ក្រៅពីសន្ធិសញ្ញា ច្បាប់ទំនៀមទម្លាប់អន្តរជាតិ និងយុត្តិសាស្ត្រ នីតិអន្តរជាតិមានប្រភពបន្ទាប់បន្សំមួយចំនួនទៀតដូចជា ទ្រឹស្ដីអ្នកនិពន្ធ Ex aequo et bono និងគោលការណ៍សមធម៌(Principle of Equity) លិខិតូបករណ៍នៃអង្គការអន្តរជាតិ និងកិច្ចឯកតោភាគីរបស់រដ្ឋ។ អត្ថបទខ្លីនេះ នឹងបង្ហាញខ្លះៗអំពីប្រភពបន្ទាប់បន្សំទាំងនេះ។
១- ទ្រឹស្ដីអ្នកនិពន្ធ
មាត្រា ៣៨ (១) នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ទ្រឹស្ដីរបស់អ្នកនិពន្ធឬអ្នកច្បាប់ គឺជាមធ្យោបាយបន្ទាប់បន្សំមួយក្នុងចំណោមប្រភពដទៃទៀតនៃនីតិអន្តរជាតិ។ មាត្រានេះបានប្រើឃ្លាថា “សេចក្ដីពន្យល់របស់អ្នកនិពន្ធដែលមានសមត្ថភាពខ្ពង់ខ្ពស់នៃប្រជាជាតិនានា[1]”។ ទ្រឹស្ដីអ្នកនិពន្ធ (សៀវភៅនីតិអន្តរជាតិ នៅកម្ពុជាមួយចំនួន ប្រើពាក្យ “លទ្ធិ”) សំដៅដល់សេចក្ដីពន្យល់របស់អ្នកនិពន្ធ ឬអ្នកច្បាប់នៅក្នុងសៀវភៅ ឬក្នុងអត្ថបទស្រាវជ្រាវនានា។
មុខងារចម្បងនៃទ្រឹស្ដីរបស់អ្នកនិពន្ធល្បីល្បាញ គឺការផ្ដល់ជាភស្ដុតាងដែលអាចជឿទុកចិត្តបាននៃច្បាប់។ អ្នកអធិប្បាយទ្រឹស្ដីច្បាប់អន្តរជាតិ មិនអាចបង្កើតច្បាប់បានទេ។ ការងាររបស់ពួកគេគឺបកស្រាយ និងបញ្ជាក់អំពីគោលការណ៍ និងវិធាននានានៃនីតិអន្តរជាតិ។ ដើម្បីឱ្យមានការចងកាតព្វកិច្ចផ្លូវច្បាប់បាន លុះត្រាតែមានការព្រមព្រៀងពីរដ្ឋ។
លោក ហ៊ូហ្គោ ក្រូទៀស (Hugo Grotius) ជាអ្នកច្បាប់ជនជាតិហូឡង់ដ៏ល្បីល្បាញមួយរូប នៅចន្លោះសតវត្សរ៍ទី ១៦ និងទី ១៧។ គាត់បានសរសេរសៀវភៅជាច្រើន ដែលក្នុងនោះមានសៀវភៅមួយដាក់ចំណងជើងថា “Mare Liberum” មានន័យជាខ្មែរ ថា “សមុទ្ទបើក” ឬ “សេរីភាពសមុទ្ទ” បានបោះពុម្ពនៅឆ្នាំ ១៦០៩។ សៀវភៅនេះ មានភាពល្បីល្បាញខ្លាំង ហើយទ្រឹស្ដីរបស់គាត់ជាច្រើនពាក់ព័ន្ធនឹងសេរីភាពដែនសមុទ្ទត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ។
លោកចន ស៊ែលឌិន(John Selden) ជាអ្នកច្បាប់ជនជាតិអង់គ្លេសដ៏ល្បីល្បាញមួយរូប។ លោកបានសរសេរសៀវភៅជាច្រើន ដែលក្នុងនោះមានសៀវភៅមួយបានដាក់ចំណងជើងថា “Mare Clausum” ដែលមានន័យជាខ្មែរថា “សមុទ្ទបិទ” បោះពុម្ពនៅឆ្នាំ ១៦៣៥។ សៀវភៅនោះ បកស្រាយទ្រឹស្ដីច្បាប់ប្រឆាំងនឹងទ្រឹស្ដីរបស់លោក ហ៊ូហ្គោ ក្រូទៀស។
លោកកូមេលីស វ៉ាន់ប៊ីនគឺសូក(Cornelis van Bijnkershoek) ជាអ្នកច្បាប់ហូឡង់។ សៀវភៅច្បាប់របស់គាត់មួយដែលដាក់ឈ្មោះថា “De Dominio Maris Dissertatio ដែលបានបោះពុម្ពឆ្នាំ១៧០២ និងសៀវភៅមួយចំនួនទៀតរបស់លោកបានចូលរួមយ៉ាងខ្លាំងក្នុងដំណើរការអភិវឌ្ឍច្បាប់អន្តរជាតិ។
