១. សេចក្ដីផ្ដើម
ប្លន់នាវាគឺជាបញ្ហាគំរាមកំហែងដល់សុវត្ថិភាពនាវាចរណ៍របស់រដ្ឋ និងប្រជាជាតិទាំងមូល ដែលតម្រូវឱ្យរដ្ឋទាំងអស់រួមសហការណ៍ការគ្នាដើម្បីបង្ការ និងបង្រ្កាបបទល្មើសនេះឱ្យមានប្រសិទ្ធភាព។[1] និយាយដោយឡែកគឺ ការប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា គឺជាកាតព្វកិច្ចរួមរបស់សហគមន៍អន្តរជាតិ។ ហេតុនេះហើយបានជាមានលិខិតូបករណ៍អន្តរជាតិមួយចំនួនទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដូចជាក្នុងក្របខណ្ឌតំបន់ បានចែងអំពីកាតព្វកិច្ចរបស់រដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋនេះឧទាហរណ៍ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទ (តទៅសូមហៅកាត់ខ្លីថា “អនុសញ្ញាច្បាប់សមុទ្ទ” ឆ្នាំ១៩៨២ មាត្រា១០០ ដល់១០៨ អនុសញ្ញាស្ដីពីការបង្ក្រាបអំពើខុសច្បាប់ទៅនឹងសុវត្ថិភាពនៃនាវាចរណ៍តាមដែនសមុទ្ទ ឆ្នាំ១៩៨៨[2] ពិធីសារស្ដីអំពីការបង្ក្រាបអំពើខុសច្បាប់ទៅនឹងសុវត្ថិភាព នៃទីតាំងអចិន្ត្រៃយ៍ដែលស្ថិតនៅតំបន់ខ្ពង់រាបបាតសមុទ្ទ[3]កិច្ចព្រមព្រៀងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា និងអំពើប្លន់ប្រដាប់អាវុធក្នុងដែនសមុទ្ទអាស៊ីឆ្នាំ២០០៥[4] ( កម្ពុជា ថៃ និងវៀតណាម ជាភាគីនៃកិច្ចព្រមព្រៀងនេះ) និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធផ្សេងៗទៀត។
ព្រះរាជាណាចក្រថៃ ជាភាគីនៃអនុសញ្ញាច្បាប់សមុទ្ទឆ្នាំ១៩៨២ និង កិច្ចព្រមព្រៀងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា និងអំពើប្លន់ប្រដាប់អាវុធក្នុងដែនសមុទ្ទអាស៊ីឆ្នាំ២០០៥ ហើយក៏មានច្បាប់ផ្ទៃក្នុងមួយស្ដីពីការបង្ការ និងបង្ក្រាបអំពើប្លន់នាវាផងដែរ ដែលច្បាប់នេះត្រូវបានអនុម័តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩១[5]។ មិនតែប៉ុណ្ណោះ ក្នុងការអនុវត្តជាក់ស្ដែង ព្រះរាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញមួយនេះ បានចូលរួមសហប្រតិបត្តិការយ៉ាងសកម្មជាមួយបណ្ដាប្រទេសផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា ទាំងក្នុងប្រទេស ក្នុងតំបន់ និងទូទាំងពិភពលោក។[6]
អត្ថបទខ្លីនេះ មានគោលបំណងសង្ខេបខ្លឹមសារសំខាន់ៗនៃអត្ថបទច្បាប់ខាងលើ រួចចុងក្រោយធ្វើការកត់សម្គាល់លើច្បាប់នេះ។
មុននឹងសិក្សាលើអត្ថបទច្បាប់នេះ យើងគួរស្វែងយល់ពាក្យគន្លឹះសំខាន់ៗពាក់ព័ន្ធប្រធានបទនេះ ជាមុនសិន។
ពាក្យគន្លឹះសំខាន់ៗ នៅក្នុងប្រធានបទនេះ គឺ នាវា និងអំពើប្លន់នាវា។ យើងនឹងសិក្សាទៅលើពាក្យគន្លឹះទាំងពីរនេះ ដោយផ្អែកទៅលើទ្រឹស្ដី និងបញ្ញត្តិច្បាប់អន្តរជាតិពាក់ព័ន្ធដូចខាងក្រោម។
