តួអង្គនៃនីតិអន្តរជាតិ គឺជាបុគ្គលដែលមានបុគ្គលិកលក្ខណៈគតិយុត្តអន្តរជាតិ ដូចជាសមត្ថភាពទទួលបានសិទ្ធិនិងកាតព្វកិច្ចអន្តរជាតិ និងសមត្ថភាពធ្វើសកម្មភាពជាក់លាក់មួយចំនួនក្នុងឆាកអន្តរជាតិ។ ជាប្រពៃណី មានតែរដ្ឋប៉ុណ្ណោះដែលជាតួអង្គឬដែលមានបុគ្គលភាពគតិយុត្តអន្តរជាតិ។ ប៉ុន្តេ ដោយមានការបង្កើត និងការអភិវឌ្ឍនៃអង្គការអន្តរជាតិនានា នាំឱ្យនីតិបុគ្គលប្រភេទនេះទទួលបានបុគ្គលភាពគតិយុត្តអន្តរជាតិផងដែរ។ ដូច្នេះ អង្គការអន្តរជាតិបានក្លាយជាតួអង្គនៃនីតិអន្តរជាតិ។ ក្រៅពីរដ្ឋ និងអង្គការអន្តរជាតិ អង្គភាពដែលមិនមែនជារដ្ឋដូចជា សមាជិកនៃរដ្ឋសហព័ន្ធ ក្រុមបោះបោរ (belligerents and insurgent) ចលនាតស៊ូរំដោះជាតិ (national liberation movements) និងទឹកដីស្ថិតក្រោមអាណត្តិព្យាបាល(international territories) ក៏ទទួលបានបុគ្គលភាពគតិយុត្តអន្តរជាតិផងដែរ។ ឋានៈអន្តរជាតិពិសេសត្រូវបានផ្ដល់ទៅឱ្យហូលីស៊ីនិងវ៉ាទីកង់ (Holly See and the Vatican City) និងទីបញ្ជាការអធិបតេយ្យម៉ាល់តា (Sovereign Order of Malta) ហើយជាងនេះទៅទៀតរូបវន្តបុគ្គល ជនជាតិភាគតិច និងជនជាតិដើមភាគតិចក៏ត្រូវបានចាត់ទុកថាជាតួអង្គនៃនីតិអន្តរជាតិផងដែរនៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ។
រដ្ឋគឺជាតួអង្គដើមនិងដំបូងគេនៃនីតិអន្តរជាតិ។ រដ្ឋទាំងអស់មានអធិបតេយ្យស្មើភាពគ្នានៅក្នុងឆាកអន្តរជាតិ។ ច្បាប់អន្តរជាតិផ្ដល់អាទិភាពជាចម្បងលើសិទ្ធិ កាតព្វកិច្ច និងផលប្រយោជន៍របស់រដ្ឋ។ តាមន័យច្បាប់ រដ្ឋជាអង្គភាពមួយដែលមានទឹកដីច្បាស់លាស់ មានប្រជាជនរស់នៅអចិន្ត្រៃយ៍ មានរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងអធិបតេយ្យពេញលេញក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ រួមមានការចុះសន្ធិសញ្ញា ឬកិច្ចសហប្រតិបត្តិការនានាជាមួយរដ្ឋដទៃ។ រដ្ឋមួយ មិនដូចគ្នានឹងរដ្ឋាភិបាលមួយទេ។ រដ្ឋាភិបាលធ្វើសកម្មភាពតំណាងឱ្យរដ្ឋ។ រដ្ឋាភិបាលអនុវត្តទំនាក់ទំនងផ្លូវច្បាប់នានាជាមួយរដ្ឋដទៃរួមទាំងការចុះសន្ធិសញ្ញាអន្តរជាតិផង។ មានន័យថា រាល់សន្ធិសញ្ញាដែលចុះដោយរដ្ឋាភិបាលក្នុងនាមរដ្ឋ ត្រូវនៅជាធរមាន បើទោះបីជាមានរដ្ឋាភិបាលថ្មីមកជំនួសរដ្ឋាភិបាលចាស់ក៏ដោយ។ រដ្ឋមានទម្រង់ពីរប្រភេទ គឺ រដ្ឋទោល ដូចជាកម្ពុជា ថៃ វៀតណាម និងរដ្ឋសហព័ន្ធ ដូចជាឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី ម៉ាឡេស៊ីជាដើម។[1]
ដោយសារថារដ្ឋគឺជាប្រធានចម្បងនៃនីតិអន្តរជាតិ យើងមានរឿងច្រើនត្រូវបកស្រាយវែកញែក។ ហេតុនេះ ប្រធានបទនានាពាក់ព័ន្ធនឹងរដ្ឋ នឹងយកមកសិក្សានៅមេរៀនទី៥ (ការទទួលស្គាល់រដ្ឋ) មេរៀនទី៦ (ទឹកដី និងអធិបតេយ្យ) មេរៀនទី៧ (ការទទួលខុសត្រូវរបស់រដ្ឋ) និងមេរៀនទី៨ (យុត្តាធិការរបស់រដ្ឋ)។
