករណ៍អន្តរជាតិជាលើកដំបូង នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្ទឆ្នាំ១៩៥៨។ក្រោយមក សេរីភាពស្រាវជ្រាវវិទ្យាសាស្ត្រនេះត្រូវបានយកមកចែងនៅក្នុងមាត្រា៨៧ និងមាត្រា២៥៧ នៃអនុសញ្ញា ឆ្នាំ១៩៨២។

ជារួម គោលការណ៍សេរីភាពសមុទ្ទ រួមមានសេរីភាពនាវាចរណ៍ សេរីភាពហោះហើរពីលើ សេរីភាពដាក់ពង្រាយខ្សែកាប្លិ៍និងបំពង់ក្រោមបាតសមុទ្ទ សេរីភាពសាងសង់កោះសិប្បនិម្មិត ឋបនីយភណ្ឌនិងគ្រោងសំណង់ផ្សេងៗ សេរីភាពនេសាទ និងសេរីភាពស្រាវជ្រាវវិទ្យាសាស្ត្រក្នុងសមុទ្ទ ត្រូវបានយកមកចែងក្នុងអនុសញ្ញាឆ្នាំ១៩៨២ ក្នុងលក្ខខណ្ឌ និងការកម្រិតផ្សេងៗគ្នា។ សេរីភាពនាវាចរណ៍ត្រូវបានអនុញ្ញាតទូលំទូលាយជាងគេ ខណៈដែលសេរីភាពដទៃទៀតមានការរឹតត្បិតច្រើន ហើយសេរីភាពខ្លះទៀតមិនត្រូវបានអនុញ្ញាតឡើយនៅក្នុងសមុទ្ទដែនដីរបស់រដ្ឋឆ្នេរសមុទ្ទ។

-គោលការណ៍អធិបតេយ្យ

អធិបតេយ្យ គឺជាគោលការណ៍ដែលត្រូវបានគេកំណត់និងផ្ដល់ចរិតលក្ខណៈថា រដ្ឋមិនស្ថិតនៅក្រោមអំណាចគ្រប់គ្រងនៃអង្គភាពដទៃ។[4] គោលការណ៍នេះ សំដៅដល់ណាចខ្ពង់ខ្ពស់ ហើយមិនមានអំណាចណាមួយខ្ពស់ជាងអំណាចអធិបតេយ្យរបស់រដ្ឋឡើយ។ រដ្ឋមានសិទ្ធិផ្ដាច់មុខបង្កើតវិធានច្បាប់ និងធានាការប្រតិបត្តិប្រកបដោយប្រសិទ្ធភាពនៃវិធានច្បាប់អន្តរជាតិ។

ក្នុងនីតិសមុទ្ទ អធិបតេយ្យរបស់រដ្ឋ សំដៅដល់សមត្ថកិច្ចគតិយុត្តិផ្ដាច់មុខរបស់រដ្ឋ លើដែនទឹកផ្ទៃក្នុង និងសមុទ្ទដែនដី។ ច្បាប់អន្តរជាតិបានផ្ដល់សិទ្ធិអធិបតេយ្យដល់រដ្ឋឆ្នេរសមុទ្ទ ហួសពីសមុទ្ទដែនដីរបស់ខ្លួន ដោយឱ្យរដ្ឋមានសិទ្ធិនោះលើធនធានធម្មជាតិនៅក្នុងខ្ពង់រាបបាតសមុទ្ទនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។ មានន័យថា នៅដែនទឹកផ្ទៃក្នុង និងសមុទ្ទដែនដី រដ្ឋមានអធិបតេយ្យលើតំបន់ទាំងនេះ ប៉ុន្តែ នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ អធិបតេយ្យរបស់រដ្ឋត្រូវបានកម្រិត ដោយមានត្រឹមតែសិទ្ធិអធិបតេយ្យប៉ុណ្ណោះ។ មួយវិញទៀត ការអនុវត្តអធិបតេយ្យរបស់រដ្ឋ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងយុត្តាធិការរបស់រដ្ឋ។ខាងក្រោមនឹងលើកយកទំនាក់ទំនងរវាងអធិបតេយ្យ និងសិទ្ធិអធិបតេយ្យ (ក) និងទំនាក់ទំនងរវាងអធិបតេយ្យ និងយុត្តាធិការមកសិក្សា (ខ)។

