- ជំពូកទី ២៖ នីតិបុគ្គល
ជំពូកទី ២៖ នីតិបុគ្គល
ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅ
កថាភាគទី ១៖ និយមន័យប្រភេទ និងគោលការណ៍នៃការបង្កើត
មាត្រា ៤៦. និយមន័យ ប្រភេទ និងគោលការណ៍នៃការបង្កើតនីតិបុគ្គល
១-នៅក្នុងក្រមនេះក្រុមដែលមានសមាជិក ហើយត្រូវបានប្រគល់នូវឋានៈជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចដោយឯករាជ្យ ហៅថា នីតិបុគ្គលសាជីវកម្ម ចំណែកឯទ្រព្យសម្បត្តិវិភាគទាន ដែលត្រូវបានប្រគល់នូវឋានៈជាប្រធាននៃសិទ្ធិនិងកាតព្វកិច្ចដោយឯករាជ្យ ហៅថា នីតិបុគ្គលមូលនិធិ ។
២-នៅក្នុងក្រមនេះ នីតិបុគ្គលដែលគ្មានគោលបំណងទាញយកចំណេញហៅថានីតិបុគ្គលមិនយកចំណេញ ចំណែកឯនីតិបុគ្គលដែលទាញយកចំណេញ ហៅថា នីតិបុគ្គលយកចំណេញ ។ នៅក្នុងចំណោមនីតិបុគ្គលមិនយកចំណេញ នីតិបុគ្គលដែលមានគោល បំណងពិសេសដើម្បីបម្រើប្រយោជន៍សាធារណៈ ហៅថា នីតិបុគ្គលបម្រើប្រយោជន៍សាធារណៈ ។
៣-នៅក្នុងក្រមនេះ នីតិបុគ្គលសាជីវកម្មដែលសមាជិកទទួលខុសត្រូវនូវកាតព្វកិច្ចរបស់នីតិបុគ្គល តាមកម្រិតនៃទ្រព្យសម្បត្តិដែលខ្លួនបានធ្វើវិភាគទាន ហៅថា នីតិបុគ្គល សាជីវកម្មទទួលខុសត្រូវមានកម្រិត ចំណែកឯនីតិបុគ្គលសាជីវកម្មដែលសមាជិកទទួលខុសត្រូវនូវកាតព្វកិច្ចរបស់នីតិបុគ្គល ដោយយកទ្រព្យសម្បត្តិទូទៅរបស់ខ្លួន ហៅថា នីតិបុគ្គល សាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។
៤-នីតិបុគ្គលមិនអាចធ្វើជាសមាជិកដែលទទួលខុសត្រូវគ្មានកម្រិតរបស់នីតិបុគ្គលសាជីវកម្មផ្សេងទៀតបានឡើយ។
៥-នីតិបុគ្គលមិនយកចំណេញអាចបង្កើតឡើងតាមក្រមនេះ ឬបទដ្ឋានគតិយុត្តផ្សេងទៀតបាន ។
៦-នីតិបុគ្គលទាញយកចំណេញអាចបង្កើតឡើង បានដោយយោងទៅតាមបញ្ញត្តិនៃច្បាប់ផ្សេង ។
កថាភាគទី២៖ នាមករណ៏នៃនីតិបុគ្គលមិនយកចំណេញ
មាត្រា ៤៧. នាមករណ៍នៃនីតិបុគ្គលមិនយកចំណេញ
១-អង្គភាពដែលមិនមែនជានីតិបុគ្គលសាជីវកម្ម ឬមិនមែនជានីតិបុគ្គលមូលនិធិមិនអាចប្រើពាក្យ “នីតិបុគ្គលសាជីវកម្ម” ឬ “នីតិបុគ្គលមូលនិធិ” ក្នុងនាមករណ៍របស់ខ្លួនបានឡើយ ។
២-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតត្រូវបង្ហាញថាជានីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត នៅក្នុងនាមករណ៍នោះ ចំណែកឯនីតិបុគ្គលសាជីវកម្ម ទទួលខុសត្រូវគ្មានកម្រិតត្រូវបង្ហាញថា ជានីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតនៅក្នុងនាមករណ៍នោះ ។
មាត្រា ៤៨. នីតិបុគ្គលបរទេស
១-នៅក្នុងក្រមនេះ នីតិបុគ្គលដែលបានបង្កើតឡើង ដោយយោងទៅតាមច្បាប់បរទេស ហៅថា នីតិបុគ្គលបរទេស ។
២-នីតិបុគ្គលបរទេស ក្រៅពីរដ្ឋ តំបន់រដ្ឋបាលរបស់រដ្ឋ និងក្រុមហ៊ុនពាណិជ្ជកម្មពុំអាចទទួលស្គាល់ជានីតិបុគ្គលបានឡើយ ។ ប៉ុន្តែ បើមានសេចក្ដីអនុញ្ញាតតាមច្បាប់ ឬសន្ធិសញ្ញា ឬអនុសញ្ញានៃព្រះរាជាណាចក្រកម្ពុជាអាចទទួលស្គាល់ថាជានីតិបុគ្គលបាន ។
៣-នីតិបុគ្គលបរទេសដែលទទួលស្គាល់ថាជានីតិបុគ្គល តាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ មានសិទ្ធិតាមច្បាប់ឯកជន ដូចនីតិបុគ្គលដែលត្រូវបានបង្កើត ដោយផ្អែកលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រភេទដូចគ្នាដែរ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះសិទ្ធិដែលជនជាតិបរទេសមិនអាចមានបាន ឬករណីដែលមានបញ្ញត្តិពិសេសនៅក្នុងច្បាប់ ឬសន្ធិសញ្ញា ឬអនុសញ្ញា ។
កថាភាគទី ៣៖ ការចុះបញ្ជីនៃការបង្កើត
មាត្រា ៤៩. ការចុះបញ្ជីនៃការបង្កើត និងពេលវេលាកំណើតនៃនីតិបុគ្គល
នីតិបុគ្គលត្រូវបានបង្កើតឡើងដោយការចុះបញ្ជីនៅកន្លែងដែលមានទីតាំងនៃទីស្នាក់ការកណ្តោលរបស់នីតិបុគ្គលនោះ ។
មាត្រា ៥០. ចំណុចដែលត្រូវចុះបញ្ជី
១-ដើម្បីចុះបញ្ជីនីតិបុគ្គល ត្រូវចុះនូវចំណុចនីមួយៗ ដូចបានកំណត់ខាងក្រោមនេះ៖
ក-គោលបំណង ។
ខ-នាមករណ៍ ។
គ-ទីស្នាក់ការកណ្ហាល និង ទីស្នាក់ការសាខា ។
ឃ-មូលហេតុនៃការរំលាយ បើបានកំណត់មូលហេតុនោះ នៅក្នុងលក្ខន្តិកៈ ។
ង-ឈ្មោះ ឬនាមករណ៍ និងលំនៅឋានរបស់អភិបាល និងអ្នកត្រួតពិនិត្យ ។ ប៉ុន្តែ ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ត្រូវចុះឈ្មោះ និង លំនៅឋាន របស់សមាជិក ។
ច-ឈ្មោះរបស់អភិបាលដែលត្រូវធ្វើជាតំណាងនីតិបុគ្គល បើមានជនដែលជាអភិបាល តែមិនតំណាងឱ្យនីតិបុគ្គលនោះ ។
ឆ-សេចក្តីកំណត់អំពីសហតំណាងដែលកំណត់ថា អភិបាលច្រើននាក់ធ្វើតំណាងឱ្យ នីតិបុគ្គលដោយរួមគ្នាប្រសិនបើមាន ។
២-បើមានការផ្លាស់ប្តូរចំណុចណាមួយក្នុងចំណោមចំណុចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវចុះបញ្ជី នៅទីតាំងនៃទីស្នាក់ការកណ្តោល ក្នុងអំឡុង ពេល ២ (ពីរ) សប្ដាហ៍ និងនៅទីតាំងនៃទីស្នាក់ការផ្សេងទៀត ក្នុងអំឡុងពេល ៣ (បី) សប្តាហ៍។ នៅក្នុងអំឡុងពេលដែលមិនទាន់បានចុះបញ្ជីទេការផ្លាស់ប្តូរពុំអាចតតាំង ចំពោះតតិយជនបានឡើយ ។
៣-ប្រសិនបើមានការចាត់ចែងជាបណ្តោះអាសន្នដែលផ្អាកការ អនុវត្តកិច្ចការរបស់អភិបាល ឬដែលជ្រើសតាំងបុគ្គលជំនួសអភិបាល ឬបើមានការផ្លាស់ប្តូរ ឬលុបចោលនូវការចាត់ចែងជាបណ្តោះអាសន្ននោះត្រូវចុះបញ្ជីនៅទីតាំងនៃទីស្នាក់ការកណ្តោល និងទីតាំងនៃទីស្នាក់ការផ្សេងទៀត ។ នៅក្នុងករណីនេះ វាក្យខណ្ឌទី ២ នៃ កថាខខណ្ឌទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។
កថាភាគទី៤៖ លំនៅឋាននៃនីតិបុគ្គល
មាត្រា ៥១. លំនៅឋាននៃនីតិបុគ្គល
នីតិបុគ្គលត្រូវមានលំនៅឋាន នៅទីតាំងនៃទីស្នាក់ការកណ្តោលរបស់នីតិបុគ្គលនោះ ។
មាត្រា ៥២. ការចុះបញ្ជីអំពីការផ្លាស់ប្តូរទីតាំងទីស្នាក់ការ
១-នៅពេលដែលនីតិបុគ្គលផ្លាស់ប្តូរទីតាំងនៃទីស្នាក់ការកណ្តោលត្រូវចុះបញ្ជីអំពីការផ្លាស់ប្តូរនោះនៅទីតាំងចាស់ ហើយត្រូវចុះបញ្ជីនូវចំណុចដែលបានកំណត់នៅក្នុង មាត្រា ៥០ (ចំណុចដែលត្រូវចុះបញ្ជី) នៃក្រមនេះ នៅទីតាំងថ្មី ក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ ។ នៅពេលដែលផ្លាស់ប្តូរទីតាំងទីស្នាក់ការឯទៀត ត្រូវចុះបញ្ជីអំពីការផ្លាស់ប្តូរនោះនៅទីតាំងចាស់ ក្នុងអំឡុងពេល ៣ (បី) សប្ដាហ៍ ហើយត្រូវចុះបញ្ជីនូវចំណុចដែលបានកំណត់នៅក្នុងមាត្រា ៥០ (ចំណុចដែលត្រូវចុះបញ្ជី) នោះនៅទីតាំងថ្មី ក្នុងអំឡុង ពេល ៤ (បួន) សប្ដាហ៍ ។
២-ទោះបីមានបញ្ញត្តិនៃកថាខណ្ទី ១ ខាងលើនេះក៏ដោយ នៅក្នុងករណីដែល ការផ្លាស់ប្តូរទីតាំងទីស្នាក់ការ ត្រូវបានធ្វើឡើង នៅក្នុងដែនសមត្ថកិច្ចនៃការិយាល័យចុះ បញ្ជីដូចគ្នា នោះគ្រាន់តែចុះបញ្ជីអំពីការផ្លាស់ប្តូរទីតាំង ជាការគ្រប់គ្រាន់ហើយ ។
មាត្រា ៥៣. ការចុះបញ្ជីទីស្នាក់ការដែលបង្កើតថ្មី
១-ក្នុងករណីដែលនីតិបុគ្គល បានបង្កើតទីស្នាក់ការថ្មី ត្រូវចុះបញ្ជីនូវចំណុចដែលបានកំណត់នៅក្នុងមាត្រា ៥០ (ចំណុចដែលត្រូវចុះបញ្ជី) នៃក្រមនេះក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ នៅទីតាំងនៃទីស្នាក់ការថ្មីនោះ ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវចុះបញ្ជីអំពីការ បង្កើតទីស្នាក់ការថ្មី នៅទីតាំងនៃទីស្នាក់ការកណ្តោល និងទីតាំងនៃទីស្នាក់ការផ្សេងទៀត ក្នុងអំឡុងពេល ៣ (បី) សប្ដាហ៍ គិតចាប់ពីថ្ងៃដែលបានបង្កើតទីស្នាក់ការថ្មីនោះ ។
កថាភាគទី ៥៖ ការចុះបញ្ជីនៃនីតិបុគ្គលបរទេស
មាត្រា ៥៤. ការចុះបញ្ជីនៃនីតិបុគ្គលបរទេស
១-បញ្ញត្តិនៃមាត្រា ៥០ (ចំណុចដែលត្រូវចុះបញ្ជី) មាត្រា ៥២ (ការចុះបញ្ជីអំពី ការផ្លាស់ប្តូរទីតាំងទីស្នាក់ការ) និង មាត្រា ៥៣ (ការចុះបញ្ជីទីស្នាក់ការដែលបង្កើតថ្មី) នៃ ក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលនីតិបុគ្គលបរទេស បើក ទីស្នាក់ការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
២-ក្នុងករណីដែលនីតិបុគ្គលបរទេសបើកទីស្នាក់ការជាដំបូងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា បុគ្គលដទៃអាចបដិសេធបុគ្គលភាពរបស់នីតិបុគ្គលនោះ បាន រហូតដល់ ពេលដែលនីតិបុគ្គលនោះ បានចុះបញ្ជីនៅទីតាំងនៃទីស្នាក់ការនោះ ។
កថាភាគទី ៦៖ ការគ្រប់គ្រង និងការចាត់ចែងកិច្ចការនៃនីតិបុគ្គល
