អនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ មិថុនា ២០២០ ស្ដីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ជំពូកទី១៖ បទប្បញ្ញត្តិទូទៅ

មាត្រា ១.

អនុក្រឹត្យនេះមានគោលបំណងសម្រួល និងបង្កបរិយាកាសល្អដល់ការបង្កើតអាជីវកម្មតាម រយៈការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាស ធុរកិច្ចឱ្យប្រសើរឡើង និងទាក់ទាញការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២.

អនុក្រឹត្យនេះ មានគោលដៅកំណត់នីតិវិធី លក្ខខណ្ឌតម្រូវ និងការអនុញ្ញាតដល់ការចុះបញ្ជី អាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

មាត្រា ៣.

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការចុះបញ្ជីអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដែលក្នុង នោះមាន ៖

  • ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម
  • ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ការពិនិត្យនិងទទួលសេចក្តីប្រកាសជូន ដំណឹងបើកសហគ្រាស ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

មាត្រា ៤.

វាក្យសព្ទសំខាន់ៗ ដែលប្រើក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់និយមន័យដូចមានក្នុងសទ្ទានុក្រម ដែលជាឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ។

ជំពូកទី២៖ នីតិវិធីនៃការចុះបញ្ជីអាជីវកម្ម និងការពិនិត្យលើភាពត្រឹមត្រូវនៃព័ត៌មាន និងឯកសារភ្ជាប់

មាត្រា ៥.

បុគ្គលស្នើសុំ ត្រូវបំពេញព័ត៌មាន និងបញ្ចូលឯកសារភ្ជាប់តាមលក្ខខណ្ឌតម្រូវទាំងអស់ ក្នុង ទម្រង់អេឡិចត្រូនិក ដែលកំណត់ក្នុងគេហទំព័រចុះបញ្ជី https://www.registrationservices.gov.kh

បុគ្គលស្នើសុំ អាចផ្ទេរសិទ្ធិឱ្យអ្នកតំណាងចុះបញ្ជី ដើម្បីធ្វើការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាននេះក្នុងនាមបុគ្គលស្នើសុំ ដោយមានភ្ជាប់មកជាមួយនូវឯកសារផ្ទេរសិទ្ធិ ឬ និង ឯកសារ ពាក់ព័ន្ធ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ៦.

ព័ត៌មាននិងឯកសារភ្ជាប់ស្នើសុំចុះបញ្ជីអាជីវកម្ម ដែលបានបំពេញដោយបុគ្គលស្នើសុំ សម្រាប់ តម្កល់តាមក្រសួង-ស្ថាប័នមានសមត្ថកិច្ចជាទម្រង់អេឡិចត្រូនិក ត្រូវបញ្ជូនដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដូចមានចែងក្នុងជំពូកទី៣ នៃអនុក្រឹត្យនេះ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) សម្រាប់ជាកម្មវត្ថុនៃការពិនិត្យ និងសម្រេចផ្តល់ការអនុញ្ញាតការចុះបញ្ជី អាជីវកម្ម។

ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រូវពិនិត្យលើភាពត្រឹមត្រូវនៃព័ត៌មាននិងឯកសារភ្ជាប់តាម សមត្ថកិច្ចពាក់ព័ន្ធរបស់ក្រសួង-ស្ថាប័ននីមួយៗ ក្នុងរយៈពេលដូចមានកំណត់ក្នុងជំពូកទី៣ នៃអនុក្រឹត្យ នេះ ដោយអនុលោមតាមអនុក្រឹត្យនេះ ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងករណីព័ត៌មាន និងឯកសារភ្ជាប់មិនត្រឹមត្រូវ ឬ/និងមិនគ្រប់គ្រាន់ ក្រសួង-ស្ថាប័នមាន សមត្ថកិច្ច ត្រូវជូនដំណឹងដល់បុគ្គលស្នើសុំ ដើម្បីធ្វើការកែតម្រូវ ឬបំពេញបន្ថែម។ ក្រសួង-ស្ថាប័នមាន សមត្ថកិច្ច ត្រូវផ្តល់វិញ្ញាបនបត្រឬលិខិតបញ្ជាក់ ក្នុងរយៈពេលដូចមានកំណត់ក្នុងជំពូកទី៣ នៃអនុក្រឹត្យ នេះ ដោយគិតចាប់ពីថ្ងៃដែលបុគ្គលស្នើសុំបានកែតម្រូវ ឬបំពេញបន្ថែម។

មាត្រា ៧.

