ក្នុងនីតិសមុទ្ទ គេបែងចែកបន្ទាត់មូលដ្ឋាន ដែលប្រើសម្រាប់វាសមុទ្ទដែនដីជាបីគឺ បន្ទាត់មូលដ្ឋានធម្មតា (Normal Baselines) បន្ទាត់មូលដ្ឋានត្រង់ (Straight Baselines) និងបន្ទាត់មូលដ្ឋានប្រជុំកោះ (Archipelagic Baselines)។ បន្ទាត់មូលដ្ឋានធម្មតា គឺជាខ្សែទឹកនាច មានន័យថាគេកំណត់បន្ទាត់មូលដ្ឋានរបស់រដ្ឋឆ្នេរសមុទ្ទមួយ ដោយយកចំណុចខ្សែទឹកនាចជាគោល។ ចំណែកបន្ទាត់មូលដ្ឋានត្រង់វិញ គឺជាបន្ទាត់ដែលគេគូសភ្ជាប់ចំណុចចុងសមស្របណាមួយ ក្នុងករណីដែលការគូសបន្ទាត់មូលដ្ឋានធម្មតាមិនអាចធ្វើបាន ដោយសារកត្តាភូមិសាស្ត្រ ឬកត្តាដទៃទៀត។ រីឯបន្ទាត់មូលដ្ឋានប្រជុំកោះវិញ គឺជាបន្ទាត់មូលដ្ឋានត្រង់ដែលគេភ្ជាប់ចំណុចចុងសមស្របនៃកោះនានារបស់រដ្ឋប្រជុំកោះ។
អត្ថបទខ្លីនេះ នឹងលើកយកតែបន្ទាត់មូលដ្ឋានធម្មតាមកបង្ហាញប៉ុណ្ណោះ។ ចំណែកបន្ទាត់មូលដ្ឋានត្រង់ និងបន្ទាត់មូលដ្ឋានប្រជុំកោះ នឹងលើកយកមកបង្ហាញក្នុងអត្ថបទបន្តបន្ទាប់ទៀត។
បន្ទាត់មូលដ្ឋានធម្មតា ត្រូវបានគេហៅយ៉ាងសាមញ្ញថាជាខ្សែទឹកនាច ប៉ុន្តែបើពិភាក្សាលម្អិត បន្ទាត់មូលដ្ឋានប្រភេទនេះមិនសាមញ្ញ ឬងាយស្រួលគូសឡើយ។ ការគូសបន្ទាត់មូលដ្ឋាន ត្រូវមានកិច្ចសហការពីអ្នកជំនាញក្នុងវិស័យផ្សេងៗ មិនមែនអាចធ្វើបានដោយអ្នកនីតិសាស្ត្រតែមួយមុខឡើយ។ នេះមានន័យថា វាជាប់ពាក់ព័ន្ធបច្ចេកទេសនានា ដូចជាភូមិសាស្ត្រ ធារាសាស្ត្រ ផែនវិទ្យាជាដើម។ ការសិក្សាលើបន្ទាត់មូលដ្ឋានធម្មតា ក៏ជួបនឹងបច្ចេកសព្ទលំបាកនានាផងដែរ ព្រោះវាពាក់ព័ន្ធនឹងបច្ចេកទេសទាំងអស់ខាងលើ។ ខាងក្រោមនេះ នឹងព្យាយាមបកស្រាយពន្យល់អំពីបន្ទាត់មូលដ្ឋានធម្មតាដោយលម្អិតទៅលើបច្ចេកសព្ទដែលពាក់ព័ន្ធនានា។
មាត្រា ៥ នៃអនុសញ្ញាសហប្រជាជាតិស្ដីពីនីតិសមុទ្ទ ឆ្នាំ១៩៨២ និងមាត្រា ៣ នៃអនុសញ្ញាស្ដីពីសមុទ្ទដែនដីនិងសមុទ្ទតភ្ជាប់ ឆ្នាំ១៩៥៨ បានកំណត់ថា “បន្ទាត់មូលដ្ឋានធម្មតារបស់រដ្ឋបង្កើតឡើងដោយ ខ្សែទឹកនាចតាមបណ្ដោយឆ្នេរដែលកំណត់ក្នុងផែនទីខ្នាតធំទទួលស្គាល់ជាផ្លូវការដោយរដ្ឋឆ្នេរសមុទ្ទ”[1]។ មាត្រាខាងលើប្រើពាក្យគន្លឹះបីដែលត្រូវសិក្សាលម្អិតគឺ “ខ្សែទឹកនាច” “ផែនទីខ្នាតធំ” និង “ទទួលស្គាល់ជាផ្លូវការដោយរដ្ឋឆ្នេរសមុទ្ទ”។ យើងនឹងសិក្សាអំពីពាក្យគន្លឹះទាំងនេះដូចខាងក្រោម៖