មាត្រា ៥៥. បញ្ជីទ្រព្យសម្បត្តិ និង បញ្ជីរាយនាមសមាជិក
១-នីតិបុគ្គលត្រូវធ្វើបញ្ជីទ្រព្យសម្បត្តិនៅពេលបង្កើត និង ក្នុងអំឡុងពេល ៣ (បី) ខែ នៃដើមឆ្នាំអនុវត្តកិច្ចការ ហើយត្រូវទុកបញ្ជីនោះនៅក្នុងទីស្នាក់ការជានិច្ច ។
២-នីតិបុគ្គលសាជីវកម្មត្រូវធ្វើបញ្ជីរាយនាមសមាជិក និងទុកនៅទីស្នាក់ការជានិច្ចហើយរាល់ពេលដែលមានការផ្លាស់ប្តូរសមាជិក ត្រូវកែតម្រូវបញ្ជីនោះ ។
មាត្រា ៥៦. ចំនួន ការជ្រើសតាំង ការដកហូតតំណែង និងភារកិច្ចនៃអភិបាល
១-នីតិបុគ្គលត្រូវមានអភិបាលដែលជាអង្គភាពមួយ ដើម្បីអនុវត្តកិច្ចការរបស់នីតិបុគ្គល ។ ប៉ុន្តែ នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ពុំត្រូវមានអភិបាលឡើយ ។
២-អភិបាលអាចមានមួយរូប ឬច្រើនរូប បាន ។ ប៉ុន្តែ ចំពោះនីតិបុគ្គលមូលនិធិត្រូវមានអភិបាលយ៉ាងតិច ៣ (បី) រូប ។
៣-ក្នុងករណីដែលមានអភិបាលច្រើនរូប កិច្ចការរបស់នីតិបុគ្គលត្រូវសម្រេចដោយសំឡេងភាគច្រើន បើគ្មានការកំណត់ពិសេសក្នុងលក្ខន្តិកៈទេ ។
៤-អភិបាលត្រូវបានជ្រើសតាំងដោយលក្ខន្តិកៈ ឬដោយមហាសន្និបាតសមាជិក ។
៥-អភិបាលនៃនីតិបុគ្គលសាជីវកម្ម អាចត្រូវបានដកហូតតំណែងដោយសេចក្តីសម្រេចនៃមហាសន្និបាតសមាជិក បាន ។
មាត្រា ៥៧. ករណីយកិច្ចរបស់អភិបាល
១-អភិបាលមានករណីយកិច្ចត្រូវគោរពទៅតាមច្បាប់និងបទដ្ឋានគតិយុត្ត និងខ្លឹមសារនៃលក្ខន្តិកៈ និងត្រូវចាត់ចែងការងាររបស់នីតិបុគ្គលដោយស្មោះត្រង់។
២-ក្រៅពីបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ទំនាក់ទំនងរវាងអភិបាល និងនីតិបុគ្គលត្រូវអនុវត្តតាមបញ្ញត្តិស្តីពីអាណត្តិ ។
មាត្រា ៥៨. សិទ្ធិតំណាងរបស់អភិបាល
១-អភិបាលត្រូវតំណាងឱ្យ នីតិបុគ្គល ។ ប៉ុន្តែ អភិបាលមិនអាចប្រតិបត្តិផ្ទុយនឹងខ្លឹមសារនៃលក្ខន្តិកៈ បានឡើយ ។
២-ក្នុងករណីដែលមានអភិបាលច្រើនរូប អភិបាលនីមួយៗត្រូវមានសិទ្ធិតំណាង ។ ប៉ុន្តែ អាចកំណត់ផ្សេងបានក្នុងលក្ខន្តិកៈ ។
៣-ចំពោះនីតិបុគ្គលសាជីវកម្ម អភិ បាលត្រូវគោរពតាមសេចក្តីសម្រេចនៃមហាសន្និបាតសមាជិក ។
មាត្រា ៥៩. ការកម្រិតនូវសិទ្ធិតំណាង
ការកម្រិតដែលបានធ្វើលើសិទ្ធិតំណាងរបស់អភិ បាល ឬអ្នកតំណាងនីតិបុគ្គល ផ្សេងទៀតពុំអាចតតាំងចំពោះតតិយជនសុចរិតបានឡើយ ។
មាត្រា ៦០. អភិបាលបណ្តោះអាសន្ន
ក្នុងករណីដែលខ្វះអភិបាល ហើយមានការបារម្ភថា នឹងបញ្ហាលឱ្យមានការខូចខាត ដោយសារមានការយឺតយ៉ាវ ក្នុងកិច្ចការរបស់នីតិបុគ្គល តុលាការអាចជ្រើសតាំង អភិ បាលបណ្តោះអាសន្នបានតាមពាក្យសុំរបស់អ្នកដែលពាក់ព័ន្ធនឹងផលប្រយោន៍ ឬតាមពាក្យសុំរបស់តំណាងអយ្យការ ។
មាត្រា ៦១. អ្នកតំណាងពិសេស
ចំពោះចំណុចដែលផលប្រយោជន៍របស់អភិបាល និងផលប្រយោជន៍របស់នីតិបុគ្គលប្រឆាំងគ្នា អភិបាលនោះពុំត្រូវមានសិទ្ធិតំណាងឡើយ ។ ក្នុងករណីដែលខ្វះអ្នក តំណាងឱ្យ នីតិបុគ្គលដោយសារហេតុនេះ អ្នកតំណាងពិសេសត្រូវបានជ្រើសតាំងតាមនីតិវិធីដូចដែល បានកំណត់ក្នុងមាត្រា ៦០ (អភិបាលបណ្តោះអាសន្ន) នៃក្រមនេះ ។
មាត្រា ៦២. អ្នកត្រួតពិនិត្យ
១-នីតិបុគ្គលត្រូវមានអ្នកត្រួតពិនិត្យម្នាក់ ឬច្រើននាក់ ។ ប៉ុន្តែ នីតិបុគ្គល សាជីវកម្មទទួលខុសត្រូវគ្មានកម្រិត អាចមិនមានអ្នកត្រួតពិនិត្យ ។
២-អ្នកត្រួតពិនិត្យត្រូវបានជ្រើសតាំងតាមការកំណត់នៃលក្ខន្តិកៈ ឬដោយសេចក្តី សម្រេចនៃមហាសន្និបាតសមាជិក ឬក្រុមប្រឹក្សាភិបាល ។
៣-អភិបាល ឬ និយោជិតរបស់នីតិបុគ្គល ពុំអាចធ្វើជាអ្នកត្រួតពិនិត្យ បានឡើយ ។
៤-នីតិបុគ្គលសវនករអាចធ្វើជាអ្នកត្រួតពិនិត្យ បាន ។
មាត្រា ៦៣. ភារកិច្ចរបស់អ្នកត្រួតពិនិត្យ ជាអាទិ៍
១-អ្នកត្រួតពិនិត្យត្រូវត្រួតពិនិត្យកិច្ចការរបស់នីតិបុគ្គល ។
២-អ្នកត្រួតពិនិត្យអាចទាមទារឱ្យ អភិបាល និងនិយោជិតរបស់នីតិបុគ្គលធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពនៃការអនុវត្តកិច្ចការ ឬអាចស្រាវជ្រាវនូវស្ថានភាពនៃកិច្ចការ និង ទ្រព្យសម្បត្តិរបស់នីតិបុគ្គលបាន ។
៣-អ្នកត្រួតពិនិត្យត្រូវស្រាវជ្រាវរបៀបវារៈ និងឯកសារដែលអភិបាលបម្រុងនឹងដាក់ជូនមហាសន្និបាតសមាជិក ឬក្រុមប្រឹក្សាភិបាល ។ ក្នុងករណីនេះ បើយល់ឃើញថា មានការបំពានបទដ្ឋានគតិយុត្ត ឬ លក្ខន្តិកៈ ឬ មានចំណុចដែលមិនត្រឹមត្រូវហួសហេតុ អ្នកត្រួតពិនិត្យត្រូវធ្វើសេចក្តីរាយការណ៍ នៅក្នុងមហាសន្និបាតសមាជិក ឬអង្គប្រជុំនៃ ក្រុមប្រឹក្សាភិបាល ។
៤-អ្នកត្រួតពិនិត្យអាចបញ្ចេញមតិអំពីការជ្រើសតាំង ឬការបញ្ឈប់ពីតំណែងនៃអ្នកត្រួតពិនិត្យ ឬបាក់កម្រៃរបស់អ្នកត្រួតពិនិត្យបាន នៅក្នុងមហាសន្និបាតសមាជិក ឬអង្គប្រជុំនៃក្រុមប្រឹក្សាភិបាល ។
៥-បើយល់ឃើញថា អភិបាលបានធ្វើសកម្មភាពក្រៅពីគោលបំណងរបស់នីតិបុគ្គល ឬសកម្មភាពផ្សេងទៀត ដែលផ្ទុយនឹងបទដ្ឋានគតិយុត្ត ឬលក្ខន្តិកៈ ឬមានការបារម្ភថា អភិបាលនឹងធ្វើសកម្មភាពនោះ អ្នកត្រួតពិនិត្យត្រូវធ្វើសេចក្តីរាយការណ៍អំពីហេតុនោះ នៅក្នុងមហាសន្និបាតសមាជិក ឬអង្គប្រជុំនៃក្រុមប្រឹក្សាភិបាល ។ ក្នុងករណីនេះបើមានភាពចាំបាច់ដើម្បីធ្វើសេចក្តីរាយការណ៍នោះ អ្នកត្រួតពិនិត្យអាចកោះប្រជុំមហាសន្និបាតសមាជិក ឬប្រជុំក្រុមប្រឹក្សាភិបាលបាន ។ អ្នកត្រួតពិនិត្យនៃនីតិបុគ្គល មូលនិធិត្រូវធ្វើសេចក្តីរាយការណ៍ខាងលើនេះទៅក្រសួង ឬស្ថាប័នដែលមានសមត្ថកិច្ច ត្រួតពិនិត្យយ៉ាងយឺតបំផុតក៏ឱ្យទាន់ជាមួយពេលធ្វើ សេចក្តីរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។
៦-ក្នុងករណីដែលអភិបាលបានធ្វើសកម្មភាពដូច បានកំណត់នៅក្នុងកថាខណ្ឌទី ៥ខាងលើនេះ ឬមានការបារម្ភថា អភិបាលនឹងធ្វើសកម្មភាពនោះ ហើយបើមានការបារម្ភថា សកម្មភាពនោះអាចនឹងបញ្ហាលឱ្យ មានការខូចខាតធ្ងន់ធ្ងរដល់នីតិបុគ្គល សមាជិកអាចទាមទារឱ្យអភិបាលនោះបញ្ឈប់នូវសកម្មភាពនោះបាន ។
៧-ក្នុងករណីដែលនីតិបុគ្គលប្តឹងអភិបាល ឬអភិបាលប្តឹងនីតិបុគ្គលអ្នកត្រួត ពិនិត្យត្រូវតំណាងឱ្យនីតិបុគ្គលក្នុងបណ្តឹងនេះ ។
កថាភាគទី ៧៖ ការរំលាយ និងការជម្រះបញ្ជី
មាត្រា ៦៤. មូលហេតុនៃការរំលាយ
១-នីតិបុគ្គលត្រូវរលាយដោយមូលហេតុណាមួយដូចខាងក្រោមនេះ :
ក-ការកើតឡើងនូវមូលហេតុនៃការរំលាយដែលបានកំណត់នៅក្នុងលក្ខន្តិកៈ ។
ខ-ការបញ្ចប់កិច្ចការដែលជាគោលបំណងរបស់នីតិបុគ្គល ឬអលទ្ធភាពក្នុងការបំពេញកិច្ចការនោះ ។
គ-ធនញ្ជ័យ ។
ឃ-សាលក្រម ឬសាលដីកាដែលបង្គាប់ឱ្យរំលាយ ។
២-ក្រៅពីមូលហេតុដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ នីតិបុគ្គលសាជីវកម្មក៏ត្រូវរលាយដោយមូលហេតុណាមួយដូចខាងក្រោមនេះផងដែរ
ក-សេចក្តីសម្រេចនៃមហាសន្និបាតសមាជិក ចំពោះនីតិបុគ្គលសាជីវកម្មទទួល ខុសត្រូវមានកម្រិត ឬមតិយល់ស្របនៃសមាជិកទាំងអស់ចំពោះនីតិបុគ្គលសាជីវកម្ម ទទួលខុសត្រូវគ្មានកម្រិត ។
ខ-ការណ៍ដែលសមាជិកនៅសល់តែម្នាក់ ។
៣-ចំពោះសេចក្តីសម្រេចរំលាយនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតដែលបានកំណត់នៅក្នុងចំណុច ក នៃ កថាខណ្ឌទី ២ ខាងលើនេះត្រូវមានការយល់ព្រមពីសមាជិកចាប់ពីពាក់កណ្តោលឡើងទៅ នៃចំនួនសមាជិកទាំងអស់ និងដោយសម្លេងចំនួនចាប់ពី ៣
ភាគ ៤ (បីភាគបួន) ឡើងទៅ នៃសិទ្ធិសម្រេចរបស់សមាជិកទាំងអស់ ។
មាត្រា ៦៥. បណ្ដឹងទាមទារការរំលាយ
១-សមាជិកដែលមានសិទ្ធិសម្រេចចាប់ពី ១ ភាគ ១០ (មួយភាគដប់) ឡើងទៅនៃចំនួនសិទ្ធិសម្រេចរបស់សមាជិកទាំងអស់ នៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមាន កម្រិតសមាជិកម្នាក់ៗនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ឬអភិបាលនៃនីតិបុគ្គលមូលនិធិឬក្រសួង ឬស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យនៃនីតិបុគ្គលមូលនិធិអាចដាក់ពាក្យបណ្តឹងទាមទារការរំលាយនីតិបុគ្គលបាន ។
២-ក្នុងករណីដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ តុលាការអាចបង្គាប់ឱ្យរំលាយនីតិបុគ្គលបាន លុះត្រាតែមានហេតុការណ៍ដូចរៀបរាប់ខាងក្រោមនេះ ហើយ មានហេតុដែលពុំអាចជៀសវាងបាន :
ក-នីតិបុគ្គលមានស្ថានភាពលំបាកគួរឱ្យកត់សំគាល់ក្នុងការអនុវត្តកិច្ចការហើយ