អង្គការអន្តរជាតិគឺជាសមាគមនៃរដ្ឋដែលបង្កើតឡើងដោយសន្ធិសញ្ញារវាងរដ្ឋពីរឬច្រើន។ មុខងាររបស់អង្គការអន្តរជាតិ ហួសពីព្រំដែនជាតិ និងមានគោលបំណងជាក់លាក់ដែលជាប្រធានបទនៃនីតិអន្តរជាតិ។
ការរីកចម្រើនឡើងនៃអង្គការអន្តរជាតិតាំងពីរសតវត្សរ៍ទី១៩ បានចោទជាបញ្ហាយ៉ាងសំខាន់ជាច្រើនអំពីឋានៈគតិយុត្តរបស់វានៅក្នុងច្បាប់អន្តរជាតិ។ អង្គការអន្តរជាតិត្រូវបានគេចាត់ទុកថាជាតួអង្គនៃនីតិអន្តរជាតិដូចគ្នានឹងរដ្ឋដែរ ទោះបីជាបុគ្គលិកលក្ខណៈគតិយុត្តរបស់វា មានកម្រិតចំពោះសិទ្ធិ និងកាតព្វកិច្ចមួយចំនួនក្ដី។ គេចាត់ទុកអង្គការអន្តរជាតិដូចជាអនុសញ្ញារវាងបណ្ដារដ្ឋភាគីអញ្ចឹងដែរ ដូច្នេះបុគ្គលិកលក្ខណៈគតិយុត្តអន្តរជាតិនៃអង្គការអន្តរជាតិត្រូវកម្រិតត្រឹមរដ្ឋសមាជិកនៃអង្គការនោះ។
អង្គការអន្តរជាតិរួមមានអង្គការសាកលដែលគោលបំណងទូទៅ អង្គការសាកលដែលមានគោលបំណងជាក់លាក់ណាមួយ និងអង្គការតំបន់។ ជាទូទៅ នៅក្នុងសន្ធិសញ្ញាបង្កើតអង្គការអន្តរជាតិតែងមានបញ្ជាក់អំពីលក្ខណៈ(សាកលឬតំបន់) គោលបំណង និងអំណាចរបស់វា។ ដូច្នេះបុគ្គលិកលក្ខណៈគតិយុត្តនៃអង្គការអន្តរជាតិ ត្រូវបានកម្រិតសិទ្ធិ កាតព្វកិច្ច គោលបំណង និងអំណាចដែលមានចែងនៅក្នុងសន្ធិសញ្ញាដែលបង្កើតអង្គការនោះ។ ឧទាហរណ៍ បុគ្គលិកលក្ខណៈគតិយុត្តនៃអង្គការសហប្រជាជាតិ ត្រូវបានកំណត់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងទីស្នាក់ការកណ្ដាលរវាងអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកឆ្នាំ១៩៤៧[2] និងអនុសញ្ញាឆ្នាំ១៩៤៦ ស្ដីពីគោលការណ៍និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ[3]។
ការផ្ដល់ឱ្យនូវបុគ្គលិកលក្ខណៈគតិយុត្តអន្តរជាតិ គឺពាក់ព័ន្ធនឹងមត្ថភាពក្នុងការអនុវត្តកិច្ចគតិយុត្តនានា ការទទួលបានសិទ្ធិនិងកាតព្វកិច្ច និងការចូលរួមក្នុងទំនាក់ទំនងនានានៅកម្រិតអន្តរជាតិ។
មានអង្គភាពខ្លះ ទោះបីជាពួកគេមិនមែនជារដ្ឋឯករាជ្យក៏ដោយ ក៏ត្រូវបានផ្ដល់បុគ្គលិកលក្ខណៈគតិយុត្តអន្តរជាតិកម្រិតណាមួយ ក្រោមច្បាប់អន្តរជាតិផងដែរ។ អង្គភាពបេបនេះមានសិទ្ធិ និងកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ ហើយអាចចូលរួមក្នុងសន្និសីទអន្តរជាតិ និងអាចចុះសន្ធិសញ្ញាខ្លះផងដែរ។
ទោះជាយ៉ាងនេះក្ដីសិទ្ធិ និងកាតព្វកិច្ចអង្គភាពទាំងនេះនៅក្នុងច្បាប់អន្តរជាតិមិនដូចរដ្ឋនោះទេ។ សមត្ថភាពនៃអង្គភាពទាំងនេះស្ថិតក្រោមដែនកំណត់ និងមិនទូលំទូលាយដូចជារដ្ឋឯករាជ្យឡើយ។ អង្គភាពមិនមែនរដ្ឋត្រូវបានបែងចែកជាប្រភេទផ្សេងៗដូចខាងក្រោម៖