លោក អេមឺរីក ដឺវ៉ាត់តែល (Emmerich de Vattel) កើតនៅឆ្នាំ ១៧១៤ និងជាអ្នកច្បាប់ជនជាតិស្វីសដ៏ល្បីល្បាញម្នាក់។ តាមរយៈសៀវភៅរបស់គាត់ក្រោមចំណងជើងថា “Le Droit des gens (ច្បាប់ប្រជាជាតិ)” បោះពុម្ពឆ្នាំ ១៧៥៨ បាននាំយកនូវទ្រឹស្ដីច្បាប់ធម្មជាតិទៅក្នុងទំនាក់ទំនងអន្តរជាតិ។
២- Ex aequo et bono និងគោលការណ៍សមធម៌(Principle of Equity)
មាត្រា៣៨ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ បានចាត់ទុកគោលការណ៍ ex aequo et bono គឺជាប្រភពចុងក្រោយសម្រាប់ជាមូលដ្ឋាននៃការសម្រេចសេចក្ដីរបស់តុលាការ។ តុលាការអាចសម្រេចសេចក្ដីលើវិវាទដែលបានដាក់ជូនខ្លួនតាមគោលការណ៍ ex aequo et bono បានលុះត្រាតែមានការព្រមព្រៀងពីភាគីវិវាទ។ គោលការណ៍ex aequo et bono ក្នុងនីតិអន្តរជាតិ មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងគោលគំនិតសមធម៌ (equity) ក្នុងប្រព័ន្ធច្បាប់កុំមុនឡដែរ ប៉ុន្តែមិនដូចគ្នាទាំងស្រុងឡើយ។ គោលការណ៍ ex aequo et bono ក្នុងនីតិអន្តរជាតិមានវិសាលភាពទូលំទូលាយ ហើយតុលាការទទួលបានអំណាចធំធេងជាង។ តុលាការអាចសម្រេចសេចក្ដីលើវិវាទដោយពិចារណាផ្ដោតការយកចិត្តទុកដាក់លើគោលការណ៍នេះជាជាងការពិចារណាលើវិធានច្បាប់ ឬពេលខ្លះនៅពេលដែលគោលការណ៍នេះ និងវិធានច្បាប់មានភាពផ្ទុយគ្នា តុលាការអាចនឹងមិនអនុវត្តវិធានច្បាប់ហើយងាកមកប្រើគោលការណ៍ ex aequo et bono វិញក្នុងគោលបំណងធានាបាននូវយុត្តិធម៌។ មានន័យថា ex aequo et bono មិនមែនមានន័យត្រឹមថាជាគោលការណ៍សមធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាមានន័យថា “យុត្តិធម៌ ត្រឹមត្រូវ និងសមធម៌”។
ទោះជាយ៉ាងនេះក្ដី ការអនុវត្តជាក់ស្ដែងរបស់តុលាការយុត្តិធម៌អន្តរជាតិ គេកម្រនឹងឃើញលើកយកគោលការណ៍ ex aequo et bonoមកនិយាយណាស់ ខណៈដែលគោលការណ៍សមធម៌ត្រូវបានប្រើប្រាស់ជាញឹកញាប់។ ជាក់ស្ដែង ក្នុងវិវាទខ្ពង់រាបបាតសមុទ្ទនៃសមុទ្ទខាងជើង (North Sea Continental Shelf Case) ឆ្នាំ១៩៦៩ តុលាការយុត្តិធម៌អន្តរជាតិបានគូសបញ្ជាក់ថា “ការកំណត់ព្រំដែនរវាងភាគី (អាល្លឺម៉ង់ខាងលិច ហូឡង់ និងដាណឺម៉ាក) ត្រូវធ្វើឡើងឱ្យស្របនឹងគោលការណ៍សមធម៌”។