អនុសញ្ញាច្បាប់សមុទ្ទ មិនបានចែងកំណត់អំពីនិយមពាក្យថានាវាឡើយ។ ប៉ុន្តែ នៅក្នុងមាត្រា២៩ នៃអនុសញ្ញានេះបានឱ្យនិយមន័យនាវាចម្បាំងថាជានាវាដែលជាកម្មសិទ្ធិរបស់យោធានៃរដ្ឋមួយ មានសញ្ញាខាងក្រៅបង្ហាញអំពីសញ្ជាតិនៃនាវានោះ ស្ថិតក្រោមបញ្ជានៃមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃរដ្ឋណាមួយ និងមានឈ្មោះនៅក្នុងបញ្ជីផ្លូវការរបស់រដ្ឋ ឬបញ្ជីដែលមានតម្លៃស្មើ ហើយនាវិកអនុវត្តការងារដោយគោរពតាមវិន័យយោធា។[7] កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា និងអំពើប្លន់ប្រដាប់អាវុធក្នុងដែនសមុទ្ទអាស៊ី ក៏មិនបានឱ្យនិយមន័យទៅលើពាក្យថានាវានេះ
ដែរ។ ដូចគ្នានេះដែរ ច្បាប់ស្ដីពីការបង្ការ និងការបង្ក្រាបអំពើប្លន់នាវារបស់ព្រះរាជាណាចក្រថៃក៏មិនបានចែងកំណត់និយមន័យនៃពាក្យនេះដែរ។ និយមន័យនៃពាក្យនេះមានចែងនៅក្នុងអនុសញ្ញាស្ដីពីការបង្ការនាវាបុកគ្នានៅក្នុងសមុទ្ទ ឆ្នាំ១៩៧២ ដោយអនុសញ្ញានេះ បានឱ្យនិយមន័យនាវាថា ជាវត្ថុមួយ ទោះបីមានទម្រង់យ៉ាងណាក៏ដោយ ដែលគេអាចយកមកប្រើប្រាស់ធ្វើជាមធ្យោបាយដឹកជញ្ជូនលើទឹកបាន។
ចំណែកច្បាប់របស់សាធារណរដ្ឋសង្គមនិយមវៀតណាម លេខ១៨/២០១២/QH13 ស្ដីពីសមុទ្ទវៀតណាម ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ វិញ បានឱ្យនិយមន័យនាវានៅមាត្រា៣ថា ជាជលយាន្តដែលប្រតិបត្តិការលើ ឬក្រោមផ្ទៃទឹក ដូចជាកប៉ាល់ ទូក ឬជលយាន្តដទៃទៀតដែលមានម៉ាស៊ីន ឬគ្មាន
ម៉ាស៊ីន។ មិនតែប៉ុណ្ណោះ មាត្រាដដែលនៃច្បាប់នេះ បានកំណត់និយមន័យនៃនាវាចម្បាំងដូចគ្នាទៅនឹងការកំណត់នៃមាត្រា២៩ នៃអនុសញ្ញាច្បាប់សមុទ្ទដែរ ប៉ុន្តែច្បាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យនិយមន័យនាវាមួយប្រភេទទៀតគឺនាវាផ្លូវការរបស់រដ្ឋដោយកំណត់ថា៖ “នាវាបម្រើសេវាផ្លូវការ មានន័យថាជានាវាមួយដែលត្រូវបានប្រើប្រាស់ ផ្ដាច់មុខសម្រាប់សកម្មភាពរបស់រដ្ឋ មិនមែនសម្រាប់
ជំនួញ។[8]”
មិនមានលិខិតូបរណ៍អន្តរជាតិណាមួយបែងចែងប្រភេទនាវាឱ្យបានច្បាស់លាស់ឡើយ។ ប៉ុន្តែតាមការអនុវត្ត ក៏ដូចជាការកំណត់នៅក្នុងនិយមន័យខាងលើ គេអាចបែងចែកនាវាជាពីប្រភេទ គឺ៖ នាវាឯកជន ឬនាវាជំនួញ និងនាវាដែលមិនមានគោលដៅជំនួញរួមមាននាវាចម្បាំង និងនាវាសាធារណ។
អំពើប្លន់នាវា ត្រូវបានលើកយកមកចែងកំណត់និយមន័យនៅក្នុងអនុសញ្ញាច្បាប់សមុទ្ទ ត្រង់មាត្រា ១០១ ដោយកំណត់ថា៖
ពាក្យ “អំពើប្លន់នាវា”មានន័យថាអំពើណាមួយដូចខាងក្រោមនេះ៖
ក- អំពើហិង្សា ឬឃុំឃាំងដោយខុសច្បាប់ ឬអំពើបំផ្លិចបំផ្លាញដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយនាវិក ឬអ្នកដំណើរតាមនាវា ឬអាកាសយានឯកជនដោយមានគោលបំណងៈ
- ប្រឆាំងនឹងនាវាផ្សេង ឬបុគ្គលផ្សេង ឬទ្រព្យសម្បត្តិនៅលើនាវាក្នុងសមុទ្ទអន្តរជាតិ។
- ប្រឆាំងនឹងនាវា បុគ្គល ឬទ្រព្យសម្បត្តិនៅកន្លែងណាមួយក្រៅយុត្តាធិការនៃរដ្ឋ។
ខ- រាល់អំពើនៃការចូលរួមដោយស្ម័គ្រចិត្តក្នុងប្រតិបត្តិការនាវា ឬអាកាសយាន ដោយបានដឹងពីអង្គហេតុដែលនាំឱ្យកើតជាអំពើប្លន់នាវា ឬអាកាសយាន។
គ- អំពើនៃការញុះញង់ ឬការសម្រួលដល់អំពើល្មើសដោយចេតនាដែលកំណត់ក្នុងវាក្យខណ្ឌ (ក) ឬ(ខ)។