ការខូចខាតដែលពុំអាចស្តារឡើងវិញបាន បានកើតឡើង ឬមានការបារម្ភថា នឹងកើតឡើងចំពោះនីតិបុគ្គល ។
ខ-ការគ្រប់គ្រង ឬការចាត់ចែងទ្រព្យសម្បត្តិរបស់នីតិបុគ្គល បាត់បង់ភាពត្រឹម ត្រូវគួរឱ្យកត់សំគាល់និងធ្វើឱ្យមានគ្រោះថ្នាក់ដល់អត្ថិភាពនៃនីតិបុគ្គលនោះ ។
៣-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះក៏ដោយ ក្នុងករណីដែលយល់ឃើញថាមានហេតុដែលបានកំណត់នៅក្នុងចំណុចណាមួយដូចខាងក្រោមនេះតុលាការអាចបង្គាប់ឱ្យរំលាយនីតិបុគ្គលបានតាមពាក្យសុំរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬសមាជិក ម្ចាស់បំណុល ឬបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងផលប្រយោជន៍បើយល់ ឃើញថា មិនអាចអនុញ្ញាតឱ្យមានអត្ថិភាពនៃនីតិបុគ្គលតទៅទៀត ដើម្បីរក្សាផលប្រយោជន៍សាធារណៈ :
ក-នីតិបុគ្គលត្រូវបានបង្កើតឡើងដើម្បីគោលបំណងមិនស្របច្បាប់ ។
ខ-នីតិបុគ្គលពុំបានចាប់ផ្តើមកិច្ចការក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ក្រោយពីការបង្កើត ឬបានបញ្ឈប់កិច្ចការលើសពី១ (មួយ) ឆ្នាំដោយគ្មានមូលហេតុត្រឹមត្រូវ។
គ-ទោះបីអ្នកអនុវត្តកិច្ចការនីតិបុគ្គលនោះ បានទទួលសេចក្តីព្រមានជាលាយ ល័ក្ខណ៍អក្សរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយក៏ដោយក៏នៅតែបន្តប្រព្រឹត្ត ឬ ប្រព្រឹត្តដដែលៗនូវសកម្មភាពដែលហួស ឬបំពានសិទ្ធិអំណាចដែលបានកំណត់ក្នុងបទដ្ឋានគតិយុត្ត ឬលក្ខន្តិកៈ ឬសកម្មភាពដែលផ្ទុយនឹងបទដ្ឋានគតិយុត្តព្រហ្មទណ្ ។
៤-ក្នុងករណីដែលមានពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះទោះបីមិនទាន់បង្គាប់ឱ្យរំលាយក៏ដោយ ក៏តុលាការអាចធ្វើការជ្រើសតាំងអ្នកគ្រប់គ្រង ឬធ្វើ
ការចាត់ចែងចាំបាច់ផ្សេងទៀតដើម្បីរក្សាការពារទ្រព្យសម្បត្តិរបស់នីតិបុគ្គល បានតាមពាក្យសុំរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិក ម្ចាស់បំណុល ឬបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ឬដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។
មាត្រា ៦៦. ករណីដែលត្រូវជម្រះបញ្ជី និង នីតិបុគ្គលដែលត្រូវជម្រះបញ្ជី
ក្នុងករណីដែលនីតិបុគ្គលត្រូវបានរំលាយ ត្រូវធ្វើការជម្រះបញ្ជីដោយយោងទៅតាមបញ្ញត្តិនៃកថាភាគទី ៧ (ការរំលាយ និង ការជម្រះបញ្ជី) នេះ លើកលែងតែករណី ដែលបានកំណត់នៅក្នុងចំណុច គ កថាខណ្ឌទី ១ នៃមាត្រា ៦៤ (មូលហេតុនៃការរំលាយ) នៃក្រមនេះ ។ ក្នុងករណីនេះ នីតិបុគ្គលនេះ ត្រូវបានចាត់ទុកថា មានអត្ថិភាពតទៅទៀត រហូតដល់ការជម្រះបញ្ជី បានសម្រេចចប់សព្វគ្រប់នៅក្នុងទំហំនៃគោលបំណងដើម្បីការ ជម្រះបញ្ជី ។
មាត្រា ៦៧. ការបង្វែរទ្រព្យសម្បត្តិដែលនៅសល់
១-ការបង្វែរទ្រព្យសម្បត្តិ ដែលនៅសល់បន្ទាប់ពីការសងចំពោះកាតព្វកិច្ចទាំងអស់ក្រោយការរំលាយនីតិបុគ្គល ត្រូវអនុលោមតាមសេចក្តីកំណត់ក្នុងលក្ខន្តិកៈ ។
២-ចំពោះនីតិបុគ្គលសាជីវកម្ម បើការបង្វែរទ្រព្យសម្បត្តិដែលនៅសល់មិនអាចកំណត់តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ បានទេ ការបង្វែរនោះ ត្រូវអនុលោមតាមសេចក្តីសម្រេចនៃមហាសន្និបាតសមាជិកនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតឬតាមការយល់ព្រមរបស់សមាជិកទាំងអស់ នៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។
៣-ទ្រព្យសម្បត្តិនៅសល់ ដែលមិនអាចកំណត់ការបង្វែរ បានតាមបញ្ញត្តិនៃកថាខណ្ឌទី១ និង ទី ២ ខាងលើនេះត្រូវបានទៅរតនាគារជាតិ ។
មាត្រា ៦៨. ការកាន់តំណែងនៃអ្នកជម្រះបញ្ជី
១-ក្នុងករណីដែលនីតិបុគ្គលត្រូវបានរំលាយ ដោយមូលហេតុដែលបានកំណត់នៅក្នុងចំណុច ក ឬ ខ កថាខណ្ឌទី ១ ឬ ចំណុច ក កថាខណ្ឌទី ២ នៃមាត្រា ៦៤ (មូលហេតុ នៃការរំលាយ) នៃក្រមនេះបុគ្គលដូចខាងក្រោមនេះត្រូវក្លាយទៅជាអ្នកជម្រះបញ្ជីដោយយោលទៅតាមលំដាប់ :
ក-បុគ្គលដែលបានកំណត់នៅក្នុងលក្ខន្តិកៈ ។
ខ-បុគ្គលដែលត្រូវបានជ្រើសតាំងដោយសេចក្តីសម្រេចនៃមហាសន្និបាតសមាជិកនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬបុគ្គលដែលត្រូវបានជ្រើសតាំង ដោយមតិលើសពីពាក់កណ្តាលនៃចំនួនសមាជិកនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មាន កម្រិត ។
គ-អភិបាលនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត និងនីតិបុគ្គល មូលនិធិ ឬសមាជិកនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើពុំមានបុគ្គលណាម្នាក់ក្លាយជាអ្នកជម្រះបញ្ជីតាមបញ្ញត្តិនៃកថាខណ្ឌទី ១ នោះទេ តុលាការត្រូវជ្រើស តាំងអ្នកជម្រះបញ្ជី តាមពាក្យសុំរបស់បុគ្គលដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ។
៣-ក្នុងករណីដែលនីតិបុគ្គលត្រូវបានរំលាយដោយមូលហេតុដែល បានកំណត់នៅក្នុងចំណុច ឃ កថាខណ្ឌទី ១ និងចំណុច ខ កថាខណ្ឌទី ២ នៃមាត្រា ៦៤ (មូលហេតុ នៃការរំលាយ) នៃក្រមនេះ តុលាការត្រូវជ្រើសតាំងអ្នកជម្រះបញ្ជី តាមពាក្យសុំរបស់បុគ្គលដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ឬរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬដោយឆន្ទានុសិទ្ធរបស់តុលាការ ។
មាត្រា ៦៩. ការដកហូតតំណែងរបស់អ្នកជម្រះបញ្ជី
១-បើមានហេតុធ្ងន់ធ្ងរ តុលាការអាចដកហូតតំណែងរបស់អ្នកជម្រះបញ្ជីបានតាមពាក្យសុំរបស់អ្នកដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ។
២-ក្រៅពីអ្នកជម្រះបញ្ជីដែលត្រូវបានជ្រើសតាំងដោយតុលាការ អ្នកជម្រះបញ្ជីនៃនីតិបុគ្គលសាជីវកម្ម អាចត្រូវបានដកហូតតំណែងបានដោយសេចក្តីសម្រេចនៃមហាសន្និបាតសមាជិកនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬដោយមតិលើសពីពាក់កណ្តោលនៃចំនួនសមាជិកទាំងអស់នៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។
មាត្រា ៧១. ការចុះបញ្ជីអំពីអ្នកជម្រះបញ្ជី និងការរំលាយ
លើកលែងតែករណីដែលបានកំណត់នៅក្នុងចំណុច គ កថាខណ្ឌទី ១ នៃមាត្រា ៦៤ (មូលហេតុនៃការរំលាយ) នៃក្រមនេះ អ្នកជម្រះបញ្ជីត្រូវចុះបញ្ជីអំពីឈ្មោះនិង លំនៅឋានរបស់ខ្លួន និងមូលហេតុនិងកាលបរិច្ឆេទនៃការរំលាយនៅទីតាំងនៃទីស្នាក់ការកណ្តាលក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ និងនៅទីតាំងនៃទីស្នាក់ការឯទៀតក្នុងអំឡុងពេល ៣ (បី) សប្ដាហ៍ ក្រោយពីការរំលាយ ។
មាត្រា ៧១. មុខងារ និងសិទ្ធិអំណាចរបស់អ្នកជម្រះបញ្ជី
១-អ្នកជម្រះបញ្ជីត្រូវអនុវត្តនូវមុខងារដែលបានកំណត់នៅចំណុចនីមួយៗខាងក្រោមនេះ :
ក-បំពេញបង្ហើយនូវកិច្ចការបច្ចុប្បន្នរបស់នីតិបុគ្គល ។
ខ-ប្រមូលសិទ្ធិលើបំណុល និងសងកាតព្វកិច្ច ។
គ-ប្រគល់ទ្រព្យសម្បត្តិដែលនៅសល់ ។
២-បើមានអ្នកជម្រះបញ្ជីច្រើនរូប កិច្ចការរបស់នីតិបុគ្គលត្រូវអនុលោមតាមសេចក្តីសម្រេចដោយមតិលើសពីពាក់កណ្តោលនៃចំនួនអ្នកជម្រះបញ្ជី ។
៣-បញ្ញត្តិនៃមាត្រា ៥៨ (សិទ្ធិតំណាងរបស់អភិបាល) នៃក្រមនេះ ត្រូវយកមកអនុវត្ត
ដូចគ្នាផងដែរចំពោះអ្នកជម្រះបញ្ជី។ ប៉ុន្តែបើតុលាការជ្រើសតាំងអ្នកជម្រះបញ្ជីច្រើនរូបតុលាការអាចជ្រើសតាំងអ្នកតំណាងឬជ្រើសតាំងសហតំណាងពីចំណោមអ្នកជម្រះបញ្ជីនោះ ។
មាត្រា ៧២. ករណីយកិច្ចធ្វើសេចក្តីរាយការណ៍អំពីការស្រាវជ្រាវទ្រព្យសម្បត្តិនីតិបុគ្គល
១-ក្រោយពេលឡើងកាន់តំណែងអ្នកជម្រះបញ្ជី ត្រូវស្រាវជ្រាវស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិរបស់នីតិបុគ្គលធ្វើបញ្ជីសារពើភ័ណ្ណ និងតារាងតុល្យការ និងដាក់ជូនតុលាការ ដោយគ្មានការយឺតយ៉ាវ ។
២-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឯកសារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវទទួលការយល់ព្រមពីមហាសន្និបាតសមាជិក មុន នឹងដាក់ទៅតុលាការ ។
៣-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ឯកសារ ដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ ត្រូវទទួលការយល់ព្រមពីសមាជិកទាំងអស់មុននឹងដាក់ ទៅតុលាការ ។
៤-ចំពោះនីតិបុគ្គលមូលនិធិ ឯកសារដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះត្រូវទទួលការយល់ព្រមពីក្រសួង ឬស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យមុន នឹងដាក់ទៅតុលាការ ។