ត្បិតថា មានការអនុវត្តគោលការណ៍សមធម៌ដោយតុលាការ និងសាលាក្ដីអន្តរជាតិជាញឹកញាប់ក៏ដោយ ក៏អត្ថិភាពគោលការណ៍ក្នុងនាមជាប្រភពដាច់ដោយឡែកមួយនៃនីតិអន្តរជាតិ ជារឿងស្ថិតក្នុងភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ទោះបីជាអ្នកខ្លះចាត់ទុកសមធម៌ជាប្រភព ហើយអ្នកខ្លះមិនបានចាត់ទុកវាជាប្រភពនៃនីតិអន្តរជាតិក្ដី ប៉ុន្តែគោលការណ៍នេះដើរតួយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមចំណុចខ្វះខាតនៃច្បាប់ និងជាបង្អែកហេតុផលសេចក្ដីសម្រេចរបស់តុលាការ។ ចៅក្រមឬមជ្ឈត្តករតែងតែប្រើសមធម៌ដើម្បីបកស្រាយ ឬបំពេញចន្លោះខ្វះខាតនៃច្បាប់ទោះបីជាមិនមានការកំណត់ឱ្យធ្វើដូច្នោះក៏ដោយ។
៣-លិខិតូបករណ៍នៃអង្គការអន្តរជាតិ
ការរីកចម្រើនរបស់អង្គការអន្តរជាតិចាប់តាំងពីសង្គ្រាមលោកលើកទី១ នាំឱ្យមានការលើកឡើងថាកិច្ចនានារបស់តួអង្គនេះជាប្រភពនៃនីតិអន្តរជាតិ។ សេចក្ដីសម្រេចរបស់អង្គការអន្តរជាតិអាចចងកាតព្វកិច្ច ឬមិនមានចងកាតព្វកិច្ច។ សេចក្ដីសម្រេចរបស់អង្គការអន្តរជាតិអាចចងកាតព្វកិច្ចបានចំពោះតែរដ្ឋភាគីប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ គេឃើញមានតែសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលធ្វើឡើងដោយអនុលោមតាមជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងអំពើគំរាមកំហែងដល់សន្តិភាព អំពើរំលោភបំពានសន្តិភាព និងអំពើឈ្លានពានប៉ុណ្ណោះ ដែលចាត់ទុកថាចងកាតព្វកិច្ច។ កិច្ចប្រភេទនេះ ត្រូវបានចាត់ទុកថាជាប្រភពនៃនីតិអន្តរជាតិ។
ប៉ុន្តែពាក់ព័ន្ធនឹងសេចក្ដីសម្រេចមិនចងកាតព្វកិច្ចវិញ នៅមានការខ្វែងគំនិតគ្នានៅឡើយ។ អង្គការអន្តរជាតិបង្កើតឡើងដោយបណ្ដារដ្ឋ ហើយរាល់កិច្ចដែលចេញដោយអង្គការនេះតែងមានការបោះឆ្នោតយល់ព្រមដោយតំណាងនៃបណ្ដារដ្ឋសមាជិក (ឧទាហរណ៍ សេចក្ដីសម្រេច និងសេចក្ដីថ្លែងការណ៍របស់មហាសន្និបាតអង្គការសហប្រជាជាតិ) ដែលនេះមានន័យថាខ្លឹមសារកិច្ចនានាឆ្លុះបញ្ចាំងពីទស្សនៈនៃបណ្ដារដ្ឋទាំងនោះ ហើយយ៉ាងហោចណាស់វាអាចក្លាយជាភស្ដុតាងនៃច្បាប់ទំនៀមទម្លាប់អន្តរជាតិនៅពេលអនាគត។
នៅពេលដែលរដ្ឋយ៉ាងច្រើនលើសលប់បានបោះឆ្នោតគាំទ្រជាច្រើនដងលើប្រធានបទជាក់លាកណាមួយ នោះនឹងនាំឱ្យកើតជាការអនុវត្តរបស់រដ្ឋ ហើយក្រោយមកប្រធានបទនោះនឹងមានការអភិវឌ្ឍខ្លួនទៅជាច្បាប់ទំនៀមទម្លាប់អន្តរជាតិ។ ដូច្នេះ សេចក្ដីសម្រេច (Resolution) និងសេចក្ដីថ្លែងការណ៍ (Declaration) អាចក្លាយជាភស្ដុតាងបង្ហាញអត្ថិភាពនៃច្បាប់ទំនៀមទម្លាប់អន្តរជាតិ។