និយមន័យខាងលើត្រូវបានយកមកចែងឡើងវិញនោក្នុងមាត្រា១ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា និងអំពើប្លន់ប្រដាប់អាវុធក្នុងដែនសមុទ្ទអាស៊ី។
ចំណែកច្បាប់ស្ដីពីការទប់ស្កាត់ និងការបង្ក្រាបអំពើប្លន់នាវា របស់ព្រះរាជាណាចក្រថៃ ត្រង់មាត្រា៤ បានឱ្យនិយមន័យថាអំពើប្លន់នាវា សំដៅដល់៖
(ក) ការរឹបអូស ឬគ្រប់គ្រងលើនាវាផ្សេងៗ ដោយប្រើកម្លាំង ឬដោយការគំរាមកំហែង ធ្វើឱ្យមានគ្រោះថ្នាក់ដល់នាវា ឬការប្រើអំពើហិង្សា ឬការគំរាមប្រើអំពើហិង្សាដល់បុគ្គលផ្សេងៗនៅលើនាវា។
(ខ) ការបំផ្លាញ ឬធ្វើឱ្យខូចខាតនាវា ឬការប្រើមធ្យោបាយផ្សេងៗដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់នាវា។
(គ) ការឃាត់ទុក ឬបង្ខាំងបុគ្គលដទៃ ឬការដកហូតសេរីភាពរបស់បុគ្គលដទៃដោយមធ្យោបាយផ្សេងៗ ឬ
(ឃ) ការប្លន់ ការប្លន់ជាក្រុម ដែលបានប្រព្រឹត្តនៅលើសមុទ្ទអន្តរជាតិ ឬនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ នៃរដ្ឋណាមួយ ដោយបុគ្គលណាមួយ នៅលើនាវាឯកជន ឬអាកាសយានឯកជន ប្រឆាំងនឹងនាវាដទៃ ឬប្រឆាំងនឹងបុគ្គល ឬទ្រព្យសម្បត្តិ ឬតួរនាវា និងដើម្បីជាផលប្រយោជន៍របស់អ្នកប្រព្រឹត្តបទល្មើស។
យោងតាមនិយមន័យកំណត់ដោយលិខិតូបករណ៍ខាងលើ យើងអាចបែងចែកបទល្មើសប្លន់នាវាជាបីគឺ ទី១ ជាអំពើប្លន់ ឬប្លន់ជាក្រុមដោយផ្ទាល់លើនាវា ទី២គឺ ការចូលរួមនៅក្នុងសកម្មភាប្លន់នេះដោយស្មគ្រចិត្ត និងទី៣ គឺការការញុះញង់ ឬសម្របសម្រួលឱ្យមានការប្រព្រឹត្តបទល្មើសប្លន់នាវា។
ក្រោយពីបានយល់អំពីនិយមន័យនៃពាក្យគន្លឹះទាំងពីខាងលើរួចហើយ តទៅសូមបន្តទៅសិក្សាអំពីខ្លឹមសារដែលមានចែងនៅក្នុងច្បាប់ខាងលើ ដោយលើកយកខ្លឹមសារសំខាន់ៗតាមផ្នែកនីមួយមកពិភាក្សាដូចខាងក្រោម។
ច្បាប់ស្ដីពីការទប់ស្កាត់ និងការបង្ក្រាបអំពើប្លន់នាវា នៃព្រះរាជាណាចក្រថៃ ត្រូវបានប្រកាសឱ្យប្រើ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩១ ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាដេត។ ច្បាប់នេះ បានឱ្យនិយមន័យទៅលើពាក្យគន្លឹះមួយចំនួនដែលប្រើក្នុងច្បាប់នេះ សមត្ថកិច្ច និងតួនាទីនៃមន្ត្រីកងទ័ពជើងទឹក នីតិវិធីនៃការស៊ើបអង្កេត និងការស៊ើបសួរ ទោសប្បញ្ញត្តិ និងការអនុវត្តច្បាប់នេះ។
៣.២. អង្គការដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងអំពើប្លន់នាវា
អង្គភាពស្នូលដែលមានសមត្ថកិច្ចប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា កងទ័ពជើងទឹកភូមិន្ទថៃ ហើយមន្ត្រីកងទ័ពជើងទឹក ជាអ្នកដើរតួនាទីសំខាន់ក្នុងការបង្ក្រាបបទល្មើសនេះ។ យោងតាមមាត្រា៤ នៃច្បាប់ស្ដីពីការបង្ការ និងការបង្ក្រាបអំពើប្លន់នាវានៃព្រះរាជាណាចក្រថៃ មន្ត្រីកងទ័ពជើងទឹក សំដៅដល់ មន្ត្រីបេសកកម្មកងទ័ពជើងទឹកទាំងឡាយដែលមានឋានៈជា មន្ត្រីបញ្ជាការ មេបញ្ជាការកិច្ចការអង្គភាព