សមាជិកនៃរដ្ឋសហព័ន្ធ៖ ជាការពិត រដ្ឋសហព័ន្ធមានបុគ្គលិកលក្ខណៈអន្តរជាតិផ្ទាល់ខ្លួន ប៉ុន្តែបញ្ហាគឺថាតើអង្គភាពចំណុះរដ្ឋសហព័ន្ធមានបុគ្គលិកលក្ខណៈគតិយុត្តលើឆាកអន្តរជាតិដែរឬអត់។ តាមពិតចរិតលក្ខណៈអន្តរជាតិ និងវិសាលភាពនៃអង្គភាពបែបនេះ អាចត្រូវបានកំណត់ដោយផ្អែកតាមរដ្ឋធម្មនុញ្ញរបស់រដ្ឋ និងការអនុវត្តរបស់រដ្ឋ។ រដ្ឋធម្មនុញ្ញនៃរដ្ឋសហព័ន្ធអាចផ្ដល់ឱ្យអង្គភាពមួយនូវបុគ្គលិកលក្ខណៈអន្តរជាតិពិសេស។ ប៉ុន្តែ បុគ្គលិកលក្ខណៈបែបនេះនឹងមិនប្រតិបត្តិលើឆាកអន្តរជាតិឡើយ បើមិនមានការទទួលស្គាល់ពីរដ្ឋផ្សេងទៀត។ ការអនុវត្តរបស់រដ្ឋ បានផ្ដល់បុគ្គលិកលក្ខណៈអន្តរជាតិដល់អង្គភាពចំណុះឱ្យរដ្ឋសហព័ន្ធ។
ក្រុមបះបោរ៖ ក្រុមបះបោរគឺជាក្រុមរូបន្តបុគ្គលដែលចូលរួមក្នុងការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ។ ក្រុមបះបោរអាចត្រូវបានគេចាត់ទុកថាជាអ្នកតស៊ូប្រយុទ្ធស្របច្បាប់ ប្រសិនបើគេគោរពបានត្រឹមត្រូវតាមច្បាប់សង្គ្រាម។ អស់រយៈពេលជាយូរណាស់មកហើយ ច្បាប់អន្តរជាតិបានទទួលស្គាល់ថាក្រុមបះបោរដែលក្នុងកាលៈទេសៈណាមួយមានមូលដ្ឋានគ្រប់គ្រងរដ្ឋបាលតាមព្រឹត្តិន័យ (de facto administration) លើទឹកដីជាក់លាក់ ជាតួអង្គអន្តរជាតិ ដែលមានសិទ្ធិ និងកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ ហើយអាចត្រូវបានគេទទួលស្គាល់ថាជារដ្ឋាភិបាលតាមព្រឹត្តិន័យ។ ក្រុមនេះអាចចូលរួមក្នុងការរៀបចំនានាក្នុងឆាកអន្តរជាតិជាមួយនឹងរដ្ឋ អង្គការអន្តរជាតិ និងអង្គភាពផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ពួកគេត្រូវទទួលខុសត្រូវក្រោមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងសកម្មភាពសង្គ្រាមរបស់ខ្លួន។
ចលនារំដោះជាតិ៖ ក្នុងដំណើរការនៃសកម្មភាពប្រឆាំងអាណានិគម ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ និងអង្គការតំបន់នានា អង្គការទាំងនេះ និងរដ្ឋសមាជិកបានផ្ដល់ឋានៈស្របច្បាប់អន្តរជាតិដល់ចលនារំដោះជាតិជាក់លាក់ណាមួយ។ នៅឆ្នាំ១៩៧៤ មហាសន្និបាតបានទទួលស្គាល់ស្ថានឋានៈស្របច្បាប់អន្តរជាតិចំពោះចលនាអង់ហ្គោឡា (Angolan) ម៉ូហ្ស៉ាំប៊ីក(Mozambican) ប៉ាឡេស្ទីន (Palestinian)និងហ្រ៉ូដេស៊ី (Rhodesian) ហើយបានផ្ដល់ឋានៈដល់ពួកគេជារដ្ឋសង្កេតការណ៍ក្នុងកិច្ចប្រជុំនានានៃអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអនុញ្ញាតឱ្យអង្គការរំដោះប៉ាឡេស្ទីន (Palestine Liberation Organization-PLO) ចូលរួមក្នុងកិច្ចពិភាក្សាដេញដោលនានាដូចអ្នកចូលរួមដទៃទៀតដែរ។ ការអនុវត្តអន្តរជាតិបានបង្ហាញថា