ក-អធិបតេយ្យ និងសិទ្ធិអធិបតេយ្យ

ពាក្យ “អធិបតេយ្យ” និង “សិទ្ធិអធិបតេយ្យ” គឺជាពាក្យពីរមានន័យស្រដៀងគ្នា តែមិនអាចជំនួសគ្នាបានឡើយ។

ដូចបានពន្យល់ខាងលើ អធិបតេយ្យ ជាអំណាចខ្ពស់ជាងគេទាំងអស់ ដាច់ខាត និងមិនស្ថិតក្រោមការគ្រប់គ្រង ដែលរដ្ឋឯករាជ្យត្រូវតែមាន ហើយចេញពីអំណាចនេះ មានអំណាចនយោបាយជាក់លាក់មួយចំនួនកើតឡើង។ជាទូទៅ អធិបតេយ្យគឺសិទ្ធិ និងអំណាចពេញលេញនៃអង្គការគ្រប់គ្រង ឬតួអង្គនយោបាយ ដូចជារដ្ឋជាដើម លើខ្លួនឯងដោយមិនមានការជ្រៀតជ្រែក និងការដាក់កម្រិតពីប្រភពខាងក្រៅណាមួយឡើយ។នៅក្នុងបរិបទនីតិសមុទ្ទ អធិបតេយ្យសំដៅដល់សមត្ថកិច្ច  គតិយុត្តផ្ដាច់មុខរបស់រដ្ឋលើដែនទឹករបស់ខ្លួន ជាពិសេសគឺដែនទឹកផ្ទៃក្នុង និងសមុទ្ទដែនដី។រដ្ឋ មានអធិបតេយ្យដែនដី លើដែនទឹកទាំងពីរនេះ។

ម្យ៉ាងទៀត ចំពោះសិទ្ធិអធិបតេយ្យវិញ គឺជាពាក្យដែលគេប្រើនៅក្នុងអនុសញ្ញាឆ្នាំ១៩៨២ ក្នុងគោលបំណងផ្ដល់សិទ្ធិ ឬបុព្វសិទ្ធិនៃរដ្ឋលើតំបន់សមុទ្ទជាក់លាក់មួយគឺ តំបន់សេដ្ឋកិច្ចផ្ដាច់មុខ។ និយាយដោយឡែក អនុសញ្ញាខាងលើ ប្រើពាក្យសិទ្ធិអធិបតេយ្យនេះ ដើម្បីសំដៅដល់សិទ្ធិមានដែនកំណត់របស់រដ្ឋ ទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។អនុសញ្ញានេះ បានកំណត់ថា នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ រដ្ឋមានសិទ្ធិអធិបតេយ្យក្នុងការ “រុករក និងអាស្រ័យផល អភិរក្ស និងគ្រប់គ្រង លើធនធានធម្មជាតិ…នៃដែនទឹកដែលនៅជាប់ខាងលើនឹងបាតសមុទ្ទ ព្រមទាំងបាតសមុទ្ទ និងដីក្រោមបាតសមុទ្ទ[5] ។តាមរយៈខ្លឹមសារមាត្រានេះ ការណ៍ដែលរដ្ឋមានសិទ្ធិអធិបតេយ្យ លើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ មិនមែនមានន័យថារដ្ឋមានអធិបតេយ្យ​លើតំបន់នោះឡើយ។ នេះមានន័យថា តំបន់សេដ្ឋកិច្ចផ្ដាច់មុខ មិនមែនជាដែនអធិបតេយ្យរបស់រដ្ឋឆ្នេរសមុទ្ទឡើយ។

-អធិបតេយ្យ និងយុត្តាធិការ

យុត្តាធិការ សំដៅដល់លទ្ធភាពរបស់រដ្ឋ ក្នុងការបង្កើត និងអនុវត្តច្បាប់របស់ខ្លួន។ គេបែងចែកយុត្តាធិការ​ជាបីប្រភេទគឺយុត្តាធិការបញ្ញត្តិច្បាប់ (prescriptive jurisdiction) យុត្តាធិការប្រតិបត្តិច្បាប់(enforcement jurisdiction) និងយុត្តាធិការតុលាការ (adjudicative jurisdiction)។