មេបញ្ជាការកិច្ចការក្រុម មេបញ្ជាការកិច្ចការកងកម្លាំង មេបញ្ជាការកងទ័ពជើងទឹកនៃព្រះរាជាណាចក្រថៃ អគ្គមេបញ្ជាការកងនាវានៃព្រះរាជាណាចក្រថៃ ឬ អគ្គមេបញ្ជាការកងទ័ពជើងទឹកនៃព្រះរាជាណាចក្រថៃ ឋានៈដទៃទៀតដែលមានចុះផ្សាយនៅក្នុងទស្សនាវដ្ដីផ្លូវការរបស់រដ្ឋាភិបាល ដោយអគ្គមេបញ្ជាការកងទ័ពជើងទឹក នៃព្រះរាជាណាចក្រថៃ និងមន្ត្រីបេសកកម្មកងទ័ពជើងទឹកតែងតាំងជាពិសេស និងចុះផ្សាយក្នុងទស្សនាវដ្ដីផ្លូវការរបស់រដ្ឋាភិបាល ដោយអគ្គមេបញ្ជាការកងទ័ពជើងទឹកនៃព្រះរាជាណាចក្រថៃ។
៣.៣. សមត្ថកិច្ច និងតួនាទីនៃមន្ត្រីកងទ័ពជើងទឹកក្នុងការបង្ក្រាបអំពើប្លន់នាវា
មន្ត្រីកងទ័ពជើងទឹកត្រូវមានអំណាចក្នុងការចាត់វិធានការចាំបាច់ និងអំណាចក្នុងការស៊ើបអង្កេត និងសាកសួរជាបឋម ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពអំពើប្លន់នាវា។ ការស៊ើបអង្កេត និងសាកសួរជាបឋមរបស់មន្ត្រីកងទ័ពជើងទឹកត្រូវក្លាយជាផ្នែកសំខាន់ នៃការសាកសួររបស់ការិយាល័យសាកសួរដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
ការស៊ើបអង្គេត និងការសាកសួរជាបឋម សំដៅដល់ការស្រាវជ្រាវលើអង្គហេតុ និងភស្ដុតាង ឬចំណាត់ការអនុវត្តដោយមន្ត្រីកងទ័ពជើងទឹក ពាក់ព័ន្ធជាមួយនឹងសកម្មភាពប្លន់នាវា ក្នុងគោលបំណងបញ្ជាក់ទៅលើអង្គហេតុ ឬបទល្មើសណាមួយ ឬការស្វែងរកពិរុទ្ធភាព ឬរក្សាសុវត្ថិភាពអ្នកប្រព្រឹត្តបទល្មើសពេលបញ្ជូនខ្លួនមកការិយាល័យសាកសួរអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
មន្ត្រីកងទ័ពជើងទឹកត្រូវមានអំណាចធ្វើការពិនិត្យលើនាវា ឬអាកាសយាន នៅពេលដែលមានហេតុផលសមស្រប ដែលសង្ស័យថា នាវា ឬអាកាសយាននោះនឹងប្រព្រឹត្ត ឬបានប្រព្រឹត្តសកម្មភាពប្លន់នាវា ដោយ៖
- ការបញ្ជូននាវា ឬអាកាសយាន ក្រោមការបង្គាប់របស់ខ្លួន ទៅកាន់នាវាដែលជាប់សង្ស័យ ដើម្បីបញ្ជាក់អំពីសិទ្ធិបង្ហូតទង់ជាតិ និងថាតើមានហេតុផលសមស្របណាមួយដែលការស្រាវដែលអាចធ្វើទៅបានដែរឬទេ។
- ពិនិត្យ និងកត់សម្គាល់អំពីសញ្ជាតិនៃអាកាសយានជាប់ការសង្ស័យ រួមទាំងគម្រោងហោះហើរនៃអាកាសយាននោះ។
ដើម្បីជាផលប្រយោជន៍នៃការអនុវត្តភារកិច្ច ដូចខាងលើ មន្ត្រីកងទ័ពជើងទឹកត្រូវមានអំណាចក្នុងការបញ្ជា ឬបង្ខំនាវា ឬអាកាសយាន ឱ្យឈប់ ឬបន្តដំណើរទៅកន្លែងណាមួយ ឬឱ្យចុះចតនៅអាកាសយានដ្ឋានណាមួយ ឬនៅកន្លែងចាប់ផ្ដើមហោះហើរ ឬចុះចតបណ្ដោះអាសន្នណាមួយ ឬក្នុងករណីចាំបាច់ មន្ត្រីកងទ័ពជើងទឹកមានអំណាចប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីអនុវត្តកិច្ចការនោះ ដោយមានហេតុផលត្រឹមត្រូវបញ្ជាក់ការសង្ស័យថា នាវា ឬអាកាសយាននោះ នឹង ឬបានប្រព្រឹត្តបទល្មើសប្លន់នាវា។ នៅក្នុងការបញ្ជាក់អំពីសិទ្ធិបង្ហូតទង់ជាតិ នៃនាវាជាប់ការសង្ស័យ ការត្រួតពិនិត្យ និងការកត់សម្គាល់លើសញ្ជាតិនៃអាកាសយានជាប់ការសង្ស័យ ការបញ្ជា ឬការបង្ខំនៃមន្ត្រីកងទ័ពជើងទឹក ត្រូវធ្វើឡើងដោយអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលកំណត់ និងចុះផ្សាយក្នុងទស្សនាវដ្ដីផ្លូវការរបស់រដ្ឋាភិបាល ដោយអគ្គមេបញ្ជាការកងទ័ពជើងទឹកនៃព្រះរាជាណាចក្រថៃ។