អង្គភាពនយោបាយដែលបានទទួលស្គាល់ថាជាចលនារំដោះជាតិអាចទទួលបានសិទ្ធិ និងកាតព្វកិច្ចមួយចំនួនក្រោមច្បាប់អន្តរជាតិ។ សិទ្ធិ និងកាតព្វកិច្ចសំខាន់ៗមានដូចជា សមត្ថភាពក្នុងការចុះសន្ធិសញ្ញាអន្តរជាតិជាមួយនឹងនីតិបុគ្គលអន្តរជាតិដទៃទៀត សមត្ថភាពក្នុងការចូលរួមនីតិវិធីនានារបស់អង្គការសហប្រជាជាតិ សិទ្ធិនិងកាតព្វកិច្ចក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។
ទឹកដីស្ថិតក្រោមអាណត្តិព្យាបាល (international territories)៖ សំដៅដល់ទឹកដីដែលស្ថិតក្រោមរបបគតិយុត្តអន្តរជាតិ រួមមានទឹកដីដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិក្រោមប្រព័ន្ធអាណត្តិព្យាបាល(trusteeship) ឬការរៀបចំពិសេស។ ធម្មនុញ្ញអង្គការសហប្រជាជាតិបានបង្កើតប្រព័ន្ធអាណត្តិព្យាបាល ដើម្បីជំនួសប្រព័ន្ធអាណត្តិ(mandate system) ដែលបង្កើតឡើងដោយសង្គមប្រជាជាតិ ក្នុងគោលបំណងទឹកដីជាក់លាក់ណាមួយរង់ចាំថ្ងៃដែលទឹកដីនោះមានឯករាជ្យពេញលេញ។ អង្គការសហប្រជាជាតិក៏មានលទ្ធភាពគ្រប់គ្រងទឹកដីក្នុងកាលៈទេសៈជាក់លាក់ណាមួយផងដែរ។ ក្នុងករណីខ្លះ អង្គការសហប្រជាជាតិបានដាក់ដែនដីមួយឱ្យស្ថិតក្រោមការគ្រប់គ្រងអន្តរកាលរបស់ខ្លួន ក្នុងគោលបំណងផ្សេងៗដូចជាការរៀបចំដើម្បីឯករាជ្យ ការគ្រប់គ្រងការបោះឆ្នោត ការអនុម័តរដ្ឋធម្មនុញ្ញថ្មី ការអនុវត្តដំណោះស្រាយសន្តិភាព និងការអនុវត្តមុខងារស៊ីវិលផ្សេងៗទៀត។ ឧទាហរណ៍៖ ករណីកម្ពុជា (១៩៩២-១៩៩៣) ប៊ូស្នៀនិងហឺហ្សេហ្គោវីណា(១៩៩៥-២០០២) និងទីម័រខាងកើត(១៩៩៩-២០០២)។
ទឹកដីដែលស្ថិតក្រោមប្រព័ន្ធអាណត្តិព្យាបាលត្រូវបានផ្ដល់ឋានៈពិសេសក្រោមច្បាប់អន្តរជាតិ។ ប្រជាពលរដ្ឋនៃទឹកដីបែបនេះ មានសិទ្ធិទទួលបានការរីកចម្រើន លូតលាស់ ស្វ័យគ្រប់គ្រង និងទទួលបានឯករាជ្យ។ ជាការពិត ទឹកដីទាំងនេះ ទទួលបានឯករាជ្យជារដ្ឋមួយជាក់លាក់ ឬចូលរួមជាមួយរដ្ឋឯករាជ្យផ្សេងទៀត។
មានអង្គភាពក្នុងករណីពិសេសចំនួនពីរ ដែលទទួលបានឋានៈពិសេសក្រោមច្បាប់អន្តរជាតិ នោះគឺទីបញ្ជាការអធិបតេយ្យម៉ាល់តា (Sovereign Order of Malta) និងហូលីស៊ីនិងវ៉ាទីកង់ (Holly See and the Vatican City)។
ទីបញ្ជាការអធិបតេយ្យម៉ាល់តា (Sovereign Order of Malta)៖ ត្រូវបានបង្កើតឡើងក្នុងកំឡុងពេលបូជនីយកិច្ចយោធា និងវេជ្ជសាស្ត្រ ដែលបានគ្រប់គ្រងទីក្រុងហ្រ៉ូដ (Rhodes) ពីឆ្នាំ១៣០៩ ដល់ឆ្នាំ១៥២២។ ទីបញ្ជាការនេះត្រូវបានប្រគល់សិទ្ធិឱ្យគ្រប់គ្រងម៉ាល់តា ដោយសន្ធិសញ្ញាជាមួយស្ដេចអង់គ្លេសព្រះនាមហ្ស៉ាលទី៥ (King Charles V)នៅឆ្នាំ១៥៣០។ ទីបញ្ជាកានេះបានបាត់បង់សិទ្ធិគ្រប់គ្រងម៉ាល់តានៅឆ្នាំ១៧៩៨។ នៅឆ្នាំ១៨៣៤ បានបង្កើតទីស្នាក់ការកណ្ដាលរបស់ខ្លួននៅទីក្រុងរ៉ូម ក្រោមរូបភាពជាអង្គការមនុស្សធម៌ (humanitarian organization)។ ទីបញ្ជាការនេះទទួលបានបុគ្គលភាពគតិយុត្តចាប់តាំងពីបានគ្រប់គ្រងម៉ាល់តាមកម្ល៉េះ ហើយទោះបីជាវាបានចាកចេញពីម៉ាល់តាក្ដី វានៅតែបន្តមានទំនាក់ទំនងការទូតជាមួយនឹងបណ្ដារដ្ឋភាគច្រើននៅអឺរ៉ុប។ សព្វថ្ងៃ ទីបញ្ជាការអធិបតេយ្យម៉ាល់តារក្សាទំនាក់ទំនងការទូតជាមួយនឹងរដ្ឋចំនួនយ៉ាងតិច៤០រដ្ឋ។
ហូលីស៊ីនិងវ៉ាទីកង់ (Holly See and the Vatican City)៖ ហូលីស៊ី ដែលពេលខ្លះត្រូវបានគេហៅថាវ៉ាទីកង់ គឺជានីតិបុគ្គលអន្តរជាតិរបស់វិហារកាតូលិករ៉ូម៉ាំង ដោយមានទីតាំងជាក់ស្ដែងនៅក្រុងវ៉ាទីកង់ នៃរដ្ឋធានីរ៉ូម (អ៊ីតាលី) ហើយស្ថិតក្រោមអធិបតេយ្យរបស់សម្ដេចប៉ាប (Pope)។ ក្នុងន័យធម្មតា វាមិនមែនជារដ្ឋនោះទេ ប៉ុន្តែជាអង្គភាពសាសនាដែលមានមូលដ្ឋានទឹកដីរបស់ខ្លួននៅក្រុងវ៉ាទីកង់។ ក្រៅពីមន្ត្រីសាសនាខ្ទង់ពាន់នាក់ វ៉ាទីកង់មិនមានប្រជាជនអចិន្ត្រៃយ៍នោះទេ។ ទឹកដីអធិបតេយ្យរបស់អង្គភាពមួយនេះមានតែប្រមាណ០.៤៩គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ហើយដែលអ៊ីតាលីជាអ្នកផ្ដល់ឱ្យតាមរយៈសន្ធិសញ្ញាឆ្នាំ១៩២៩ (1929 Lateran Treaty)។ ទោះជាយ៉ាងនេះក្ដី រដ្ឋជាច្រើនបានទទួលស្គាល់បុគ្គលភាពគតិយុត្តអន្ត្រជាតិរបស់ហូលីស៊ី ដែលអង្គភាពនេះមានតួនាទីដូចរដ្ឋដទៃទៀតដែរ។ ហូលីស៊ី បានផ្លាស់ប្ដូរតំណាងទូតរបស់ខ្លួនជាមួយនឹងរដ្ឋដទៃ និងជាភាគីនៃសន្ធិសញ្ញាពហុភាគីជាច្រើនផងដែរ។
ការដោះស្រាយបញ្ហាមនុស្សជាតិ គឺជាគោលបំណងសំខាន់មួយ ក្នុងចំណោមគោលបំណងដទៃទៀតនៃច្បាប់អន្តរជាតិ។ គោលបំណងនេះមានប្រភពមកពីច្បាប់ធម្មជាតិ នៃនីតិអន្តរជាតិបុរាណ។ នៅសតវត្សរ៍ទី១៩ មានការព្យាយាមបិទបាំងបញ្ហាទាំងនេះដោយអ្នកទ្រឹស្ដីច្បាប់វិជ្ជមាននិយម (positivist theories) ដោយបានផ្ដល់ភាពជាតួអង្គនីតិអន្តរជាតិផ្ដាច់មុខទៅរដ្ឋ។ នៅសតវត្សរ៍ទី២០ បានចាប់ផ្ដើមចាប់អារម្មណ៍លើបញ្ហារបស់រូបវន្តបុគ្គលជាថ្មីម្ដងទៀត។ អនុសញ្ញាឡាអេឆ្នាំ១៩០៧[4]មួយចំនួន បានចាប់ផ្ដើមលើកយកកង្វល់អំពីអ្នកទោ និងអ្នករងរបួសក្នុងសង្គ្រាម។
នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ និន្នាការនៃច្បាប់អន្តរជាតិបានឆ្ពោះទៅរកការដាក់ឱ្យទទួលខុសត្រូវដោយផ្ទាល់ចំពោះរូបវន្តបុគ្គល ដែលប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងសន្តិភាព និងសន្តិសុខ។ ធម្មនុញ្ញទីក្រុងឡុងដ៍ឆ្នាំ១៩៤៣ (Charter of London of 1943) ដែលចេញដោយសម្ព័ន្ធមិត្ត (Allied Powers ) បានដាក់ការទទួលខុសត្រូវចំពោះបុគ្គលដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នៅលើមូលដ្ឋាននេះ បន្ទាប់ពីសង្គ្រាមលោកលើកទី២ មេដឹកនាំអាឡឺម៉ង់ត្រូវបាននាំយកទៅជំនុំជម្រះនៅចំពោះមុខសាលាក្ដីអន្តរជាតិនូរឹមប៊ឺក(Nuremberg International Tribunal)។ ធម្មនុញ្ញនៃសាលាក្ដីអន្តរជាតិនូរឹមប៊ឹកឆ្នាំ១៩៤៥ (The Charter of the Nuremberg International Tribunal of 1945) បានចែងជាពិសេសអំពីការទទួលខុសត្រូវរបស់រូបវន្តបុគ្គលចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ សាលាក្ដីខាងលើបានចង្អុលបង្ហាញថា៖ “ច្បាប់អន្តរជាតិដាក់កាតព្វកិច្ច និងការទទួលខុសត្រូវចំពោះរូបវន្តបុគ្គល ដូចគ្នានឹងរដ្ឋដែរ ហើយនេះក៏ព្រោះថាឧក្រិដ្ឋកម្មប្រឆាំងនឹងច្បាប់អន្តរជាតិ គឺប្រព្រឹត្តឡើងដោយមនុស្ស និងមិនមែនដោយអង្គភាពអរូបីនោះទេ ហើយមានការដាក់ទណ្ឌកម្មចំពោះរូបវន្តបុគ្គលដែលប្រព្រឹត្តឧក្រិដ្ឋកម្មនេះប៉ុណ្ណោះ ដែលបញ្ជាក់ថាវិធានច្បាប់អន្តរជាតិត្រូវបានអនុវត្ត។”[5]
គោលការណ៍ក្នុងធម្មនុញ្ញនៃសាលាក្ដីនូរឹមប៊ឺក និងសេចក្ដីសម្រេចនៃសាលាក្ដីនេះត្រូវបានទទួលស្គាល់ដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៤៦ ដូច្នេះវាជាផ្នែកនៃច្បាប់អន្តរជាតិ។ មហាសន្និបាតឆ្នាំ១៩៤៦ក៏បានបញ្ជាក់ផងដែរថា អំពើប្រល័យពូជសាសន៍គឺជាឧក្រិដ្ឋកម្មក្រោមច្បាប់អន្តរជាតិ ដោយរូបវន្តបុគ្គលដែលប្រព្រឹត្តឧក្រិដ្ឋកម្មនេះត្រូវទទួលខុសត្រូវ។ បន្ទាប់មក គោលការណ៍នេះត្រូវបានទទួលស្គាល់ដោយអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ (Genocide Convention of 1948)។
ការទទួលខុសត្រូវរបស់រូបវន្តបុគ្គលម្នាក់ៗ ក៏ត្រូវបានទទួលស្គាល់ផងដែរទាក់ទងទៅនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំនួន៤ ឆ្នាំ១៩៤៩ និងពិធីសារបន្ថែមទី១ និងទី២ ឆ្នាំ១៩៧៧ ពាក់ព័ន្ធនឹងបញ្ហាជម្លោះប្រដាប់អាវុធ (ច្បាប់មនុស្សធម៌អន្តរជាតិ)។ ផ្អែកលើមូលដ្ឋាននេះ តុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិចំនួនពីរត្រូវបានបង្កើតឡើង គឺ (១) សម្រាប់ករណីអតីតយូហ្គោស្លាវីឆ្នាំ១៩៩៣ និង (២)សម្រាប់ករណីរូវ៉ាន់ដាឆ្នាំ១៩៩៤ ដើម្បីកាត់ទោសបុគ្គលដែលទទួលខុសត្រូវចំពោះការរំលោភបំពានធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ ប្រព្រឹត្តនៅលើទឹកដីនៃប្រទេសទាំងពីរនេះ។