កម្រៃសេវាពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម ត្រូវកំណត់ដោយប្រកាសអន្តរក្រសួង រវាងរដ្ឋមន្ត្រី ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬលិខិតបទដ្ឋានគតិយុត្តផ្សេង ទៀត។ កម្រៃសេវានេះ មិនត្រូវបានប្រគល់ជូនបុគ្គលស្នើ សុំឡើយ ទោះបីជាមានការបដិសេធលើការ ស្នើសុំក៏ដោយ។

ជំពូកទី៣៖ ការផ្តល់ ព្យួរ និងដកហូតវិញ្ញាបនបត្រ និងលិខិតបញ្ជាក់ របស់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តាមរយៈគេហទំព័រចុះបញ្ជី

ផ្នែកទី១៖ ការផ្តល់វិញ្ញាបនបត្រ និងលិខិតបញ្ជាក់

មាត្រា ៨.

ក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលពាក្យស្នើសុំ ក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យលើភាពត្រឹមត្រូវនៃលក្ខខណ្ឌតម្រូវព័ត៌មាន និងឯកសារភ្ជាប់ដែលត្រូវបានបំពេញគ្រប់គ្រាន់ និងត្រឹមត្រូវ និងត្រូវផ្តល់វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម។ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ត្រូវចេញ ជាទម្រង់ឌីជីថល ដែលអាចបោះពុម្ពបាន សម្រាប់ប្រើប្រាស់ជាផ្លូវការ តាមរយៈគេហទំព័រចុះបញ្ជី។

មាត្រា ៩.

ក្នុងរយៈពេលយ៉ាងយូរ ៤ (បួន) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីមានការឯកភាពលើការចុះបញ្ជី ពាណិជ្ជកម្មដោយក្រសួងពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវពិនិត្យលើភាពត្រឹមត្រូវនៃលក្ខខណ្ឌតម្រូវលើព័ត៌មាននិងឯកសារភ្ជាប់ និងត្រូវផ្តល់ការចុះបញ្ជីពន្ធដារតាមទម្រង់ឌីជីថល ដែលអាចបោះពុម្ពបាន តាមគេហទំព័រចុះបញ្ជី សម្រាប់ប្រើប្រាស់ជាផ្លូវការ រួមមាន ប័ណ្ណពន្ធប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម- អតប) ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ និងលិខិតជូនដំណឹងស្តីពីការបំពេញ កាតព្វកិច្ចសារពើពន្ធ។

ក្នុងគោលបំណងលើកទឹកចិត្តនិងជំរុញការចុះបញ្ជីពន្ធដារ អ្នកជាប់ពន្ធគ្រប់ប្រភេទត្រូវបង់ពន្ធ ប៉ាតង់ត្រឹមតែ ៥០ (ហាសិប) ភាគរយនៃប្រាក់ពន្ធប៉ាតង់ដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ជាធរមានប៉ុណ្ណោះ សម្រាប់ឆ្នាំដែលធ្វើការចុះបញ្ជីអាជីវកម្ម។ ប្រាក់ពន្ធប៉ាតង់នេះ មិនត្រូវបានប្រគល់ ជូនបុគ្គលស្នើសុំឡើយ ទោះបីជាមានការបដិសេធលើការស្នើសុំក៏ដោយ។

ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលការចុះបញ្ជីពន្ធដារតាម ទម្រង់ឌីជីថល បុគ្គលស្នើសុំត្រូវផ្តល់ព័ត៌មានអំពីគណនីធនាគារជូនអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងករណី ខកខានមិនបានផ្តល់ព័ត៌មាននេះ ការផ្តល់ការចុះបញ្ជីពន្ធដារក្នុងកថាខណ្ឌទី១ខាងលើ ត្រូវបានដក ហូតដោយស្វ័យប្រវត្តិ។

មាត្រា ១0.

បន្ទាប់ពីមានការឯកភាពលើការចុះបញ្ជីពាណិជ្ជកម្ម និងការចុះបញ្ជីពន្ធដារ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវពិនិត្យនិងទទួលសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ដោយផ្តល់នូវ ការចុះលេខរដ្ឋបាលនៃការទទួលសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសនេះ តាមគេហទំព័រចុះបញ្ជី ក្នុងរយៈពេល ១ (មួយ) ថ្ងៃនៃថ្ងៃធ្វើការ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេង ទៀតជាធរមាន។ ករណីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនបានពិនិត្យនិងផ្តល់នូវការចុះ លេខរដ្ឋបាលនៃការទទួលសេចក្តីប្រកាសនេះ ក្នុងរយៈពេល ១ (មួយ) ថ្ងៃនៃថ្ងៃធ្វើការទេ សេចក្តី ប្រកាសជូនដំណឹងបើកសហគ្រាស ត្រូវបានចាត់ទុកថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ពិនិត្យនិងទទួលសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសនេះ ដោយស្វ័យប្រវត្តិ។

ការទទួលយកសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសរបស់បុគ្គលស្នើសុំ តាមទម្រង់ឌីជីថល នេះ អាចបោះពុម្ពបានដោយបុគ្គលស្នើសុំសម្រាប់ប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីបានបំពេញលក្ខខណ្ឌ ពេញលេញនិងត្រឹមត្រូវតាមគេហទំព័រចុះបញ្ជី ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ១១.

ក្នុងរយៈពេលយ៉ាងយូរ ២០ (ម្ភៃ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលពាក្យស្នើសុំ និងប្រសិនបើ គម្រោងដែលស្នើសុំនេះមិន ស្ថិតនៅក្នុងបញ្ជីអវិជ្ជមានទេ_ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវពិនិត្យលើ ភាពត្រឹមត្រូវនៃលក្ខខណ្ឌតម្រូវព័ត៌មាននិងឯកសារភ្ជាប់ដែលត្រូវបានបំពេញគ្រប់គ្រាន់និងត្រឹមត្រូវ និង ត្រូវផ្តល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងតាមទម្រង់ឌីជីថល ដែលអាចបោះពុម្ពបានសម្រាប់ប្រើប្រាស់ជា ផ្លូវការ ជូនបុគ្គលស្នើសុំតាមរយៈគេហទំព័រចុះបញ្ជី។

មាត្រា ១២.

វិញ្ញាបនបត្រ ឬ និងលិខិតបញ្ជាក់ ក្នុងទម្រង់ឌីជីថល ត្រូវបានបង្កើតឡើងដោយអាចរកប្រភព និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានតាមលេខអត្តសញ្ញាណសហគ្រាស តាមគេហទំព័រចុះបញ្ជី ឬនៅតាម ក្រសួង-ស្ថាប័នមានសមត្ថកិច្ច។

មាត្រា ១៣.

ក្រសួង-ស្ថាប័នមានសមត្ថកិច្ច អាចចេញប្រកាស ឬគោលការណ៍ណែនាំ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តអនុក្រឹត្យនេះ តាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ។

ផ្នែកទី២៖ ការព្យួរ ឬការដកហូតវិញ្ញាបនបត្រ និងលិខិតបញ្ជាក់

មាត្រា ១៤.

ក្រសួង-ស្ថាប័នមានសមត្ថកិច្ច អាចព្យួរឬដកហូតវិញ្ញាបនបត្រ និងលិខិតបញ្ជាក់ ក្នុងករណី បុគ្គលស្នើសុំ ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

១- មិនគោរព ឬមិនបន្តគោរពតាមលក្ខខណ្ឌតម្រូវវិញ្ញាបនបត្រ និងលិខិតបញ្ជាក់ ដូចកំណត់ក្នុងអនុក្រឹត្យនេះ

២- បានផ្តល់ព័ត៌មានមិនពិត ឬប្រើឯកសារក្លែងក្លាយ ៣- ប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

នីតិវិធីព្យូរដកហូតឬលុបចោលនូវវិញ្ញាបនបត្រ និងលិខិតបញ្ជាក់នានា ត្រូវអនុលោមតាម អនុក្រឹត្យនេះ និងតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ជំពូកទី៤៖ ការអាងភាពត្រឹមត្រូវនៃព័ត៌មានចុះបញ្ជី ក្រមសីលធម៌វិជ្ជាជីវៈ និងការរក្សាការសម្ងាត់

មាត្រា ១៥.