ក្រោយមន្ត្រីកងទ័ពជើងទឹក បានបញ្ជា ឬបង្ខំឱ្យនាវា ឬអាកាសយានឈប់ ឬបន្តដំណើរទៅកន្លែងណាមួយ ឬឱ្យចុះចតនៅអាកាសយានដ្ឋានណាមួយ ឬនៅកន្លែងចាប់ផ្ដើមហោះហើរ ឬចុះចតបណ្ដោះអាសន្នណាមួយ មន្ត្រីកងទ័ពជើងទឹកត្រូវមានអំណាចក្នុងការអនុវត្តសកម្មភាព ទៅលើនាវា ឬអាកាសយាន អ្នកបញ្ជា និងអ្នកជិះលើនាវា ឬអាកាសយាននោះ ដូចខាងក្រោម៖
- ការស្រាវជ្រាវលើនាវា ឬអាកាសយាន
- ការអនុវត្តការស៊ើបអង្កេត និងការសាកសួរជាបឋម លើអ្នកបញ្ជា និងអ្នកជិះលើនាវា ឬអាកាសយាននោះ
ក្នុងករណីដែលការស្រាវជ្រាវលើនាវា ឬអាកាសយាន ឬការសាកសួរ បង្ហាញហេតុផលសមស្របបញ្ជាក់ថាសកម្មភាពប្លន់នាវា នឹងប្រព្រឹត្ត ឬបានប្រព្រឹត្ត នោះមន្ត្រីកងទ័ពជើងទឹកមានអំណាចឃាត់ខ្លួន (Keep in Custody) អ្នកប្រព្រឹត្តបទល្មើស ដើម្បីសាកសួរ ក៏ដូចជារឹបអូសនាវា ឬអាកាសយាន និងមធ្យោបាយ (articles) ដែលនឹងប្រើ ឬបានប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើស។ នាវា ឬអាកាសយាន អ្នកបញ្ជា ឬអ្នកជិះលើនាវា ឬអាកាសយាន មិនត្រូវបានឃាត់ខ្លួនលើសពីភាពចាំបាច់ យោងទៅតាមកាលៈទេសៈនៃរឿងក្ដី។
ក្នុងករណីមានភាពចាំបាច់ សម្រាប់ផលប្រយោជន៍នៃការសាកសួរ មន្ត្រីកងទ័ពជើងទឹក មានអំណាចធ្វើដំណើរទៅជាមួយនាវាដែលត្រូវបានឃាត់ ឆ្លងកាត់តំបន់សេដ្ឋកិច្ចផ្ដាច់មុខ នៃរដ្ឋណាមួយ ឬសមុទ្ទអន្តរជាតិ ទៅកាន់កន្លែងណាមួយ ដោយមិនមានការផ្ដល់សិទ្ធិទាមទារឱ្យដោះលែងនាវានោះ ឡើយ។
ក្នុងករណីដែលត្រូវបានបង្ហាញពីការស៊ើបសួរ និងសាកសួរជាបឋមថា អ្នកបញ្ជានាវា ឬអាកាសយាន និងអ្នកដំណើរ មិនបានប្រព្រឹត្តសកម្មភាពប្លន់នាវាណាមួយទេ មន្ត្រីកងទ័ពជើងទឹកត្រូវដោះលែងនាវា ឬអាកាសយាន និងអ្នកបញ្ជា ក៏ដូចជាអ្នកដំណើរ ភ្លាម ដោយមិនបង្អង់ពេល។ ក្នុងករណីដែល មន្ត្រីកងទ័ពជើងទឹកធ្វើសកម្មភាពដោយសុចរិតភាព បន្ទុក និងការចំណាយលើការរក្សាទុកនាវា អាកាសយាន ឬវត្ថុផ្សេងៗដែលបានរឹបអូស ត្រូវជាបន្ទុករបស់ម្ចាស់ ឬអ្នកបញ្ជានាវា ឬអាកាសយាននោះ និងវត្ថុទាំងនោះ។
ក្រោយពេលដែលមន្ត្រីកងទ័ពជើងទឹកបានអនុវត្តកិច្ចការចាំបាច់សម្រាប់កិច្ចប្រតិបត្តិការភារកិច្ចរបស់ខ្លួន ត្រូវបញ្ជូនអ្នកប្រព្រឹត្តបទល្មើស រួមជាមួយនឹង វត្ថុផ្សេងៗដែលបានរឹបអូស ព្រមទាំងកំណត់ហេតុពាក់ព័ន្ធនឹងរឿងក្ដី ទៅកាន់ការិយាល័យសាកសួរ ដែលកំណត់ដោយអគ្គមេបញ្ជាការកងទ័ពជើងទឹកនៃព្រះរាជាណាចក្រថៃ និងអគ្គនាយកនៃនាយកដ្ឋាននគរបាលភ្លាមៗ ដោយឥតបង្អង់ពេល លើកលែងតែវត្ថុទាំងនោះជានាវា ឬអាកាសយាន ឬវត្ថុផ្សេងទៀត ដែលមន្ត្រីកងទ័ពជើងទឹកមិនអាចរក្សាទុកបាន។ ក្នុងករណីនេះ មន្ត្រីកងទ័ពជើងទឹកត្រូវរឹបអូស ក្នុងនាមការិយាល័យសាកសួរ។