មាត្រា ៧៣. ការប្រកាសជាសាធារណៈចំពោះម្ចាស់បំណុល
១-អ្នកជម្រះបញ្ជីត្រូវប្រកាសជាសាធារណៈ នៅក្នុងព្រឹត្តិបត្រផ្លូវការរបស់ក្រសួងយុត្តិធម៌យ៉ាងតិចបំផុតចំនួន ៣ (បី) ផងក្នុងអំឡុងពេល ២ (ពីរ) ខែ គិតចាប់ពីថ្ងៃ ដែលខ្លួនឡើងកាន់តំណែង ចំពោះម្ចាស់បំណុលថាម្ចាស់បំណុលត្រូវបង្ហាញសិទ្ធិលើបំណុលរបស់ខ្លួន ក្នុងអំឡុងពេលដែលកំណត់មិនឱ្យ តិចជាង ២ (ពីរ) ខែ ។
២-ក្នុងការប្រកាសជាសាធារណៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះត្រូវសរសេរបន្ថែមថា ម្ចាស់បំណុលនឹងត្រូវដកហូតចេញពីការជម្រះបញ្ជីបើខ្លួនពុំ បង្ហាញសិទ្ធិលើបំណុលរបស់ខ្លួនក្នុងអំឡុងពេលដែលបានកំណត់នោះទេ ។
៣-អ្នកជម្រះបញ្ជីត្រូវដាស់តឿនដោយឡែក ។ ចំពោះម្ចាស់បំណុលដែលខ្លួនស្គាល់ឱ្យបង្ហាញសិទ្ធិលើបំណុល ។
៤-អ្នកជម្រះបញ្ជី ពុំអាចដកហូតម្ចាស់បំណុលដែលខ្លួនស្គាល់ចេញពីការជម្រះបញ្ជីបានឡើយ ។
មាត្រា ៧៤. ការសងក្នុងអំឡុងពេលដើម្បីបង្ហាញសិទ្ធិលើបំណុល
១-អ្នកជម្រះបញ្ជីមិនអាចសងទៅម្ចាស់បំណុលក្នុងអំឡុងពេលដើម្បីបង្ហាញសិទ្ធិលើបំណុលដែលបានកំណត់នៅក្នុងមាត្រា ៧៣ (ការប្រកាសជាសាធារណៈចំពោះម្ចាស់ បំណុល) នៃក្រមនេះបានឡើយ ។ ប៉ុន្តែ នីតិបុគ្គលមិនទទួលខុសត្រូវក្នុងការអនុវត្ត យឺតយ៉ាវ ដោយសារហេតុនេះឡើយ ។
២-ទោះជាមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយ ក៏អ្នកជម្រះបញ្ជីអាចសងសិទ្ធិលើបំណុលដែលមានចំនួនទឹកប្រាក់តិច សិទ្ធិលើបំណុលដែលភ្ជាប់នឹងប្រាតិភោគ និងសិទ្ធិលើបំណុលផ្សេងទៀតដែលពុំមានការបារម្ភថា នឹងបង្កឱ្យមានការខូចខាតដល់ ម្ចាស់បំណុលឯទៀតដោយការសងបានដែរដោយទទួលសេចក្ដីអនុញ្ញាតពីតុលាការ ។
មាត្រា ៧៥. ការសងចំពោះម្ចាស់បំណុលដែលត្រូវបានដកចេញ
ម្ចាស់បំណុលដែលត្រូវបានដកចេញពីការជម្រះបញ្ជី អាចទាមទារឱ្យសងបានចំពោះតែទ្រព្យសម្បត្តិដែលនៅសល់ក្រោយពីការបែងចែកប៉ុណ្ណោះ ។
មាត្រា ៧៦. ការសងសិទ្ធិលើបំណុល
១-នីតិបុគ្គលអាចសងនូវកាតព្វកិច្ចរបស់ខ្លួនបានទោះ ជាពុំទាន់ដល់ពេលកំណត់ត្រូវសងក៏ដោយ ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ខាងលើនេះចំពោះសិទ្ធិលើបំណុលដែលភ្ជាប់នឹងល័ក្ខខ័ណ្ឌ សិទ្ធិលើបំណុលដែលរយៈពេលបន្តអត្ថិភាពមិនពិតប្រាកដ និងសិទ្ធិលើបំណុលផ្សេងទៀតដែលមិនកំណត់ចំនួនទឹកប្រាក់ពិតប្រាកដ នីតិបុគ្គលត្រូវសងតាមការវាយតម្លៃរបស់អ្នកវាយតម្លៃដែលត្រូវបានជ្រើសតាំងដោយតុលាការ ។
មាត្រា ៧៧. ការចាត់ចែងទ្រព្យសម្បត្តិដែលនៅសល់
អ្នកជម្រះបញ្ជីមិនអាចចាត់ចែងទ្រព្យសម្បត្តិ របស់នីតិបុគ្គលដោយយោងតាមមាត្រា ៦៧ (ការបង្វែរទ្រព្យសម្បត្តិដែលនៅសល់) នៃក្រមនេះបានឡើយ បើមិនទាន់បានសងកាតព្វកិច្ចរបស់នីតិបុគ្គលហើយទេ ។ ប៉ុន្តែ ចំពោះកាតព្វកិច្ចដែលមានវិវាទវិញអ្នកជម្រះបញ្ជីអាចចាត់ចែងផ្នែកនៃទ្រព្យសម្បត្តិដែលនៅសល់ដោយទុកនូវទ្រព្យសម្បត្តិដែលទទួលស្គាល់ថា ចាំ បាច់សម្រាប់សងនោះបាន ។
មាត្រា ៧៨. ឆនក្ស័យនៅក្នុងពេលជម្រះបញ្ជី
១-នៅក្នុងពេលកំពុងជម្រះបញ្ជី បើបានដឹងច្បាស់ថា ទ្រព្យសម្បត្តិរបស់នីតិបុគ្គលនោះពុំគ្រប់គ្រាន់ក្នុងការសងកាតព្វកិច្ចទាំងអស់ទេ អ្នកជម្រះបញ្ជីត្រូវទាមទារការប្រកាស ធនញ្ជ័យជាបន្ទាន់ ហើយត្រូវផ្សាយជាសាធារណៈនូវហេតុនេះក្នុងព្រឹត្តិបត្ររបស់ក្រសួងយុត្តិធម៌ ។
២-ភារកិច្ចរបស់អ្នកជម្រះបញ្ជីត្រូវចាត់ទុកថា បានបញ្ចប់បើបានប្រគល់កិច្ចការនោះទៅឱ្យអ្នកគ្រប់គ្រងទ្រព្យធនញ្ជ័យហើយ ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងមាត្រានេះបើមានទ្រព្យសម្បត្តិណា ដែលបានសងទៅឱ្យម្ចាស់បំណុលឬបានប្រគល់ទៅឱ្យអ្នកដែលមានសិទ្ធិទទួលកម្មសិទ្ធិរួច ហើយអ្នកគ្រប់គ្រងទ្រព្យធនញ្ជ័យអាចយកទ្រព្យនោះមកវិញបាន ។
មាត្រា ៧៩. ការបញ្ចប់ការជម្រះបញ្ជី
១-បើបានបញ្ចប់កិច្ចការជម្រះបញ្ជីរួច ហើយអ្នកជម្រះបញ្ជីត្រូវធ្វើរបាយការណ៍គណនីទូទាត់ដោយគ្មានការយឺតយ៉ាវ ។
២-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត អ្នកជម្រះបញ្ជីត្រូវដាក់របាយការណ៍គណនីទូទាត់ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះជូនទៅមហាសន្និបាតសមាជិក ដោយគ្មានការយឺតយ៉ាវ ហើយត្រូវទទួលការយល់ព្រមពីមហាសន្និបាតសមាជិកនោះ ។
៣-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតអ្នកជម្រះបញ្ជីត្រូវដាក់របាយការណ៍គណនីទូទាត់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ជូនទៅ សមាជិកម្នាក់ៗដោយគ្មានការយឺតយ៉ាវ ហើយត្រូវទទួលការយល់ព្រមពីសមាជិកម្នាក់នោះ។
៤-ចំពោះនីតិបុគ្គលមូលនិធិអ្នកជម្រះបញ្ជី ត្រូវដាក់របាយការណ៍គណនីទូទាត់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះជូនទៅក្រសួង ឬស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យ ដោយគ្មានការយឺតយ៉ាវ ហើយត្រូវទទួលការយល់ព្រមពីក្រសួង ឬ ស្ថាប័ននោះ ។
៥-អ្នកជម្រះបញ្ជីដែលត្រូវបានជ្រើសតាំងដោយតុលាការ ត្រូវដាក់របាយការណ៍គណនីទូទាត់ដែល បានកំណត់នៅក្នុងកថាខណ្ទី ១ ខាងលើនេះ ជូនទៅតុលាការ ដោយ គ្មានការយឺតយ៉ាវ ។
មាត្រា ៨០. ការចុះបញ្ជីអំពីការបញ្ចប់ការជម្រះបញ្ជី
បើបានបញ្ចប់នីតិវិធីដែលបានកំណត់នៅក្នុងមាត្រា ៧៩ (ការបញ្ចប់ការជម្រះ បញ្ជី) នៃក្រមនេះរួចហើយអ្នកជម្រះបញ្ជីត្រូវចុះបញ្ជីអំពីការបញ្ចប់ការជម្រះបញ្ជីនោះ នៅទីតាំងនៃទីស្នាក់ការកណ្តោលក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ និងត្រូវចុះនៅទីតាំងនៃទីស្នាក់ការឯទៀត ក្នុងអំឡុងពេល ៣ (បី) សប្ដាហ៍ ។
មាត្រា ៨១. ការរក្សាទុកឯកសារ
បញ្ជីគណនី និងឯកសារសំខាន់ៗឯទៀតរបស់នីតិបុគ្គលដែលពាក់ព័ន្ធនឹងកិច្ចការ និង ការជម្រះបញ្ជី ត្រូវរក្សាទុកក្នុងអំឡុងពេល ១០ (ដប់) ឆ្នាំ ក្រោយពីបានចុះបញ្ជីអំពីការបញ្ចប់ការជម្រះបញ្ជីនៅទីតាំងនៃទីស្នាក់ការកណ្តាល ។ អ្នករក្សាទុកឯកសារនោះត្រូវបានជ្រើសតាំងដោយតុលាការតាមពាក្យសុំរបស់អ្នកជម្រះបញ្ជី ឬបុគ្គលផ្សេងទៀត ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ។
ផ្នែកទី ២៖ នីតិបុគ្គលសាជីវកម្ម
កថាភាគទី ១៖ នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត
មាត្រា ៨២. ការបង្កើត និងលក្ខន្តិកៈ
១-ដើម្បីបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត បុគ្គលដែលមានបំណងធ្វើជាសមាជិកត្រូវសហការគ្នាបង្កើតលក្ខន្តិកៈ ហើយចុះហត្ថលេខារៀងៗខ្លួន ។
២-លក្ខន្តិកៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវសរសេរនូវគ្រប់ចំណុចដូចខាងក្រោម :
ក-គោលបំណង ។
ខ-នាមករណ៍ ។
គ-ទីតាំងនៃទីស្នាក់ការកណ្តោល ។
ឃ-បញ្ញត្តិស្តីពីចំនួនទឹកប្រាក់សរុបនៃទ្រព្យសម្បត្តិជាមូលដ្ឋាន ដែលត្រូវធានាក្នុងនាមជានីតិបុគ្គល និងទ្រព្យធនសកម្ម ។ ក្នុងករណីដែលមានវិភាគទានជាវត្ថុក្រៅពី បាក់ត្រូវសរសេរនូវឈ្មោះ ឬនាមករណ៍របស់បុគ្គលធ្វើវិភាគទានជាវត្ថុក្រៅពីប្រាក់ឈ្មោះ និងតម្លៃនៃទ្រព្យសម្បត្តិនោះ ឬក្នុងករណីដែលបុគ្គលណាម្នាក់បានសន្យាថា នឹងធ្វើអនុប្បទានទ្រព្យសម្បត្តិណាមួយក្រោយពីការបង្កើតនីតិបុគ្គលត្រូវសរសេរនូវតម្លៃ នៃទ្រព្យសម្បត្តិនោះ និងឈ្មោះ ឬនាមករណ៍របស់អនុប្បទាយី ឬត្រូវសរសេរនូវចំនួនបាក់នៃសោហ៊ុយដែលចំណាយ ក្នុងការបង្កើតនីតិបុគ្គល ហើយដែលនីតិបុគ្គលត្រូវទទួលបន្ទុក ។
ង-ឆ្នាំអនុវត្តកិច្ចការ ។
ច- ចំណុចស្ដីពីអភិបាល អ្នកត្រួតពិនិត្យ និងអ្នកមានតួនាទីផ្សេងទៀត ។
ឆ-បញ្ញត្តិស្តីពីការទទួល និង ការបាត់បង់សមាជិកភាព ។
ជ-ចំណុចស្ដីពីគណនេយ្យ ។
ឈ-ចំណុចស្ដីពីការរំលាយ ។
ញ-ចំណុចស្តីពីការកែប្រែលក្ខន្តិកៈ ។
៥-វិធីផ្សព្វផ្សាយជាសាធារណៈ ។
៣-លក្ខន្តិកៈពុំមានអានុភាពឡើយ បើពុំបានទទួលសេចក្តីបញ្ជាក់ពីសារការីទេ ។
៤-លក្ខន្តិកៈត្រូវរក្សាទុកនៅទីស្នាក់ការកណ្តោល និងទីស្នាក់ការសាខា ។
មាត្រា ៨៣. ចំនួនទឹកប្រាក់អប្បបរមានៃទ្រព្យសម្បត្តិជាមូលដ្ឋាន