បុគ្គលស្នើសុំ ត្រូវធានាអះអាង តាមទម្រង់អេឡិចត្រូនិក ថាព័ត៌មានស្នើសុំចុះបញ្ជីអាជីវកម្ម និងឯកសារភ្ជាប់ដែលខ្លួនបានបំពេញ និងបញ្ចូលទៅក្នុងគេហទំព័រចុះបញ្ជី ពិតជាព័ត៌មាននិងឯកសារ ត្រឹមត្រូវនិងមិនក្លែងបន្លំ។ ក្នុងករណីព័ត៌មាននិងឯកសារទាំងនោះ មិនត្រឹមត្រូវឬមានការក្លែងបន្លំ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ១៦.

អ្នកតំណាងចុះបញ្ជី ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដូចខាងក្រោម៖

១- មានភាពសុចរិត និងភាពស្មោះត្រង់ក្នុងការប្រកបអាជីវកម្ម

២- ផ្តល់សេវាប្រកបដោយជំនាញ សេចក្តីព្យាយាម និងការយកចិត្តទុកដាក់

៣- បំពេញភារកិច្ចដោយគិតដល់ប្រយោជន៍របស់អតិថិជនជាចម្បង

៤-ជូនដំណឹងដល់អតិថិជន អំពីព័ត៌មានចាំបាច់សម្រាប់អតិថិជន

៥-ត្រូវជៀសវាងមិនឱ្យមានទំនាស់ផលប្រយោជន៍ជាមួយអតិថិជន ឬមានវិធានការសមស្រប ដើម្បីការពារដល់ផលប្រយោជន៍អតិថិជន និងត្រូវជូនដំណឹងជាមុនដល់អតិថិជន ក្នុងករណីដែលមាន ទំនាស់ផលប្រយោជន៍។

អ្នកតំណាងចុះបញ្ជីត្រូវរក្សាការសម្ងាត់ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានឬឯកសារភ្ជាប់សម្រាប់ ចុះបញ្ជីអាជីវកម្មដែលតម្រូវដោយអនុក្រឹត្យនេះដល់តតិយជនឡើយ លើកលែងតែមានការតម្រូវ ដោយច្បាប់ សេចក្តីសម្រេចរបស់តុលាការ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរមានសមត្ថកិច្ច ឬការ ព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមួយអតិថិជន។

មាត្រា ១៧.

មន្ត្រីអនុវត្តការងារពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវគោរព ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈដែលកំណត់ដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងស្របតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានដទៃទៀត។ មន្ត្រី ពាក់ព័ន្ធទាំងនេះ ត្រូវរក្សាការសម្ងាត់ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានឬឯកសារភ្ជាប់ដែលតម្រូវក្នុងអនុក្រឹត្យ នេះ ដល់តតិយជនឡើយ លើកលែងតែមានការតម្រូវដោយច្បាប់ សេចក្តីសម្រេចរបស់តុលាការ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរមានសមត្ថកិច្ច ឬការព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងក្រសួងស្ថាប័នពាក់ព័ន្ធ ឬការព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមួយបុគ្គលស្នើសុំ ឬអ្នកតំណាងចុះបញ្ជី។

ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រូវមាននីតិវិធី មធ្យោបាយ និងយន្តការផ្ទៃក្នុង ដើម្បីរក្សាការ សម្ងាត់នូវរាល់ព័ត៌មាននិងឯកសាររបស់បុគ្គលស្នើសុំ។