ការអនុវត្តភារកិច្ចដោយអនុលោមតាមច្បាប់ស្ដីពីការបង្ការ និងការបង្ក្រាបអំពើប្លន់នាវានៃព្រះរាជាណាចក្រថៃ មិនត្រូវផ្ដល់សិទ្ធិឱ្យទាមទារសំណងការខូចខាត សំណងជម្ងឺចិត្តដល់បុគ្គលណាមួយឡើយ លើកលែងតែការខូចខាតនោះកើតឡើងដោយឆន្ទៈ ឬការធ្វេសប្រហែសរបស់មន្ត្រីកងទ័ពជើងទឹក។
នៅក្នុងការអនុវត្តភារកិច្ច ដោយអនុលោមតាមច្បាប់នេះ មន្ត្រីកងទ័ពជើងទឹកមានអំណាចដូចគ្នាទៅនឹងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ឬមន្ត្រីនគរបាល និងមន្ត្រីសាកសួរដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ។
ក្នុងករណីដែលមន្ត្រីកងទ័ពជើងទឹកបញ្ជូនអ្នកប្រពឹត្តបទល្មើស ទៅការិយាល័យសាកសួរ ដើម្បីបន្តនីតិវិធី ស្របតាមអំណាច និងតួនាទីរបស់ខ្លួន ពេលវេលាក្នុងកំឡុងពេលដែលអ្នកប្រព្រឹត្តបទល្មើសត្រូវបានឃាត់ខ្លួន មុនពេលបញ្ជូននោះមិនត្រូវរាប់បញ្ចូលក្នុងរយៈពេលឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសនោះសម្រាប់ការសាកសួរដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌឡើយ ប៉ុន្តែរយៈពេលមិនត្រូវលើសពី៣០ថ្ងៃឡើយ។ ក្នុងករណីចាំបាច់ ការអនុញ្ញាតសម្រាប់ការពន្យាររយៈពេលឃាត់ខ្លួន ត្រូវចេញដោយអគ្គមេបញ្ជាការកងទ័ពជើងទឹកនៃព្រះរាជាណាចក្រថៃ។
ក្នុងករណីដែល មន្ត្រីកងទ័ពជើងទឹក បានបញ្ជូនអ្នកប្រព្រឹត្តបទល្មើសទៅមន្ត្រីកងទ័ពជើងទឹកលើច្រាំង រយៈពេលក្នុងការឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើស មិនត្រូវលើសពី១២ថ្ងៃឡើយ រាប់ចាប់ពីថ្ងៃបញ្ជូន ប៉ុន្តែមិនរាប់បញ្ចូលកំឡុងពេលធម្មតាសម្រាប់ការបញ្ជូនជនល្មើសទៅកាន់ការិយាល័យស៊ើបសួរឡើយ។
បទល្មើសប្លន់នាវា ត្រូវជំនុំជម្រះ និងវិនិច្ឆ័យទោស ដោយតុលាការព្រហ្មទណ្ឌ លើកលែងតែក្នុងករណីដែលការសាកសួរ ត្រូវបានធ្វើឡើងនៅក្នុងទីតាំងដែលស្ថិតក្រោមយុត្តាធិការនៃតុលាការណាមួយ។ ក្នុងករណីនេះ រឿងក្ដីត្រូវជំនុំជម្រះ និងវិនិច្ឆ័យទោសដោយតុលាការនោះ។ ក្នុងករណីដែលបទល្មើសត្រូវស្ថិតក្រោមយុត្តាធិការរបស់តុលាការយោធា រឿងនោះត្រូវជំនុំជម្រះ និងវិនិច្ឆ័យទោសដោយតុលាការយោធាទីក្រុងបាងកក។ ប្រសិនបើ ការសាកសួរ ត្រូវបានធ្វើឡើងនៅក្នុងទីតាំងណាមួយស្ថិតក្រោមយុត្តាធិការរបស់តុលាការយោធារណាមួយ រឿងក្ដី ត្រូវជំនុំជម្រះដោយតុលាការនោះ។
បុគ្គលដែលប្រព្រឹត្តបទល្មើសប្លន់នាវា នៅក្រៅព្រះរាជាណាចក្រថៃ ត្រូវទទួលការផ្ដន្ទាទោសនៅក្នុងព្រះរាជាណចក្រថៃ ហើយមាត្រា២០ នៃក្រមនីតិវិធីព្រហ្មទណ្ឌត្រូវអនុវត្តជាមួយគ្នានេះដែរ។
ដើម្បីងាយស្រួលក្នុងការស្វែងយល់អំពីកម្រិតទោសទៅតាមអំពើល្មើសនីមួយៗ ខាងក្រោមសូមបង្កើតជាតារាងអំពើល្មើស និងកម្រតិទោសដោយចែកជាការពិន័យព្រហ្មទណ្ឌ និងការពិន័យរដ្ឋប្បវេណី។
បទល្មើសប្លន់នាវា | ពិន័យព្រហ្មទណ្ឌ | ពិន័យរដ្ឋប្បវេណី |