នីតិបុគ្គលទទួលខុសត្រូវមានកម្រិត ត្រូវមានទ្រព្យសម្បត្តិជាមូលដ្ឋានដែលមានតម្លៃមិនតិចជាង ២០.០០០.០០០ (ម្ភៃលាន) រៀល ។
មាត្រា ៨៤. ការជ្រើសតាំងអភិបាល និងអ្នកត្រួតពិនិត្យ
១-បើពុំបានកំណត់អភិបាល ឬអ្នកត្រួតពិនិត្យនៅក្នុងលក្ខន្តិកៈ នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតដែលកំពុងស្ថិតនៅក្នុងនីតិវិធីនៃការបង្កើត ត្រូវជ្រើសតាំងអភិបាល ឬអ្នកត្រួតពិនិត្យ ដោយមហាសន្និបាតសមាជិកមុននឹងបង្កើតនីតិបុគ្គល ។
២-សមាជិកម្នាក់ៗអាចកោះប្រជុំមហាសន្និបាតដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ខាងលើនេះបាន ។
មាត្រា ៨៥. ការស្រាវជ្រាវទ្រព្យសម្បត្តិជាមូលដ្ឋាន ជាអាទិ៍
១-អភិបាលត្រូវអញ្ជើញអ្នក ដែលធ្វើវិភាគទានទ្រព្យសម្បត្តិជាមូលដ្ឋានបែងចែកចំនួនដែលអ្នកនីមួយៗនោះត្រូវធ្វើវិភាគទាន ហើយទាមទារឱ្យអ្នកទាំងនោះធ្វើវិភាគទានដើម្បីធ្វើឱ្យមានទ្រព្យសម្បត្តិជាមូលដ្ឋានពេញលេញ ។
២-ក្នុងករណីដែលមានការសរសេរនូវចំណុច ដែលបានកំណត់នៅវាក្យខណ្ឌទី២
ចំណុច ឃ កថាខណ្ឌទី ២ នៃមាត្រា ៨២ (ការបង្កើត និង លក្ខន្តិកៈ) នៃក្រមនេះ នៅក្នុងលក្ខន្តិកៈ អភិបាលត្រូវទាមទារឱ្យតុលាការជ្រើសតាំងអធិការ ដើម្បីស្រាវជ្រាវនូវចំណុច ដែលបានសរសេរនោះដោយពុំមានការយឺតយ៉ាវ ។
៣-អធិការដែល បានកំណត់នៅក្នុងកថាខណ្ឌទី២ ខាងលើនេះត្រូវធ្វើសេចក្តីរាយការណ៍ទៅតុលាការ អំពីលទ្ធផលនៃការស្រាវជ្រាវ ។
៤-ក្នុងករណីដែលតុលាការយល់ឃើញថា ការសរសេរនៅក្នុងលក្ខន្តិកៈនោះមិនត្រឹមត្រូវដោយយោងតាមលទ្ធផលនៃការស្រាវជ្រាវ តុលាការត្រូវចេញដីកាសម្រេចឱ្យ ផ្លាស់ប្តូរចំណុចនោះ ។ ក្នុងករណីនេះ តុលាការត្រូវជូនដំណឹងអំពីដីកាសម្រេចទៅ សមាជិកអភិបាល ហើយបើមានការផ្លាស់ប្តូរចំណុចដែលពាក់ព័ន្ធនឹងវិភាគទានជាវត្ថុ ក្រៅពីប្រាក់ត្រូវជូនដំណឹងទៅអ្នកដែលធ្វើវិភាគទានជាវត្ថុក្រៅពីប្រាក់នោះ ។
៥-អ្នកដែលធ្វើវិភាគទានជាវត្ថុក្រៅពីប្រាក់ ដែលបានទទួលដំណឹងដូចបានកំណត់នៅក្នុងកថាខណ្ឌទី ៤ ខាងលើនេះអាចលុបចោលនូវសកម្មភាពនៃវិភាគទានជាវត្ថុក្រៅពី បាក់បានក្នុងអំឡុងពេល ១ (មួយ) សប្ដាហ៍ គិតចាប់ពីថ្ងៃដែលដីកាសម្រេចនោះចូលជាស្ថាពរ ។ ក្នុងករណីនេះ នីតិបុគ្គលទទួលខុសត្រូវមានកម្រិតដែលកំពុងស្ថិតនៅក្នុងនីតិវិធីនៃការបង្កើត អាចបន្តនូវនីតិវិធីនៃការបង្កើតបានដោយផ្លាស់ប្តូរលក្ខន្តិកៈ ។
មាត្រា ៨៦. ការស្រាវជ្រាវនីតិវិធីនៃការបង្កើត
១-អភិបាល និងអ្នកត្រួតពិនិត្យត្រូវស្រាវជ្រាវអំពីការកំណត់ជាស្ថាពរនូវអ្នក ដែលត្រូវធ្វើវិភាគទានចំពោះតម្លៃសរុបនៃទ្រព្យសម្បត្តិជាមូលដ្ឋាន និងការប្រគល់ទាំងស្រុងនូវតាវកាលិកនៃទ្រព្យសម្បត្តិដែលជាវិភាគទានជាវត្ថុក្រៅពីប្រាក់ ។
២-តាមលទ្ធផលនៃការស្រាវជ្រាវដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះបើយល់ឃើញថា មានការបំពានច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេង ឬលក្ខន្តិកៈ ឬមានចំណុចមិនត្រឹមត្រូវអភិបាល ឬអ្នកត្រួតពិនិត្យត្រូវធ្វើសេចក្តីរាយការណ៍ទៅសមាជិក ។
មាត្រា ៨៧. ចំណុចដែលត្រូវចុះបញ្ជី និង អំឡុងពេលចុះបញ្ជី
១-ក្រៅពីចំណុចដែលបានកំណត់នៅក្នុងមាត្រា ៥០ (ចំណុចដែលត្រូវចុះបញ្ជី) នៃក្រមនេះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតត្រូវចុះបញ្ជីនូវគ្រប់ចំណុចដូចកំណត់ខាងក្រោមនេះ
ក-តម្លៃសរុបនៃទ្រព្យសម្បត្តិជាមូលដ្ឋាន ។
ខ-បញ្ញត្តិស្តីពីសិទ្ធិរបស់អ្នកដែលធ្វើវិភាគទានទ្រព្យសម្បត្តិជាមូលដ្ឋាន ។
គ-នីតិវិធីនៃការបង្វិលសងនូវទ្រព្យសម្បត្តិជាមូលដ្ឋាន ។
ឃ-វិធីផ្សព្វផ្សាយជាសាធារណៈ ។
២-ការចុះបញ្ជីបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតត្រូវធ្វើឡើង នៅទីតាំងនៃទីស្នាក់ការកណ្តាល ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃដែលបាន បញ្ចប់នីតិវិធីដែលបានកំណត់នៅក្នុងមាត្រា ៨៥ (ការស្រាវជ្រាវទ្រព្យសម្បត្តិជាមូលដ្ឋាន ជាអាទិ៍) និង មាត្រា ៨៦ (ការស្រាវជ្រាវនីតិវិធីនៃការបង្កើត) នៃក្រមនេះ ។
៣-នៅទីតាំងនៃទីស្នាក់ការសាខា ការចុះបញ្ជីត្រូវធ្វើឡើងក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ គិតពីថ្ងៃដែលបានចុះបញ្ជី តាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ ។
មាត្រា ៨៨. ការទទួលខុសត្រូវក្នុងការធានាអំពីវិភាគទានទ្រព្យសម្បត្តិជាមូលដ្ឋាន
១-នៅពេលបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត បើមានផ្នែកខ្លះពុំទាន់បានសម្រេចជាស្ថាពរអំពីការកំណត់អ្នកដែលត្រូវធ្វើវិភាគទាន ក្នុងតម្លៃសរុបនៃទ្រព្យសម្បត្តិជាមូលដ្ឋានត្រូវចាត់ទុកថា អភិបាល និងសមាជិកនៃនីតិបុគ្គលនាពេលបង្កើត នីតិបុគ្គលនោះ ជាអ្នកដែលត្រូវធ្វើវិភាគទានដោយរួមគ្នា ។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលសកម្មភាពនៃវិភាគទានទ្រព្យសម្បត្តិជាមូលដ្ឋានរបស់អ្នកដែលធ្វើវិភាគទានទ្រព្យសម្បត្តិជាមូលដ្ឋាន ត្រូវបានលុបចោល ក្រោយការបង្កើត នីតិបុគ្គល ។
២-នៅពេលបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត បើមានទ្រព្យសម្បត្តិជាមូលដ្ឋានដែលមិនទាន់បានបង់ឬពុំទាន់បានផ្តល់តាវកាលិកនៃទ្រព្យសម្បត្តិ ដែលជាវិភាគទានជាវត្ថុក្រៅពីប្រាក់អភិបាល និងសមាជិកនៃនីតិបុគ្គលនាពេលបង្កើតនោះត្រូវទទួលខុសត្រូវដោយសាមគ្គីភាពក្នុងការសងចំនួនប្រាក់ដែលមិនទាន់បានបង់នោះ ឬ តម្លៃនៃទ្រព្យសម្បត្តិ ដែលជាវិភាគទានជាវត្ថុក្រៅពីប្រាក់ដែលពុំទាន់បានផ្តល់នោះ។
៣-នៅពេលបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត បើតម្លៃនៃទ្រព្យសម្បត្តិដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ២ ចំណុច ឃ នៃមាត្រា ៨២ (ការបង្កើត និងលក្ខន្តិកៈ) នៃក្រមនេះ មិនគ្រប់គ្រាន់យ៉ាងខ្លាំងធៀបនឹងតម្លៃដែលបានចុះនៅក្នុងលក្ខន្តិកៈអភិបាល និងសមាជិកនៃនីតិបុគ្គលនាពេលបង្កើតនោះ ត្រូវទទួលខុសត្រូវដោយសាមគ្គីភាពក្នុងការសងតម្លៃដែលខ្វះខាតចំពោះនីតិបុគ្គលនោះ ។ ប៉ុន្តែ ក្នុងករណីដែលបានឆ្លងកាត់តាមការស្រាវជ្រាវរបស់អធិការ ដោយយោងតាមបញ្ញត្តិនៃមាត្រា ៨៥ (ការស្រាវ ជាវទ្រព្យសម្បត្តិជាមូលដ្ឋាន ជាអាទិ៍) នៃក្រមនេះអភិបាល និង សមាជិកនោះត្រូវរួចផុតពីការទទួលខុសត្រូវ លើកលែងតែខ្លួនជាអ្នកដែលត្រូវធ្វើវិភាគទានជាវត្ថុក្រៅពីប្រាក់ ឬអនុប្បទាយីនៃទ្រព្យសម្បត្តិនោះ ។
មាត្រា ៤៩. សិទ្ធិ និងករណីយកិច្ចរបស់សមាជិក
១-សមាជិកមានករណីយកិច្ចបង់សោហ៊ុយចំណាយរបស់នីតិបុគ្គល ។
២-សមាជិកអាចប្រើសិទ្ធិបោះឆ្នោតក្នុងមហាសន្និបាតសមាជិកបាន ។ ប៉ុន្តែ សមាជិកពុំអាចប្រើសិទ្ធិបោះឆ្នោតបានឡើយ ក្នុងករណីដែលសេចក្តីសម្រេចត្រូវធ្វើឡើងចំពោះទំនាក់ទំនងរវាងសមាជិកនោះ និងនីតិបុគ្គល ។
៣-សិទ្ធិបោះឆ្នោតរបស់សមាជិកមានតែមួយសម្លេង ។ ប៉ុន្តែអាចកំណត់ផ្សេងនៅក្នុងលក្ខន្តិកៈដោយគិតពិចារណាអំពីចំនួនប្រាក់នៃវិភាគទាន បាន ។
៤-សមាជិកដែលមិនបានចូលរួមក្នុងមហាសន្និបាតសមាជិក ត្រូវបោះឆ្នោតដោយលិខិតជាលាយល័ក្ខណ៍អក្សរ ឬដោយអ្នកតំណាង ។ ប៉ុន្តែ បើមានការកំណត់ផ្សេង នៅក្នុងលក្ខន្តិកៈត្រូវអនុលោមតាមការកំណត់នោះ ។
មាត្រា ៩០. ការបាត់បង់សមាជិកភាព
១-សមាជិកអាចលាឈប់នៅពេលណាក៏បាន ។ ប៉ុន្តែបើមានកំណត់ក្នុងលក្ខន្តិកៈដែលតម្រូវឱ្យសមាជិកដែលមានបំណងលាឈប់ផ្តល់ដំណឹងជាមុនទៅនីតិបុគ្គលមុន អំឡុងពេលដែលត្រូវកំណត់មុនពេលលាឈប់សមាជិកនោះត្រូវផ្តល់ដំណឹងនេះ លើកលែងតែមានហេតុដែលពុំអាចជៀសវាងបាន ។
២-អំឡុងពេលដើម្បីផ្តល់ដំណឹងជាមុនដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ១ នៃ កថាខណ្ឌទី ១ ខាងលើនេះមិនត្រូវលើសពី ១ (មួយ) ឆ្នាំ ឡើយ ។
៣-ក្រៅពីករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះសមាជិកត្រូវបាត់បង់សមាជិកភាពដោយហេតុដូចខាងក្រោមនេះ
ក-ហេតុដែលបានកំណត់នៅក្នុងលក្ខន្តិកៈបានកើតឡើង ។
ខ-មតិយល់ស្របពីសមាជិកទាំងអស់ ។
គ-មរណភាព ឬការរំលាយ ។
ឃ-ការលុបឈ្មោះ ។
មាត្រា ៩៦. ការលុបឈ្មោះ