យុត្តាធិការបញ្ញត្តិច្បាប់ សំដៅដល់សិទ្ធិរបស់អង្គការនីតិបញ្ញត្តិរបស់រដ្ឋក្នុងការបង្កើត ធ្វើវិសោធនកម្ម ឬនិរាករណ៍ច្បាប់។យើងអាចហៅម្យ៉ាងទៀតថា អំណាចនីតិបញ្ញត្តិ។ចំណែកយុត្តាធិការប្រតិបត្តិច្បាប់វិញគឺសំដៅដល់សិទ្ធិរបស់រដ្ឋក្នុងការប្រតិបត្តិច្បាប់ ដែលខ្លួនបានបង្កើតតាមរយៈ នគរបាល ព្រះរាជ្យអាជ្ញា ដោយការស៊ើបអង្កេត និងការឃាត់ខ្លួនជនសង្ស័យលើបទឧក្រិដ្ឋណាមួយជាដើម។យើងអាចហៅម្យ៉ាងទៀតថា អំណាចនីតិប្រតិបត្តិ។ ចុងក្រោយគឺ យុត្តាធិការតុលាការ គឺជាលទ្ធភាពរបស់តុលាការ អង្គជំនុំជម្រះ ឬបុគ្គលផ្សេងៗទៀតដែលអនុវត្តមុខងាររបស់តុលាការ ក្នុងការជំនុំជម្រះ និងសម្រេចសេចក្ដីលើបញ្ហាណាមួយ (អំណាចតុលាការ)។

សរុបមក គោលការណ៍អធិបតេយ្យ និងគោលការណ៍យុត្តាធិការ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ប៉ុន្តែគោលការណ៍ទាំងពីរនេះមានភាពខុសគ្នាយ៉ាងដាច់ស្រឡះ។ អធិបតេយ្យ គឺសំដៅដល់ការមានសមត្ថកិច្ចគតិយុត្តខ្ពស់បំផុត លើទឹកដីជាក់លាក់ណាមួយ។ចំណែកឯ យុត្តាធិការវិញ សំដៅដល់សមត្ថកិច្ចក្នុងការអនុវត្តអំណាចគតិយុត្ត។ អធិបតេយ្យ គឺជាគោលការណ៍បទដ្ឋាន ដែលកើតចេញពីទស្សនៈសីលធម៌ និងទ្រឹស្ដីច្បាប់ ដែលត្រូវបានគេប្រើសម្រាប់ការអះអាងថាតើប្រព័ន្ធនយោបាយនិងច្បាប់ត្រូវរៀបចំយ៉ាងដូចម្ដេចខណៈពេលដែលយុត្តាធិការគឺជាគោលគំនិតជាក់ស្ដែង ដែលត្រូវបានគេប្រើដើម្បីបរិយាយពីរបៀបនៃការរៀបចំប្រព័ន្ធខាងលើ។

-គោលការណ៍បេតិកភណ្ឌរួមរបស់មនុស្សជាតិ

បេតិកភណ្ឌរួមរបស់មនុស្សជាតិក្នុងបរិបទនីតិសមុទ្ទ គឺជាគោលគំនិតដែលគេជឿជាក់ថានឹងមានធនធានដែលត្រូវតែជាសម្បត្តិរបស់មនុស្សជាតិទូទៅ ហើយមិនមានប្រជាជាតិណាមួយអាចមកទាមទារអធិបតេយ្យលើធនធាននោះបានឡើយ។[6] តាមការបកស្រាយរបស់រដ្ឋ និងអ្នកច្បាប់ជាច្រើនបានឱ្យដឹងថា គោលការណ៍បេតិកភណ្ឌរួមរបស់មនុស្សជាតិ ត្រូវអនុវត្តចំពោះតែតំបន់ជាក់លាក់ដែលស្ថិតនៅក្រៅដែនកំណត់យុត្តាធិការជាតិ និងចំពោះធនធានធម្មជាតិនៅទីនោះប៉ុណ្ណោះ។[7] គេចាត់ទុកធនធាននៅបាតសមុទ្ទជ្រៅ ថាជាសម្បត្តិរួមរបស់ប្រជាជាតិ ប៉ុន្តែដោយសារភាពខុសគ្នានៃមនោគមវិជ្ជារបស់រដ្ឋអភិវឌ្ឍ និងរដ្ឋកំពុងអភិវឌ្ឍ នាំឱ្យមានការស្រាយខុសៗគ្នា ដែលជាហេតុនាំឱ្យគោលការណ៍មួយនេះមិនទាន់មានរបបគតិយុត្តច្បាប់លាស់ឡើយក្នុងនីតិអន្តរជាតិ។

