គន្ថីទី១៖ បទប្បញ្ញត្តិទូទៅ

ជំពូកទោល៖ បទប្បញ្ញត្តិទូទៅ

មាត្រា ១. ច្បាប់ទូទៅនៃនីតិឯកជន

ក្រមនេះ បញ្ញត្តិអំពីគោលការណ៍ទូទៅដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែក រដ្ឋប្បវេណី។ បញ្ញត្តិនៃក្រមរដ្ឋប្បវេណីនេះ ត្រូវយកមកអនុវត្តចំពោះទំនាក់ទំនងទ្រព្យ សម្បត្តិ និង ទំនាក់ទំនងញាតិ លើកលែងតែមានកំណត់ផ្សេង នៅក្នុងច្បាប់ពិសេស។

មាត្រា ២. គោលការណ៍ជាមូលដ្ឋាន

ក្រមនេះ កំណត់អំពីគោលការណ៍នៃការធានាសេចក្តីថ្លៃថ្នូររបស់បុគ្គល ភាពស្មើគ្នា របស់បុរស នារី និង សិទ្ធិលើទ្រព្យសម្បត្តិ ដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។

មាត្រា ៣. គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន

ក្រមនេះ គោរពនូវសេរីភាពនៃឆន្ទៈរបស់បុគ្គល និងបញ្ញត្តអំពីទំនាក់ទំនងគតិយុត្ត ប្រកបដោយសមភាពរវាងបុគ្គលឯកជន ដោយរួមបញ្ចូលទាំងនីតិបុគ្គល។    នីតិបុគ្គល      សាធារណៈ ដែលនៅក្នុងទំនាក់ទំនងនៃការជួញដូរ ត្រូវចាត់ទុកថាជាបុគ្គលឯកជន។

មាត្រា ៤. ការហាមឃាត់មិនឱ្យ ប្រើប្រាស់សិទ្ធិដោយបំពាន

ទោះបីជាសិទ្ធិក៏ដោយ ក៏ពុំត្រូវបានអនុញ្ញាតឱ្យ ប្រើប្រាស់ដោយបំពានឡើយ ។   នៅ ក្នុងករណីដែលបានប្រើប្រាស់សិទ្ធិ ដោយបំពានហួសពីទំហំនៃការការពារ ដែលត្រូវបាន បញ្ញត្តទុក មិនអាចទទួលស្គាល់អានុភាពនៃការប្រើសិទ្ធិនោះឡើយ។

មាត្រា ៥. គោលការណ៍នៃភាពសុចរិត និង ភាពស្មោះត្រង់

ការប្រើសិទ្ធិ និងការអនុវត្តករណីយកិច្ច ត្រូវធ្វើឡើងដោយសុចរិត ផ្អែកតាមភាពស្មោះត្រង់។