១-ការលុបឈ្មោះសមាជិក អាចធ្វើដោយសេចក្តីសម្រេចនៃមហាសន្និបាតសមាជិកបានលុះត្រាតែមានហេតុត្រឹមត្រូវ ។ ក្នុងករណីនេះ នីតិបុគ្គលត្រូវជូនដំណឹងអំពីហេតុនោះ យ៉ាងតិច ១ (មួយ) សប្ដាហ៍ មុនថ្ងៃបើកមហាសន្និបាតដល់សមាជិកនោះ ហើយត្រូវផ្តល់នូវឱកាសដើម្បីធ្វើសេចក្តីដោះសារចំពោះមុខអង្គមហាសន្និបាតសមាជិកនោះ ។
២-ដើម្បីសម្រេចសេចក្តីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះត្រូវមានសម្លេងចាប់ពីពាក់កណ្តាលឡើងទៅ នៃចំនួនសមាជិកទាំងអស់ ហើយត្រូវមានមតិយល់ស្របចាប់ពី ៣ ភាគ ៤ (ប៊ីភាគបួន) ឡើងទៅ នៃសិទ្ធិសម្រេចរបស់សមាជិកទាំងអស់ ។
៣-ការលុបឈ្មោះពុំមានអានុភាពឡើយ បើមិនបានជូនដំណឹងទៅដល់សមាជិកដែលត្រូវបានលុបឈ្មោះនោះ ។
មាត្រា ៩២. មហាសន្និបាតសាមញ្ញ
អភិបាលត្រូវបើកមហាសន្និបាតសាមញ្ញនៃសមាជិក យ៉ាងតិច ១ (មួយ)ដង ក្នុង ១ (មួយ) ឆ្នាំ ។
មាត្រា ៩៣. មហាសន្និបាតវិសាមញ្ញ
១-បើយល់ឃើញថាចាំបាច់ អភិបាលអាចកោះប្រជុំមហាសន្និបាតវិសាមញ្ញនៃសមាជិកនៅពេលណាក៏បាន ។
២-ក្នុងករណីដែលសមាជិកដែលមានសិទ្ធិសម្រេចចាប់ពី ១ ភាគ ១០ (មួយភាគដប់)ឡើងទៅ នៃចំនួនសិទ្ធិសម្រេចរបស់សមាជិកទាំងអស់ ទាមទារឱ្យបើកមហាសន្និបាត ដោយបង្ហាញនូវគោលបំណងនៃការប្រជុំនោះ អភិបាលត្រូវកោះប្រជុំមហាសន្និបាតវិសាមញ្ញ ។ ប៉ុន្តែ ក្នុងករណីដែលមានការកំណត់ផ្សេងអំពីកូរ៉ុម នៅក្នុងលក្ខន្តិកៈត្រូវអនុវត្តតាមការកំណត់នោះ ។
៣-ទោះជាមានការទាមទារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ខាងលើនេះក៏ដោយក្នុងករណីដែលអភិបាលបានធ្វេសប្រហែសក្នុងការកោះប្រជុំមហាសន្និ បាតដោយគ្មានការយឺតយ៉ាវទេសមាជិក ដែលបានទាមទារនោះអាចកោះប្រជុំមហាសន្និបាតបានដោយទទួលសេចក្ដីអនុញ្ញាតពីតុលាការ ។
មាត្រា ៩៤. ការកោះប្រជុំមហាសន្និបាត
១-ដើម្បីកោះប្រជុំមហាសន្និបាតរបស់សមាជិក ត្រូវជូនដំណឹងអំពីមហាសន្និបាតនោះដល់សមាជិកម្នាក់ៗយ៉ាងតិច ១ (មួយ) សប្ដាហ៍ មុនការបើកមហាសន្និបាតនោះ ។ ប៉ុន្តែ អំឡុងពេលនេះអាចបង្រួញឱ្យខ្លីបាន អាស្រ័យដោយលក្ខន្តិកៈ ។
២-បើមានមតិយល់ស្របពីសមាជិកទាំងអស់មហាសន្និបាតរបស់សមាជិក អាចត្រូវបានបើកដោយមិនឆ្លងកាត់តាមនីតិវិធីកោះប្រជុំ ។
មាត្រា ៩៥. សិទ្ធិអំណាចនៃមហាសន្និបាត
១-មហាសន្និបាតសមាជិកអាចធ្វើសេចក្តីសម្រេចបានត្រឹមតែ ចំណុចដែលបានកំណត់នៅក្នុងក្រមនេះ ឬលក្ខន្តិកៈ ។
២-អភិបាល និងអ្នកត្រួតពិនិត្យ ត្រូវពន្យល់នូវចំណុចដែលសមាជិកបានទាមទារនៅក្នុងមហាសន្និបាតសមាជិក ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលចំណុចនោះពុំមានទំនាក់ទំនង នឹងចំណុចដែលជាគោលបំណងនៃអង្គប្រជុំ ករណីដែលការពន្យល់នោះអាចប្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ផលប្រយោជន៍រួមរបស់សមាជិក ករណីដែលការពន្យល់នោះតម្រូវឱ្យមានការស្រាវជ្រាវ ឬករណីផ្សេងទៀតដែលមានមូលហេតុត្រឹមត្រូវ ។
៣-ក្នុងករណីដែល បានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ បើសមាជិកបានជូនដំណឹងអំពីចំណុចដែលត្រូវពន្យល់នៅក្នុងមហាសន្និបាតជាលិខិតលាយល័ក្ខណ៍ អក្សរ មុនអំឡុងពេលសមរម្យមួយមុនថ្ងៃបើកមហាសន្និបាតសមាជិកនោះអភិបាល និងអ្នកត្រួតពិនិត្យមិនអាចបដិសេធការពន្យល់ដោយយកមូលហេតុថា ការពន្យល់នោះតម្រូវឱ្យមានការស្រាវជ្រាវបានឡើយ ។
មាត្រា ៩៦. ចំណុចដែលមហាសន្និបាតអាចសម្រេចបាន
មហាសន្និបាតសមាជិកអាចសម្រេចតែចំណុច ដែលត្រូវបានជូនដំណឹងជាមុនដោយយោងទៅតាមបញ្ញត្តិនៃមាត្រា៩៤ (ការកោះប្រជុំមហាសន្និបាត) នៃក្រមនេះប៉ុណ្ណោះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានការកំណត់ផ្សេងនៅក្នុងលក្ខន្តិកៈ ។
មាត្រា ៩៧. ការកែប្រែលក្ខន្តិកៈ
១-លក្ខន្តិកៈរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតអាចកែប្រែបានលុះត្រាតែមានសេចក្តីយល់ព្រមពីចំនួនចាប់ពី ៣ ភាគ ៤ (ប៊ីភាគបួន) ឡើងទៅនៃសិទ្ធិ សម្រេចរបស់សមាជិកទាំងអស់ ។ ប៉ុន្តែ បើមានការកំណត់ផ្សេងនៅក្នុងលក្ខន្តិកៈ ត្រូវអនុវត្តតាមការកំណត់នោះ ។
២-ការកែប្រែលក្ខន្តិកៈពុំមានអានុភាពឡើយបើពុំបានទទួលសេចក្តីបញ្ជាក់ពីសារការី ។
មាត្រា ៩៨. ការធ្វើ និងការយល់ព្រមលើឯកសារគណនា ជាអាទិ៍
១-រាល់ឆ្នាំអនុវត្តកិច្ចការអភិបាលត្រូវធ្វើឯកសារ ដែលបានកំណត់ដូចខាងក្រោមនេះនិងឯកសារលំអិតភ្ជាប់ជាមួយ ដែលសរសេរអំពីហេតុសំខាន់ដើម្បីពន្យល់បន្ថែមទៅលើការសរសេរនៅក្នុងឯកសារនោះ :
ក-តារាងតុល្យការ ។
ខ-របាយការណ៍ចំណេញខាត ។
គ-របាយការណ៍អំពីកិច្ចការ ។
ឃ-សេចក្តីព្រាងនៃសេចក្តីសម្រេចអំពីការចាត់ចែងប្រាក់ ដែលនៅសល់ឬដំណោះស្រាយចំពោះការខាតបង់ ។
២-អភិបាលត្រូវដាក់ជូនមហាសន្និបាតសាមញ្ញនូវឯកសារដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី ១ ខាងលើនេះ ហើយចំពោះឯកសារដែលបានកំណត់ នៅក្នុងចំណុច គឺត្រូវរាយការណ៍អំពីខ្លឹមសារនោះ រីឯឯកសារដែលបានកំណត់នៅក្នុង ចំណុច ក ចំណុច ខ និង ចំណុច ឃ ត្រូវទទួលការយល់ព្រមពីមហាសន្និបាត ។
មាត្រា ៩៩. ការត្រួតពិនិត្យឯកសារគណនា ជាអាទិ៍
១-អភិបាលត្រូវទទួលការត្រួតពិនិត្យដោយអ្នកត្រួតពិនិត្យទៅលើឯកសារ ដែលបានកំណត់នៅក្នុងចំណុចនីមួយៗ នៃកថាខណ្ឌទី ១ នៃមាត្រា ៩៨ (ការធ្វើ និងការយល់ ព្រមលើឯកសារគណនា ជាអាទិ៍) នៃក្រមនេះ ។
២-ការត្រួតពិនិត្យដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើឡើងមុនមហាសន្និបាតសាមញ្ញរបស់សមាជិក ។
៣-អភិបាលត្រូវដាក់ជូនអ្នកត្រួតពិនិត្យ នូវឯកសារដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី ១ មាត្រា ៩៨ (ការធ្វើ និងការយល់ព្រមលើឯកសារគណនាជាអាទិ៍) នៃក្រមនេះយ៉ាងតិច ៥ (ប្រាំ) សប្ដាហ៍មុន ហើយត្រូវដាក់ឯកសារលំអិតភ្ជាប់ ជាមួយ យ៉ាងតិច ៣ (បី) សប្ដាហ៍ មុនការចាប់ផ្តើមការត្រួតពិនិត្យរបស់អ្នកត្រួតពិនិត្យ ។
៤-អ្នកត្រួតពិនិត្យត្រូវដាក់ជូនអភិបាលនូវរបាយការណ៍នៃការត្រួតពិនិត្យ ក្នុងអំឡុងពេល ៤ (បួន) សប្ដាហ៍ គិតពីថ្ងៃដែលខ្លួនបានទទួលឯកសារដែលបានកំណត់នៅកថាខណ្ឌទី ៣ ខាងលើនេះដោយមិនរាប់បញ្ចូលនូវឯកសារលំអិតភ្ជាប់ជាមួយ ។
មាត្រា ១00. ការបង្ហាញជាសាធារណៈនូវឯកសារគណនា ជាអាទិ៍
១-នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតត្រូវរក្សាទុកឯកសារ ដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី ១ មាត្រា ៩៨ (ការធ្វើ និងការយល់ព្រមលើឯកសារគណនា ជាអាទិ៍) នៃក្រមនេះ និងរបាយការណ៍នៃការត្រួតពិនិត្យ ក្នុងអំឡុងពេល ៥ (ប្រាំ) ឆ្នាំ ចាប់ពីពេលដែលរបាយការណ៍នៃការត្រួតពិនិត្យនោះត្រូវបានដាក់ជូនអភិបាល នៅទីស្នាក់ការកណ្តាល ហើយត្រូវរក្សាទុកច្បាប់ចម្លងនៃឯកសារទាំងនោះក្នុងអំឡុងពេល ៣ (បី) ឆ្នាំ នៅទីស្នាក់ការសាខា ។
២-សមាជិក និងម្ចាស់បំណុលរបស់នីតិបុគ្គលអាចទាមទារមើលឯកសារ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ឬទាមទារឱ្យប្រគល់ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ ឬឯកសារដកស្រង់នៃឯកសារទាំងនោះពីនីតិបុគ្គលនោះនៅក្នុងម៉ោងធ្វើការរបស់នីតិបុគ្គលនោះបាន ។ ប៉ុន្តែ ក្នុងករណីដែលទាមទារឱ្យប្រគល់ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ ឬ ឯកសារ ដកស្រង់អ្នកទាមទារត្រូវបង់សោហ៊ុយដែល បានកំណត់ដោយនីតិបុគ្គលនោះ ។
កថាភាគទី ២៖នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត
មាត្រា ១០១. ការបង្កើត និងលក្ខន្តិកៈ
១-ដើម្បីបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត បុគ្គលដែលមានបំណងធ្វើជាសមាជិកត្រូវសហការគ្នាបង្កើតលក្ខន្តិកៈ ហើយចុះហត្ថលេខារៀងៗខ្លួន ។
២-លក្ខន្តិកៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវសរសេរនូវគ្រប់ចំណុចដូចខាងក្រោមនេះ :
ក-គោលបំណង ។
ខ-នាមករណ៍ ។
គ-នាម និងលំនៅឋានរបស់សមាជិក ។
ឃ-ទីតាំងនៃទីស្នាក់ការកណ្តោល និង ទីស្នាក់ការសាខា ។
៣-លក្ខន្តិកៈពុំមានអានុភាពឡើយបើពុំបានទទួលសេចក្តីបញ្ជាក់ពីសារការី ។
៤-លក្ខន្តិកៈត្រូវរក្សាទុកនៅទីស្នាក់ការកណ្តោល និងទីស្នាក់ការសាខា ។