គោលការណ៍បេតិកភណ្ឌរួមរបស់មនុស្សជាតិ មានធាតុសំខាន់ៗដូចខាងក្រោម៖

  • មិនមានរដ្ឋ ឬរូបវន្តបុគ្គលណាមួយកាន់កាប់តំបន់ឬធនធានដែលជាបេតិកភណ្ឌរួម។ប្រជាជាតិនានាអាចប្រើប្រាស់ តែមិនអាចកាន់កាប់បានឡើយ ហើយក្នុងករណីដែលសម្បត្តិរួមស្ថិតនៅក្នុងដែនសមត្ថកិច្ចជាតិ ការអនុវត្តអធិបតេយ្យត្រូវតែប្រកបដោយការទទួលខុសត្រូវក្នុងការការពារសម្បត្តិរួមនោះ
  • ការប្រើប្រាស់បេតិកភណ្ឌរួមត្រូវតែធ្វើឡើងដោយអនុលោមតាមប្រព័ន្ធសហប្រតិបត្តិការគ្រប់គ្រង ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ
  • បេតិកភណ្ឌរួម ត្រូវតែប្រើប្រាស់ក្នុងគោលដៅសន្តិភាពប៉ុណ្ណោះ (ជៀសវាងការប្រើប្រាស់កម្លាំងយោធា)
  • បេតិកភណ្ឌរួម ត្រូវផ្ទេរទៅមនុស្សជំនាន់ក្រោយក្នុងលក្ខខណ្ឌដែលមិនមានធ្វើឱ្យខូចខាតអ្វីឡើយ
  • ការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ពីការធ្វើអាជីវកម្មលើធនធាន ត្រូវយកចិតទុកដាក់ពិសេសចំពោះផលប្រយោជន៍ និងតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍ។

ធាតុទាំងពីរខាងលើ ពាក់ព័ន្ធទៅនឹងឋានៈគតិយុត្តនៃតំបន់ដែលជាបេតិកភណ្ឌរួម។ សញ្ញាណដែលគេទទួលស្គាល់ថា សិទ្ធិលើបេតិកភណ្ឌរួមត្រូវប្រគល់ឱ្យមនុស្សជាតិទូទៅនោះ វាខុសគ្នាស្រឡះពីគោលគំនិតសេរីភាពសមុទ្ទអន្តរជាតិដែលអនុញ្ញាតឱ្យបុគ្គលឯកជនមានសិទ្ធិនេសាទ និងទទួលបានធនធានដទៃទៀត។ចំណែកធាតុបីខាងក្រោម ពាក់ព័ន្ធទៅនឹងការប្រើប្រាស់តំបន់ និងធនធានដែលជាបេតិកភណ្ឌរួម។ លក្ខខណ្ឌនៃការប្រើប្រាស់បេតិកភណ្ឌរួមគឺត្រូវទទួលខុសត្រូវរួមលើបរិស្ថាន និងទទួលប្រយោជន៍រួមគ្នា[8] ហើយអ្វីដែលយើងត្រូវកត់សម្គាល់នោះគឺការការពារបរិស្ថាននោះ គឺជាកាតព្វកិច្ចក្នុងការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់មនុស្សជំនាន់ក្រោយ[9]

អនុសញ្ញាឆ្នាំ១៩៨២ គឺជាសន្ធិសញ្ញាអន្តរជាតិដ៏ស្មុគស្មាញមួយពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យរបស់រដ្ឋ ការអភិវឌ្ឍធនធាន ពាណិជ្ជកម្មអន្តរជាតិ កិច្ចការពារបរិស្ថាន និងសកម្មភាពយោធា។ពាក់ព័ន្ធនឹងបេតិកភណ្ឌរួម អនុសញ្ញានេះបានបញ្ញត្តិគោលការណ៍គ្រឹះចំនួនបីគឺ៖