ដោយការរឹបអូស ឬគ្រប់គ្រងលើនាវា ដោយប្រព្រឹត្តអំពើហិង្សា ឬគំរាមកំហែងថានឹងប្រើអំពើហិង្សាបង្កឱ្យមានការខូចខាតដល់នាវា ឬដោយប្រព្រឹត្តអំពើហិង្សា ឬគំរាមកំហែងថានឹងប្រព្រឹត្តអំពើហិង្សាទៅលើបុគ្គលនៅលើនាវា | ពន្ធនាគារ ៥-១០ឆ្នាំ | ៥០០០០-១០០០០០ បាត។ |
ដោយបំផ្លាញនាវា | ប្រហារជីវិត ឬ ពន្ធនាគារមួយជីវិត ឬ ពន្ធនាគារ១-២០ ឆ្នាំ | |
ដោយបង្កឱ្យមានការខូចខាតដល់នាវា ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់បុគ្គលផ្សេងទៀត | ពន្ធនាគារ៦ខែ- ៧ឆ្នាំ | ៥០០០-៧០០០០បាត។ |
ដោយបង្កការខូចខាត ឬអាចនឹងបង្កឱ្យមានការខូចខាតដល់នាវាដោយមធ្យោបាយណាមួយ | ពន្ធនាគារ៦ខែ-៥ឆ្នាំ | និង/ឬពិន័យជាប្រាក់មិនលើសពី៥០០០០បាត។ |
ដោយការឃាត់ទុក ឬបង្ខាំងបុគ្គលដទៃ ឬដោយមធ្យោបាយផ្សេងៗទៀត ការដកហូតសេរីភាពបុគ្គលដទៃលើនាវា | ពន្ធនាគារពី៥ឆ្នាំ១០ឆ្នាំ | ពិន័យជាប្រាក់ពី៥០០០០-១០០០០០ បាត។ |
ប្លន់ជាក្រុម | ពន្ធនាគារពី១០ ទៅ២០ ឆ្នាំ | និងពិន័យជាប្រាក់ពី១០០០០០-២០០០០០បាត។ |
ដោយរំលោភសេពសន្ធវៈលើស្ត្រី | ប្រហារជីវិត ឬដាក់ពន្ធនាគារមួយជីវិត ឬដាក់ពន្ធនាគារពី១០ ទៅ២០ឆ្នាំ | ពិន័យជាប្រាក់ពី១០០០០០-២០០០០០បាត។ |
ដោយសកម្មភាពអមនុស្សធម៌ឃោរឃៅ ដូចជាការបង្កឱ្យមានការឈឺចាប់ដល់រាងកាយ និងផ្លូវចិត្តដល់បុគ្គលដទៃ តាមរយៈការបាញ់ដោយកាំភ្លើង ដោយការប្រើជាតិផ្ទុះ ឬដោយការធ្វើទារុណកម្ម | ប្រហារជីវិត ឬដាក់ពន្ធនាគារមួយជីវិត ឬដាក់ពន្ធនាគារពី១៥ដល់២០ឆ្នាំ | ពិន័យជាប្រាក់ពីមួយ១៥០០០០០- ២០០០០០០ បាត។ |
ដោយបង្កការឈឺចាប់រាងកាយធ្ងន់ធ្ងរដល់បុគ្គលដទៃ | ប្រហារជីវិត ឬដាក់ពន្ធនាគារមួយជីវិត ឬដាក់ពន្ធនាគារពី១៥ដល់២០ឆ្នាំ | និងពិន័យជាប្រាក់ពី ១៥០០០០-២០០០០០។ |
ដោយបង្កឱ្យមានមនុស្សស្លាប់ | ប្រហារជីវិត។ | |
ដោយប្រើនាវាចំបាំង នាវារដ្ឋាភិបាល ឬអាកាសយានរបស់រដ្ឋាភិបាល ដែលអ្នកបើកបរត្រូវបានបញ្ជាឱ្យក្បត់ ឬនាវា ឬ យន្ដហោះរដ្ឋាភិបាលត្រូវបានគ្រប់គ្រង ឬត្រូវបានប្លន់ | ទោសទ្វេដងទៅនឹងទោសដែលដាក់ចំពោះបទល្មើសធម្មតា។ |
ច្បាប់ខាងក៏បានកំណត់ផងដែរថា បុគ្គលដែលជាអ្នកជួយគាំទ្រ ដល់ការប្រព្រឹត្តបទល្មើស ឬប៉ុនប៉ងប្រព្រឹត្តបទល្មើស ប្លន់នាវា ត្រូវទទួលទោសដូចគ្នាទៅនឹងអ្នកប្រព្រឹត្តបទល្មើសដែរ។
៤.១. កំណត់សម្គាល់អំពីបញ្ញត្តិនៃច្បាប់នេះ
តាមរយៈ ខ្លឹមសង្ខេបនៃច្បាប់ស្ដីពីការបង្ការ និងការបង្ក្រាបអំពើប្លន់នាវានៃព្រះរាជាណាចក្រថៃ សូមធ្វើការកត់សម្គាល់ដូចខាងក្រោម៖
នៅក្នុងបញ្ញត្តិនៃច្បាប់នេះ មិនបានកំណត់អំពីនិយមន័យនៃពាក្យថា “នាវា”ឡើយ ហើយអនុសញ្ញាច្បាប់សមុទ្ទដែលព្រះរាជាណាចក្រថៃជាភាគីក៏មិនបានកំណត់អំពីនិយមន័យនៃពាក្យនេះដែរ។ ផ្ទុយពីនេះ សាធារណរដ្ឋវៀតណាម បានកំណត់យ៉ាងច្បាស់អំពីនិយមនៃពាក្យនាវានេះ នៅក្នុងច្បាប់ស្ដីពីសមុទ្ទរបស់ខ្លួន។ មួយវិញទៀត អ្វីដែលគួរកត់សម្គាល់គឺពាក់ព័ន្ធនឹងការចែងអំពីបទល្មើសប្លន់នាវាដោយមានស្ថានទម្ងន់ទោសមួយ គឺការប្លន់នាវាដោយមានការរំលោភសេពសន្ធវៈលើស្ត្រី ត្រូវកាត់ទោសប្រហារជីវិត។ ការកំណត់បែបនេះ នាំឱ្យអ្នកសិក្សាមានចម្ងល់ថា ក្នុងករណីដែលមានអំពើប្លន់នាវា ដោយមានការរំលោភសេពសន្ធវៈលើបុរសវិញ តើគេកាត់ទោសដូចម្ដេច? ច្បាប់នេះ ហាក់ដូចជាមិនបានគិតគូរដល់ករណីនេះឡើយ ប៉ុន្តែជាកស្ដែងអាចមានករណីស្ត្រីរំលោភសេពសន្ធវៈលើបុរស ឬបុរសរំលោភសេពសន្ធវៈលើបុរសផងដែរ។