មាត្រា ១០២. ចំណុចដែលត្រូវចុះបញ្ជី និងអំឡុងពេលចុះបញ្ជី
១-ក្រៅពីចំណុចដែលបញ្ញត្តនៅក្នុងមាត្រា ៥០ (ចំណុចដែលត្រូវចុះបញ្ជី) នៃក្រមនេះ នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ត្រូវចុះបញ្ជីនៅទីតាំងនៃទីស្នាក់ការកណ្តោល នូវគ្រប់ចំណុចដូចកំណត់ខាងក្រោមនេះ :
ក-នាមសមាជិកដែលធ្វើតំណាងឱ្យ នីតិបុគ្គល ក្នុងករណីដែលមានសមាជិកខ្លះពុំធ្វើជាតំណាងឱ្យនីតិបុគ្គលនោះ ។
ខ-សេចក្តីកំណត់ក្នុងករណីដែលមានការកំណត់ថាសមាជិកច្រើនរូបធ្វើតំណាងឱ្យនីតិបុគ្គលនោះ ។
២-នៅទីតាំងនៃទីស្នាក់ការសាខា ការចុះបញ្ជីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះត្រូវធ្វើឡើងក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ គិតពីថ្ងៃដែលបានចុះបញ្ជីតាមបញ្ញត្តិនៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
មាត្រា ១០៣. ការទទួលខុសត្រូវរបស់សមាជិក ជាអាទិ៍
១-បើនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតពុំអាចសង គ្រប់នូវកាតព្វកិច្ចដោយទ្រព្យសម្បត្តិរបស់ខ្លួនទេសមាជិកត្រូវទទួលខុសត្រូវក្នុងការសងដោយសាមគ្គីភាព ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលការអនុវត្តដោយបង្ខំចំពោះទ្រព្យសម្បត្តិរបស់នីតិបុគ្គលសាជីវកម្មទទួលខុស ត្រូវគ្មានកម្រិតពុំមានប្រសិទ្ធភាព ។
៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលសមាជិកបានបញ្ជាក់ថា នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតនោះមានសាធនភាព ហើយការអនុវត្តដោយបង្ខំអាចធ្វើឡើងចំពោះនីតិបុគ្គលនោះដោយងាយស្រួល ។
៤-សមាជិកអាចតតាំងជាមួយ នឹងម្ចាស់បំណុលរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតដោយយកការតវ៉ា ដែលនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតនោះមានចំពោះម្ចាស់បំណុលនោះបាន ។
៥-នៅក្នុងករណីដែលនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវ គ្មានកម្រិតមានសិទ្ធិទូទាត់ សិទ្ធិលុបចោល សិទ្ធិរំលាយចំពោះម្ចាស់បំណុលរបស់ខ្លួន សមាជិករបស់នីតិបុគ្គលនោះអាចបដិសេធមិនអនុវត្តកាតព្វកិច្ចចំពោះម្ចាស់បំណុលនោះបាន ។
៦-សមាជិកដែលបានចូលរួមក្រោយការបង្កើត នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតត្រូវទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់នីតិបុគ្គល ដែលបានកើតឡើងនៅមុនពេលសមាជិកនោះបានចូលរួមផងដែរ ។
៧-សមាជិកដែលបានលាឈប់ ត្រូវទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់នីតិបុគ្គល ដែលបានកើតឡើង នៅមុនពេលដែលសមាជិកនោះបានចុះបញ្ជីអំពីការលាឈប់នៅទីតាំងនៃទីស្នាក់ការកណ្តោលនៃនីតិបុគ្គលនោះ ។
៨-បើអំឡុងពេល ២ (ពីរ) ឆ្នាំកន្លងហួស ក្រោយពីការចុះបញ្ជីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៧ ខាងលើនេះ ការទទួលខុសត្រូវដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៧ នោះ ត្រូវរលត់ចំពោះម្ចាស់បំណុលរបស់នីតិបុគ្គលដែលមិនបានទាមទារ ឬមិនបានជូនដំណឹងជាមុនអំពីការទាមទារ ក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំ ក្រោយពីការចុះបញ្ជីនោះ ។
៩-សមាជិកត្រូវទទួលបន្ទុកនូវសោហ៊ុយចំណាយរបស់នីតិបុគ្គល ដោយអនុលោម តាមការកំណត់នៅក្នុងលក្ខន្តិកៈ ។
មាត្រា ១០៤. ការបាត់បង់សមាជិកភាព
១-សមាជិកអាចលាឈប់នៅពេលណាក៏បានលើកលែងតែមានការកំណត់នៅ ក្នុងលក្ខន្តិកៈ ។
២-ទោះជាមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយក៏សមាជិកអាចលាឈប់នៅពេលណាក៏បានដែរបើមានហេតុដែលពុំអាចជៀសវាង បាន ។
៣-ក្រៅពីករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និងទី ២ ខាងលើនេះសមាជិកត្រូវបាត់បង់សមាជិកភាពដោយហេតុដូចខាងក្រោមនេះ :
ក-ហេតុដែលបានកំណត់នៅក្នុងលក្ខន្តិកៈ បានកើតឡើង ។
ខ-មតិយល់ស្របពីសមាជិកទាំងអស់ ។
គ-ការលុបឈ្មោះ ។
ឃ-មរណភាព ។
ង-ធនញ្ជ័យ ។
ច-ការទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ ។
មាត្រា ១០៥. ការលុបឈ្មោះ
ការលុបឈ្មោះសមាជិក អាចធ្វើដោយមតិឯកច្ឆន្នរបស់សមាជិកឯទៀតបានលុះ ត្រាតែមានមូលហេតុត្រឹមត្រូវ ។ ប៉ុន្តែ ការលុបឈ្មោះមិនមានអានុភាពឡើយបើមិនបានជូនដំណឹងអំពីហេតុនោះដល់សមាជិកដែលត្រូវបានលុបឈ្មោះនោះទេ ។
មាត្រា ១០៦. ការអនុវត្តកិច្ចការ
១-សមាជិកត្រូវអនុវត្តកិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។
២-កិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ត្រូវអនុលោមតាមសេចក្តីសម្រេចដោយផ្អែកលើមតិលើសពីពាក់កណ្តាលនៃចំនួនសមាជិក លើកលែងតែមានការកំណត់ផ្សេងនៅក្នុងលក្ខន្តិកៈ ។
៣-ក្នុងករណីមានកំណត់នៅក្នុងលក្ខន្តិកៈ អំពីសមាជិកដែលត្រូវអនុវត្តកិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត សមាជិកដែលបានកំណត់នោះត្រូវអនុវត្តកិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតនោះ ។
៤-បើសមាជិកដែលបានកំណត់នៅក្នុងកថាខណ្ឌទី៣ ខាងលើនេះ មានចំនួនច្រើនរូប កិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ត្រូវអនុលោមតាមសេចក្តីសម្រេចដោយផ្អែកលើមតិលើសពីពាក់កណ្តោលរបស់សមាជិកនោះ លើកលែងតែមានការកំណត់ផ្សេងនៅក្នុងលក្ខន្តិកៈ ។
៥-ទោះជាមានបញ្ញត្តិនៃកថាខណ្ឌទី ២ និងកថាខណ្ឌទី ៤ ខាងលើនេះក៏ដោយកិច្ចការប្រចាំថ្ងៃរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត អាចអនុវត្តដោយសមាជិកគ្រប់ៗរូប ។ ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះមានតែសមាជិកដែលបានកំណត់នៅក្នុងកថាខណ្នោះទេ ដែលអាចអនុវត្តកិច្ចការប្រចាំថ្ងៃបាន។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលសមាជិកផ្សេងតវ៉ាអំពីការអនុវត្តកិច្ចការប្រចាំថ្ងៃមុននឹងកិច្ចការនោះត្រូវបានបញ្ចប់ ។
មាត្រា ១០៧. តំណាងនៃនីតិបុគ្គល
១-សមាជិកត្រូវតំណាងឱ្យនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។ ប៉ុន្តែ ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ នៃមាត្រា ១០៦ (ការអនុវត្តកិច្ចការ) នៃក្រមនេះមានតែសមាជិកដែលបានកំណត់នៅក្នុងកថាខណ្នោះ ដែលត្រូវតំណាងឱ្យនីតិបុគ្គល ។
២-បើមានសមាជិកច្រើននាក់ដែលត្រូវតំណាងឱ្យ នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ សមាជិកម្នាក់ៗនោះត្រូវតំណាងឱ្យ នីតិបុគ្គលនោះដោយរៀងៗខ្លួន ។ ប៉ុន្តែ នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតអាចកំណត់ជាពិសេសនូវអ្នកដែលត្រូវតំណាងឱ្យ នីតិបុគ្គលក្នុងចំណោមសមាជិកទាំងនោះដោយយោងតាមលក្ខន្តិកៈ ឬតាមមតិយល់ស្របនៃសមាជិកទាំងអស់បាន ។
៣-បញ្ញត្តិស្តីពីអភិបាលត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះសមាជិកដែលត្រូវ តំណាងឱ្យ នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។
មាត្រា ១០៨. ការរាយការណ៍ និងការស្រាវជ្រាវ
១-សមាជិកអាចទាមទារឱ្យ សមាជិកឯទៀតធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពនៃការអនុវត្តកិច្ចការ ឬអាចស្រាវជ្រាវនូវស្ថានភាពនៃកិច្ចការ និងទ្រព្យសម្បត្តិរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតបាន ។ ប៉ុន្តែក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ នៃមាត្រា ១០៦ (ការអនុវត្តកិច្ចការ) នៃក្រមនេះ សមាជិកអាចទាមទារចំពោះតែសមាជិកដែលបានកំណត់នៅក្នុងកថាខណ្ឌនោះ ឱ្យធ្វើសេចក្តីរាយការណ៍ ឬអាចស្រាវជ្រាវបាន ។
២-ក្នុងករណីដែលសមាជិកផ្សេងទៀត បានធ្វើសកម្មភាពក្រៅពីគោលបំណងរបស់នីតិបុគ្គល ឬសកម្មភាពផ្សេងទៀតដែលផ្ទុយនឹងច្បាប់ ឬបទដ្ឋានគតិយុត្ត ឬលក្ខន្តិកៈ ឬមានការ បារម្ភថា សមាជិកនោះនឹងធ្វើសកម្មភាពនោះ ហើយបើមានការបារម្ភថា សកម្មភាពនោះអាចនឹងបណ្តាលឱ្យ មានការខូចខាតធ្ងន់ធ្ងរ ដល់នីតិបុគ្គលសមាជិកអាចទាមទារឱ្យសមាជិកផ្សេងនោះបញ្ឈប់នូវសកម្មភាពបាន ។
៣-ក្នុងករណីដែលមានអ្នកត្រួតពិនិត្យ កិច្ចការដែលបានកំណត់នៅក្នុងកថាខណ្ឌ ទី ១ និង ទី ២ ខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកត្រួតពិនិត្យ ។
