ពាក្យ “យុត្តិសាស្ត្រ” សំដៅដល់សេចក្ដីសម្រេចរបស់តុលាការ ឬស្ថាប័នយុត្តាធិការ។ សេចក្ដីសម្រេចរបស់ស្ថាប័នយុត្តាធិការ ជាប្រភពដ៏សំខាន់មួយ ដែលចូលរួមអភិវឌ្ឍច្បាប់អន្តរជាតិ។ ការបកស្រាយរបស់ចៅក្រមអន្តរជាតិ នៅក្នុងយុត្តិសាស្ត្រជាច្រើន ត្រូវបានគេទទួលយកមកអនុវត្តជាទូទៅ និងចងក្រងជាច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា យោងតាមមាត្រា ៣៨ (១) ដូចបានលើកឡើងខាងលើ តុលាការ ឬមជ្ឈត្តការអន្តរជាតិអាចអនុវត្តសេចក្ដីសម្រេចពីមុន ដែលគេចាត់ទុកថាជាភស្ដុតាងបង្ហាញពីអត្ថិភាពនៃនីតិអន្តរជាតិ។ ប៉ុន្តែ អញ្ញត្រកម្មចំពោះករណីនេះត្រូវបានលើកឡើងដោយមាត្រា៥៩ នៃលក្ខខន្តិក:តុលាការយុត្តិធម៌អន្តរជាតិ ដោយមាត្រានេះបានកំណត់ថា “សេចក្ដីសម្រេចតុលាការ(យុត្តិធម៌អន្តរជាតិ) មានអានុភាពគតិយុត្តចំពោះតែភាគីវិវាទប៉ុណ្ណោះ”។ មាត្រានេះ បានចង្អុលបង្ហាញពីវិធានមួយថា តុលាការមិនជាប់កាតព្វកិច្ចដោយយុត្តិសាស្ត្រឡើយ ប៉ុន្តែពំនឹងផ្អែកលើយុត្តិសាស្ត្រនៅតែមាន ដោយសារថាសេចក្ដីសម្រេចអាជ្ញាអស់ជំនុំ និងគំនិតយោបល់(advisory opinions) របស់ស្ថាប័នយុត្តាធិការគឺជាភស្ដុតាងមួយដែលបង្ហាញអំពីជំហរគតិយុត្តក្នុងវិវាទពាក់ព័ន្ធ។
ទោះបីជាមាត្រា ៣៨ នៃលក្ខន្តិក:តុលាការយុត្តិធម៌អន្តរជាតិបានចែងថា“សេចក្ដីសម្រេចរបស់ស្ថាប័នយុត្តាធិការ” ជាមធ្យោបាយបន្ទាប់បន្សំដើម្បីសម្រេចអំពីវិធានគតិយុត្តក្ដី (មិនបានចែងថា សេចក្ដីសម្រេចរបស់ស្ថាប័នយុត្តាធិការអន្តរជាតិឡើយ) ប៉ុន្តែ តាំងពីសេចក្ដីព្រាងបញ្ញត្តិមាត្រានេះកើតឡើងមក(១៩២០) ស្ថាប័នយុត្តាធិការអន្តរជាតិបានដើរតួនាទីយ៉ាងទូលំទូលាយក្នុងដំណើរការបង្កើតច្បាប់អន្តរជាតិ។
នៅក្នុងប្រព័ន្ធច្បាប់កុំមុនឡ(ដែលជាប្រព័ន្ធនៅក្នុងនីតិជាតិ) ចាត់ទុកយុត្តិសាស្ត្រជាច្បាប់ ឬក៏ថាចងកាតព្វកិច្ចតុលាការឲ្យអនុវត្តតាមចំពោះរឿងដូចគ្នានឹងសេចក្ដីសម្រេចពីមុន។ សូមបញ្ជាក់ថា ក្នុងនីតិអន្តរជាតិ យុត្តិសាស្ត្រ (ឬសេចក្ដីសម្រេចរបស់ស្ថាប័នយុត្តាធិការ) មិនមែនជាច្បាប់ឡើយ។
ក្នុងដំណើរការដោះស្រាយវិវាទ តុលាការយុត្តិធម៌តែងតែពិនិត្យយ៉ាងល្អិតល្អន់លើសេចក្ដីសម្រេចរបស់ខ្លួនដែលធ្លាប់បានចេញពីមុនមក និងវិភាគយ៉ាងប្រុងប្រយ័ត្នអំពីភាពខុសគ្នានៃរឿងនីមួយៗ ដើម្បីកំណត់បញ្ហាដែលខ្លួនគិតថាមិនអាចអនុវត្តបានចំពោះរឿងដែលមាននៅក្នុងដៃ។[1] យុត្តិសាស្ត្រតុលាការអន្តរជាតិមួយចំនួនត្រូវបានគេទទួលស្គាល់ជាទូទៅ និងរហូតដល់យកមកចែងនៅក្នុងសន្ធិសញ្ញាផងដែរ។ ជាក់ស្ដែង ក្នុងវិវាទនេសាទរវាងអង់គ្លេសនិងណ័រវេ ឆ្នាំ១៩៥១ តុលាការបានទទួលស្គាល់ការគូសបន្ទាត់មូលដ្ឋានត្រង់ ជំនួសឲ្យការគូសបន្ទាត់មូលដ្ឋានធម្មតា (ខ្សែទឹកនាច)ដែលអនុវត្តដោយណ័រវ៉េ[2] ក្រោយមកគោលការណ៍បន្ទាត់មូលដ្ឋានត្រង់ ត្រូវបានយកមកចែងក្នុងអនុសញ្ញាហ្សឺណែវឆ្នាំ១៩៥៨ ស្ដីពីសមុទ្ទដែនដីនិងសមុទ្ទតភ្ជាប់ (ត្រង់មាត្រា ៣) ហើយក្រោយមកទៀតត្រូវបានយកមកចែងក្នុងអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទ ឆ្នាំ ១៩៨២ (ត្រង់មាត្រា៧)។
[1] Shaw, M., International Law (Shaw), Cambridge: Cambridge University Press, 2008, p.82.
[2] North Sea Fisheries Cases (United Kingdom V. Norway) 1951 (Fishery Cases), ICJ report 116, p.128.