ខ្សែទឹកនាច គឺជាចំណុចប្រសព្វផ្ទៃរាបនៃទឹកនាចជាមួយនឹងឆ្នេរ។[2] មានន័យថា ខ្សែទឹកនាចផ្អែកលើផ្ទៃរាបនៃទឹកនាច និងទម្រង់នៃឆ្នេរ។ ចំណុចទឹកនាចនៅលើផែនទី គឺជាខ្សែដែលបង្ហាញអំពីកម្រិតកម្ពស់ទឹក(chart datum)។[3] សេចក្ដីសម្រេចផ្នែកបច្ចេកទេសនៃអង្គការជលធារសាស្ត្រអន្តរជាតិ ( International Hydrographic Organization-IHO)បង្ហាញថាកម្រិតដែលគេប្រើជាទិន្នន័យផែនទី ត្រូវតែជាផ្ទៃរាបទាបដែលជំនោរឬលំនាចមិនធ្លាក់ក្រោមនោះ។[4] ខ្សែទឹកនាច គឺជាខ្សែដែលផ្អែកទៅលើទិន្នន័យបន្ទាត់បញ្ឈរ (Verticle Datum)
ក្នុងវិវាទនេសាទរវាងអង់គ្លេស និងណ័រវ៉េ ឆ្នាំ១៩៥១ តុលាការយុត្តិធម៌អន្តរជាតិលើកឡើងថា៖
“ដើម្បីវាស់ប្រវែងសមុទ្ទដែនដី គេប្រើចំណុចទឹកនាច ដែលផ្ទុយពីចំណុចទឹកជោរឬក៏ចំណុចមធ្យមនៃជំនោរនិងលំនាច ដោយទទួលបានការអនុម័តជាទូទៅក្នុងការអនុវត្តរបស់រដ្ឋ។លក្ខណៈវិនិច្ឆយនេះមានការពេញនិយមបំផុតពីសំណាក់រដ្ឋឆ្នេរសមុទ្ទ និងបង្ហាញយ៉ាងច្បាស់ពីចរិតលក្ខណៈនៃសមុទ្ទដែនដីដែលនៅជាចំណុះដែនដីគោក។”[5]
នៅពេលទាមទារដែនសមុទ្ទ ជាទូទៅរដ្ឋឆ្នេរសមុទ្ទនិយមប្រើទិន្នន័យបន្ទាត់បញ្ឈរដែលទាបបំផុត ព្រោះថាកាលណាខ្សែទឹកនាចកាន់តែទាប នោះបន្ទាត់មូលដ្ឋានធម្មតាកាន់តែខិតទៅនាយសមុទ្ទ ដែលនេះមានន័យថារដ្ឋនឹងទទួលបានដែនសមុទ្ទស្ថិតក្រោមយុត្តាធិការរបស់ខ្លួនកាន់តែធំ។[6] ប៉ុន្តែ ការណ៍នេះនឹងនាំឱ្យមានការតវ៉ាពីរដ្ឋដទៃ ហើយអាចនាំឱ្យមានវិវាទកើតឡើង។
មាត្រាខាងលើ ប្រើពាក្យថា “ផែនទីខ្នាតធំ” គឺចង់សំដៅដល់ផែនទីដែលមានទំហំធំ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចបង្ហាញលម្អិតអំពីបន្ទាត់មូលដ្ឋានធម្មតា ព្រោះថាកាលណាមាត្រដ្ឋានផែនទីកាន់តែធំ នោះការបង្ហាញអំពីបន្ទាត់មូលដ្ឋានកាន់តែមានភាពសុក្រឹត។
មាត្រដ្ឋាននៃផែនទីបង្ហាញអំពីទំនាក់ទំនងរវាងចម្ងាយដែលវាស់លើផ្ទៃផែនដី និងប្រវែងដែលបង្ហាញជាតំណាងនៅក្នុងផែនទី។ ឧទាហរណ៍ មាត្រដ្ឋាន ១/៥០,០០០មានន័យថារង្វាស់១ឯកត្តាដែលបង្ហាញលើផែនទីមានតម្លៃស្មើនឹងរង្វាស់៥០,០០០ឯកត្តានៅលើផែនដី។ តាមន័យនេះ យើងអាចទាញថា មាត្រដ្ឋានកាន់តែធំទំហំផែនទីកាន់តែធំ ឬយើងអាចនិយាយឱ្យស្រួលស្ដាប់ថាទំហំផែនទីដែលមានមាត្រដ្ឋាន១/៥០,០០០ ធំជាងទំហំផែនទីដែលមានមាត្រដ្ឋាន១/១០០,០០០។
ពាក់ព័ន្ធនឹងមាត្រដ្ឋានផែនទីសម្រាប់គូសបង្ហាញបន្ទាត់មូលដ្ឋានតាមបណ្ដោយឆ្នេរ ការិយាល័យ