ព្រះរាជាណាចក្រកម្ពុជា ជាភាគីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា និងអំពើប្លន់ប្រដាប់អាវុធក្នុងដែនសមុទ្ទអាស៊ីឆ្នាំ២០០៥ ដូចព្រះរាជាណាចក្រថៃដែរ ប៉ុន្តែមិនទាន់បានក្លាយជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទទេ។ ទោះបីជាបានក្លាយជាភាគីនៃកិច្ចព្រមព្រៀងខាងលើក្ដី កម្ពុជាមិនទាន់មានច្បាប់ផ្ទៃក្នុងស្ដីពីការបង្ការ និងបង្ក្រាបអំពើប្លន់នាវា និងអំពើប្លន់ប្រដាប់អាវុធក្នុងដែនសមុទ្ទឡើយ។
[1] United Nation Convention on the Law of the Sea (LOSC 1982), Art. 100. ASEAN, ARF Statement on
Cooperation Against Piracy and Other Threats to Security 17 June 2003, https://asean.org/?static_post=arf-
statement-on-cooperation-against-piracy-and-other-threats-to-security-17-june-2003-2
[2] Convention for the suppression of unlawful Acts against the Safety of Maritime Navigation (SUA Convention), 1988. កម្ពុជាជាភាគី ប៉ុន្តែថៃមិនមែនជាភាគីនៃអនុសញ្ញានេះទេ។
[3] Protocol for the Suppression of Unlawful Acts against the Safety of Fixed Platforms Located on the Continental Shelf 1988. កម្ពុជាជាភាគី ប៉ុន្តែថៃមិនមែនជាភាគីនៃអនុសញ្ញានេះទេ។
[4] Regional Cooperation Agreement on Combating Piracy and Armed Robbery against Ship in Asia 2005.
[5] Act on Prevention and Suppression of Piracy, 29th December 1991.
[6] COMBINED MARITIME FORCES (CMF), Thailand Joins CMF Counter-Piracy Mission, September 27, 2010, https://combinedmaritimeforces.com/2010/09/27/thailand-joins-cmf-counter-piracy-mission/
[7] For the purposes of this Convention, “warship” means a ship belonging to the armed forces of a State bearing the external marks distinguishing such ships of its nationality, under the command of an officer duly commissioned by the government of the State and whose name appears in the appropriate service list or its equivalent, and manned by a crew which is under regular armed forces discipline.
[8] LAW OF THE SEA OF VIETNAM No. No. 18/2012/QH13, dated: June 21, 2012, Art. 3.