ព្រឹត្តិការណ៍នៅអតីតយូហ្គោស្លាវី និងរូវ៉ាន់ដា បានជំរុញឲ្យមានការយកចិត្តទុកដាក់ថ្មីមួយទៀតគឺចំពោះការបង្កើតឲ្យមានតុលាការព្រហ្មទណ្ឌអន្តរជាតិអចិន្ត្រៃយ៍មួយ ដែលត្រូវបានគេពិចារណាជាយូរមកហើយ។ នៅឆ្នាំ១៩៩៨ លក្ខន្តិក:ទីក្រុងរ៉ូមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានអនុម័ត ក្នុងសន្និសីទការទូតរៀបចំឡើងដោយអង្គការសហប្រជាជាតិ។ លក្ខន្តិក:នេះចែងថា យុត្តិធម៌របស់តុលាការត្រូវបានកំណត់ចំពោះ “ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលជាកង្វល់របស់សហគមន៍អន្តរជាតិមានដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មឈ្លានពាន” ហើយបុគ្គលដែលប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ ត្រូវទទួលទណ្ឌកម្មដូចមានកំណត់ក្នុងលក្ខន្តិក:នេះ។
លើសពីនេះទៅទៀត បន្ទាប់ពីសង្គ្រាមលោកលើកទី២ ច្បាប់អន្តរជាតិបានយកចិត្តទុកដាក់ចំពោះរូបវន្តបុគ្គលនៅក្នុងវិស័យសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន។ ធម្មនុញ្ញអង្គការសហប្រជាជាតិបានចាប់ផ្ដើមនិន្នាការនេះនៅឆ្នាំ១៩៤៥ ដោយអំពាវនាវដល់រដ្ឋជាសមាជិកឲ្យគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាននៃរូបវន្តបុគ្គល និងប្រជាពលរដ្ឋទូទៅ។ ចាប់ពីពេលនោះមក មានអនុសញ្ញាជាច្រើនត្រូវបានបង្កើតឡើងដើម្បីកំណត់អំពីសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន ដែលរូបវន្តបុគ្គល និងពលរដ្ឋទូទៅត្រូវមាន និងធានាការគោរព និងការពារសិទ្ធិសេរីភាពទាំងនោះ។ ឧទាហរណ៍៖ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦ (International Covenant on Civil and Political Rights of 1966) កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ឆ្នាំ១៩៦៦ (International Covenant on Economic, Social and Cultural Rights of 1966)។
ទោះបីជាក្នុងវិធានជាទូទៅ រូបវន្តបុគ្គលមិនមានជំហរគ្រប់គ្រាន់ដើម្បីលើកឡើងពីការរំលោភបទប្បញ្ញត្តិសន្ធិសញ្ញាខាងលើក្នុងករណីដែលអវត្តមានការតវ៉ារដ្ឋម្ចាស់សញ្ជាតិរបស់ខ្លួនក្ដី សន្ធិសញ្ញាជាច្រើនបានអនុញ្ញាតឲ្យបុគ្គលម្នាក់ៗមានសិទ្ធិប្ដឹងដោយផ្ទាល់ទៅតុលាការនិងសាលាក្ដីអន្តរជាតិ។ ឧទាហរណ៍៖ អនុសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្សឆ្នាំ១៩៥០ (European Convention on Human Rights of 1950) អនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងជាតិសាសន៍ឆ្នាំ១៩៦៦ (International Convention on the Elimination of All forms of Racial Discrimination of 1966) ពិធីសារបន្ថែមលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (Optional Protocol to the International Covenant on Civil and Political Rights of 1966) និងអនុសញ្ញាអាមេរិកស្ដីពីសិទ្ធិមនុស្សឆ្នាំ១៩៦៩ (American Convention on Human Rights of 1969)។
៦. ជនជាតិភាគតិច (minorities)