៤-កិច្ចឯកតោភាគីរបស់រដ្ឋ
ទោះបីជាមិនមានចែងក្នុងមាត្រា ៣៨ (១) នៃលក្ខន្តិកៈតុលាការយុត្តិធម៌ ក្នុងស្ថានភាពមួយចំនួន កិច្ចឯកតោភាគរបស់រដ្ឋរួមទាំងសេចក្ដីថ្លែងការណ៍ដែលធ្វើឡើងដោយមន្ត្រីផ្លូវការរបស់រដ្ឋផង អាចចងកាតព្វកិច្ចរដ្ឋជាអន្តរជាតិផងដែរ។ នៅឆ្នាំ១៩៥៧ រដ្ឋាភិបាលអេហ្ស៊ីបបានចេញសេចក្ដីប្រកាសមួយកំណត់សកម្មភាពមួយចំនួនដែលខ្លួនបានយល់ព្រមទទួលយកប្រតិបត្តិការ និងការគ្រប់គ្រងរបស់អាជ្ញាធរព្រែកជីកស៊ុយអេហ្ស៍ (Suez Canal Authority) ដែលបង្កើតឡើងនៅថ្ងៃតី២៦ ខែកក្កដា ឆ្នាំ១៩៥៦។ តាមរយ:សេចក្ដីប្រកាសនេះ អេហ្ស៊ីប បានថ្លែងបញ្ជាក់ជាថ្មីទៅកាន់សហគមន៍អន្តរជាតិអំពីការប្រកាន់ខ្ជាប់ខ្ជួននូវលក្ខខណ្ឌ និងស្មារតីនៃអនុសញ្ញាកុងស្តង់ទីនូប្លឹ៍(Constantinople Convention)។ អេហ្ស៊ីបបានប្ដេជ្ញាជាឯកតោភាគីធានាសេរីភាពនាវាចរណ៍តាមព្រែកជីកនេះ និងបានសង្កត់ធ្ងន់ផងដែរថារដ្ឋាភិបាលរបស់ខ្លួនមានអធិបតេយ្យលើព្រែកជីកនេះ។[2]
ដូចគ្នាដែរ ចំណងគតិយុត្តនៃកិច្ចឯកតោភាគីក៏ត្រូវបានទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិផងដែរក្នុងរឿងសាកល្បងនុយក្លេអ៊ែរឆ្នាំ១៩៧៤។ ក្នុងរឿងនេះ អូស្ត្រាលី និងញូហ្ស៊ីលែន បានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធនឹងការសាកល្បងនុយក្លេអ៊ែររបស់បារាំង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តុលាការបានសន្និដ្ឋានថាបារាំងត្រូវចងកាតព្វកិច្ចដោយសេចក្ដីថ្លែងការណ៍ជាសាធារណ:ដែលបានចេញដោយឥស្សរជនផ្លូវការរបស់ខ្លួនកន្លងមក ដោយបញ្ជាក់ថាខ្លួននឹងឈប់សាកល្បងនុយក្លេអ៊ែរក្នុងបរិយាកាសនៅមហាសមុទ្ទប៉ាស៊ីហ្វិកខាងត្បូង។[3] តុលាការក្នុងរឿងខាងលើបានពន្យល់ថា កិច្ចឯកតោភាគីមានវិបាកគតិយុត្តបានលុះត្រាតែ៖
- កិច្ចនោះត្រូវផ្សាយជាសាធារណ: និងដឹងលឺជាទូទៅ
- កិច្ចនោះត្រូវបង្ហាញឆន្ទៈរបស់រដ្ឋក្នុងការចងកាតព្វកិច្ច ។[4]
[1] the teachings of the most highly qualified publicists of the various nations.
[2] Declaration on the Suez Canal and the Arrangements for its operation, Letter dated 24 April 1957 from the Minister for Foreign Affairs of Egypt, addressed to the Secretary-General.
[3] Nuclear Tests Case (Australia V. France), ICJ Judgement of 20 December 1974, Para. 43 and 44.
[4] Ibid, Para. 50.