  • រដ្ឋមានអធិបតេយ្យ និងសិទ្ធិអធិបតេយ្យលើផ្នែកខ្លះនៃសមុទ្ទ
  • ផ្នែកខ្លះនៃសមុទ្ទ និងបាតសមុទ្ទគឺជាបេតិកភណ្ឌរួមរបស់មនុស្សជាតិ
  • ទទឹមនឹងការទទួលបានសិទ្ធិ រដ្ឋក៏មានកាតព្វកិច្ចត្រូវគោរពសិទ្ធិរបស់រដ្ឋដទៃលើដែនសមុទ្ទ​ដែរ។[10]

អនុសញ្ញាខាងលើ ប្រើពាក្យ “តំបន់ (Area)”សំដៅដល់បាតសមុទ្ទ បាតមហាសមុទ្ទ និងដីបាតសមុទ្ទដែលនៅហួសពីដែនកំណត់យុត្តាធិការជាតិ។[11]  តំបន់ដែលចែងក្នុងមាត្រា ១ (១) និងក្នុងជំពូកទី១១ នៃអនុសញ្ញានេះ ត្រូវគ្រប់គ្រងដោយគោលការណ៍បេតិកភណ្ឌរួមរបស់មនុស្សជាតិ ដែលរដ្ឋមិនអាចទាមទារអធិបតេយ្យលើតំបន់ ឬផ្នែកណាមួយនៃតំបន់នេះបានឡើយ។[12] ក្រៅពីនេះ អនុសញ្ញាឆ្នាំ១៩៨២ បានផ្ដល់សមត្ថកិច្ចឱ្យអាជ្ញាធរខ្ពង់រាបបាតសមុទ្ទអន្តរជាតិ[13]ជាតំណាងឱ្យមនុស្សជាតិទូទៅ ក្នុងកិច្ចការពាក់ព័ន្ធនឹងតំបន់ និងធនធានក្នុងតំបន់។

ជារួម យើងធ្លាប់លឺពាក្យថា “បេតិកភណ្ឌពិភពលោក” ដែលភាគច្រើនសំដៅដល់បេតិកភណ្ឌវប្បធម៌ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់រដ្ឋនានា ហើយរាល់ផលប្រយោជន៍ (តាមរយៈទេសរណ៍ជាដើម) ទទួលបានពីបេតិកភណ្ឌនោះត្រូវបានទៅរដ្ឋ ប៉ុន្តែក្នុងបរិបទនីតិសមុទ្ទ គេប្រើពាក្យ “បេតិកភណ្ឌរួមរបស់មនុស្សជាតិ” សំដៅដល់តំបន់ និងធនធានក្នុងតំបន់បាតសមុទ្ទដែលហួសពីដែនយុត្តាធិការជាតិ។ បេតិកភណ្ឌរួម គឺជារបស់មនុស្សជាតិទូទៅ និងមនុស្សជំនាន់ក្រោយ ដោយមានអាជ្ញាធរបាតសមុទ្ទអន្តរជាតិជាតំណាង។


[1] The United Nation Convention on the Law of the Sea (UNCLOS), 1982, Art. 87.

[2] Ibid, Art. 58 (1).

[3] Convention on International Civil Aviation of 7 December 1944, 15 UNTS 296.

[4] Ian Brownlie, Principles of Public International Law, Oxford, Clarendon Press, 1990, 107.

[5] UNCLOS, supra note 1, Art.56 (1) (a).

[6] Martin Harry, The Deep Seabed: The Common Heritage of Mankind or Arena for Unilateral Exploitation?, (1992), P.40 .

[7] H. Caminos and M Molitor, Progressive Development of International law and the Package Deal, (1985), P.79.

[8] Baslar, The Concept of the Common Heritage of Mankind in International Law, 1998, PP. 99-103.

[9] Joyner, Legal Implications of the Concept of the Common Heritage Mankind, P.35.

[10] Brownlie, supra note 4, P.173.

[11] UNLCOS, supra note 1, Art.1(1).

[12] Shaw, M., International Law (Shaw), Cambridge: Cambridge University Press, 2008, p.561.

[13] International Seabed Authority. អនុសញ្ញាឆ្នាំ១៩៨២ ប្រើពាក្យ “Authority” ដែលបកប្រែជាខ្មែរថា “អាជ្ញាធរ”ដោយសំដៅដល់ “International Seabed Authority” ឬ “អាជ្ញាធរបាតសមុទ្ទអន្តរជាតិ”។