ច្បាប់អន្តរជាតិ នាសតវត្សរ៍ទី២០ បានចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះបញ្ហាជនជាតិភាគតិចផងដែរ។ សង្គមប្រជាជាតិបានយកចិត្តទុកដាក់លើការការពារជនជាតិភាគតិចនៅអឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទី១។ សង្គមប្រជាជាតិបានទទួលខុសត្រូវលើការការពារជនជាតិដើមភាគតិចនៅអឺរ៉ុប បញ្ហាសង្គមដូចជាសុខភាព និងស្តង់ដារការងារសមរម្យ។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ សិទ្ធិមួយចំនួនត្រូវបានផ្ដល់ជូនសមាជិកម្នាក់ៗនៃជនជាតិភាគតិច ដែលមានដូចជាសិទ្ធិពាក់ព័ន្ធនឹងអត្តសញ្ញាណ និងភាសា។
ការកើនឡើងនៃជាតិនិយមបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១ បានធ្វើឲ្យស្ថានភាពជនជាតិភាគតិច និងក្រុមដទៃទៀតនៅក្នុងច្បាប់អន្តរជាតិក្លាយជាបញ្ហាសំខាន់មួយរបស់សហគមន៍អន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងផ្សេងៗត្រូវបានធ្វើឡើងនៅកម្រិតសាកល និងតំបន់ដើម្បីឲ្យមានភាពប្រសើរឡើងនៃការការពារផ្លូវច្បាប់ចំពោះជនជាតិភាគតិច។
នៅកម្រិតសាកលមាន៖
- សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិរបស់បុគ្គលដែលស្ថិតនៅក្រុមជនជាតិ ឬជាតិពន្ធុ សាសនា និងភាសាជនជាតិភាគតិចឆ្នាំ១៩៩២ (the United Nations Declaration on the Rights of Persons Belonging to National or Ethnic, Religious and Linguistic Minorities of 1992)
នៅកម្រិតតំបន់ មាន៖
- ធម្មនុញ្ញអឺរ៉ុបស្ដីពីភាសាតំបន់ ឬជនជាតិភាគតិចឆ្នាំ១៩៩២ (the European Charter for Regional or Minority Languages 1992)
- អនុសញ្ញាក្របខណ្ឌការពារជនជាតិភាគតិចជាតិ ១៩៩៥ (the Framework Convention for the Protection of National Minorities 1995) និងការបង្កើតឧត្ដមស្នងការសម្រាប់ជនជាតិភាគតិចជាតិ ក្រោមសន្និសីទស្ដីពីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប។
នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានបញ្ហាពិសេសមួយទាក់ទងទៅនឹង “ជនជាតិដើភាគតិច” ត្រូវបានលើកឡើង។ ឧទាហរណ៍ ជនជាតិដើមភាគតិចអាបូរីហ្គីន (Aborigines) នៅអូស្ត្រាលី, ជនជាតិដើមភាគតិចអមេរិក-ឥណ្ឌា (American Indians) អេសគីមូស (Eskimos) និងម៉ាអូរី (Maori)នៅញូហ្ស៊ីលែន។
[1] មាស បូរ៉ា, នីតិអន្តរជាតិសាធារណៈ, ២០១៣, ទំ.១៣។
[2] the Headquarters Agreement between the United Nations and the United States of America of 1947.
[3] the 1946 Convention on the Principles and Immunities of the United Nations.
[4] Hague Conventions, 1907.
[5] Judgment of Nuremburg, 221.