ក្រសួង-ស្ថាប័នមានសមត្ថកិច្ច អាចរៀបចំប្រកាសអន្តរក្រសួង ដើម្បីគ្រប់គ្រងព័ត៌មាន និង ឯកសារភ្ជាប់ដែលតម្រូវដោយអនុក្រឹត្យនេះ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី ៥៖ អវសានប្បញ្ញត្តិ

មាត្រា ១៨.
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ១៩.
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ថ្ងៃ ពុធ ៣៥ ខែ ធ្នូ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០

នាយករដ្ឋមន្ត្រី

ឧបសម្ព័ន្ធទី ១៖ នៃអនុក្រឹត្យលេខ អនកស្ដីពីការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានចុះថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០

សទ្ទានុក្រម

១. បុគ្គលស្នើសុំ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជី ពន្ធដារ ដាក់សេចក្តីប្រកាសជូន ដំណឹងបើក សហគ្រាស និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ដោយបំពេញបែបបទនិងលក្ខខណ្ឌតម្រូវដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ព្រមទាំង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

២. អ្នកតំណាងចុះបញ្ជី សំដៅដល់បុគ្គលដែលទទួលស្គាល់ដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និង ទទួលបានការផ្ទេរសិទ្ធិពីបុគ្គលស្នើសុំ ដើម្បីដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ ដាក់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយបំពេញបែបបទនិងលក្ខខណ្ឌតម្រូវព័ត៌មានដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ព្រមទាំងច្បាប់និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។

៣.ការចុះបញ្ជីអាជីវកម្ម សំដៅដល់ការចុះបញ្ជីអាជីវកម្ម តាមគេហទំព័រចុះបញ្ជីតាមការកំណត់ ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដើម្បីទទួលបាន ក្នុងទម្រង់ឌីជីថលនូវ៖

  • ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម
  • ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ការពិនិត្យនិងទទួលសេចក្តីប្រកាសជូន ដំណឹងបើកសហគ្រាស ដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

៤.គេហទំព័រចុះបញ្ជី សំដៅដល់គេហទំព័ររួមមួយ សម្រាប់ការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ក្នុងទម្រង់អេឡិចត្រូនិក ដូចមានចែងក្នុងអនុក្រឹត្យនេះ។

៥.លេខអត្តសញ្ញាណសហគ្រាស សំដៅដល់លេខបញ្ជាក់អត្តសញ្ញាណសហគ្រាស ដែលផ្តល់ឱ្យ ដោយប្រព័ន្ធស្វ័យប្រវត្តិស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៦. ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) សំដៅដល់ថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ ក្រសួង-ស្ថាប័ននានាដោយសុវត្ថិភាព និងដោយយន្តការច្បាស់លាស់ តាមរយៈប្រព័ន្ធអ៊ីនធឺណិត ឬ បណ្តាញតភ្ជាប់ឌីជីថលផ្សេងៗ ក្នុងគោលដៅតភ្ជាប់ជាប្រព័ន្ធរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

៧.ទម្រង់អេឡិចត្រូនិក សំដៅដល់ព័ត៌មាន ឬទិន្នន័យ ដែលអាចយកមកដំណើការដោយកុំព្យូទ័រ ធ្វើ ការកែប្រែ និងចែករំលែក រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

៨.ឯកសារទម្រង់ឌីជីថល សំដៅដល់ឯកសារដែលមានទម្រង់ជា Portable Document Format (PDF) ឬរូបភាព សម្រាប់ប្រើប្រាស់ជាឯកសារយោងឬភ្ជាប់ដែលបានស្តែន ឬថតចេញពីឯកសាររូបី ឬ ឯកសារដែលមានទម្រង់ជា PDF ឬរូបភាព ដែលប្រើប្រាស់សម្រាប់បោះពុម្ពប្រើប្រាស់ជាផ្លូវការបាន។

៩.លិខិតបញ្ជាក់ សំដៅដល់ការបញ្ជាក់ក្នុងទម្រង់ឌីជីថល ដូចខាងក្រោម៖

  • ប័ណ្ណពន្ធប៉ាតង់ ឬ/និងប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ការទទួលនូវសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។