កិច្ចការមហាសមុទ្ទ និងនីតិសមុទ្ទនៃអង្គការសហប្រជាជាតិបានផ្ដល់អនុសាសន៍ថា “គួរតែយកមាត្រដ្ឋានចន្លោះពី១/៥០,០០០ ទៅ១/២០០,០០០”[7]។ មូលហេតុដែលស្ថាប័នខាងលើផ្ដល់អនុសាសន៍ឱ្យជ្រើសរើសមាត្រដ្ឋានខាងលើព្រោះថា ក្នុងចន្លោះមាត្រដ្ឋាននេះ ផែនទីមានទំហំធំល្មមអាចបង្ហាញបន្ទាត់មូលដ្ឋានបានច្បាស់។មានន័យថា ប្រសិនបើផែនទីមានមាត្រដ្ឋានធំពេក នាំឱ្យទំហំផែនទីក៏ធំពេកពិបាកទុកដាក់ ចំណែកមាត្រដ្ឋានតូចពេកនាំឱ្យទំហំផែនទីតូចពេក មិនអាចបង្ហាញចំណុចនានាបានច្បាស់ និងមានសុក្រឹតភាពឡើយ។
៣. ការទទួលស្គាល់ជាផ្លូវការចំពោះផែនទី
គេប្រើពាក្យ “ផែនទីខ្នាតធំទទួលស្គាល់ដោយរដ្ឋឆ្នេរសមុទ្ទ” សំដៅដល់ផែនទីសមុទ្ទ (nautical chart) ដែលគេប្រើសម្រាប់ជាជំនួយក្នុងសកម្មភាពនាវាចរណ៍។ មានតែផែនទីសមុទ្ទប៉ុណ្ណោះដែលបង្ហាញបានលម្អិតអំពីសណ្ឋានសមុទ្ទនានាដូចជាខ្សែទឹកនាច ដីដុះ ថ្មប៉ប្រះទឹកស្ងួតជាដើម។
គ្រប់ឆ្នេរទាំងអស់នៅលើពិភពលោកសុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងផែនទី ប៉ុន្តែមិនមែនសុទ្ធតែជាផែនទីខ្នាតធំ ឬជាផែនទីដែលមានសុក្រឹតភាពទាំងស្រុង ឬក៏ត្រូវបានទទួលស្គាល់ជាផ្លូវការនោះទេ។ ក្នុងករណីដែលរដ្ឋមួយ បានបោះពុម្ពផ្សាយផែនទីនៃឆ្នេររបស់ខ្លួន គេសន្និដ្ឋានថារដ្ឋបានទទួលស្គាល់ផែនទីនោះជាផ្លូវការរួចហើយ។ ផែនទីនេះ គឺជាមូលដ្ឋានសម្រាប់បង្កើតផែនទីនៃតំបន់ដទៃទៀត។
ត្រង់នេះសូមទាញអារម្មណ៍អ្នកអានមកសិក្សារឿងមួយនៅឆ្នាំ២០០៨ គឺវិវាទដែនកោះផេដ្រាប្រាំងកា (Pedra Branca) រវាងម៉ាឡេស៊ីនិងសិង្ហបុរី[8]។ ក្នុងរឿងនេះ ដើមឡើយកោះផេដ្រាប្រាំងកា ជាកម្មសិទ្ធិរបស់ម៉ាឡេស៊ី ប៉ុន្តែសិង្ហបុរីបានគ្រប់គ្រងកោះនេះតាំងពីសើនបញ្ចាំងភ្លើងហតស្ប៊ើក(Horsburgh) ត្រូវបានសាងសង់ ដោយអ្នកគ្រប់គ្រងមុនរបស់ខ្លួន គឺចក្រភពអង់គ្លេសរវាងឆ្នាំ ១៨៥០និង១៨៥១។ ក្រោយមកមានលិខិតមួយចេញដោយរដ្ឋលេខាធិការចក្រភពចូហូ (Johor[9])ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៣ មានខ្លឹមសារថា៖ “ខ្ញុំសូមឆ្លើយតបនឹងលិខិតរបស់លោក…ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៥៣ ដែលបានផ្ញើជូនទីប្រឹក្សាចក្រភពអង់គ្លេសពាក់ព័ន្ធឋានៈនៃថ្មផេដ្រាប្រាំងកា ដែលមានចម្ងាយប្រមាណ៤០ម៉ៃល៍ពីសិង្ហបុរីថា រដ្ឋាភិបាលចូហូមិនទាមទារកម្មសិទ្ធិលើកោះនេះឡើយ។”[10] បន្ទាប់ពីនោះមក មានផែនទីមួយចំនួនដែលបានបោះពុម្ភដោយម៉ាឡេស៊ី រវាងឆ្នាំ១៩៦២ និង ឆ្នាំ១៩៧៥ បានដាក់កោះPedra Branca ស្ថិតក្រោមអធិបតេយ្យរបស់សិង្ហបុរី។[11] ការណ៍នេះ នាំឱ្យតុលាការយុត្តិធម៌អន្តរជាតិ បានកាត់សេចក្ដីផ្ដល់កោះផេដ្រាប្រាំងកាឱ្យទៅសិង្ហបុរី។ មានន័យថា ផែនទីដែលបោះពុម្ពផ្សាយដោយរដ្ឋមួយ គេនឹងសន្មតថា ផែនទីនោះបានទទួលស្គាល់ជាផ្លូវការពីរដ្ឋនោះហើយ។