មាត្រា ១០៩. ការកែប្រែលក្ខន្តិកៈ
១-ដើម្បីកែប្រែលក្ខន្តិកៈ ត្រូវមានមតិយល់ស្របពីសមាជិកទាំងអស់ ។
២-ទោះជាមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយ បើមានកំណត់នៅក្នុងលក្ខន្តិកៈថា លក្ខន្តិកៈអាចកែប្រែបាន ដោយមានការយល់ព្រមលើសពីអត្រាណាមួយ ដែលបានកំណត់ក្នុងចំណោមសមាជិកទាំងអស់ត្រូវអនុលោមតាមការកំណត់នោះ ។
៣-លក្ខន្តិកៈដែលត្រូវបានកែប្រែពុំមានអានុភាពឡើយ បើពុំបានទទួលសេចក្តីបញ្ជាក់ពីសារការី ។
ផ្នែកទី ៣៖ នីតិបុគ្គលមូលនិធិ
មាត្រា ១១0. ការបង្កើត និងលក្ខន្តិកៈ
១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើងដោយធ្វើលក្ខន្តិកៈ និងទទួលការ អនុញ្ញាតពីសំណាក់ស្ថាប័ន ដែលមានសមត្ថកិច្ចត្រួតពិនិត្យលុះត្រាតែមានគោលបំណងដើម្បីផលប្រយោជន៍សាធារណៈ ។
២-លក្ខន្តិកៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះត្រូវសរសេរនូវចំណុចដូចខាងក្រោម :
ក-គោលបំណង ។
ខ-នាមករណ៍ ។
គ-ទីតាំងនៃទីស្នាក់ការកណ្តោល ។
ឃ-បញ្ញត្តិស្តីពីចំនួនទឹកប្រាក់សរុបនៃទ្រព្យសម្បត្តិជាមូលដ្ឋាន និងទ្រព្យធនសកម្ម ។ ក្នុងករណីដែលមានវិភាគទានជាវត្ថុក្រៅពីប្រាក់ត្រូវសរសេរនូវឈ្មោះ និងតម្លៃនៃទ្រព្យសម្បត្តិនោះ ឬក្នុងករណីដែលបុគ្គលណាបានសន្យាថា នឹងធ្វើអនុប្បទានទ្រព្យសម្បត្តិណាមួយក្រោយពីការបង្កើតនីតិបុគ្គល ត្រូវសរសេរនូវតម្លៃនៃទ្រព្យសម្បត្តិនោះ និងឈ្មោះ ឬនាមករណ៍របស់អនុប្បទាយី ឬត្រូវសរសេរនូវចំនួនបាក់នៃ សោហ៊ុយសម្រាប់ការបង្កើតដែលនីតិបុគ្គលត្រូវទទួលបន្ទុក ។
ង-ឆ្នាំអនុវត្តកិច្ចការ ។
ច-ចំណុចស្ដីពីអភិបាល អ្នកត្រួតពិនិត្យ និងអ្នកមានតួនាទីផ្សេងទៀត ។
ឆ-ចំណុចស្ដីពីគណនេយ្យ ។
ជ-ចំណុចស្ដីពីការរំលាយ ។
ឈ-ចំណុចស្តីពីការកែប្រែលក្ខន្តិកៈ ។
ញ-វិធីផ្សព្វផ្សាយជាសាធារណៈ ។
៣-លក្ខន្តិកៈពុំមានអានុភាពឡើយបើពុំបានទទួលសេចក្តីបញ្ជាក់ពីសារការី ។
៤-លក្ខន្តិកៈត្រូវរក្សាទុកនៅទីតាំងនៃទីស្នាក់ការកណ្តោល និងទីស្នាក់ការសាខា ។
មាត្រា ១១១. ចំនួនទឹកប្រាក់អប្បបរមានៃទ្រព្យសម្បត្តិជាមូលដ្ឋាន
នីតិបុគ្គលមូលនិធិត្រូវមានទ្រព្យសម្បត្តិជាមូលដ្ឋានដែលមានតម្លៃមិនតិចជាង ២០០.០០០.០០០ (ពីររយលាន) រៀល ។
មាត្រា ១១២. ការបំពេញបង្គ្រប់លក្ខន្តិកៈ
ក្នុងករណីដែលអ្នកបង្កើតនីតិបុគ្គលមូលនិធិ បានទទួលមរណភាពដោយមិនទាន់បានកំណត់នាមករណ៍ ទីស្នាក់ការ ឬវិធីចាត់តាំង និងបញ្ឈប់អភិបាលទេ តុលាការអាចកំណត់ចំណុចនេះតាមពាក្យសុំរបស់អ្នកដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ឬដោយតំណាងអយ្យការ បាន ។
មាត្រា ១១៣. ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីប្រទានកម្ម និងអច្ច័យទាន
១-បញ្ញត្តិនៃជំពូកទី ៣ (ប្រទានកម្ម) នៃគន្ធីទី ៥ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលមានវិភាគទានទ្រព្យសម្បត្តិ ដើម្បីបង្កើតនីតិបុគ្គលមូលនិធិដោយចាត់ចែងនៅមុនពេលទទួលមរណភាព ។
២-បញ្ញត្តិនៃផ្នែកទី ៦ (អច្ច័យទាន) ជំពូកទី៣ នៃគន្លឹះទី ៨ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលមានវិភាគទានទ្រព្យសម្បត្តិដើម្បីបង្កើតនីតិបុគ្គលមូលនិធិ ដោយមតកសាសន៍ ។
មាត្រា ១១៤. ពេលដែលទទួលសិទ្ធិលើទ្រព្យសម្បត្តិដែលត្រូវបានធ្វើវិភាគទាន
១-នៅក្នុងករណីដែលមានវិភាគទានទ្រព្យសម្បត្តិដើម្បីបង្កើតនីតិបុគ្គលមូលនិធិដោយ
ចាត់ចែងនៅមុនពេលទទួលមរណភាពទ្រព្យសម្បត្តិដែលបានធ្វើវិភាគទាននោះ នឹងក្លាយទៅជាទ្រព្យសម្បត្តិរបស់នីតិបុគ្គល ចាប់ពីពេលដែលការចុះបញ្ជីដែលបានកំណត់នៅក្នុងមាត្រា ៤៩ (ការចុះបញ្ជីនៃការបង្កើត និងពេលវេលាកំណើតនៃនីតិបុគ្គល) នៃ ក្រមនេះត្រូវបានធ្វើឡើង ។
២-នៅក្នុងករណីដែលមានវិភាគទានទ្រព្យសម្បត្តិដើម្បីបង្កើតនីតិបុគ្គលមូលនិធិ ដោយមតកសាសន៍ទ្រព្យសម្បត្តិដែលបានធ្វើវិភាគទាននោះ ត្រូវចាត់ទុកថា ក្លាយជាទ្រព្យសម្បត្តិរបស់នីតិបុគ្គលចាប់ពីពេលដែលមតកសាសន៍នោះបង្កើតអានុភាព ។
មាត្រា ១១៥. ចំណុចដែលត្រូវចុះបញ្ជី និងអំឡុងពេលចុះបញ្ជី
១-ក្រៅពីចំណុចដែលបានកំណត់នៅក្នុងមាត្រា ៥០ (ចំណុចដែលត្រូវចុះបញ្ជី) នៃក្រមនេះនីតិបុគ្គលមូលនិធិត្រូវចុះបញ្ជីនូវគ្រប់ចំណុចដូចកំណត់ខាងក្រោមនេះ :
ក-តម្លៃសរុបនៃទ្រព្យសម្បត្តិជាមូលដ្ឋាន ។
ខ-វិធីផ្សព្វផ្សាយជាសាធារណៈ ។
គ-ថ្ងៃដែលបានទទួលសេចក្ដីអនុញ្ញាតអំពីស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យ ។
២-ការចុះបញ្ជីបង្កើតនីតិបុគ្គលមូលនិធិ ត្រូវធ្វើឡើងនៅទីតាំងនៃទីស្នាក់ការកណ្តាល ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃដែលបានទទួលសេចក្ដីអនុញ្ញាតពីស្ថាប័ន ដែលមានសមត្ថកិច្ចត្រួតពិនិត្យ ។
៣-នៅទីតាំងនៃទីស្នាក់ការសាខា ការចុះបញ្ជីត្រូវធ្វើឡើង ក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃដែលបានចុះបញ្ជីតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ ។
មាត្រា ១១៦. ការធ្វើ និងការយល់ព្រមលើឯកសារគណនា ជាអាទិ៍
១-រាល់ឆ្នាំអនុវត្តកិច្ចការអភិបាលត្រូវធ្វើឯកសារដែលបានកំណត់ដូចខាងក្រោម នេះ និងឯកសារលំអិតភ្ជាប់ជាមួយដែលសរសេរអំពីហេតុសំខាន់ដើម្បីពន្យល់បន្ថែមទៅ លើការសរសេរនៅក្នុងឯកសារនោះ :
ក-តារាងតុល្យការ ។
ខ-របាយការណ៍ចំណេញខាត ។
គ-របាយការណ៍អំពីកិច្ចការ ។
ឃ-សេចក្តីព្រាងនៃសេចក្តីសម្រេចអំពីការចាត់ចែងប្រាក់ដែលនៅសល់ ឬដំណោះស្រាយចំពោះការខាតបង់ ។
២-អភិបាលត្រូវដាក់ជូនស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យនូវឯកសារ ដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី ១ ខាងលើនេះ ហើយត្រូវទទួលការយល់ ព្រមពីស្ថាប័ននោះ ។
មាត្រា ១១៧. ការពិនិត្យឯកសារគណនា ជាអាទិ៍
១-អភិបាលត្រូវទទួលការត្រួតពិនិត្យដោយអ្នកត្រួតពិនិត្យទៅលើឯកសារ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១១៦ (ការធ្វើ និង ការយល់ព្រមលើឯកសារ គណនា ជាអាទិ៍) នៃក្រមនេះ ។
២-ការត្រួតពិនិត្យដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើឡើងមុនពេលដាក់ឯកសារនោះជួនទៅស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យ ។
៣-អភិបាលត្រូវដាក់ជូនអ្នកត្រួតពិនិត្យនូវឯកសារ ដែលបានកំណត់នៅក្នុងចំណុចនីមួយៗ នៃកថាខណ្ឌទី ១ មាត្រា ១១៦ (ការធ្វើ និងការយល់ព្រមលើឯកសារគណនា ជាអាទិ៍) នៃក្រមនេះយ៉ាងតិច ៥ (ប្រាំ) សប្ដាហ៍មុន ហើយត្រូវដាក់ឯកសារលំអិតភ្ជាប់ជាមួយយ៉ាងតិច ៣ (បី) សប្ដាហ៍ មុនការចាប់ផ្តើមការត្រួតពិនិត្យរបស់អ្នកត្រួតពិនិត្យ ។
៤-អ្នកត្រួតពិនិត្យត្រូវដាក់ជូនអភិបាលនូវរបាយការណ៍នៃការត្រួតពិនិត្យ ក្នុងអំឡុងពេល ៤ (បួន) សប្ដាហ៍ គិតពីថ្ងៃដែលខ្លួនបានទទួលឯកសារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ដោយមិនរាប់បញ្ចូលនូវឯកសារលំអិតភ្ជាប់ជាមួយ ។
មាត្រា ១១៨. ការបង្ហាញជាសាធារណៈនូវឯកសារគណនា ជាអាទិ៍
១-នីតិបុគ្គលមូលនិធិត្រូវរក្សាទុកនូវឯកសារដែលបានកំណត់នៅក្នុងចំណុច នីមួយៗនៃកថាខណ្ឌទី ១ មាត្រា ១១៦ (ការធ្វើ និងការយល់ព្រមលើឯកសារគណនា ជាអាទិ៍) នៃក្រមនេះ និងរបាយការណ៍នៃការត្រួតពិនិត្យ ក្នុងអំឡុងពេល ៥ (ប្រាំ) ឆ្នាំ ចាប់ពីពេលដែលរបាយការណ៍នៃការត្រួតពិនិត្យនោះត្រូវបានដាក់ជូនអភិបាលនៅទីស្នាក់ការកណ្តាល ហើយត្រូវរក្សាទុកនូវច្បាប់ចម្លងនៃឯកសារទាំងនោះក្នុងអំឡុងពេល ៣ (បី) ឆ្នាំ នៅទីស្នាក់ការសាខា ។
២-ម្ចាស់បំណុលរបស់នីតិបុគ្គលមូលនិធិ អាចទាមទារមើលឯកសារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ឱ្យប្រគល់ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ ឬឯកសារដកស្រង់នៃឯកសារទាំងនោះ ពីនីតិបុគ្គលនោះនៅក្នុងម៉ោងធ្វើការរបស់នីតិបុគ្គលនោះ បាន ។ ប៉ុន្តែ ក្នុងករណីដែលទាមទារប្រគល់ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ឬឯកសារដកស្រង់អ្នកទាមទារត្រូវបង់សោហ៊ុយដែលបានកំណត់ដោយ នីតិបុគ្គលនោះ ។