ចំពោះករណីដែលរដ្ឋមិនទាន់បានបោះពុម្ពផែនទីឆ្នេរសមុទ្ទរបស់ខ្លួន ការិយាល័យកិច្ចការមហាសមុទ្ទនិងនីតិសមុទ្ទ នៃអង្គការសហប្រជាជាតិបានផ្ដល់អនុសាសន៍ថា “ក្នុងករណីដែលរដ្ឋមួយមិនបានបោះផ្សាយផែនទីឆ្នេររបស់ខ្លួនទេ រដ្ឋនោះគួរតែបង្ហាញពីផែនទីណាមួយដែលខ្លួនទទួលស្គាល់ជាផ្លូវការ”[12]។
ជារួមបន្ទាត់មូលដ្ឋានធម្មតា គឺជាខ្សែទឹកនាចដោយផ្អែកតាមទិន្នន័យបន្ទាត់បញ្ឃរឬចំណុចមធ្យមនៃទឹកនាចនិងទឹកជោរ ដែលខ្សែទឹកនាចនោះគួរគូសតំណាងនៅក្នុងផែនទីខ្នាតធំ មានមាត្រដ្ឋានចន្លោះពី ១/៥០,០០០ ទៅ១/២០០,០០០ និងមានការទទួលស្គាល់ជាផ្លូវការដោយរដ្ឋឆ្នេរសមុទ្ទ។ បន្ទាត់មូលដ្ឋានធម្មតាក៏មានពាក់ព័ន្ធសណ្ឋានសមុទ្ទនានាផងដែរ។
[1] United Nations Convention on the Law of the Sea, Art.5.
[2] IHO, Hydrographic Dictionary, vol. I (5th edn. 1994), No. 2951.
[3] UNITED NATIONS, Office of Ocean Affairs and the Law of the Sea, Baselines: An Examination of the Relevant Provisions of the United Nations Convention on the Law of the Sea (UNITED NATIONS), 1989, p. 3.
[4] Resolutions of the International Hydrographic Organization, Technical Resolution A 2.5 (3). Datum and Benchmarks, Miscellaneous Publication MP-003.
[5] Fishery Cases, p.128.
[6] Victor Prescott and Clive Schofield, The Maritime Political Boundaries of the World, Martinus Nijhoff Publisher (Prescott and Schofield), Second Edition, p. 95.
[7] UNITED NATIONS, supra note 3, p. 2.
[8] Case Concerning Sovereignty Over, Pedra Branca/Pulau Batu Puteh, Middle Rocks and South Ledge
(Malaysia/Singapore)(Pedra Banca Case), ICJ Judgment of 23 May 2008.
[9] សព្វថ្ងៃគឺ ម៉ាឡេស៊ី។
[10] Pedra Banca Case, supra note 8, Para.196.
[11] Ibid, Para.269.
[12] UNITED NATIONS, supra note 3, P.1.